មានរបរសិប្បកម្មប្រពៃណីដែលបានរីកចម្រើនយ៉ាងស្ងប់ស្ងាត់ជាមួយភូមិស្រុកនានា។ ក៏មានរបរសិប្បកម្មខ្លះដែលបានរសាត់បាត់ពីការចងចាំបន្តិចម្តងៗ ដោយសារតែជីវិតសម័យទំនើប។ ប៉ុន្តែបន្ទាប់មក ដោយសេចក្តីស្រឡាញ់ចំពោះស្រុកកំណើត និងបំណងប្រាថ្នាចង់រក្សាអត្តសញ្ញាណជនជាតិ យុវជនជាច្រើនបានស្វែងរកវិធីដើម្បីដាស់ឲ្យភ្ញាក់រាល់តម្លៃទាំងនោះ។ រឿងរ៉ាវនៅក្នុងឃុំតាសួ (Ta Xua) ខេត្តសឺនឡា (Son La) គឺជាឧទាហរណ៍មួយ។ ពីពាងផ្ទុកថ្នាំជ្រលក់ពណ៌ធ្លះ ផ្ទាំងក្រណាត់ទេសឯក និងបាតដៃដ៏ប៉ិនប្រសប់របស់ជនជាតិ ម៉ុង (Mong) របរសិប្បកម្មប្រពៃណីមួយ កំពុងត្រូវបានរស់រានឡើងវិញ និងក្លាយជាបទពិសោធន៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

ពេលព្រឹកនៅភូមិ ចុងត្រា (Chống Tra) ឃុំតាសួ ខេត្តសឺនឡា ចាប់ផ្តើមជាមួយនឹងក្លិនប្លែកៗនៃស្លឹកត្រុំ។

នៅក្នុងទីធ្លាផ្ទះឈើមួយខ្នង ពាងផ្ទុកថ្នាំជ្រលក់ធំមួយដាក់នៅជាប់នឹងរានហាល នៅតែរក្សាពណ៌ខៀវងងឺត។

មានមនុស្សតិចណាស់ដែលដឹងថា កាលពីតែប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ ពាងថ្នាំជ្រលក់បែបនេះស្ទើរតែបាត់មុខពីគ្រួសារជនជាតិម៉ុងជាច្រើននៅឃុំតាសួ។

នៅពេលដែលសម្លៀកបំពាក់ដែលផលិតរួចជាស្រេច បានក្លាយជាការពេញនិយម សម្លៀកបំពាក់ដែលត្បាញដោយក្រណាត់ទេសឯក និងជ្រលក់ពណ៌ធ្លះក៏កាន់តែតិចទៅៗដែរ។ យុវជនលែងប្រកបរបរនេះទៀតហើយ។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែចេះរបៀបធ្វើ។ ប៉ុន្តែដោយស្ដែងចេញពីផ្នត់គំនិតចង់អភិរក្សតម្លៃវប្បធម៌របស់ជនជាតិខ្លួន យុវជនជាច្រើនបានស្វែងរកវិធីគ្រប់យ៉ាង ដើម្បីស្ដាររបរសិប្បកម្មប្រពៃណីឡើងវិញ។

លោក Thào A Trống ដែលកំពុងរក្សារបរសិប្បកម្មជ្រលក់ពណ៌ធ្លះប្រពៃណីរបស់ជនជាតិម៉ុង នៅក្នុងឃុំ តាសួ បានចែករំលែកថា៖

“ទំនៀមទម្លាប់គឺខុសគ្នាពីកន្លែងមួយទៅកន្លែងមួយ។ នៅ តាសួ ជនជាតិម៉ុងខ្មៅ និងជនជាតិ ម៉ុងស៊ី គឺជាវង្សត្រកូលពីរផ្សេងគ្នា ប៉ុន្តែបច្ចេកទេសត្បាញក្រណាត់គឺស្រដៀងគ្នា។ ទាក់ទងនឹងក្បូរក្បាច់រចនា ក៏ខុសគ្នាដែរ។ លើសម្លៀកបំពាក់របស់ជនជាតិម៉ុង អ្នកអាចស្គាល់ពីវង្សត្រកូលទាំងពីរ ដោយការមើលក្បូរក្បាច់រចនា”។

ការជ្រលក់ពណ៌ធ្លះមិនមែនជាកិច្ចការងាយស្រួលនោះទេ។ ពីការត្រាំថ្នាំជ្រលក់ពណ៌ ត្រូវគិតគូរយ៉ាងប្រុងប្រយ័ត្ន ដើម្បីទទួលបានពណ៌ប្រើប្រាស់បានយូរ និងស្រស់ស្អាតបំផុត។

លោក Nguyen Trong Thinh ជាស្ថាបនិកនិងអ្នកណែនាំនៅសិប្បកម្មជ្រលក់ពណ៌ធ្លះ តាសួ ខេត្តសឺនឡា បានចែករំលែកថា៖

«ពេលដែលយើងទើបតែបង្កើតធុងថ្នាំជ្រលក់ពណ៌ធ្លះ មិនដូចសម្ភារៈផ្សេងទៀតទេ គឺវាមិនអាចជ្រលក់ពណ៌បានភ្លាមៗឡើយ តែត្រូវការពេលវេលា។ ដើម្បីទទួលបានគុណភាពល្អបំផុត ពណ៌ដ៏ស្រស់ស្អាតបំផុត វាអាចចំណាយពេលរហូតដល់មួយខែ ទើបយើងអាចផលិត និងជ្រលក់ពណ៌ក្នុងបរិមាណធំបាន។ នៅពេលដែលពេលវេលាគ្រប់គ្រាន់ គុណភាពផលិតផលអាចមានរយៈពេលរាប់សិបឆ្នាំដោយមិនត្រូវរសាយពណ៌ឡើយ»។

បច្ចុប្បន្ននេះ ជារៀងរាល់ខែ សិប្បកម្មជ្រលក់ពណ៌ធ្លះ តាសួ ផលិតបានផលិតផលប្រហែល ១០០ មុខ ហើយទទួលភ្ញៀវទេសចររាប់សិបនាក់ឱ្យមកទស្សនា។ ទ្រង់ទ្រាយមិនទាន់ធំនៅឡើយទេ ប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ធ្វើឲ្យមនុស្សដែលកំពុងថែរក្សារបរសិប្បកម្មប្រពៃណីនៅហ្នឹងស្រុកកំណើតរបស់ខ្លួន អាចជឿថា​ ពួកគេកំពុងដើរលើផ្លូវត្រឹមត្រូវ។

ប្រសិនបើកាលពីមុន មនុស្សជាច្រើនមកដល់ តាសួ សម្រាប់តែទស្សនាអរុណ្យរះនៅកណ្តាលសមុទ្រពពក ឬឡើងភ្នំ ឆ្អឹងខ្នងឌីណូស័រប៉ុណ្ណោះ ឥឡូវនេះ ពួកគេមានកន្លែងបង្អង់ដំណើរថ្មីមួយទៀតហើយ។

នៅទីនោះ ភ្ញៀវទេសចរមិនប្រញាប់ប្រញាល់ទេ។ ពួកគេអង្គុយនៅក្នុងសិប្បកម្មជ្រលក់ពណ៌ធ្លះ ស្តាប់រឿងរ៉ាវអំពីដើមត្រុំ។ ហើយជ្រលក់ក្រណាត់ពណ៌ស ចូលទៅក្នុងពាងថ្នាំជ្រលក់ដោយខ្លួនឯង។ រង់ចាំពណ៌ខៀវលេចឡើងបន្ទាប់ពីការជ្រលក់ម្ដងៗ។ បទពិសោធន៍ពិតជាសាមញ្ញម៉ែនហើយ ប៉ុន្តែគ្រប់គ្រាន់ដើម្បីយល់បន្ថែមអំពីជីវិតរបស់ជនជាតិម៉ុង។

អ្នកស្រី តា ញ៉ុង ជាអ្នកទេសចរមកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍​ បន្ទាប់ពីបានសាកល្បងដំណើរការជ្រលក់ពណ៌ធ្លះរបស់ជនជាតិម៉ុងនៅក្នុងឃុំតាសួ យ៉ាងដូច្នេះថា៖

"ខ្ញុំចាប់អារម្មណ៍បំផុតចំពោះដំណើរការជ្រលក់ពណ៌ធ្លះ។ ក្រណាត់ពណ៌សមួយផ្ទាំង បានប្រែជាពណ៌ធ្លះដ៏ពិសេស។ ហើយពេលដែលយើងលាបក្រមួនឃ្មុំលើក្រណាត់ វានឹងប្រែជាពណ៌ស។ ប្រការដ៏ពិសេសគឺថា ក្រណាត់ជ្រលក់ពណ៌ធ្លះ មិនផ្លាស់ប្តូរពណ៌នៅពេលបោកគក់ជាមួយសម្លៀកបំពាក់ផ្សេងទៀតទេ។ វត្ថុធាតុដើមធម្មជាតិទាំងនេះ បានបង្កើតពណ៌ដ៏ពិសេសដោយឡែកមួយសម្រាប់សម្លៀកបំពាក់របស់ជនជាតិម៉ុង"។

គ្មានភាពអ៊ូអរ ឬការអួតអាងទេ របរសិប្បកម្មជ្រលក់ពណ៌ធ្លះនៅ តាសួ (ខេត្តសឺនឡា) កំពុងត្រូវបានយុវជនជាច្រើន និទានឡើងវិញតាមរយៈចង្វាក់ជីវិតរបស់ភូមិ ជាមួយនឹងតម្លៃដើមបំផុត ដើម្បីកុំឱ្យតម្លៃប្រពៃណីរសាត់បាត់ទៅ៕