អរុណ្យរះនៅទីនេះត្រូវបានភ្ញាក់ឡើងដោយសូរសំឡេងម៉ាស៊ីនទូក ដែលបន្លឺឡើងពីនាយសមុទ្រ ដែលកំពុងត្រឡប់មកវិញបន្ទាប់ពីធ្វើការនេសាទពេញមួយយប់នៅសមុទ្រ។

រៀងរាល់ព្រឹកព្រលឹម នៅពេលដែលអរុណ្យរះ ពន្លឺព្រះអាទិត្យចែងចាំងរស្មីហាក់ដូចជាស្រោបមាសផ្ទៃសមុទ្រទាំងស្រុង ហើយនៅឆ្ងាយៗ ក្រុមទូកចូលចត តៗគ្នា។ កំពង់ផែទូកកាន់តែមមាញឹក; អ្នកនេសាទស្រែកហៅគ្នា សួរសុខទុក្ខគ្នាទៅវិញទៅមក; សំឡេងសំណើចនិងជជែកគ្នារបស់ស្ត្រីបន្លឺឡើងយ៉ាងសប្បាយអ៊ូអរ។ ត្រី បង្គាស្រស់ៗ ត្រូវបានតម្រៀបយ៉ាងឆាប់រហ័សដើម្បីយកទៅផ្សារពេលព្រឹកព្រលឹមឲ្យបានទាន់ពេលវេលា។

នៅកំពង់ផែទូក លោក Tran Van Cuong និងប្រពន្ធរបស់គាត់គឺអ្នកស្រី Le Thi Nu កំពុងរវល់ដឹកជញ្ជូនកន្ត្រកត្រី មឹកស្រស់ៗ ឡើងលើច្រាំង ដោយចែករំលែកថា៖

“ឆ្នាំនេះអាកាសធាតុអំណោយផល ដោយមានពន្លឺថ្ងៃក្ដៅ ទឹកសមុទ្រស្ងប់ស្ងាត់។ ក្នុងដំណើរនេសាទនេះ គ្រួសារខ្ញុំប្រមូលបានត្រីជាង២០ គីឡូក្រាម រួមជាមួយបង្គា ក្តាមជាច្រើនប្រភេទ។ អាស្រ័យដោយដំណើរនេសាទដ៏អំណោយផលយ៉ាងដូច្នេះ ជីវភាពរស់នៅក៏កាន់តែប្រសើរឡើង”។

“ប្ដីខ្ញុំទៅធ្វើការយ៉ាងលំបាកនៅសមុទ្រ ដូច្នេះខ្ញុំនៅផ្ទះក៏ត្រូវខិតខំព្យាយាមដែរ។ ជារៀងរាល់ព្រឹក ពេលដែលទូកត្រឡប់មកវិញ ទាំងខ្ញុំនិងកូនៗរត់ចេញទៅយក ត្រី បង្គា និងមឹកចុះទៅតម្រៀបនិងលក់នៅហ្នឹងឆ្នេរ។​ ត្រីច្រើន ខ្ញុំពិតជាសប្បាយរីករាយណាស់ ព្រោះនាំមកនូវប្រាក់ចំណូលបន្ថែម”។

នោះគឺជាជីវភាពរស់នៅរបស់អ្នកនេសាទនៅក្នុងភូមិនេសាទឆ្នេរសមុទ្រ Xuan Yen ខេត្តហាទីញ។ អ្នកនេសាទភាគច្រើននៅទីនេះ ទៅនេសាទនៅជិតច្រាំងដោយប្រើទូកតូចៗ ដែលមានអានុភាពទាប។ ជារៀងរាល់ថ្ងៃ ពួកគេចេញដំណើរនៅម៉ោង ១-២ ទៀបភ្លឺ ហើយត្រឡប់មកវិញនៅពេលដែលព្រះអាទិត្យចាប់ផ្តើមរះ។

នៅក្នុងភូមិនេសាទ Xuan Yen អ្នកនេសាទចាត់ទុក ទូកជាផ្ទះ សមុទ្រជាស្រុកកំណើត និងជីវិតរបស់ពួកគេ។ ដោយបានប្រកបរបរនេសាទអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ លោក Nguyen Xuan Hao (ភូមិ Yen Ngu ឃុំ Tien Dien) បានចែករំលែកថា៖

“ជីវិតរបស់អ្នកនេសាទនៅតែមានការលំបាកជាច្រើន ប៉ុន្តែខ្ញុំជឿជាក់និងសង្ឃឹមថា សមុទ្រនឹងនាំមកនូវត្រី និងបង្គាយ៉ាងច្រើន ដើម្បីឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។ ជំនាន់ជីតា ជំនាន់ឪពុករបស់ខ្ញុំ រហូតដល់ជំនាន់ខ្ញុំ និងកូនៗ សុទ្ធតែផ្សារភ្ជាប់ជាមួយសមុទ្រ។ មនុស្សដូចជាខ្ញុំដែលពឹងផ្អែកលើសមុទ្រ បានស៊ាំនឹងខ្យល់និងរលកសមុទ្រ។ សម្រាប់អ្នកនេសាទដូចយើងខ្ញុំ ការធ្វើពលកម្មដើម្បីជួយក្រុមគ្រួសារ និងបន្តវិជ្ជាចីវៈរបស់ជីដូនជីតា ពិតជាសេចក្តីរីករាយមួយ”។

ដោយបន្តវិជ្ជាជីវៈរបស់ជីដូនជីតា យុវជនជាច្រើននៅក្នុងភូមិនេសាទ Xuan Yen ក៏បានផ្សារភ្ជាប់ជាមួយនឹងសមុទ្រតាំងពីវ័យជំទង់មកម្ល៉េះ។ លោក Nguyen Trong Hung (ភូមិ Yen Ngu ឃុំ Tien Dien) បានចែករំលែកថា៖

“តាំងពីខ្ញុំនៅជាសិស្សម្នាក់ ពេលដែលមានពេលទំនេរ ខ្ញុំតែងតែដើរតាមឪពុកនិងបងប្រុសទៅនេសាទនៅជិតច្រាំង។ ឥឡូវនេះខ្ញុំមានបទពិសោធន៍ ១០ ឆ្នាំក្នុងមុខរបរនេសាទនេះហើយ។ មិត្តភក្ដិជាច្រើនរបស់ខ្ញុំក៏បានជ្រើសរើសការនេសាទជារបរចិញ្ចឹមជីវិតផងដែរ។ ទោះបីជាធ្លាប់បានចាកចេញពីស្រុកកំណើតក៏ដោយ ប៉ុន្តែដោយសារតែមានទឹកចិត្តជ្រាលជ្រៅជាមួយសមុទ្រ ដូច្នេះយើងបានត្រឡប់មកវិញ”។

ភូមិនេសាទ Xuan Yen មានប្រជាជនជាង ៥០០ គ្រួសារ ដែលភាគច្រើនរស់នៅដោយមុខរបរនេសាទ។ ឃុំទាំងមូលមានទូកនេសាទដែលបានចុះបញ្ជីជាង ៣០០ គ្រឿង ដែលភាគច្រើនជាទូកតូចៗ និងធ្វើការនេសាទនៅជិតច្រាំង។ ប្រាក់ចំណូលសមរម្យពីមុខរបរនេះ បានជួយឱ្យអ្នកនេសាទមានជីវភាពកាន់តែប្រសើរឡើង។ រួមជាមួយនឹងការងារនៅសមុទ្រ អ្នកនេសាទ Xuan Yen ក៏ច្នៃប្រឌិតដោយឥតឈប់ឈរដើម្បីសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងវិជ្ជាជីវៈ។

ដោយបានធ្វើការនៅសមុទ្រជាមួយប្ដីអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ លោកស្រី Tran Thi Nga (ភូមិ Hai Loi ឃុំ Tien Dien) បាននិយាយថា៖

“ភូមិនេសាទ Xuan Yen អភិវឌ្ឍន៍សេដ្ឋកិច្ចតាមសមុទ្រអស់រយៈពេលជាច្រើនជំនាន់មកហើយ។ មានទូកប្រហែល ៣០០-៤០០ គ្រឿងចេញទៅនេសាទនៅជិតច្រាំងជារៀងរាល់ព្រឹក។ ការលក់អាហារសមុទ្រនាំមកនូវប្រាក់ចំណូលបន្ថែម ដែលធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ យើងតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យបន្តច្បាមជាប់សមុទ្រ ដើម្បីជីវភាពកាន់តែប្រសើរឡើង”។

នៅពេលដែលព្រះអាទិត្យរះខ្ពស់ សូរសំឡេងម៉ាស៊ីនទូក​ ក៏រសាត់បាត់ទៅ ហើយឆ្នេរក៏ត្រឡប់មករកសភាពស្ងប់ស្ងាត់ដូចដើមវិញ។ ចង្វាក់ជីវភាពដ៏ស្ងៀមស្ងាត់នេះ បានបង្កើតជាចរិតលក្ខណៈពិសេសនៃភូមិនេសាទ Xuan Yen ជាកន្លែងដែលថ្ងៃថ្មីនីមួយៗចាប់ផ្តើមពីនាយសមុទ្រ ហើយអ្នកនេសាទមិនដែលឈប់ដាក់ក្តីសង្ឃឹមរបស់ខ្លួននៅក្នុងដំណើរនេសាទឡើយ៕