អស់រយៈពេលជាងបីសតវត្សមកហើយ ភូមិ ទឿងប៊ិញហៀប នៅតែថែរក្សាសិល្បៈខ្មុកម្រ័ក្សណ៍បុរាណដោយឥតឈប់ឈរ ដែលស្រទាប់ម្រ័ក្សណ៍នីមួយៗ មិនត្រឹមតែបង្កើតស្នាដៃសិល្បៈប៉ុណ្ណោះទេ ថែមទាំងក៏និទានពីរឿងរ៉ាវវប្បធម៌នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាមទៀតផង។
យោងតាមឯកសារប្រវត្តិសាស្ត្រ ភូមិ ទឿងប៊ិញហៀប បានបង្កើតឡើងជាផ្លូវការនៅសតវត្សរ៍ទី ១៨។ ដើម្បីសម្រេចបានស្នាដៃខ្មុកម្រ័ក្សណ៍ត្រឹមតាមស្តង់ដារប្រពៃណីរបស់ភូមិ សិប្បករត្រូវចំណាយពេលពី ៣ ទៅ ៦ ខែ ធ្វើការយ៉ាងយកចិត្តទុកដាក់ដោយឆ្លងកាត់ដំណាក់កាលស្មុគស្មាញចំនួន ២៥។ ទោះជាយ៉ាងណាក៏ដោយ ចំណុចដែលបង្កើតឡើងម៉ាកយីហោនេះ គឺរូបមន្តផ្តាច់មុខនៃការលាយម្រ័ក្សណ៍ Phu Tho (ភាគខាងជើងប្រទេសវៀតណាម) និងម្រ័ក្សណ៍ភ្នំពេញ (កម្ពុជា)។ ល្បាយនេះបង្កើតជាម្រ័ក្សណ៍ដែលមានភាពធន់ រលោង និងពណ៌ជ្រៅ។
សិប្បករឆ្នើម ទ្រឿង ក្វាងទិញ បានចែករំលែកថា ជាមួយនឹងតម្លៃសិល្បៈដ៏សម្បូរដោយលក្ខណៈវប្បធម៌ប្រពៃណី ផលិតផលខ្មុកម្រ័ក្សណ៍ ទឿងប៊ិញហៀប ត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើន ហើយត្រូវបានអតិថិជននិយមចូលចិត្ត។ សិប្បករ ទ្រឿង ក្វាងទិញ ក៏បានចំណាយប្រាក់ផ្ទាល់ខ្លួន និងប្រើដីគ្រួសារ ដើម្បីសាងសង់មជ្ឈមណ្ឌលអភិរក្សខ្មុកម្រ័ក្សណ៍ឯកជនផងដែរ។
«ខ្ញុំបានប្រមូលនិងរក្សាទុកឯកសារ និងវត្ថុបុរាណស្ទើរតែទាំងអស់ដែលទាក់ទងនឹងសិល្បៈខ្មុកម្រ័ក្សណ៍ សៃហ្គននិងប៊ិញយឿង។ ការបង្កើតកន្លែង ថែរក្សានិងជួយមនុស្សជំនាន់ក្រោយឱ្យយល់ពីតម្លៃពិតនៃខ្មុកម្រ័ក្សណ៍ គឺជាសេចក្តីរីករាយបំផុតរបស់ខ្ញុំ។ តាមរយៈការផ្សព្វផ្សាយសិល្បៈនេះដល់យុវជន យើងមិនត្រឹមតែបំផុសគំនិតនិងបង្កើតនិន្នាការប៉ុណ្ណោះទេ ថែមទាំងជំរុញការប្រើប្រាស់ ដែលជាកត្តាគន្លឹះក្នុងការថែរក្សា និងអភិវឌ្ឍភូមិសិប្បកម្មប្រពៃណីទៀតផង»។
សារមន្ទីរនេះមិនមែនគ្រាន់តែជាកន្លែងតាំងបង្ហាញផលិតផលខ្មុកម្រ័ក្សណ៍រាប់រយមុខប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានដំណើរការជាកន្លែងបើកចំហរមួយដោយមានរោងផលិតកម្មពិតប្រាកដ កន្លែងបទពិសោធន៍សម្រាប់អ្នកទស្សនា និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃសម្រាប់យុវជនផងដែរ។ អ្នកស្រី Luu Phuong Mai ជាភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយ បានចែករំលែកថា៖
«នេះជាលើកដំបូងដែលខ្ញុំបានទស្សនាស្នាដៃដោយផ្ទាល់ដែលខ្ញុំធ្លាប់បានឮ ឬស្វែងយល់តាមរយៈឯកសារ។ ចាប់ពីគំនូរព្រាងរបស់វិចិត្រករ Duy Liem រហូតដល់រឿងរ៉ាវអំពីសិប្បកម្មខ្មុកម្រ័ក្សណ៍ Thanh Le ដែលជាអង្គភាពដើរមុនសម័យកាល ជាមួយនឹងផ្នត់គំនិតទីផ្សារដ៏មុតស្រួច។ ទោះបីជាខ្ញុំបានឮច្រើនក៏ដោយ ប៉ុន្តែរហូតដល់ខ្ញុំបានឃើញគំនូរព្រាងដើម និងបានស្ដាប់ការឧទ្ទេសនាមលម្អិត ទើបខ្ញុំពិតជាភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង”។
ភូមិសិប្បកម្មនេះបានឆ្លងកាត់សម័យកាលរុងរឿងចំនួនពីរ។ សម័យកាលពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៧៥ ត្រូវបានសម្គាល់ដោយការបង្កើតរោង Thành Lễ ដែលប្រមូលផ្តុំសិប្បករឆ្នើមៗ ហើយចាប់ផ្តើមនាំចេញផលិតផលដោយជោគជ័យទៅកាន់ទីផ្សារអឺរ៉ុប។ សម័យកាលរុងរឿងទីពីរបានប្រព្រឹត្តទៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ ១៩៩០។ នៅពេលនោះ សហករណ៍ខ្មុកម្រ័ក្សណ៍ត្រូវបានបង្កើតឡើង ដោយនាំមកនូវប្រាក់ចំណូលដល់គ្រួសារជាង ៧០០។ ទោះជាយ៉ាងណាក៏ដោយ ភូមិសិប្បកម្មដែលធ្លាប់មានភាពរុងរឿងខ្លាំងនេះ បានប្រឈមមុខនឹងការធ្លាក់ចុះក្នុងប៉ុន្មានទសវត្សរ៍កន្លងមក។ ពីគ្រួសារជាង ៧០០ និងជិត ៩០% នៃប្រជាជនក្នុងតំបន់ ប្រកបរបរខ្មុកម្រ័ក្សណ៍នៅសម័យកាលកំពូល ចំនួននេះបានធ្លាក់ចុះមកត្រឹមរាប់សិបប៉ុណ្ណោះ។ សិប្បករ Tran Thanh Danh បាននិយាយថា៖
«ប្រហែលឆ្នាំ ១៩៨៥ ដល់ ឆ្នាំ១៩៩០ និងនៅចុងឆ្នាំ ១៩៩៩ សិប្បកម្មខ្មុកម្រ័ក្សណ៍មានប្រជាប្រិយភាពខ្លាំង។ គ្រប់គ្រួសារ មនុស្សគ្រប់រូបសុទ្ធតែផលិតខ្មុកម្រ័ក្សណ៍។ ប៉ុន្តែក្រោយមក ពីឆ្នាំ ២០១០ ដល់ ២០១១ សិប្បកម្មនេះបានធ្លាក់ចុះ។ មិនច្បាស់ទេថា តើវាបណ្តាលមកពីស្ថានភាពទីផ្សារ ឬការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទិញគំនូរ ប៉ុន្តែមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ហើយមនុស្សជាច្រើនបានបោះបង់ចោលសិប្បកម្មនេះ ទៅប្រកបរបរផ្សេងទៀត»។
នៅឆ្នាំ ២០២០ អាជ្ញាធរមូលដ្ឋានបានអនុម័តលើ «គម្រោងអភិរក្សនិងអភិវឌ្ឍន៍ភូមិខ្មុកម្រ័ក្សណ៍ តឿងប៊ិញហៀប ដោយគួបផ្សំនឹងទេសចរណ៍»។ លោក Duong Thai Khanh អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Chanh Hiep បានឲ្យដឹងថា៖
"នៅពេលដែលខ្ញុំមានឱកាសជួបជាមួយសិប្បករដែលបានផ្សាភ្ជាប់ជាមួយនឹងភូមិខ្មុកម្រ័ក្សណ៍ ទឿង ប៊ិញ ហៀប ក្តីបារម្ភធំបំផុតរបស់ពួកគេ មិនមែនជាការរកស៊ីចិញ្ចឹមជីវិតនោះទេ ប៉ុន្តែជាព្រលឹងនៃផលិតផលដែលកំពុងសាបសូន្យទៅបន្តិចម្តងៗ ដោយគ្មាននរណាម្នាក់បន្តមរតកនោះទេ។ នេះមិនគ្រាន់តែជាបញ្ហាសម្រាប់គ្រួសារអាជីវកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាជ្ញាធរទាំងមូល ដែលត្រូវធ្វើការរួមគ្នាដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយសិប្បករ ក៏ដូចជាកសាង និងអភិរក្សភូមិសិប្បកម្មខ្មុកម្រ័ក្សណ៍នេះផងដែរ"។
ដោយឆ្លងកាត់ការឡើងចុះរាប់មិនអស់នៃប្រវត្តិសាស្ត្រ ខ្មុកម្រ័ក្សណ៍ ទឿង ប៊ិញ ហៀប នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីរបស់ខ្លួន។ ក្នុងជីវភាពដ៏មមាញឹកនៃទីក្រុងហូជីមិញ ស្រទាប់ម្រ័ក្សណ៍នៅតែស្រោបលើផលិតផលនីមួយៗយ៉ាងស្ងៀមស្ងាត់ ដូចជាមធ្យោបាយមួយដើម្បីរីកសាយភាយអត្តសញ្ញាណប្រជាជាតិវៀតណាម៕
