ប្រទេសនេះបានសម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក ដើម្បីអនុវត្តអាទិភាពក្នុងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្រួមគម្លាតអភិវឌ្ឍន៍។ ជំហានដំបូងទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តធ្វើសមាហរណកម្មយ៉ាងពេញលេញ និងការទទួលខុសត្រូវចំពោះឯកភាព និងភាពខ្លួនទីពឹងខ្លួនរបស់តំបន់។ នេះគឺជាការវាយតម្លៃរបស់អ្នកសារព័ត៌មាន Pham Ha - អ្នកយកព័ត៌មាននៃវិទ្យុវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី តាមដានតំបន់អាស៊ាន។
រូបផាព៖ baoquocte.vn |
ដោយធ្វើអត្ថាធិប្បាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រឡេស្តេ ក្នុងការក្លាយជាសមាជិកទី១១ របស់អាស៊ាន អ្នកសារព័ត៌មាន Pham Ha បានឲ្យដឹងថា ៖ អាចនិយាយបានថា ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ២០០២ មក ប្រទេសទីម័រឡេស្តេបានចាត់ទុកសមាជិកភាពអាស៊ានជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណភូមិសាស្ត្រនយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រវត្តិសាស្ត្រដ៏ច្របូកច្របល់ រួមជាមួយនឹងបញ្ហាសេដ្ឋកិច្ចនិងស្ថាប័ន បានធ្វើឱ្យដំណើរការចូលរួមអាស៊ានកាន់តែពិបាក។ ដោយមានប្រជាជនត្រឹមតែ ១,៤ លាននាក់ និងពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រាក់ចំណូលពីប្រេងរ៉ែ នៅពេលដែលទីម័រឡេស្តេបានដាក់ពាក្យសុំចូលរួមអាស៊ានជាលើកដំបូងក្នុងឆ្នាំ ២០១១ ប្រទេសនេះនៅតែប្រឈមមុខនឹងហេដ្ឋារចនាសម្ព័ន្ធមានកម្រិត ការផ្គត់ផ្គង់ អគ្គិសនីមិនស្ថេរភាព ផ្លូវចរាចរណ៍មិនទាន់អភិវឌ្ឍ និងបណ្តាញទូរគមនាគមន៍មិនគ្រប់គ្រាន់។ល។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទីក្រុងឌីលី ការរំខាននេះបានក្លាយជាឱកាសដើម្បីពង្រឹងមូលដ្ឋានគ្រឹះរបស់ខ្លួន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលទីម័រឡេស្តេបានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាល និងកែសម្រួលបទប្បញ្ញត្តិជាតិឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ការចូលរួមជាសមាជិកពេញសិទ្ធិរបស់អាស៊ានគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង ស្មារតី និងសេចក្តីប្រាថ្នារបស់ប្រជាជនទីម័រឡេស្តេ និងបើកចេញឱកាសថ្មីសម្រាប់ប្រទេសនេះ។
អត្ថប្រយោជន៍នៃការចូលរួមអាស៊ានរបស់ទីម័រឡេស្តេគឺច្បាស់ណាស់។ សមាជិកភាពអាស៊ានផ្តល់ឱ្យទីម័រឡេស្តេ នូវសិទ្ធិទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឱកាសវិនិយោគ និងទីផ្សារកាន់តែទូលំទូលាយរបស់ប្លុក។ ការក្លាយជាសមាជិកពេញសិទ្ធិ នឹងផ្តល់ឱ្យទីម័រឡេស្តេនូវវេទិកាដ៏សំខាន់មួយដើម្បីចូលរួមក្នុងការរៀបចំគោលនយោបាយតំបន់ ទទួលបានយន្តការសហប្រតិបត្តិការអភិវឌ្ឍន៍ និងពង្រឹងឋានៈការទូតរបស់ខ្លួនក្នុងក្របខ័ណ្ឌដែលផ្អែកលើការឯកភាពគ្នា ការសន្ទនា និងការគាំទ្រគ្នាទៅវិញទៅមក។ ក្តីស្រមៃនេះត្រូវបានសម្រេចរួចហើយ ប៉ុន្តែបញ្ហាប្រឈមសម្រាប់ប្រទេសវ័យក្មេងនេះក៏មានធំធេងណាស់ ដោយសារទីម័រឡេស្តេត្រូវការធ្វើសមាហរណកម្មក្នុងសហគមន៍អាស៊ានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូចដែលលោកប្រធានាធិបតី Ramos-Horta បានវាយតម្លៃថា ទីម័រឡេស្តេនឹងមិនក្លាយជាបន្ទុករបស់អាស៊ាននោះទេ ប៉ុន្តែនឹងរួមចំណែកដល់ការអភិវឌ្ឍ និងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់សហគមន៍អាស៊ានទៀតផង។
ទាក់ទងនឹងការរួមចំណែករបស់ទីម័រឡេស្តេចំពោះចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ រួមជាមួយសមាជិកដទៃទៀត អ្នកសារព័ត៌មាន Pham Ha មានអត្ថាធិប្បាយថា៖ ក្នុងនាមជាសមាជិកថ្មីបំផុត ទីម័រឡេស្តេនាំមកនូវគុណសម្បត្តិលេចធ្លោដែលសមស្របនឹងចក្ខុវិស័យ និងសេចក្តីប្រាថ្នារយៈពេលវែងរបស់អាស៊ាន។ ចំនួនប្រជាជនដ៏ស្វាហាប់ និងប្រពៃណីវប្បធម៌ចម្រុះរបស់ទីម័រឡេស្តេ ជួយពង្រឹងភាពរួមបញ្ចូលរបស់អាស៊ាន ដោយកំណត់រូបរាងអត្តសញ្ញាណតំបន់ ខណៈពេលដែលទីតាំងយុទ្ធសាស្ត្ររបស់ប្រទែសនេះ ជួយបង្កើនការតភ្ជាប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបើកចេញមាគ៌ាធ្វើ សមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។ ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍនិងហេដ្ឋារចនាសម្ព័ន្ធឌីជីថលកាន់តែបើកចំហ បានជួយទីម័រឡេស្តេចូលរួមចំណែកកាន់តែមានអត្ថន័យដល់កម្មវិធីនវានុវត្តន៍ និងអាទិភាពអភិវឌ្ឍន៍របស់អាស៊ាន។ ក្នុងអំឡុងពេលដើរទួជាអ្នកសង្កេតការណ៍ ការចូលរួមរបស់ទីម័រឡេស្តេនៅសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន និងការតភ្ជាប់ បានដាក់គ្រឹះដ៏រឹងមាំសម្រាប់ក្លាយជាសមាជិកពេញសិទ្ធិ។ បទពិសោធន៍ទាំងនេះ អនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការរបស់អាស៊ាន។
ប្រធានាធិបតីទីម័រឡេស្តេ លោក José Ramos-Horta ។ |
ដោយសម្លឹងឆ្ពោះទៅអនាគត ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ បង្កើតក្របខ័ណ្ឌយុទ្ធសាស្ត្រដ៏ទូលំទូលាយសម្រាប់គន្លងអភិវឌ្ឍន៍របស់តំបន់។ ចំនួនប្រជាជនវ័យក្មេងរបស់ទីម័រឡេស្តេ- ពោរពេញទៅដោយថាមពល ទេពកោសល្យ និងមហិច្ឆតា - នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានចក្ខុវិស័យនេះ។ ក្នុងនាមជាប្រទេសវ័យក្មេងបំផុតនៅក្នុងតំបន់ ទីម័រឡេស្តេចូលរួមចំណែកនូវទស្សនវិស័យថ្មីថ្មោង និងថ្នាក់ដឹកនាំដែលកំពុងរីកចម្រើន ជាអ្នកដែលជួយកសាងអាស៊ានប្រកបដោយនវានុវត្តន៍ ទូលំទូលាយ និងស្វាហាប់ជាងនៅក្នុងទសវត្សរ៍ខាងមុខ។
ដោយមានមូលដ្ឋានដ៏រឹងមាំនិងឆន្ទៈនយោបាយមោះមុត ទីម័រឡេស្តេកំពុងស្ថិតនៅចំពោះមុខឱកាសជាប្រវត្តិសាស្ត្រ ដើម្បីអះអាងពីតួនាទីរបស់ខ្លួននៅក្នុងអាស៊ាន។ ដំណើរការខាងមុខពិតជានៅមានបញ្ហាប្រឈម ប៉ុន្តែក៏បើកចេញឱកាសដ៏ធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ដែលជួយប្រទេសនេះពង្រីកសក្តានុពល និងអត្តសញ្ញាណពិសេសរបស់ខ្លួន។ ការរួមដំណើរ និងការគាំទ្រពីបណ្តាប្រទេសសមាជិកនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ជួយទីម័រឡេស្តេធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ លើសពីនេះ ការចូលរួមចំណែកជាវិជ្ជមានរបស់ទីម័រឡេស្តេនឹងជួយពង្រឹងសាមគ្គីភាពក្នុងតំបន់ បង្រួមគម្លាតអភិវឌ្ឍន៍ និងបង្កើនភាពធន់របស់តំបន់។ តាមនោះ ចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ នឹងត្រូវបានសម្រេចជាបណ្តើរៗ តាមរយៈស្មារតីនៃការរួបរួមគ្នា បរិយាប័ន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

