មិនត្រឹមតែមានភាពល្បីល្បាញដោយសារកេរ្តិ៍ដំណែលព្រលឹងវិញ្ញាណបុរាណប៉ុណ្ណោះទេ ទីនេះថែមទាំងរក្សាតម្លៃវប្បធម៌ជាច្រើនរបស់បងប្អូនបណ្ដាជនជាតិ ដែលរួមចំណែកដល់ភាពទាក់ទាញនៃទេសចរណ៍ខេត្តឡាងសឺននាសព្វថ្ងៃនេះទៀតផង។

នៅកណ្ដាលភាពអ៊ូអរនៃទីក្រុងដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សង្កាត់ Ky Lua នៅតែរក្សាបាននូវសូរសំឡេងពិសេសៗរបស់ខ្លួន។ សំឡេងជួងវត្ត Thanh ជារៀងរាល់ព្រឹក។ ក្លិនក្រអូបនៃធូបសាយភាយពីប្រាសាទ Ta Phu។ ផ្សារដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។ ឬលំនាំក្បាច់រចនាដ៏ប្រណិតលើក្រណាត់របស់ជនជាតិ Nung Phan Slinh ផងដែរ។

ប្រាសាទ Ta Phu ឈរយ៉ាងស្ងប់ស្ងាត់នៅកណ្ដាលសង្កាត់ Ky Lua។ អស់រយៈពេលជាងបីសតវត្សមកហើយ នេះជាកន្លែងដែលប្រជាពលរដ្ឋមកអុជធូបនៅដើមឆ្នាំ ដើម្បីបួងសួងសុំសេចក្ដីសុខ និងការប្រមូលផលដ៏បរិបូរណ៍។

ប្រការដែលទាក់ទាញភ្ញៀវទេសចរមិនត្រឹមតែជាស្ថាបត្យកម្មឬរូបបដិមារ ដែលត្រូវបានរក្សានៅដដែលប៉ុណ្ណោះទេ ថែមទាំងជារឿងរ៉ាវអំពីមន្ត្រីសម័យបុរាណឈ្មោះ Than Cong Tai ដែលមានគុណគាស់រានដីនៅតំបន់ព្រំដែនហើយអភិវឌ្ឍក្រុងផ្សារ Ky Lua ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មមាញឹកនៅពេលនោះទៀតផង។

លោក Dang Minh Thuan សមាជិកអចិន្ត្រៃយ៍នៃប្រាសាទ តាភូ សង្កាត់ Ky Lua ខេត្ត ឡាងសឺន បានឲ្យដឹងថា៖

“ប្រាសាទតាភូ មិនគោរពបូជាឥស្សរជនណាមួយតាមរឿងព្រេងទេ ប៉ុន្តែគោរពបូជាមនុស្សពិត និងព្រឹត្តិការណ៍ពិត។ ក្នុងអំឡុងពេលដែលឯកឧត្តមរស់នៅឡាងសឺន គុណបំណាច់របស់ឯកឧត្តមគឺធំធេងណាស់។ មិនត្រឹមតែការពារព្រំដែនឡាងសឺននៅពេលនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចលនាប្រជាជនក្នុងស្រុកនិងសង្កាត់នានានៅប្រទេសចិន ទៅគាស់រាន ពង្រីកតំបន់ព្រៃភ្នំនេះ ដើម្បីបង្កើតជាតំបន់ផ្សារ Ky Lua ចាប់ពីសតវត្សរ៍ទី១៧”។

ពេលដែលចូលកាន់តែជ្រៅទៅក្នុងភូមិនានាក្នុងសង្កាត់ Ky Lua នៅតែមានស្ត្រីជនជាតិ Nung Phan Slinh រក្សារបរប៉ាក់បែបប្រពៃណីយ៉ាងស្ងៀមស្ងាត់។ គ្មានម៉ាស៊ីនណាអាចជំនួសដៃរបស់ពួកគេបានទេ។ ក្បូរក្បាច់រចនានីមួយៗនៅលើអាវ កន្សែងឬកាបូបក្រណាត់ត្រូវបានប៉ាក់ដោយដៃពីការចងចាំដែលបន្សល់ទុកដោយជីដូនជីតា។ គំនូរនីមួយៗ គឺជារឿងរ៉ាវអំពីព្រៃភ្នំ រដូវធ្វើស្រែ និងជីវភាពរស់នៅរបស់ជនជាតិ Nung នៅព្រំដែន។

សិប្បករ Ha Thi Thom រស់នៅប្លុក Hop Tan សង្កាត់ Ky Lua ខេត្តឡាងសឺនចែករំលែកថា៖

"ភូមិសិប្បកម្មនេះត្រូវបានបុព្វបុរសបន្សល់ទុកមកតាំងពីយូរយារណាស់មកហើយ។ ពេលដែលធំឡើង ខ្ញុំបានឃើញដូនតា និងឪពុកម្តាយរបស់ខ្ញុំ ដាំកប្បាស ត្បាញក្រណាត់ និងជ្រលក់ពណ៌ខ្មៅដើម្បីធ្វើសម្លៀកបំពាក់ហើយ។ ដើម្បីធ្វើបានថង់មួយនេះ ខ្ញុំកាត់វាចេញពីក្រណាត់ខ្មៅ ហើយប៉ាក់ដោយដៃទាំងស្រុង"។

អ្នកស្រាវជ្រាវវប្បធម៌ក៏ចាត់ទុកផងដែរថា តម្លៃរបស់ Ky Lua ស្ថិតនៅក្នុងអន្តរកម្មរវាងជំនឿសាសនា ប្រវត្តិសាស្ត្រ និងជីវភាពសហគមន៍។ ទាំងនេះមិនមែនជាកេរ្តិ៍ដំណែលដែលនៅដាច់ដោយឡែកនោះទេ ប៉ុន្តែជាបរិយាកាសវប្បធម៌ដែលនៅរស់រានមានជីវិត។

លោកអនុបណ្ឌិត Nguyen Quang Trung អ្នកជំនាញខាងបណ្តុះបណ្តាល និងអភិវឌ្ឍន៍ទេសចរណ៍ខាងវិញ្ញាណនៅវៀតណាម បានធ្វើអត្ថាធិប្បាយថា៖

"Ky Lua ត្រូវការប្រព័ន្ធធនធានមនុស្ស ចាប់ពីអ្នកគ្រប់គ្រងកេរ្តិ៍ដំណែល អ្នកស្រុក និងហើយភ្នាក់ងារគ្រប់គ្រងត្រូវការផ្សព្វផ្សាយនិង ណែនាំភ្ញៀវទេសចរអំពីប្រវត្តិសាស្ត្រ ប្រភពដើមនៃសាលាភូមិ ប្រាសាទ និងវត្តអារាម ដល់ភ្ញៀវទេសចរ ព្រមទាំងណែនាំអ្នកទេសចរអំពីអាកប្បកិរិយាត្រឹមត្រូវនៅកន្លែងពិសិដ្ឋផងដែរ។ ទេសចរណ៍ខាងវិញ្ញាណគួរតែផ្តោតលើពិធីបុណ្យ ពីព្រោះពិធីបុណ្យនាំមកនូវតម្លៃវិជ្ជមានជាច្រើនទាក់ទងនឹងការអភិរក្ស"។

ដោយកំណត់យ៉ាងច្បាស់អំពីសក្តានុពលនោះ អាជ្ញាធរមូលដ្ឋានកំពុងកសាងផលិតផលទេសចរណ៍ជាបណ្ដើរៗ ដែលភ្ជាប់ទៅនឹងការអភិរក្សបេតិកភណ្ឌ ការពង្រីកអត្តសញ្ញាណ និងការកែលម្អគុណភាពសេវាកម្ម។

លោកស្រី Ho Thi To Uyen អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Ky Lua ខេត្តឡាងសឺន បានឲ្យដឹងថា៖

«ទាក់ទងនឹងទេសចរណ៍ខាងវិញ្ញាណនៅក្នុងសង្កាត់គីលួ អាជ្ញាធរមូលដ្ឋាននឹងធ្វើការវិនិយោគជាក់ស្ដែងមួយចំនួននាពេលខាងមុខនេះ ដូចជាការពង្រីកទីធ្លាវត្ត Bac Nga ខណៈពេលដែលរក្សាលក្ខណៈដើមរបស់វា។ ក្រៅពីខាងវិញ្ញាណ យើងក៏នឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ប៉ាក់ដោយដៃបែបប្រពៃណី ដែលជាសិប្បកម្មប្រពៃណីរបស់ជនជាតិ Nung Phan Slinh នៅក្នុងតំបន់ផងដែរ»។

មានកន្លែងដែលធ្វើឲ្យមនុស្សចងចាំដោយសារតែទេសភាព។ មានកន្លែងខ្លះទៀតដែលធ្វើឲ្យមនុស្សឱ្យនឹករលឹកដោយសារតែរឿងរ៉ាវដែលត្រូវបានថែរក្សាពីមួយជំនាន់ទៅមួយជំនាន់។ ហើយសង្កាត់ Ky Lua ខេត្តឡាងសឺន គឺជាកន្លែងមួយក្នុងចំណោមកន្លែងយ៉ាងដូច្នេះ៕