ប្រសិនបើកាលពីមុន ផែនការមេទីក្រុងហាណូយជាធម្មតាមានរយៈពេល ១០ ២០ ឬ ៣០ ឆ្នាំប៉ុណ្ណោះ អភិវឌ្ឍផែនការមេរដ្ឋធានីហាណូយចក្ខុវិស័យ ១០០ ឆ្នាំបានបង្ហាញពីផ្នត់គំនិតអភិវឌ្ឍន៍ថ្មី យូរអង្វែង និងមានលក្ខណៈយុទ្ធសាស្ត្រ។ មិនត្រឹមតែជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទីក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសេចក្តីប្រាថ្នាក្នុងការកសាងរដ្ឋធានីដ៏រឹងមាំនិងទំនើបនាពេលអនាគតផងដែរ។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វូ ដាយថាំង បានថ្លែងថា៖ «សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយបានបង្កើតទិសដៅយុទ្ធសាស្ត្រសម្រាប់រដ្ឋធានី ដើម្បីដើរតួនាទីជាមជ្ឈមណ្ឌលនយោបាយនិងរដ្ឋបាល ជាប៉ូលកំណើនរបស់តំបន់ដីសណ្តទន្លេក្រហមនិងប្រទេសជាតិទាំងមូល។ ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បង្កើតក្របខ័ណ្ឌច្បាប់ថ្មីជាមួយនឹងយន្តការវិមជ្ឈការ វិសហមជ្ឈការ និងគោលនយោបាយពិសេសជាច្រើន ដែលផ្តល់ឱ្យទីក្រុងនូវស្វ័យភាពកាន់តែច្រើនក្នុងការកៀងគរធនធាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកន្លែងអភិវឌ្ឍន៍ និងការអនុវត្តគម្រោងយុទ្ធសាស្ត្រ។ នេះគឺជាគុណសម្បត្តិប្រកួតប្រជែងពិសេសសម្រាប់ទីក្រុងហាណូយក្នុងរយៈពេលបច្ចុប្បន្ន; បង្កើតលក្ខខណ្ឌសម្រាប់ទីក្រុងក្នុងការលើកកម្ពស់សមត្ថភាពអភិបាលកិច្ច បង្កើនគុណភាពនៃការគ្រប់គ្រង់ កាត់បន្ថយពេលវេលារៀបចំវិនិយោគ កាត់បន្ថយការចំណាយ និងបង្កើតបរិយាកាសវិនិយោគប្រកបដោយស្ថិរភាព តម្លាភាព អំណោយផល និងអាចព្យាករណ៍បានខ្ពស់»។
យោងតាមផែនការមេ ទីក្រុងហាណូយនឹងមានរចនាសម្ព័ន្ធអភិវឌ្ឍន៍ដោយផ្អែកលើគំរូ "ពហុជាន់ ពហុស្រទាប់ ពហុប៉ូល ពហុមជ្ឈមណ្ឌល" ដោយមានទន្លេក្រហមជាអ័ក្សទេសភាពអេកូឡូស៊ីនិងវប្បធម៌សំខាន់។ ទីក្រុងហាណូយនឹងមានប៉ូលអភិវឌ្ឍន៍ចំនួន ៩ មជ្ឈមណ្ឌលសំខាន់ៗចំនួន ៩ និងអ័ក្សថាមវន្តចំនួន ៩។ ជំនួសឱ្យការអភិវឌ្ឍយ៉ាងទូលំទូលាយ ទីក្រុងហាណូយប្តេជ្ញាផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ ដោយផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍។ លោក ង្វៀន ត្រុង គី អាញ នាយកមន្ទីរ ផែនការនិងស្ថាបត្យកម្មទីក្រុងហាណូយ បានឱ្យដឹងថា៖ «យើងខ្ញុំកំណត់ហេដ្ឋារចនាសម្ព័ន្ធដើរតួនាំមុខក្នុងការរៀបចំផែនការមេ។ យើងកំពុងសុក្រឹត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្របខ័ណ្ឌរបស់ទីក្រុងហាណូយ ដោយបន្ថែមខ្សែរថភ្លើងក្រុង; បញ្ចប់និងបន្តអនុវត្តខ្សែផ្លូវឆ្ពោះទៅកណ្តាលក្រុង និងខ្សែផ្លូវក្រវាត់ក្រុង។ នេះគឺជាផ្នែកមួយនៃទស្សនៈ "ពហុជាន់ - ពហុស្រទាប់" នៅក្នុងផែនការមេ។ យើងក៏បានកំណត់លំហអាកាសរយៈកម្ពស់ទាបសម្រាប់ផែនការមេរបស់ទីក្រុងហាណូយ។ នេះជាចំណុចថ្មីមួយ។ សេដ្ឋកិច្ចរយៈកម្ពស់ទាប (Low-Altitude Economy) គឺសំដៅលើលំហអាកាសមានការគ្រប់គ្រងចាប់ពី ១.០០០ ម៉ែត្រចុះក្រោម ដូចជា៖ឧបករណ៍ហោះហើរគ្មានមនុស្សបើក និងតាក់ស៊ីហោះជាដើម»។
នៅក្នុងផែនការមេទីក្រុងផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ; ការអភិវឌ្ឍទីក្រុងដោយផ្សារភ្ជាប់នឹងការដឹកជញ្ជូនសាធារណៈ (TOD); បច្ចេកវិទ្យាខ្ពស់ ស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត មជ្ឈមណ្ឌលទិន្នន័យ; មណ្ឌលឧស្សាហកម្មជំនាន់ថ្មី; ឡូជីស្ទិកឆ្លាតវៃ; ថាមពលស្អាត; សេដ្ឋកិច្ចវិលជុំ; ឧស្សាហកម្មវប្បធម៌; ទេសចរណ៍; សុខាភិបាល និងការអប់រំគុណភាពខ្ពស់។ លោក ង្វៀន ត្រុង គី អាញ បានបន្ថែមថា៖ «ផែនការមេត្រូវបានអនុវត្តតាមសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ ទីក្រុងហាណូយបានដាក់បញ្ចូលសេដ្ឋកិច្ចឌីជីថលយ៉ាងច្រើនទៅក្នុងផែនការមេ។ សេដ្ឋកិច្ចឌីជីថលនឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការគ្រប់គ្រងទិន្នន័យឌីជីថលក្នុងវិស័យរៀបចំផែនការ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លើសពីនេះ ទីក្រុងហាណូយនឹងអភិវឌ្ឍបរិយាកាសទីក្រុងតាមគំរូ "ព្រៃឈើក្នុងទីក្រុង - ទីក្រុងក្នុងព្រៃឈើ; ភូមិក្នុងទីក្រុង - ទីក្រុងក្នុងភូមិ" ដែលបង្ហាញពីការអភិវឌ្ឍយ៉ាងចុះសម្រុងគ្នារវាងតំបន់ទីក្រុង និងជនបទ»។
ទីក្រុងហាណូយបានកំណត់កម្លាំងចលករសំខាន់ៗចំនួនបីដើម្បីសម្រេចបាននូវផែនការមេ គឺការបំពេញស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការផ្លាស់ប្តូរថ្មីវិធីសាស្រ្តគ្រប់គ្រង។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុងហាណូយបានចាប់ផ្តើមសាងសង់ខ្សែផ្លូវរថភ្លើងក្រុងចំនួន ៥ រួមជាមួយគម្រោងផ្លូវក្រវាត់ក្រុង ស្ពានឆ្លងកាត់ទន្លេក្រហម គម្រោងលំនៅដ្ឋាន លំនៅដ្ឋានសង្គម ហេដ្ឋារចនាសម្ព័ន្ធអប់រំ សុខាភិបាល វប្បធម៌ មជ្ឈមណ្ឌលនវានុវត្តន៍ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀត។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វូ ដាយថាំង បានឱ្យដឹងថា ទីក្រុងហាណូយបន្តកសាងរដ្ឋបាលប្រកបដោយភាពស្ថាបនា រួមដំណើរជាមួយសហគ្រាស និងបង្កើនតម្លាភាពនៃបរិយាកាសវិនិយោគ។
«ទីក្រុងហាណូយបានអញ្ជើញសហគមន៍ធុរកិច្ច និងវិនិយោគិនក្នុងស្រុក និងអន្តរជាតិឱ្យបន្តសហការជាមួយទីក្រុង ដើម្បីរួមគ្នាសាងសង់មជ្ឈមណ្ឌលនវានុវត្តន៍ មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទិក និងដើម្បីរួមគ្នាអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប ទីក្រុងបៃតង ឆ្លាតវៃ និងគួរឱ្យរស់នៅ។ រាល់ការសម្រេចចិត្តវិនិយោគនីមួយៗ នឹងរួមចំណែកដល់ការបង្កើតរូបរៀងនៃរដ្ឋធានីក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។ គម្រោងជោគជ័យនីមួយៗនឹងរួមចំណែកដល់គោលដៅនៃការកសាងទីក្រុងហាណូយឱ្យក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏ស្វាហាប់នៃតំបន់ និងរួមចំណែកសម្រេចបានបំណងប្រាថ្នានៃការកសាងប្រទេសវៀតណាមអភិវឌ្ឍន៍ រឹងមាំ និងវិបុលភាព។ ទីក្រុងហាណូយមិនត្រឹមតែសង្ឃឹមថា នឹងទាក់ទាញគម្រោងវិនិយោគបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ធ្វើការជាមួយសហគមន៍ធុរកិច្ចដើម្បីកសាងរដ្ឋធានីដែលគួរឱ្យរស់នៅ គួរឱ្យវិនិយោគ និងគួរឱ្យរួមវិភាគទានសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់អនាគត»។
ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍រយៈពេល ១០០ ឆ្នាំ ទីក្រុងហាណូយមានមូលដ្ឋានគ្រឹះសំខាន់ៗដើម្បីឆ្ពោះទៅរកគោលដៅនៃការក្លាយជាទីក្រុងតភ្ជាប់ជាសកល ជាមជ្ឈមណ្ឌលនវានុវត្តន៍ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេវាកម្មដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។ ទីក្រុងហាណូយនឹងបញ្ជាក់ពីតួនាទីឈានមុខគេ ដោយបង្កើតឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងតំបន់ និងប្រទេសទាំងមូល; ក្លាយជាគោលដៅដ៏គួរឱ្យទាក់ទាញសម្រាប់វិនិយោគិន ជាចំណុចប្រសព្វនៃបញ្ញា បច្ចេកវិទ្យា ធនធាន និងគំនិតអភិវឌ្ឍន៍ថ្មីៗ៕
