ពីដើមទុននេះ គ្រួសារជាច្រើនមានជីវភាពរស់នៅដោយស្ថិរភាព រួចផុតពីភាពក្រីក្រ ឈានឡើងក្លាយជាអ្នកមាន ហើយរួមចំណែកដល់ការកសាងភូមិឲ្យកាន់តែរីកចម្រើន។ កសិកម្មរបស់ខេត្តដាក់ឡាក់សម្រេចបាននូវភាពចម្រុះ និងនិរន្តរភាពយ៉ាងឆាប់រហ័ស។
នៅក្នុងប៉ុន្មានថ្ងៃចុងខែកញ្ញា លោក Ksor Y Vien នៅភូមិ Hwing ឃុំ Ea Hiao និងប្រពន្ធបានត្រៀមរៀបចំឧបករណ៍កសិកម្មដើម្បីទៅវាលស្រែថែទាំដើមទុរេនដែលត្រូវបានដាំបញ្ចូលគ្នានៅក្នុងចម្ការកាហ្វេរបស់ពួកគេ។ លោក Y Vien បាននិយាយថា ការប្រមូលផលទុរេនបាននាំមកនូវប្រាក់ចំណូលជិត ១០០ លានដុង (ជិត ៤.០០០ ដុល្លារអាមេរិក)។ រួមទាំងកាហ្វេ ចម្ការទំហំ ១,១ ហិកតារបស់គ្រួសារ បាននាំមកនូវប្រាក់ចំណូលចំនួន ៣៥០ លានដុង (ជាង ១៤.០០០ ដុល្លារអាមេរិក) នៅឆ្នាំនេះ។ អាស្រ័យដោយមានប្រាក់កម្ចីពីធនាគារ គ្រួសារលោកបានចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យ។ នាពេលអនាគត លោក Y Vien មានគម្រោងខ្ចីកញ្ចប់ប្រាក់ដ៏ធំមួយបន្ថែមទៀត ដើម្បីអនុវត្តន៍គំរូកសិដ្ឋានបិទជិត ដែលរួមបញ្ចូលទាំងការដាំដុះដំណាំ និងការចិញ្ចឹមសត្វ។
“យើងកំពុងចិញ្ចឹមគោ ហើយនឹងលក់វា ដើម្បីរួមផ្សំជាមួយប្រាក់កម្ចី សាងសង់ទ្រុង និងប្តូរទៅចិញ្ចឹមជ្រូក។ គ្រួសារសង្ឃឹមថា ធនាគារនឹងបង្កលក្ខណៈផ្ដល់ប្រាក់កម្ចីបន្ថែមប្រហែល ៣០០ លានដុង (ជិត ១២០០០ ដុល្លារអាមេរិក) ដើម្បីផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំ និងសត្វចិញ្ចឹមឡើងវិញ ជាមួយនឹងរយៈពេលប្រាក់កម្ចីប្រហែល ៥ ឆ្នាំ។ បន្ទាប់ពីមានប្រាក់ចំណូល យើងនឹងសងធនាគារវិញ ហើយអាចថែទាំការសិក្សារបស់កូនៗ”។
នៅក្នុងភូមិ Hwing ផងដែរ អាស្រ័យដោយមានប្រាក់កម្ចីពីធនាគារ លោក Kpa Liem បានរួចផុតពីភាពក្រីក្រ និងឈានឡើងក្លាយជាអ្នកមានប្រកបដោយចីរភាព។ នៅឆ្នាំ ១៩៩៧ លោកបានខ្ចីប្រាក់ ៥ លានដុង ដើម្បីអនុវត្តន៍គំរូផលិតកម្មខ្នាតតូច ដោយមានគោលដៅលើកស្ទួយគ្រួសារឱ្យរួចផុតពីភាពអត់ឃ្លាន... ក្រោយមក លោកបានសម្រេចចិត្តខ្ចីប្រាក់ ៥០០ លានដុង (ជាង ១៩០០០ ដុល្លារអាមេរិក) ដោយវិនិយោគលើផ្ទៃដី ៦,៥ ហិកតា ដែលមានដើមកាហ្វេជិត ៧០០០ ដើម ដើមទុរេន ១៥០ ដើម និងដើមម្រេច ៥០០ ដើម។ ការប្រមូលផលឆ្នាំនេះបានផ្តល់ទិន្នផលកាហ្វេប្រហែល ១៥ តោន ផ្លែទុរេន ១០ តោន និងម្រេច ២ តោន ដែលបង្កើតប្រាក់ចំណូលប្រហែល ៣,២ ពាន់លានដុង (ប្រហែល ១២៥០០០ ដុល្លារអាមេរិក)។
“ពីមុន វាត្រូវចំណាយពេលបីថ្ងៃទើបទទួលបានប្រាក់កម្ចី ដោយសារតែនីតិវិធីស្មុគស្មាញ ដែលតម្រូវឱ្យមានការបញ្ជាក់សារការី មុនពេលទៅធនាគារ។ ឥឡូវនេះវាលឿនជាងមុនហើយ។ ក្រុមប្រាក់កម្ចីនៅឃុំ Ea Sol ចាស់ ចុះត្រួតពិនិត្យនៅពេលព្រឹក ហើយនៅពេលរសៀល យើងទៅធនាគារដើម្បីបំពេញនីតិវិធីខ្ចីប្រាក់។ ជាទូទៅ អាចទទួលបានប្រាក់កម្ចីក្នុងរយៈពេលតែមួយថ្ងៃ ដែលងាយស្រួលណាស់”។
ឃុំ Ea Hiao មានប្រជាជនចំនួន ៧.១០០ គ្រួសារ ជាមួយនឹងមនុស្ស ៣១.៤០០ នាក់ ក្នុងនោះជនជាតិភាគតិចមានចំនួនជាង ៥២%។ នៅក្នុងផែនការមេថ្មីរបស់ខេត្តដាក់ឡាក់ Ea Hiao ស្ថិតនៅក្នុងតំបន់កម្លាំងចលករសេដ្ឋកិច្ចភាគខាងជើងរបស់ខេត្ត ជាកន្លែងដែលអាចពង្រីកប្រៀបខ្លាំងកសិកម្មបាន។ យោងតាមលោក Huynh Van Vinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ea Hiao អាជ្ញាធរមូលដ្ឋានកំពុងសម្របសម្រួលជាមួយធនាគារ ដើម្បីសម្រួលដល់ការទទួលបានដើមទុនរបស់ប្រជាជន។
“នៅពេលដែលប្រជាជនទាក់ទងមក ដើម្បីបញ្ជាក់ឯកសារខ្ចីប្រាក់ គណៈកម្មាធិការប្រជាជនឃុំ ណែនាំមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈ និងនាយកដ្ឋានសេដ្ឋកិច្ចឃុំឱ្យផ្តោតលើការដោះស្រាយឯកសាររបស់ប្រជាជនក្នុងរយៈពេល ១-២ ម៉ោង។ យើងក៏ស្នើឲ្យធនាគារ ផ្តល់អាទិភាពដល់ការបែងចែកប្រាក់កម្ចីបន្ថែមទៀត ជាពិសេសប្រាក់កម្ចីអនុគ្រោះ ដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ និងជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីទទួលបានដើមទុន”។
ក្នុងការអនុវត្តគោលនយោបាយឥណទានកសិកម្មនិងជនបទនៅខេត្ត ដាក់ឡាក់ ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ (Agribank) ដើរតួនាទីជាអង្គភាពត្រួសត្រាយផ្លូវ។ សាខាភាគខាងជើងខេត្តដាក់ឡាក់ មានអតិថិជនខ្ចីប្រាក់ជាង ២៩០០០ នាក់ ក្នុងនោះ ២៨០០ នាក់ជាជនជាតិភាគតិច ដែលមានចំណុលចំនួន ១៨៧២ ពាន់លានដុង (ជិត ៧៨ លានដុល្លារអាមេរិក)។ យោងតាមលោក Nguyen Van Tung នាយករងធនាគារ Agribank សាខាភាគខាងជើងខេត្តដាក់ឡាក់ ដោយអនុវត្តន៍សារាចរណ៍របស់រដ្ឋាភិបាល និងធនាគារថ្នាក់លើ ស្តីពីឥណទានកសិកម្ម និងជនបទ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រៅពីការផ្តោតដើមទុនលើកសិកម្មនិងតំបន់ជនបទ សាខានេះបានយកចិត្តទុកដាក់ជាពិសេសចំពោះការជួយគាំទ្រជនជាតិភាគតិចនៅតំបន់ឆ្ងាយដាច់ស្រាល ឲ្យទទួលបានដើមទុនសម្រាប់វិនិយោគលើផលិតកម្ម និងការចិញ្ចឹមសត្វ។ លោក Tung បានឲ្យដឹងថា៖
“សាខាបានអនុវត្តន៍កម្មវិធី គោលនយោបាយឥណទានអនុគ្រោះចំនួន ១៥ ដែលមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់កម្ចីធម្មតាពី ១-២% សម្រាប់អតិថិជនលក្ខណៈបុគ្គល រួមទាំងជនជាតិភាគតិចផងដែរ។ គោលនយោបាយទាំងនេះមានភាពចម្រុះណាស់ ចាប់ពីការចំណាយលើលំនៅដ្ឋាន ជីវភាពរស់នៅ រហូតដល់ផលិតកម្មអាជីវកម្មកសិកម្ម រួមទាំងការដាំដុះ ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងមេកានិក... ដូច្នេះ អាស្រ័យលើតម្រូវការជាក់ស្តែងរបស់អតិថិជន ពួកគេមានជម្រើសសមស្របដើម្បីទទួលបានឥណទានបានយ៉ាងងាយស្រួលជាង”។
ចាប់ពីប្រាក់កម្ចីសមស្របទាំងនេះ គ្រួសារជនជាតិភាគតិចជាច្រើននៅតំបន់ឆ្ងាយដាច់ស្រយាលនៃខេត្តដាក់ឡាក់ រួមទាំងប្រជាជននៅក្នុងឃុំ Ea Hiao មានឱកាសកាន់តែច្រើនក្នុងការវិនិយោគលើផលិតកម្ម ការចិញ្ចឹមសត្វ ដោយរួចផុតពីភាពក្រីក្របន្តិចម្តងៗ និងឈានឡើងក្លាយជាអ្នកមាន។ លំហូរទុន មិនត្រឹមតែជួយផ្លាស់ប្តូរជីវិតរបស់គ្រួសារនីមួយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្រួមគម្លាតអភិវឌ្ឍន៍ កសាងភូមិកាន់តែរីកចម្រើន និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើគោលនយោបាយរបស់បក្ស និងរដ្ឋទៀតផង៕
