ក្នុងអំឡុងពេលខែទី ៨ តាមច័ន្ទគតិ ភូមិ សួនឌិញ តែងតែជាប់រវល់ផលិតនំព្រះខែ ដើម្បីបម្រើពិធីបុណ្យសំពះព្រះខែ ដែលជាប្រភេទនំដ៏ពេញនិយមរបស់គ្រួសារជាច្រើននៅពេលដែលសរទរដូវមកដល់ម្ដងៗ។
“ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យសំពះព្រះខែ ឬជិតដល់បុណ្យចូលឆ្នាំថ្មី ខ្ញុំតែងតែចុះទៅ សួនឌិញ ដើម្បីទិញនំច្រើនប្រភេទ។ គ្រួសារខ្ញុំចូលចិត្តញ៉ាំនំនៅទីនេះ ព្រោះគុណភាពត្រូវបានធានា។ ស្នូលនំមានរសជាតិឈ្ងុយឆ្ងាញ់ សមរម្យណាស់”។
“ខ្ញុំធ្វើដំណើរជិត ២០ គីឡូម៉ែត្រពី ហ័ងម៉ៃ ដើម្បីទិញនំនៅទីនេះ។ ម្ដងៗខ្ញុំទិញនំព្រះខែដុតនិងនំព្រះខែទន់ៗចំនួន ៤-៥ ដុំ។ ជាធម្មតា ខ្ញុំតែងតែទិញនំព្រះខែដុតដែលមានស្នូលបែបប្រពៃណី ប៉ុន្តែឥឡូវនេះ ក្រុមគ្រួសារមានកុមារហើយ ដូច្នេះនឹងទិញនំស្នូលសណ្តែកខៀវបន្ថែមទៀត”។
នៅក្នុងប៉ុន្មានថ្ងៃមុនបុណ្យសំពះព្រះខែ គ្រប់ផ្លូវ ច្រកល្ហកនៅក្នុងភូមិ តែងតែមមាញឹកជាមួយអ្នកទិញ។ បរិយាកាសអ៊ូអរក៏គ្របដណ្ដប់លើគ្រួសារផលិតនំព្រះខែផងដែរ។ លោកស្រី ដូ ធី ញួន (Do Thi Nhuan) អ្នកធ្វើនំព្រះខែនៅសង្កាត់ សួនឌិញ បានចែករំលែកថា៖
“រដូវបុណ្យសំពះព្រះខែ បានចាប់ផ្តើមតាំងពីដើមខែទី ៧ តាមច័ន្ទគតិហើយ។ ប្រហែល ១០-១៥ ថ្ងៃមុនបុណ្យសំពះព្រះខែ មានអតិថិជនមកទិញច្រើនណាស់ព្រោះតម្រូវការខ្ពស់។ ពេលនោះ យើងរវល់ខ្លាំងណាស់ ដោយរៀបចំគ្រឿងផ្សំបណ្ដើរ ធ្វើនំបណ្ដើរ។
លាយគ្រឿងផ្សំយ៉ាងរហ័សរហួន រួចច្របាច់ម្សៅដើម្បីសង្កាត់មូរជាសំបកនំ លោក ផាម ហ៊ុយយុង (Pham Huy Dung) អ្នកធ្វើនំព្រះខែនៅសង្កាត់ សួនឌិញ បាននិយាយថា ដំណើរការធ្វើស្នូលនំ គឺជាជំហានសំខាន់បំផុត។ ប្រភេទនំនីមួយៗដែលមានទម្ងន់ខុសៗគ្នា នឹងមានបរិមាណស្នូលដោយឡែក។
“ការធ្វើដោយដៃ តម្រូវឱ្យលាយគ្រឿងផ្សំដោយដៃ ដូច្នេះវាទាមទារសុខភាពល្អ។ ការលាយដោយម៉ាស៊ីននឹងធ្វើឱ្យនំមានរសជាតិមិនសូវឆ្ងាញ់ដូចការលាយដោយដៃទេ។ របៀបធ្វើពីមុន ឥឡូវយើងរក្សាដដែល។ លាយមួយរយៈឲ្យគ្រឿងផ្សំទាំងអស់ស្មើៗគ្នា”។
បន្ទាប់ពីដាក់ស្នូលចូលក្នុងសំបកនំរួចរាល់ អ្នកធ្វើនំ បន្តគាបនំចូលទៅក្នុងស៊ុមដើម្បីបង្កើតជារូបរាង។ មុនពេលដាក់ចូលក្នុងឡដុត ពួកគេលាបលឿងស៊ុតមួយស្រទាប់ លើសំបកនំដើម្បីបង្កើតក្លិនក្រអូប និងពណ៌ធម្មជាតិដ៏ស្រស់ស្អាត។ បន្ទាប់មកគឺការដុតនំ និងចុងក្រោយគឺការវេចខ្ចប់។
“ប្រសិនបើធ្វើលឿនពេក ពេលមកដល់ដៃអ្នកទិញ នំមានរសជាតិមិនសូវឆ្ងាញ់ និងរសជាតិមិនល្អទៀតទេ។ នំព្រះខែគ្រប់ប្រភេទ គ្មានសារធាតុរក្សាទុកទេ ដូច្នេះវាមានរយៈពេលប្រើប្រាស់ត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ ដោយឡែកនំព្រះខែទន់មានរយៈពេល ៥-៧ ថ្ងៃ”។
តាមពេលវេលា ដោយបាតដៃដ៏ប៉ិនប្រសប់ និងរូបមន្តអាថ៌កំបាំង គ្រួសារនានាបានកែច្នៃគ្រឿងផ្សំដែលធ្លាប់ស្គាល់ដល់ដូចជា៖ ខ្លាញ់ជ្រូក អង្ករដំណើប សណ្តែកខៀវ ល្ង សណ្តែកដី ខ្ញី ដូង និងសាច់ក្រក ទៅជាផលិតផលដ៏ប្រណិត ឈ្ងុយឆ្ងាញ់ជាមួយនឹងរសជាតិប្រពៃណី។ ប្រការពិសេសដែលធ្វើឱ្យនំព្រះខែ សួនឌិញ មានរសជាតិឆ្ងាញ់ខ្លាំងគឺការត្រៀមរៀបចំគ្រឿងផ្សំយ៉ាងហ្មត់ចត់។ ពីទឹកផ្កាក្រូចថ្លុងដើម្បីបង្កើតក្លិនក្រអូបដល់នំទន់ ដែលត្រូវតែចម្រាញ់តាំងពីដើមឆ្នាំនៅពេលដែលផ្កាក្រូចថ្លុងរីក; ឬយៈសាពូនមីឃ្វិច នៅក្នុងស្នូលនំដុត ដែលត្រូវតែចម្អិននៅដើមនិទាឃរដូវ; ឬសាច់ជ្រូកខ្លាញ់ ដែលត្រូវតែហាន់ដោយដៃ មិនមែនដោយម៉ាស៊ីនទេ សិប្បកម្មផលិតនីមួយៗមានរូបមន្តសម្ងាត់ផ្ទាល់ខ្លួន ដើម្បីបង្កើតរសជាតិពិសេសសម្រាប់ផលិតផលរបស់ខ្លួន។ លោក Pham Huy Dung បានឲ្យដឹងបន្ថែមទៀតថា៖
“នំព្រះខែប្រពៃណីមានផ្ទុកខ្លាញ់ជ្រូក គ្រាប់ផ្កាឈូក ស្លឹកក្រូចឆ្មា គ្រាប់ឪឡឹក ល្ង ល្ង សាច់ក្រក ម្សៅ និងគ្រឿងទេសសម្ងាត់ដែលបានបន្សល់ទុកពីមនុស្សជំនាន់មុនៗ”។
ភូមិសិប្បកម្ម សួនឌិញ ឥឡូវនេះគឺជាការលាយបញ្ចូលគ្នារវាងប្រពៃណីនិងភាពទំនើប។ ក្រៅពីផលិតផលប្រពៃណី សិប្បករ និងសិប្បកម្មផលិត បានកែច្នៃរសជាតិថ្មីៗជាច្រើនដើម្បីឱ្យសមស្របនឹងរសជាតិរបស់អតិថិជនសម័យទំនើប។ ផលិតផលរបស់ភូមិ មិនត្រឹមតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់ទីផ្សារជាច្រើនដូចជា ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុបទៀតផង។
ប្រាក់ចំណូលស្ថិរភាពជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកដល់ការថែរក្សាលក្ខណៈវប្បធម៌ម្ហូបប្រពៃណីរបស់ ថាំងឡុង - ហាណូយ។ លើសពីនេះ អាជ្ញាធរមូលដ្ឋានក៏ផ្តោតលើការវិនិយោគអភិវឌ្ឍន៍ភូមិសិប្បកម្មប្រកបដោយចីរភាព ធានាសុវត្ថិភាព និងអនាម័យអាហារ ថែរក្សាតម្លៃវប្បធម៌ និងកសាងម៉ាកយីហោ "នំស្ករគ្រាប់សួនឌិញ" ឲ្យកាន់តែរីកចម្រើន៕
