នៅក្នុងបរិបទនេះ ដើម្បីបង្កើនទំហំ និងសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារបរទេស សហគ្រាសវៀតណាមជាច្រើនកំពុងបង្កើនល្បឿននៅក្នុងប៉ុន្មានខែដែលនៅសល់នៃឆ្នាំនេះ ដោយកែលម្អសមត្ថភាពផលិតកម្ម ខិតខំបំពេញតាមស្តង់ដារគុណភាពកាន់តែខ្ពស់ ការច្នៃប្រឌិតផលិតផល និងកសាងបណ្តាញដៃគូអន្តរជាតិផងដែរ។
សហគ្រាសវៀតណាមកំពុងស្វែងរកឱកាសនៅក្នុងទីផ្សារអន្តរជាតិ តាមរយៈការតាំងពិព័រណ៍ឯកទេស ដែលតភ្ជាប់រវាងអ្នកផលិតក្នុងស្រុក ជាមួយអ្នកចែកចាយ និងដៃគូសកល។ ការតាំងពិព័រណ៍ហាឡាលអន្តរជាតិ "Grand Halal Bangkok 2026" ដែលប្រព្រឹត្តទៅនៅប្រទេសថៃនាពេលថ្មីៗនេះ គឺជាឧទាហរណ៍មួយ។ ដោយប្រធានបទ "ច្រកទ្វារទៅកាន់សេដ្ឋកិច្ចហាឡាលសកល" ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំម៉ាកយីហោអន្តរជាតិរាប់រយ ចាប់ពីម្ហូបអាហារ គ្រឿងសំអាង និងម៉ូដ រហូតដល់ដំណោះស្រាយ AI សម្រាប់ការតាមដានប្រភពដើមផលិតផល។
នៅក្នុងព្រឹត្តិការណ៍នេះ សហគ្រាសក្នុងស្រុកជាច្រើនបានបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈគុណភាពនៃផលិតផល។ លោកស្រី Bui Thi Thu Ngan តំណាងក្រុមហ៊ុនកសិកម្មសរីរាង្គ DannyGreen បានចែករំលែកថា៖ «ចំណុចខុសប្លែក និងចំណុចខ្លាំងបំផុតរបស់សហគ្រាសយើង គឺប្រភពវត្ថុធាតុដើម។ នៅវៀតណាម យើងមានប្រភពវត្ថុធាតុដើមស្រស់ៗដ៏សម្បូរបែប។ លើសពីនេះ ដំណើរការផលិតកម្មតាមស្តង់ដារហាឡាល់ ក៏មានការពិនិត្យវត្ថុធាតុដើមយ៉ាងម៉ត់ចត់ផងដែរ។»
ដោយបញ្ជាក់ថា ផលិតផលហាឡាល់របស់វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាដៃគូដែលអាចទុកចិត្តបាន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល លោកស្រី Ly Kim Chi ប្រធានសមាគមម្ហូបអាហារ និងភេសជ្ជៈទីក្រុងហូជីមិញ បានថ្លែងថា សហគ្រាសវៀតណាមបានត្រៀមរៀបចំយ៉ាងហ្មត់ចត់នូវស្តង់ដារ ដំណើរការបញ្ជាក់ និងយុទ្ធសាស្ត្រឈានចូលទីផ្សារសមស្រប៖ «ផលិតផលសម្រាប់ទីផ្សារហាឡាល មិនមែនជារឿងពិបាកសម្រាប់សហគ្រាសវៀតណាមទេ។ ប៉ុន្តែ ដើម្បីផលិតបានផលិតផលដែលបំពេញតម្រូវការ សហគ្រាសត្រូវតែបំពេញតាមស្តង់ដារ និងបទប្បញ្ញត្តិហាឡាល់នីមួយៗ។ សហគ្រាសត្រូវតែរៀបចំតាំងពីដំបូង ដើម្បីមានផលិតផលហាឡាល់សម្រាប់ទីផ្សារនេះនៅក្នុងរោងចក្ររបស់ខ្លួន។»
បច្ចុប្បន្ននេះ ទីផ្សារហាឡាលសកល មានទំហំប្រហែល ៥ ពាន់ពាន់លានដុល្លារអាមេរិក ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ១០ ពាន់ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨។ ជាពិសេស បណ្តាប្រទេសនៅក្នុងទីផ្សារនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការផ្គត់ផ្គង់អាហារនាំចូល។ នេះគឺជាឱកាសដ៏ធំធេងសម្រាប់សហគ្រាសវៀតណាម ប្រសិនបើពួកគេអនុវត្តវិធីសាស្រ្តត្រឹមត្រូវ និងត្រៀមសមត្ថភាពគ្រប់គ្រាន់។
ការពង្រីកទីផ្សារមិនត្រឹមតែជាការបំពេញតាមស្តង់ដារប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យសហគ្រាសបង្កើតផលិតផលមានគុណភាពខ្ពស់ជាង មានភាពខុសប្លែកនិងនិរន្តរភាពជាងមុន។ ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ការនាំចេញជលផលសម្រេចបាន ៥,៧៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១២,៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅពីក្រោយលទ្ធផលទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាសក្នុងការកែលម្អគុណភាព ការច្នៃប្រឌិតបច្ចេកវិទ្យាកែច្នៃ និងផ្លាស់ប្តូរពីការប្រកួតប្រជែងតាមរយៈតម្លៃ ទៅជាការប្រកួតប្រជែងតាមរយៈតម្លៃបន្ថែម ជាបណ្ដើរៗ។ លោក Glen Illing អ្នកជំនាញផ្នែកវារីវប្បកម្មប្រកបដោយនិរន្តរភាពសកល បានធ្វើអត្ថាធិប្បាយថា៖ «អ្នកទិញអន្តរជាតិតែងតែស្វែងរកគុណភាព ភាពខុសប្លែក និងតម្លៃសមរម្យ។ ដូច្នេះ វៀតណាមត្រូវផ្តោតលើការបង្កើនតម្លៃបន្ថែមនៃផលិតផល ជំនួសឱ្យការប្រកួតប្រជែងលើតម្លៃទំនិញដូចធម្មតា។ ចំណុចខ្លាំងរបស់វៀតណាមនាបច្ចុប្បន្ន គឺស្ថិតនៅក្នុងបច្ចេកទេសកែច្នៃប្រកបដោយភាពច្នៃប្រឌិត។»
ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្កើតតម្លៃបន្ថែមខ្ពស់ និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ សហគ្រាសវៀតណាមមិនអាចពឹងផ្អែកតែលើកិច្ចខិតខំប្រឹងប្រែងមួយមុខបានទេ ប៉ុន្តែត្រូវមានការតភ្ជាប់ជាមួយដៃគូដើម្បីទទួលបានបច្ចេកវិទ្យាថ្មីៗ ដើមទុន និងបទពិសោធន៍អភិបាលកិច្ចថ្មីផងដែរ។ ដូច្នេះ កិច្ចសហប្រតិបត្តិការអន្តរជាតិកំពុងផ្លាស់ប្តូរពីទំនាក់ទំនងសហគ្រាសបែបប្រពៃណីទៅជាភាពជាដៃគូស្មើភាពគ្នា ដោយរួមគ្នាវិនិយោគ ចែករំលែកបច្ចេកវិទ្យា និងរួមគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Erlend Skutlaberg ភារធារី និងជាលេខាធិការទីមួយនៃស្ថានទូត ន័រវេស ប្រចាំនៅវៀតណាម បានបញ្ជាក់ថា៖ «ក្នុងវិស័យវារីវប្បកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព យើងបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ឥឡូវនេះ ទំនាក់ទំនងនេះ កំពុងផ្លាស់ប្តូរពីគំរូសហប្រតិបត្តិការសហគ្រាសបែបប្រពៃណីទៅជាភាពជាដៃគូស្មើភាពគ្នា ដោយផ្តោតលើការចែករំលែកបច្ចេកវិទ្យា ការវិនិយោគរួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាព។»
ពីវារីវប្បកម្ម កសិកម្ម និងម្ហូបអាហារ រហូតដល់ឧស្សាហកម្ម និងសេវាកម្ម ម៉ាកយីហោវៀតណាមកាន់តែច្រើនឡើងៗ កំពុងស្វែងរកការបង្កើនវត្តមានដោយផ្ទាល់នៅក្នុងទីផ្សារបរទេស។ VinFast និង Green SM កំពុងពង្រីកប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ Pizza 4P’s និង Maison Marou កំពុងនាំយកម៉ាកយីហោវៀតណាមទៅកាន់ទីក្រុងធំៗជាច្រើននៅជុំវិញពិភពលោកជាបណ្ដើរៗ។ សហគ្រាសដូចជា Biti’s, Masan និង Coolmate ក៏កំពុងត្រៀមខ្លួនសម្រាប់ការរីកចម្រើនថ្មីៗផងដែរ។
នៅពេលដែលសហគ្រាសមានសមត្ថភាពបំពេញតាមស្តង់ដារសកលខ្ពស់ ភាពច្នៃប្រឌិតក្នុងការបង្កើតផលិតផលប្លែកៗ និងមានប្ញទ្ធានុភាពគ្រប់គ្រាន់ដើម្បីបង្កើតភាពជាដៃគូស្មើភាពគ្នា តាមនោះ ការនាំចេញលែងត្រឹមតែជាការនាំចេញទំនិញវៀតណាមទៅបរទេសទៀតហើយ ប៉ុន្តែជាដំណើរការធ្វើសមាហរណកម្មម៉ាកយីហោ សមត្ថភាព និងតម្លៃរបស់វៀតណាម ឱ្យកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃសកល៕
