នេះគឺជាទីបង្អង់ដំណើរពិសេសមួយដែលស្ត្រីជនជាតិចាម នៅតែរក្សាការត្បាញជារៀងរាល់ថ្ងៃ ដោយបង្កើតឡើងក្រណាត់ចរបាប់ចម្រុះពណ៌។ មិនត្រឹមតែថែរក្សាវប្បធម៌ជនជាតិប៉ុណ្ណោះទេ ផលិតផលចរបាប់ទាំងនេះក៏កំពុងបំពេញតាមតម្រូវការទីផ្សារជាបណ្ដើរៗ ដែលរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិចាមនៅទីនេះទៀតផង។
ស្ថិតនៅចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីមជ្ឈមណ្ឌល Phan Rang-Thap Cham ភូមិ មីងៀប ស្ថិតនៅតាមមាត់ទន្លេ Dinh។ អស់រយៈពេលជាច្រើនជំនាន់មកហើយ របរតម្បាញរបស់សហគមន៍ជនជាតិចាមនៅខេត្តខាញ់ហ័រ (ក្នុងតំបន់ខេត្ត និញធួន ចាស់) នៅតែត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ។ លក្ខណៈពិសេសដែលបង្កើតឡើងភាពទាក់ទាញនៃភូមិ មីងៀប គឺការអភិរក្សបច្ចេកទេសត្បាញដោយដៃប្រពៃណីឲ្យនៅដដែល។ សម្លៀកបំពាក់ ក្រមា ខ្សែក្រវ៉ាត់ របស់របរប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ផលិតផលដែលប្រើប្រាស់ក្នុងពិធីសាសនា ពិធីបុណ្យ និងពិធីមង្គលការ... សុទ្ធតែត្រូវបានប៉ាក់និងត្បាញដោយបាតដៃដ៏ប៉ិនប្រសប់របស់សិប្បករចាម។
លោកស្រី Luu Thi Em សមាជិកានៃសហករណ៍ត្បាញចរបាប់ចាម មីងៀប បាននិយាយថាកាលពីមុន ផលិតផលចរបាប់របស់ជនជាតិចាម តែងតែត្រូវបានសម្គាល់ដោយពណ៌ខ្មៅ និងស។ ឥឡូវនេះ ផលិតផលត្រូវបានផ្សំជាមួយនឹងពណ៌កាន់តែច្រើន ដែលបង្កើតបានជាលក្ខណៈស្រស់ស្អាតកាន់តែសម្បូរបែប។
“មនុស្សចាស់ជរា ឬគ្រួសារដែលមានកូនទើបរៀបការ សុទ្ធតែប្រើប្រាស់កន្សែងនេះ។ យើងធ្វើការជារៀងរាល់ថ្ងៃ លើកលែងតែពេលមានកិច្ចការគ្រួសារប៉ុណ្ណោះ។ សព្វថ្ងៃនេះ ជនជាតិចាមលែងកុម្ម៉ុងច្រើនទៀតហើយ ភាគច្រើនជាអ្នកទេសចរដែលទិញច្រើន។ វាត្រូវចំណាយពេល ៥ ថ្ងៃដើម្បីធ្វើបានផលិតផលមួយ”។
ក្បូរក្បាច់រចនាដែលត្រូវបានបញ្ចូលទៅក្នុងផលិតផលចរបាប់ នៃភូមិមីងៀប ជារឿយៗជានិមិត្តរូបបុរាណ ដែលពោរពេញទៅដោយតម្លៃវប្បធម៌ ដូចជា៖ ព្រះសិវៈ និងនាគសួគ៌។ លើសពីនេះ ជនជាតិចាមនៅទីនេះនៅតែរក្សាបាននូវក្បូរក្បាច់រចនាប្រពៃណីជិត ៣០ ដូចជា៖ ក្បូរក្បាច់រចនារាងចតុកោណស្មើ រាងវល្លិ៍ ផ្កាអង្គាសីល ផ្កាបួនស្រទាប់។ល។
លោកស្រី Lam Thi Minh សមាជិកានៃសហករណ៍តម្បាញចរបាប់ចាម មីងៀប បានចែករំលែកថា ក្រៅពីការត្បាញក្បូរក្បាច់រចនាដ៏ពេញនិយម សិប្បករនៃសហករណ៍ក៏ស្វែងរកក្បូរក្បាច់រចនាបុរាណដើម្បីស្តារឡើងវិញ និងស្រាវជ្រាវបញ្ជូនដល់មនុស្សជំនាន់ក្រោយផងដែរ។
“សិប្បករមួយចំនួននៅទីនេះបានស្រាវជ្រាវ និងស្តាឡើងវិញនូវក្បូរក្បាច់រចនាបុរាណមួយចំនួនដែលពីមុនត្រូវគេបំភ្លេចចោល។ ផលិតផលទាំងនេះមានតម្លៃណាស់ ហើយត្រូវបានប្រើដើម្បីធ្វើខ្សែក្រវ៉ាត់។ សិប្បករភាគច្រើនដែលនៅតែធ្វើបាន គឺចាស់ហើយ នៅសល់តែសិប្បករមួយចំនួនតូចប៉ុណ្ណោះដែលស្គាល់ក្បូរក្បាច់រចនាបែបនេះ”។
ដើម្បីអភិរក្សតម្លៃនេះ សហករណ៍តម្បាញចរបាប់ចាម មីងៀប មានសមាជិកចំនួន ៧០ នាក់ ដែលចូលរួមក្នុងការផលិតក្រណាត់ចរបាប់ដោយដៃបែបប្រពៃណី។ បច្ចុប្បន្ន ភូមិក៏មានគ្រួសារប្រហែល ៤០០ គ្រួសារដែលកំពុងថែរក្សារបរតម្បាញនេះផងដែរ។ លោក Phu Van Ngoi នាយកសហករណ៍តម្បាញចរបាប់ចាម មីងៀប ឃុំនិញភឿក ខេត្តខាញ់ហ័រ បានឲ្យដឹងថា នៅក្នុងពិធីបុណ្យវប្បធម៌ជនជាតិចាមលើកទី៦ ថ្មីៗនេះ សហករណ៍ត្រូវបានគេអញ្ជើញឱ្យមកឧទ្ទេសនាមអំពីរបរតម្បាញប្រពៃណីចាម។
“ដោយចូលរួមក្នុងពិធីបុណ្យវប្បធម៌ចាម យើងបានជ្រើសរើសសិប្បករគំរូដើម្បីណែនាំដំណើរការសម្រាប់ការត្បាញផលិតផលពេញលេញមួយ។ ឆ្លៀតឱកាសនេះដែរ យើងបានឧទ្ទេសនាមអំពីរបរសិប្បកម្មតម្បាញប្រពៃណីចាមនៃខេត្តខាញ់ហ័រដល់ភ្ញៀវទេសចរផងដែរ”។
ដើម្បីថែរក្សានិងអភិវឌ្ឍន៍ភូមិរបរនាពេលអនាគត អ្នកភូមិកំពុងកែលម្អការរចនាជាបន្តបន្ទាប់ ដើម្បីឱ្យសមស្របនឹងនិន្នាការទីផ្សារ។ ក្នុងពេលជាមួយគ្នានោះ មូលដ្ឋានក៏ជួយគាំទ្រភូមិសិប្បកម្មក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មម៉ូដក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារ និងបង្កើនតម្លៃផលិតផលផងដែរ៕
