ប្រតិបត្តិការជាក់ស្តែងរបស់សហគ្រាសថៃនៅវៀតណាមបាន​បង្ហាញថា៖ ​មិនត្រឹមតែបន្តវិនិយោគ និងពង្រីកប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសហគ្រាសថៃក៏កំពុងពង្រឹង​ការបណ្តុះបណ្តាលធនធានមនុស្សវៀតណាម ផ្ទេរបទពិសោធន៍ និងបច្ចេកវិទ្យា​បន្តិចម្តងៗ ក៏ដូចជាសហការជាមួយវិស្វករ និងសហគ្រាសវៀតណាម​ក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ​ផងដែរ​។ អ្នកយកព័ត៌មាន VOV បានធ្វើបទសម្ភាសន៍ជាមួយលោក Supa Waisayarat (ស៊ូប៉ា វ៉ៃសាយ៉ារ៉ាត់) ទីប្រឹក្សា​យុទ្ធសាស្ត្រនៃ Super Energy ​វៀតណាម និង​ជា​ប្រធាន​ក្រុម​សហគ្រាស​ថាមពល​ថៃ​ប្រចាំ​ប្រទេស​វៀតណាម ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានេះ។

“ប្រសិនបើយើងនិយាយអំពីគោលនយោបាយបច្ចុប្បន្ន ខ្ញុំគិតថាមានភាពស្រដៀង​គ្នាជាមួយប្រទេសថៃ។ យើងមិនចង់បានវិនិយោគិនដែលគ្រាន់តែមកវិនិយោគដោយមិនខ្វល់ពីបរិស្ថាន ឬការ​អនុវត្តតាម​បទប្បញ្ញត្តិឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ។ ខ្ញុំប្រើគោលគំនិតនៃ ESG ពោលគឺបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច។ ខ្ញុំគិតថា វិធីសាស្រ្ត​ នេះមានភាពស្រដៀងគ្នាជាច្រើន។ ជាពិសេសនៅវៀតណាម ថៃ និងបណ្តាប្រទេស​អាស៊ាន FDI គឺជាយន្តការ និងឧបករណ៍ដ៏សំខាន់មួយដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចនាពេលអនាគត”។

ក្នុងនាមជាទីប្រឹក្សា​យុទ្ធសាស្ត្រនៃ Super Energy ប្រចាំនៅវៀតណាម និងជាប្រធានក្រុម​សហគ្រាសថាមពលថៃនៅវៀតណាមដែលមានសមាជីកប្រហែល ២០ លោក Supa Waisayarat បាន​ឱ្យដឹងថា៖ Super Energy ក៏​ដូចជាក្រុមហ៊ុនថៃដទៃទៀត ខិតខំបណ្តុះបណ្តាលកម្មករវៀតណាម ដើម្បីឱ្យពួកគេអាចធ្វើការនៅក្រុមហ៊ុន។ បច្ចុប្បន្ន Super Energy មានអ្នកគ្រប់គ្រងជនជាតិថៃត្រឹមតែពីរនាក់ប៉ុណ្ណោះ ខណៈពេលដែលដំបូងឡើយមានជនជាតិថៃ​រាប់សិបនាក់។ ចំនួនបុគ្គលិកថៃត្រូវបានកាត់បន្ថយ ដើម្បីអនុញ្ញាតឱ្យបុគ្គលិកវៀតណាមអាចប្រតិបត្តិការដោយ​ខ្លួន​ឯង។ ក្រុមហ៊ុន​ជាច្រើនក៏ផ្តល់ឱកាសសម្រាប់បុគ្គលិកវៀតណាមដើម្បីឡើងឋានៈខ្ពស់ និងគ្រប់គ្រងគម្រោងនានា​ផងដែរ។ នាពេលអនាគត ក្រុមហ៊ុនមេ​អាចទទួលខុសត្រូវចំពោះគោលការន៍ និងការវិនិយោគ ខណៈពេលដែលប្រតិបត្តិការទាំងអស់អាចត្រូវបានដោះ​ស្រាយដោយបុគ្គលិកនៅ​វៀតណាម។

លើសពីនេះ ដោយបានធ្វើការជាមួយក្រុមហ៊ុនជាច្រើននៅវៀតណាម Super Energy ទទួលស្គាល់​ថា វិស្វករវៀតណាមមានគុណសម្បត្តិយ៉ា​ង​ខ្លាំងលើ​ផ្នែកទុននិងការអភិវឌ្ឍកម្មវិធី។ ដូច្នេះ ក្រៅមពីការប្រើប្រាស់កម្មវិធីពីបរទេស ក្រុមហ៊ុនក៏ប្រើប្រាស់កម្មវិធីដែលបង្កើតឡើងដោយវិស្វករវៀតណាមផងដែរ។

“នេះគឺដូចជាដំណើរការនៃការផ្លាស់ប្តូរចំណេះដឹង។ មិនគ្រាន់តែប្រទេសថៃ​ដឹង និងវៀតណាមទទួលយក​ប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏កំពុងអភិវឌ្ឍកម្មវិធីដ៏ល្អផងដែរ​។ បច្ចុប្បន្ននេះ វិស្វករ និងក្រុមហ៊ុនវៀតណាមក៏កំពុងសហការជាមួយក្រុមហ៊ុនថៃ​នានា​ដើម្បីអភិវឌ្ឍកម្មវិធី ដូចជាប្រព័ន្ធ SCADA និងប្រព័ន្ធគ្រប់គ្រងថាមពល Power Control System ផងដែរ។”

មិនត្រឹមតែទាក់ទងនឹងធនធានមនុស្ស និងបច្ចេកវិទ្យាប៉ុណ្ណោះទេ យោងតាមលោក Supa Waisayarat វៀតណាមមានឱកាសកាន់តែច្រើនឡើងៗក្នុងការចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្ម​និង​ផ្គត់ផ្គង់ឧបករណ៍សម្រាប់ឧស្សាហកម្មថាមពល​។ វៀតណាមអាចផលិតឧបករណ៍មួយចំនួននៅក្នុងស្រុក ដូចជាខ្សែបញ្ជូន​អគ្គិសនី រចនាសម្ព័ន្ធដែក និងសមាសធាតុជាច្រើនទៀតនៅក្នុងគម្រោងថាមពលវាយោអាគ្គីសនីលើដី​គោក និង​វាយោអាគ្គីសនីនៅឯនាយសមុទ្រ។ នៅក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ ក្រុមហ៊ុនដែលផលិតឧបករណ៍ដំឡើងក៏កំពុងចាប់ផ្តើមបើករោងចក្រនៅវៀតណាមផងដែរ។ ដោយផ្អែកលើអ្វីដែលកំពុងកើតឡើង​នៅ Super Energy លោក Supa Waisayarat រំពឹងថា កិច្ចសហប្រតិបត្តិការរវាងសហគ្រាសថៃ និងវៀតណាមក្នុងវិស័យថាមពលនិងបច្ចេកវិទ្យានឹងអភិវឌ្ឍកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាព៖ “នាពេលអនាគត វៀតណាមនឹងបន្តមានតម្រូវការថាមពលច្រើន ហើយក៏​ មានសក្តានុពលក្នុងការអភិវឌ្ឍថាមពលបៃតងផងដែរ​។ ឧទាហរណ៍ នៅប្រទេសថៃ Super Energy បានបង្កើតប្រព័ន្ធផ្ទុកថាមពលដោយថ្ម BESS នាប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបានដាក់ឱ្យដំណើរការពាណិជ្ជកម្ម។ នេះគឺជាវិធីប្រើប្រាស់ថ្មដើម្បីផ្ទុក និងផ្គត់ផ្គង់អគ្គិសនីក្នុងអំឡុងពេលដែលមានតម្រូវការអគ្គិសនីខ្ពស់។ ខ្ញុំជឿជាក់ថា វៀតណាមក៏នឹងធ្វើតាមទិសដៅនេះដែរ”។

ពីបទពិសោធន៍ប្រតិបត្តិការរបស់ Super Energy យើងអាចមើលឃើញថា កិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម-ថៃកំពុងមានវឌ្ឍនភាពថ្មីៗ។ សហគ្រាសថៃមិនត្រឹមតែកំពុងវិនិយោគនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបទពិសោធន៍ ការប្រើប្រាស់ផលិតផល និងដំណោះស្រាយដែលបង្កើតឡើងដោយសហគ្រាស និងវិស្វករវៀតណាម និងពង្រីកទំនាក់ទំនងជាមួយដៃគូក្នុងស្រុក។ នេះក៏ជាទិសដៅដើម្បីកិច្ចសហប្រតិបត្តិការវៀតណាម-ថៃក្នុងវិស័យថាមពល និងបច្ចេកវិទ្យា​អភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់​ស្តែង និងនិរន្តរភាព៕​