ឡដុតចាស់ៗ និងផលិតផលកុលាលភាជន៍ដែលនៅតែត្រូវបានថែរក្សានៅក្នុងគ្រួសារនានា បានរួមចំណែកដល់ការកំណត់អត្តសញ្ញាណនៃប្រភេទកុលាលភាជន៍មួយ ដែលពោរពេញទៅដោយសញ្ញាសម្គាល់នៃតំបន់ ភូអៀន បុរាណ។ សិប្បកម្មកុលាលភាជន៍ឥឡូវនេះបានសាបសូន្យទៅ ហើយបច្ចេកទេសជាច្រើនលែងត្រូវបានបន្សល់ទុកទៀតដែរ ប៉ុន្តែរឿងរ៉ាវអំពីភូមិសិប្បកម្មមួយដែលធ្លាប់បានផ្សារភ្ជាប់នឹងជីវភាពរស់នៅ និងការដោះដូរពាណិជ្ជកម្មរបស់ប្រជាជនភូមិភាគកណ្តាលវៀតណាម នៅតែមានតម្លៃដដែល។

ក្វាងឌឹក គឺជាការតាំងទីលំនៅបុរាណមួយ នៅខាងក្រោមអាងទន្លេ Cai ដែលបានបង្កើតឡើងក្នុងដំណើរការគាស់កកាយរានដី នៅតំបន់ ភូអៀន កាលពីចុងសតវត្សរ៍ទី១៦ និងដើមសតវត្សរ៍ទី១៧។ ទីតាំងនោះបានសម្រួលដល់ប្រជាជនក្នុងការតាំងទីលំនៅ ដោះដូរពាណិជ្ជកម្ម និងបង្កើតរបរសិប្បកម្មនានា រួមទាំងរបរតម្បាញសូត្រ និងរបរធ្វើកុលាលភាជន៍។ រហូតមកដល់សព្វថ្ងៃនេះ ស្លាកស្នាមនៃសិប្បកម្មបុរាណនេះ នៅតែដក់ជាប់ក្នុងការចងចាំរបស់គ្រួសារដែលបានប្រកបមុខរបរធ្វើកុលាលភាជន៍អស់រយៈពេលជាច្រើនជំនាន់។

“ជីដូនរបស់ខ្ញុំបាននិយាយថា កាលពីមុន ភូមិនេះផលិតតែគ្រឿងកុលាលភាជន៍ប៉ុណ្ណោះ។ មានពាង ចានក្លាំ ស្លាបព្រា និងរបស់របរជាច្រើនផ្សេងទៀត។ ស្ទើរតែគ្រប់គ្រួសារនៅក្នុងភូមិ រួមទាំងបងប្អូន និងសាច់ញាតិ សុទ្ធតែផលិតគ្រឿងកុលាលភាជន៍”។

“ក្នុងរយៈពេល ២០ ឆ្នាំដំបូងបន្ទាប់ពីការរំដោះ យើងបានធ្វើស្លាបព្រា និងចានក្លាំគ្រប់ប្រភេទ។ ពេលនោះ មនុស្សនៅតែប្រើប្រាស់វា ដូច្នេះយើងបានផលិតច្រើន"។

យោងតាមការស្រាវជ្រាវប្រវត្តិសាស្ត្រ និងបុរាណវិទ្យា សិប្បកម្មកុលាលភាជន៍ ក្វាងឌឹក មានតាំងពីប្រហែលសតវត្សរ៍ទី ១៧ ដល់ដើមសតវត្សរ៍ទី ២០។ ពីរបរសិប្បកម្មនៅមូលដ្ឋាន ផលិតផលកុលាលភាជន៍ត្រូវបានលក់ដូរនៅតំបន់ភាគកណ្ដាល តំបន់ទ្រឿងសឺន - តៃង្វៀន និងតំបន់ផ្សេងៗទៀត។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងវប្បធម៌ លោក ង្វៀន យ៉ាញហាញ បានថ្លែងថា៖

“តាមរយៈការស្ទង់មើលនៅភូមិក្វាងឌឹក យើងបានសង្កេតឃើញថា នៅតែមានស្លាកស្នាមជាច្រើននៃសិប្បកម្មកុលាលភាជន៍ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ជាពិសេស នៅជើងភ្នំមានកន្លែងចាក់សំរាមកុលាលភាជន៍ជាច្រើន។ កាលពីប្រហែល ១០-១៥ ឆ្នាំមុន នៅពេលមកស្ទង់មើលនៅ ភូមិក្វាងឌឹក យើងថែមទាំងបានឃើញស្លាកស្នាមមួយចំនួននៃឡដុតរាងសំបកអណ្តើក។ នេះគឺជាឡដុតប្រភេទបុរាណណាស់។”

លោកសាស្ត្រាចារ្យ បណ្ឌិត ង្វៀន វ៉ាន់គីម អនុប្រធានក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានចាត់ទុកថា តម្លៃដ៏គួរឱ្យកត់សម្គាល់នៃកុលាលភាជន៍ក្វាងឌឹក ស្ថិតនៅក្នុងការគួបផ្សំរវាងសម្ភារៈមូលដ្ឋាន និងការច្នៃប្រឌិតរបស់សិប្បករ។

"លក្ខណៈពិសេសនៃប្រភេទកុលាលភាជន៍នេះ គឺតម្លៃមានលក្ខណៈមូលដ្ឋាន ស្មារតីច្នៃប្រឌិត ដែលផ្សារភ្ជាប់ជាមួយនឹងដំណើរការគាស់រានដីទៅកាន់ភាគខាងត្បូងរបស់ស្តេច Nguyen នៅ Dang Trong។ ជាពិសេសការប្រើប្រាស់វត្ថុធាតុដើមនៅក្នុងមូលដ្ឋាន នៃដីគោក សមុទ្រ ភ្លើង និងខ្យល់ រួមជាមួយនឹងភាពច្នៃប្រឌិតរបស់មនុស្សដើម្បីបង្កើតជាផលិតផលកុលាលាភាជន៍។ ការប្រើប្រាស់គ្រែងឈាមដើម្បីធ្វើឲ្យផលិតផលនីមួយៗមានតម្លៃសិល្បៈពិសេសរៀងៗខ្លួន។ នេះគឺជាតម្លៃដ៏វិសេសវិសាលតែមួយគត់នៃកុលាលភាជន៍ក្វាងឌឹក”។

ក្នុងចំណោមសញ្ញាដែលកំណត់អត្តសញ្ញាណនៃកុលាលភាជន៍ ក្វាងឌឹក ស្រទាប់ស្រោបដោយមានសំបកគ្រែងឈាមបានទាក់ទាញការចាប់អារម្មណ៍ពិសេសពីមជ្ឈដ្ឋានអ្នកស្រាវជ្រាវ។ នេះគឺជាលក្ខណៈមួយដែលភ្ជាប់នឹងបច្ចេកទេសសិប្បកម្ម និងប្រភពវត្ថុធាតុដើមនៃមូលដ្ឋាន ហើយរួមចំណែកដល់ការបង្កើតឡើងរូបរាងពិសេសនៃប្រភេទកុលាលភាជន៍នេះនៅក្នុងការស្រាវជ្រាវអំពីកុលាលភាជន៍-សេរ៉ាមិចវៀតណាម។ លោកសាស្ត្រាចារ្យរង បណ្ឌិត ដាំង វ៉ាន់ថាំង ប្រធានមុខវិជ្ជាបុរាណវិទ្យា សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ បានចាត់ទុកថា៖

"ដំបូងឡើយ យើងត្រូវតែធ្វើការស្ទង់មើល និងជីកកកាយ តំបន់ឡដុតនេះយ៉ាងហ្មត់ចត់ ដើម្បីកំណត់អាយុរបស់វា។ ទីពីរ ដោយប្រើវិទ្យាសាស្ត្របច្ចេកវិទ្យា យើងនឹងវិភាគដើម្បីអាចដឹងថា តើ ស្រទាប់ស្រោបគ្រែងឈាមត្រូវបានបង្កើតឡើងយ៉ាងដូចម្ដ៉េច ហើយដីឥដ្ឋមានលក្ខណៈបែបណា ដើម្បីក្រោយមក យើងអាចជួយប្រជាពលរដ្ឋស្វែងរកដីឥដ្ឋប្រភេទនោះ និងស្ដារសិប្បកម្មឡើងវិញ"។

នៅក្នុងគម្រោងសាងសង់ឧទ្យានភូគព្ភសាស្ត្រ ភូអៀន ឆ្ពោះទៅរកកិត្តិនាមជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ កុលាលភាជន៍ក្វាងឌឹកត្រូវបានអ្នកជំនាញស្នើឡើង ដើម្បីដាក់បញ្ចូលក្នុងប្រព័ន្ធបេតិកភណ្ឌវប្បធម៌។ ស្លាកស្នាមដែលនៅសេសសល់រហូតមកដល់សព្វថ្ងៃនេះ មិនត្រឹមតែនិទានរឿងរ៉ាវអំពីរបរសិប្បកម្មមួយដែលបានកន្លងផុតទៅហើយប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវផ្នែកមួយនៃប្រវត្តិសាស្ត្រវប្បធម៌នៃទឹកដី ភូអៀនបុរាណ - ដែលកំពុងត្រូវបានស្វែងរកឡើងវិញ អភិរក្ស និងបន្តទៅមនុស្សជំនាន់ក្រោយៗ៕