គ្មានភាពអ៊ូអរ គ្មានការដោះដូរមមាញឹកពេកទេ ភូមិ គីមឡាន ជាមួយនឹង​សិប្បករ​ជាច្រើនជំនាន់ នៅតែ​កំពុង​ថែរក្សាដោយស្ងប់ស្ងាត់និង​អភិវឌ្ឍ​របរធ្វើកុលាលភាជន៍​ប្រពៃណី​នៃ​ស្រុកកំណើត​។

ដោយមានចម្ងាយ ​ប្រហែល ២០ គីឡូម៉ែត្រ​ពី​កណ្តាល​ទីក្រុង​ហាណូយ ភូមិកុលាលភាជន៍ ​គីមឡាន ក្នុង​ឃុំ​បាតត្រាង ទីក្រុងហាណូយ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សតវត្សរ៍​ទី ៨ ហើយអភិវឌ្ឍន៍យ៉ាងរុងរឿង​អស់​រយៈពេល​ជិត​ ១០ ​សតវត្សរ៍​មុនពេល​ធ្លាក់ចុះ​នៅ​ចុង​សតវត្សរ៍​ទី ១៨។ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ អ្នកភូមិ​គីមឡាន ​បាន​ចាប់ផ្តើម​ដំណើរការឡើង​វិញ​​ឡ​ដុតកុលាលភាជន៍ចាស់ៗ ហើយ​ស្ដារ​វា​ឡើង​វិញ​បន្តិចម្តងៗ​ទៅ​ជា​ភូមិ​សិប្បកម្ម​ដ៏​រីកចម្រើន​ដូច​សព្វថ្ងៃ។

ដោយមានប្រវត្តិជិត ១០០០ ឆ្នាំ ភូមិគីមឡាន នៅតែរក្សាបាននូវអត្តសញ្ញាណនៃភូមិបុរាណដ៏សុខសាន្តមួយ ដែលមានប្រពៃណីធ្វើកុលាលភាជន៍តាំងពីយូរលង់មក។ ដើរតាមផ្លូវនាំទៅដល់ខ្លោងទ្វារភូមិ អ្នកទេសចរអាចប្រទះឃើញផលិតផលជាច្រើនដូចជា៖ ថូ ពាង ផើងផ្កា ក្បឿង ជើងធូប រហូតដល់ចាន បំពង់ឈើចាក់ធ្មេញ… ដែលត្រូវបានដាក់តាំងបង្ហាញនៅសងខាងផ្លូវ។ សិប្បករ ដាវ វៀតប៊ិញ ប្រធានសមាគមកុលាលភាជន៍-សេរ៉ាមិចគីមឡាន បានឲ្យដឹងថា៖

“ភូមិគីមឡាន មានគ្រួសារចំនួន ៤២៥ ដែលផលិតគ្រឿងកុលាលភាជន៍-សេរ៉ាមិចជាច្រើនប្រភេទសម្រាប់សំណង់ របស់របរប្រើប្រាស់ក្នុងផ្ទះ របស់របរហុងស៊ុយ និងរបស់របរសសក្ការៈ។ នៅក្នុងភូមិ មានសិប្បកម្មធំៗដែរ។ ភូមិបានបង្កើតសមាគមសេរ៉ាមិចគីមឡាន ជាកន្លែងដែលសិប្បករផ្លាស់ប្តូរ រៀនសូត្រពីបទពិសោធន៍ផលិតកម្មទៅវិញទៅមក។”

យោងតាមសិប្បករនៅក្នុងភូមិ កុលាលភាជន៍គីឡាន មានលក្ខណៈពិសេសព្រោះវាមានសមត្ថភាពបញ្ចេញពន្លឺនៅពេលប៉ះនឹងពន្លឺ។ ដីឥដ្ឋ ត្រូវតែឆ្លងកាត់ការសម្រិតសម្រាំង ដោយលុបបំបាត់សារធាតុផ្សេងៗ ទាំងអស់មុនពេលដុតនៅសីតុណ្ហភាពជិត ១៣០០ អង្សាសេ។ ពេលដែលឈានដល់កម្រិតនេះ កុលាលភាជន៍នឹងមានភាពថ្លា។ ប្រសិនបើសីតុណ្ហភាពទាបជាង ពន្លឺនឹងប្រែជាពណ៌លឿង។ដោយបានប្រកបមុខរបរនេះអស់រយៈពេលជិត ៤០ ឆ្នាំមកហើយ សិប្បករ ហ្វាម វ៉ាន់ង្វៀន នៅតែជក់ចិត្តនឹងការធ្វើកុលាលភាជន៍ដោយដៃ។

“ខ្ញុំស្មូនកុលាលភាជន៍ដោយដៃ ដើម្បីបន្តប្រពៃណីរបស់ដូនតា។ ប្រភេទផលិតផលដែលខ្ញុំធ្វើគឺកុលាលភាជន៍ស្រោបពណ៌ខៀវ។ ខ្ញុំដើរតាមទិសដៅផ្ទាល់ខ្លួន ដើម្បីថែរក្សាសិប្បកម្ម ហើយនេះក៏ជាប្រភេទកុលាលភាជន៍ដែលមានតម្លៃខ្ពស់ផងដែរ។ តាមរយៈផលិតផលទាំងនេះ មនុស្សជាច្រើនបានស្គាល់ដល់កុលាលភាជន៍គីមឡាន”។

ប្រសិនបើមនុស្សជំនាន់មុន បានឈានឡើងដោយការតាំងចិត្តនោះ ជំនាន់វ័យក្មេងសព្វថ្ងៃនេះ នៃភូមិគីមឡាន បានចាប់ផ្ដើមអាជីពជាមួយនឹងភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីពង្រីកតម្លៃភូមិរបរ។ សិប្បករវ័យក្មេង ជិន តាតក្វាន់ (Tran Tat Quan) ជាមួយនឹងចំណេះដឹងអំពីវិចិត្រសិល្បៈដ៏ជ្រៅជ្រះរបស់ខ្លួន កំពុងនាំមកនូវដង្ហើមថ្មីមួយ ដល់ភូមិកុលាលភាជន៍គីមឡាន។ ផលិតផលរបស់គាត់មិនត្រឹមតែទទួលបានការនិយមចូលចិត្តពីទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានឈានដល់ទីផ្សារអន្តរជាតិទៀតផង ដែលរួមចំណែកលើកកម្ពស់ម៉ាកយីហោកុលាលភាជន៍គីមឡាន។ សិប្បករ ជិន តាតក្វាន់ បាននិយាយថា៖

"ខ្ញុំធ្វើវត្ថុតុបតែងលម្អ តាមបែបឆ្លាក់ គូរ ច្នៃប្រឌិត ជាជាងធ្វើតាមគំរូ។ ខ្ញុំធ្វើកុលាលភាជន៍តាមរចនាបថទំនើប។ ការរចនាគឺជាស្នាដៃផ្ទាល់ខ្លួនរបស់ខ្ញុំ មិនមែនធ្វើម្តងហើយម្ដងទៀតទេ។ បរិមាណមិនច្រើនទេ ប៉ុន្តែនៅពេលដែលផលិតផលសម្រេចរួចរាល់ សុទ្ធតែមានអតិថិជនមកទិញ"។

សិប្បករវ័យក្មេងមិនខ្លាចពិសោធន៍ការរចនាថ្មី ឬអនុវត្តន៍ពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីពង្រីកទីផ្សារប្រើប្រាស់សម្រាប់ផលិតផលនោះទេ។ សិប្បករ ដាវ វៀតប៊ិញ ប្រធានសមាគមសេរ៉ាមិចគីមឡាន បានឲ្យដឹងបន្ថែមថា៖

"ឥឡូវនេះ គ្រួសារផលិតកម្មជាច្រើននៅក្នុងភូមិគីមឡាន បានលក់ទំនិញនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ បរិមាណគឺល្អណាស់ តាមនោះផ្សព្វផ្សាយផលិតផលរបស់ភូមិ"។

មិនត្រឹមតែជាកន្លែងផលិតនោះទេ ភូមិកុលាលភាជន៍ គីមឡាន ក៏បានអភិវឌ្ឍន៍ទៅជាគោលដៅវប្បធម៌ដ៏ទាក់ទាញ ជាមួយនឹងសារមន្ទីរសេរ៉ាមិច គីមឡាន ដែលមានផ្ទៃដីជិត ២០០ ម៉ែត្រការ៉េ និងវត្ថុតាំងបង្ហាញជិត ៣០០០។ ទីនេះថែរក្សាវត្ថុបុរាណ និងរឿងរ៉ាវអំពីភូមិសិប្បកម្មអាយុរាប់ពាន់ឆ្នាំ ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករឱ្យមកទស្សនា និងស្វែងយល់។ សិប្បករ ដាវ វៀតប៊ិញ បានចែករំលែកថា៖

“នៅគីមឡាន មានតំបន់តាំងពិព័រណ៍ផលិតផល OCOP នៅជាប់នឹងសារមន្ទីរសេរ៉ាមិចគីមឡាន។ លើសពីនេះ មានឡកុលាលភាជន៍បុរាណដែលដុតដោយធ្យូង ដែលអ្នកទេសចរបរទេសចាប់អារម្មណ៍ខ្លាំង។ នាពេលអនាគត យើងមានគម្រោងអភិវឌ្ឍន៍សិប្បកម្មកុលាលភាជន៍ ដោយភ្ជាប់រួមជាមួយនឹងទេសចរណ៍។”

ជារៀងរាល់ឆ្នាំ សិប្បករនៅភូមិគីមឡាន តែងតែរៀបចំថ្នាក់បណ្តុះបណ្តាល សម្រាប់យុវជន ក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សនិងអភិវឌ្ឍន៍សិប្បកម្មប្រពៃណី៕