ផ្លែត្រសក់ផ្អែម ទុំពណ៌លឿង ដែលបញ្ចេញក្លិនក្រអូបស្រាលៗ កំពុងចូលដល់ដំណាក់កាលប្រមូលផល។ នេះគឺជាទិសដៅថ្មីក្នុងការអភិវឌ្ឍកសិកម្ម ដែលជួយប្រជាកសិករនៅក្នុងឃុំ ទៀនឌៀន បង្កើនប្រាក់ចំណូល ហើយផ្លាស់ប្តូរផ្នត់គំនិតផលិតកម្មបន្តិចម្តងៗឆ្ពោះទៅរកនិរន្តរភាព។
បច្ចុប្បន្ននេះ នៅក្នុងឃុំ ទៀនឌៀន ខេត្តហាទីញ គ្រួសារជាច្រើនបានអនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងក្លាហាន ដោយធ្វើផលិតកម្មបិទជិតនៅក្នុងផ្ទះសំណាញ់និងផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ តាមនោះបើកទិសដៅថ្មីសម្រាប់ផលិតកម្មកសិកម្ម។ ឧទាហរណ៍គឺគំរូដាំត្រសក់ផ្អែម នៅក្នុងផ្ទះសំណាញ់របស់គ្រួសារអ្នកស្រី Nguyen Thi Minh Nhat នៅភូមិ ថាញ់មិញ នៅលើផ្ទៃដី ៥០០០ ម៉ែត្រការ៉េ ដែលកំពុងបង្ហាញពីប្រសិទ្ធភាពខ្ពស់។ គ្រួសារអ្នកស្រី Nhat រក្សាការផលិតផ្លែត្រសក់ផ្អែមចំនួនបីរដូវក្នុងមួយឆ្នាំ ដែលរដូវនីមួយៗផ្តល់ទិន្នផលផ្លែប្រហែល ៤ តោន ដោយនាំមកនូវប្រាក់ចំណេញចំនួន ១០-១២ ពាន់ដុល្លារអាមេរិក បន្ទាប់ពីដកការចំណាយរួច។ អ្នកស្រី Nguyen Thi Minh Nhat បានឲ្យដឹងថា៖
“ត្រសក់ផ្អែមគឺជាដំណាំដែលពិបាកដាំដុះ។ នៅមូលដ្ឋានរបស់យើង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធពេញលេញ ត្រសក់ត្រូវបានថែទាំយ៉ាងប្រុងប្រយ័ត្ន។ នៅពេលនេះ ផ្លែត្រសក់ផ្អែមត្រូវបាននាំចេញទៅទីផ្សារហើយ។ ផ្លែមានរូបរាងស្រស់ស្អាត រសជាតិផ្អែម ដូច្នេះអតិថិជនពេញចិត្តខ្លាំងណាស់”។
ដូចគ្នានេះដែរ ពីដីស្រែចម្ការដែលផ្ដល់នូវប្រសិទ្ធភាពទាបពីមុន លោក Nguyen Van Huy នៅក្នុងឃុំ ទៀនឌៀន បានវិនិយោគសាងសង់ផ្ទះសំណាញ់ចំនួន ៨ ខ្នងលើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ ដើម្បីផលិតត្រសក់ផ្អែមតាមបែបសរីរាង្គ។ អាស្រ័យដោយមានការអនុវត្តដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកទេស ចំការដំណាំផ្លែ បានផ្ដល់នូវទិន្នផលល្អ។ លោក Nguyen Van Huy បាននិយាយថា៖
“ឆ្នាំនេះ អាកាសធាតុមិនមានស្ថិរភាពទេ ប៉ុន្តែតាមរយៈការដាំដុះនៅក្នុងផ្ទះសំណាញ់ និងតម្លៃ យើងសម្រេចបានទិន្នផលល្អគួរសម ដោយដាំបានផ្លែមានទម្ងន់ចាប់ពី ១,៥ ដល់ ២ គីឡូក្រាម ហើយរសជាតិត្រសក់ក៏ផ្អែមខ្លាំងណាស់”។
ដើម្បីធានាបាននូវផលិតភាព គុណភាព និងម៉ាកយីហោ គ្រួសារនានាបានអនុវត្តន៍ដំណើរការដាំដុះបែបសរីរាង្គ ដោយគ្រប់គ្រងយ៉ាងតឹងរ៉ឹងចាប់ពីការថែទាំរហូតដល់ការគ្រប់គ្រងសត្វល្អិតចង្រៃ ដើម្បីបង្កើតផលិតផលដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ លោក Tran Van Tuan នៅឃុំ ទៀនឌៀន ដែលកំពុងត្រៀមប្រមូលផលត្រសក់ផ្អែមជិត ១២០០ ដើម បានចែករំលែកថា៖
“ឆ្នាំនេះ ទោះបីជាអាកាសធាតុក្តៅខ្លាំងក៏ដោយ ប៉ុន្តែអាស្រ័យដោយការអនុវត្តវិធីសាស្ត្រនិងដាក់ជីសរីរាង្គ ដើមត្រសក់ផ្អែមរីកលូតលាស់បានល្អ ផ្តល់ផ្លែដែលបំពេញតាមបទដ្ឋាន និងទិន្នផលខ្ពស់ជាងរដូវមុនៗ។ ដើម្បីមានផលិតផលស្អាតសម្រាប់នាំចេញទីផ្សារ យើងត្រូវប្រើប្រាស់ជីសរីរាង្គ។ ពេលនោះទើបដើមលូតលាស់បានល្អនិងមានផ្លែផ្អែម។ ផ្លែឆ្នាំនេះក៏ផ្អែមជាងឆ្នាំមុនដែរ”។
ភាពជោគជ័យនៃគំរូផ្ទះសំណាញ់ មិនត្រឹមតែកើតចេញពីភាពម្ចាស់ការរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងការរួមដំណើរពីអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំផែនការមេ និងលើកទឹកចិត្តការអភិវឌ្ឍផលិតកម្មទៀតផង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរឃុំ ទៀនឌៀន បានជំរុញការចលនាប្រជាជនឱ្យកសាងគំរូផលិតកម្មឲ្យមានសុវត្ថិភាព និងចីរភាព។ លោក Kieu Dinh Cong ប្រធានសមាគមកសិករឃុំទៀនឌៀន ខេត្តហាទីញ បានឲ្យដឹងថា៖
“ថ្មីៗនេះ ពូជត្រសក់ផ្អែម បានផ្ដល់នូវប្រសិទ្ធភាពខ្ពស់ និងសមស្របទៅនឹងលក្ខណៈដីនៅមូលដ្ឋាន។ គំរូនេះក៏កំពុងបង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់កសិករបន្តិចម្ដងៗផងដែរ។ គំរូនេះនាំមកនូវប្រាក់ចំណូលខ្ពស់ គឺជាង ១០០ លានដុង (៣៩០០ ដុល្លារអាមេរិក) ក្នុងមួយរដូវកាល។ នាពេលខាងមុខ អាជ្ញាធរមូលដ្ឋាននឹងបន្តរួមដំណើរជាមួយគ្រួសារនានា ដើម្បីអភិវឌ្ឍន៍គំរូនេះកាន់តែទូលំទូលាយ។ ជាពិសេស អាជ្ញាធរមូលដ្ឋាននឹងបន្តបង្កលក្ខណដល់ការប្រើប្រាស់ផលិតផល បង្កើតការងារ និងរបរចិញ្ចឹមជីវិតសម្រាប់ប្រជាកសិករនៅក្នុងឃុំ”។
ផ្លែត្រសក់ផ្អែម ដែលត្រូវបានដាំដុះក្នុងផ្ទះសំណាញ់ មានទីផ្សារប្រើប្រាស់ស្ថេរភាព និងកាត់បន្ថយកម្លាំងពលកម្មគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងដំណាំជាច្រើនទៀត។ គំរូនេះបានរួមចំណែកដល់ការលើកកំពស់ប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្កើតកម្លាំងចលករ សម្រាប់កសិករជាច្រើនផ្លាស់ប្តូរទៅអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕
