ពី​មុន ផលិតផល​របស់​ភូមិ​ត្រូវ​បាន​លក់​ឲ្យ​អ្នក​នេសាទ​ទូទាំង​ប្រទេស​តែ​ប៉ុណ្ណោះ។ ឥឡូវនេះ អាស្រ័យដោយផ្លាស់ប្តូរទិសដៅទៅបម្រើទេសចរណ៍ Phu My ត្រូវបានភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិស្គាល់ដល់កាន់តែច្រើនឡើងៗ។

របរធ្វើទូកមូល​គឺ​ធ្វើ​ដោយ​ដៃ​ទាំង​ស្រុង ចាប់​តាំង​ពី​ការបិតបន្ទោះឫស្សីរហូត​ដល់ការ​ត្បាញ​ពោះ​ទូក។ ដើម្បីសម្រេចបានទូកមូលមួយគ្រឿងដែលមានអង្កត់ផ្ចិត ២-៣ ម៉ែត្រ ក្រុមកម្មករត្រូវចំណាយពេលជិតមួយសប្តាហ៍។ វត្ថុ​ធាតុ​ដើម​សម្រាប់​ធ្វើ​ទូកមូល គឺ​មក​ពី​ឫស្សី។ ដើម្បីបង្កើនភាពប្រើប្រាស់បានយូរ ក៏ដូចជាធានាបាននូវកត្តាបច្ចេកទេស និងសុវត្ថិភាព វត្ថុធាតុដើមដែលគេជ្រើសរើសគឺ ឫស្សីរឹង មិនខ្ញីពេក ឬចាស់ពេកនោះទេ ហើយប្រើតែពាក់កណ្តាលខាងក្រោមនៃដើមឫស្សីចុះប៉ុណ្ណោះ។

ផ្នែកពិសេសបំផុតគឺប្រហែលជាការការពារការជ្រាបទឹកនិងការលេចធ្លាយទឹក នៅពេលដែលទូកត្រូវបានដាក់ឱ្យប្រើប្រាស់... នៅ Phu My សិប្បករបានប្រើប្រាស់សម្ភារៈពិសេសមួយគឺ លាមកគោ និង ជ័រឈើទាល។ លាមក​គោ​ស្រស់​ត្រូវ​បាច​រាបស្មើ​លើ​ផ្ទៃ​ទូក ២ ដង ដើម្បី​បិទ​ចន្លោះ​ប្រហោងនៃបន្ទោះ​ឬស្សី។ រង់ចាំ​ឲ្យ​លាមក​គោ​ស្ងួតរួច យក​ជ័រឈើទាលមក​លាប​ពីរ​ស្រទាប់​ទៀត។ ពេល​នោះ ទើបទូកមូល​ត្រូវ​បាន​សម្រេចរួចរាល់។ សិប្បការិនី Truong Thi Bich Kieu នៅភូមិសិប្បកម្ម Phu My បានចែករំលែកថា៖

“ការធ្វើទូកមូលត្រូវការពន្លឺថ្ងៃ... គ្រាន់តែភ្លៀងតិចៗ ដែលជ្រាបចូលទៅក្នុងស្រទាប់លាមកគោ និងជ័រ នឹងធ្វើឲ្យខូច ធ្វើឲ្យស្រទាប់ទាំងពីរនេះមិនស្ងួតបានទេ។ នៅពេលយកទៅសមុទ្រ លាមកគោ និងជ័រនឹងបែកចេញ ហើយបញ្ចេញក្លិនស្អុយខ្លាំង”។

ទូកមូល Phu My មានគុណសម្បត្តិគឺពិបាកក្រឡាប់នៅលើសមុទ្រ និងងាយបង្វិលទិសក្នុងកន្លែងចង្អៀតដោយសារតែរាងមូល។ លើសពីនេះ ទូកមូលធ្វើពីឬស្សី ប្រសិនបើវាហែក ឬធ្លុះធ្លាយ អាចជួសជុល បាន។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រវប្បធម៌ Nguyen Danh Hanh បានឲ្យដឹងថា៖

“នេះគឺជាប្រភពដើមនៃផលិតផលដែលអ្នកនេសាទប្រើប្រាស់នៅតាមខេត្តឆ្នេរសមុទ្រភាគកណ្តាលវៀតណាម។ ក្នុងអំឡុងពេលទស្សនកិច្ចជាច្រើនលើក ទៅកាន់ភូមិសិប្បកម្មនេះ ខ្ញុំបានជួបអ្នកទេសចរជាច្រើនដែលបាននិយាយថា នេះគឺជាភូមិសិប្បកម្មមួយក្នុងចំណោមភូមិសិប្បកម្មដ៏ពិសេសជាង ១០០ នៅលើពិភពលោក ហើយត្រូវការអភិរក្ស និងផ្សព្វផ្សាយជាផលិតផលមួយដើម្បីបម្រើដល់សេដ្ឋកិច្ចសមុទ្រ និងជាផលិតផលទេសចរណ៍ផងដែរ”។

បច្ចុប្បន្ននេះ មិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពនេសាទនៅលើសមុទ្រប៉ុណ្ណោះទេ ទូកមូលប្រពៃណីថែមទាំងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យទេសចរណ៍ ជាពិសេសសម្រាប់ការតុបតែងរមណីយដ្ឋាន សណ្ឋាគារ គោលដៅទេសចរណ៍ និងភូមិវប្បធម៌សហគមន៍ ដែលបង្កើតបានជាពណ៌ថ្មីៗ និងបរិយាកាសពិសេសតែមួយគត់។ សិប្បការិនី Truong Thi Bich Kieu បានឲ្យដឹងបន្ថែមទៀតថា របរធ្វើទូកមូលមិនត្រឹមតែជារបរចិញ្ចឹមជីវិតសុទ្ធសាធប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយមួយដើម្បីថែរក្សាសិប្បកម្មប្រពៃណីដែលជីដូនជីតាបានបន្សល់ទុកមកផងដែរ។

“ខ្ញុំក៏ស្រឡាញ់សិប្បកម្មនេះដែរ។ រាល់ពេលដែលខ្ញុំធ្វើបានផលិតផលមួយ ហើយវាទៅដល់អតិថិជន មិនត្រឹមតែអ្នកនេសាទប៉ុណ្ណោះទេ ថែមទាំងអ្នករចនា ដៃគូទេសចរណ៍ក៏យកទូកមូលរបស់ខ្ញុំ ហើយផ្ដល់មតិយោបល់មកវិញ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ អ្នកថតរូបនិយាយថា នៅប្រទេសវៀតណាម មានតែភូមិធ្វើទូកមូលនៅ Phu My ប៉ុណ្ណោះដែលនៅតែត្រូវបានថែរក្សា។ កូនៗរបស់ខ្ញុំអាចបន្តប្រពៃណីនេះទៀត”។

បច្ចុប្បន្ននេះ ភូមិធ្វើទូកមូល Phu My មានមនុស្សជាង ១០០ នាក់ប្រកបរបរនេះ។ លោក Mai Van Tao ដែលជាជាងធ្វើទូកមូលម្នាក់ បានចែករំលែកថា Phu My ក៏បានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកទេសចរក្នុងដំណើរស្វែងយល់ពីបេតិកភណ្ឌនៃតំបន់ឆ្នេរសមុទ្រ Dak Lak។ ភាពប្លែកតែមួយគត់នៅតាមឆ្នេរសមុទ្រកណ្តាល រួមផ្សំជាមួយនឹងលក្ខណៈវិសេសវិសាលនៃវិធីសាស្រ្តផលិត បានជួយភូមិសិប្បកម្មនេះឱ្យត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធបេតិកភណ្ឌវប្បធម៌ប្រជាប្រិយនៃខេត្ត Dak Lak ដែលត្រូវការអភិរក្ស ការពារ និងផ្សព្វផ្សាយ។

“អាស្រ័យដោយមានអតិថិជនរយៈពេលវែង ខ្ញុំរក្សាសិប្បកម្មនេះបាន។ ដរាបណាពួកគេមានតម្រូវការ ខ្ញុំនឹងធ្វើសម្រាប់គេ។ ក្រុមហ៊ុនទេសចរណ៍នៅ សៃហ្គន ក៏ទាក់ទងមកខ្ញុំម្តងឬពីរដងក្នុងមួយខែ នៅពេលដែលពួកគេមានកិច្ចសន្យាដែរ”។

ការធ្វើទូកមូលគឺជារបរសិប្បកម្មប្រពៃណីដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ដែលបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ខាងក្រោមនៃទន្លេ Cai និងតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាល។ សព្វថ្ងៃនេះ ទូកមូលទាំងនេះមិនត្រឹមតែអមដំណើរអ្នកនេសាទចេញទៅសមុទ្រប៉ុណ្ណោះទេ ថែមទាំងក្លាយជា "ទូតវប្បធម៌" ដែលនាំមកនូវអនុស្សាវរីយ៍នៃសមុទ្រ ដែលរួមចំណែកដល់ការបង្កើតរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព និងជំរុញទេសចរណ៍នៅមូលដ្ឋានទៀតផង។ ការរួមបញ្ចូលគ្នាដ៏សុខដុមរមនានៃតម្លៃប្រពៃណី និងតម្រូវការនៃជីវភាពសម័យទំនើបកំពុងបើកទិសដៅថ្មីៗ ដែលជួយភូមិទូកមូល Phu My ឱ្យអភិវឌ្ឍន៍កាន់តែខ្លាំង និងផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់ខ្លួនបន្ថែមទៀត៕