កម្មវិធីនេះ បានចាប់ផ្តើមជាមួយនឹងពិធីបង្ហូតទង់អាស៊ាន។ កម្មាភិបាល បុគ្គលិក និងក្រុមគ្រួសារជាង ២០០នាក់ មកពីស្ថានទូតនៃបណ្តាប្រទេស​អាស៊ាននៅទីក្រុងម៉ូស្គូ បានចូលរួមក្នុងពិធីគោរពទង់អាស៊ាន​ និងច្រៀងបទ​ចម្រៀងអាស៊ាន ដែលបង្ហាញពីស្មារ​តី​សាម​គ្គីភាព និងចំណងមិត្តភាពដ៏​ជិតស្និទ្ធរបស់សហគមន៍អាស៊ាននៅសហព័ន្ធរុស្ស៊ី។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហព័ន្ធរុស្ស៊ី លោក Igor Bailen ដែលជាប្រធានប្តូរវេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងម៉ូស្គូឆ្នាំ ២០២៦ បានសង្កត់ធ្ងន់ថា កម្លាំងរបស់អាស៊ានស្ថិតនៅក្នុងសមត្ថភាពជំនះលើភាពខុសប្លែក​គ្នា និងកសាងទំនុកចិត្តតាមរយៈការសន្ទនា និងការទូត។ យោងតាមលោក ស្មារតីនេះ មិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍រួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានពូនជ្រុំតាមរយៈការផ្លាស់ប្តូរ​នៅ​ក្នុ​ង​សហគមន៍អាស៊ាន​ទៀត​ផង។ ឆ្លើយសំណួររបស់អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងពង្រឹងសាមគ្គីភាពនៃសហគមន៍អាស៊ាននៅទីក្រុងម៉ូស្គូ។​

«អាស៊ានកំពុងអភិវឌ្ឍទៅជាសហគមន៍មួយដែលមានចក្ខុវិស័យរួម និងអត្តសញ្ញាណរួម ដោយប្រមូលផ្តុំប្រទេសចំនួន ១១ ផ្សេងៗគ្នា។ ក្នុងនោះ វៀតណាមគឺជាសមាជិកដ៏សំខាន់។ ព្រឹត្តិការណ៍នេះ ត្រូវបាន​រៀបចំឡើងនៅមជ្ឈមណ្ឌលហាណូយ-ម៉ូស្គូ ដែលវៀតណាម​ជាម្ចាស់កម្មសិទ្ធិនិងគ្រប់គ្រង បង្ហាញពីការទទួលខុសត្រូវ និងតួនាទីនាំមុខ​គេរបស់វៀតណាមក្នុងការបង្កើត​លក្ខណ្ឌសម្រាប់សហគមន៍អាស៊ាន​ទាំងមូល មានកន្លែងមួយ​​សម្រាប់ជួបជុំ​គ្នា​នៅទីនេះ។ វៀតណាមក៏កំពុងបង្ហាញឱ្យ​យើងឃើញ​ពីរបៀបលើកកម្ពស់ទំនា​ក់​ទំ​នងជាមួយសហព័ន្ធរុស្ស៊ីផងដែរ»។

ស្តង់នីមួយៗនៅក្នុង​ទិវាបុណ្យមិន​ត្រឹ​មតែបង្ហាញម្ហូបអាហារ ​និងផលិតផលប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានរៀបរាប់ពីរឿងរ៉ាវនៃអត្តសញ្ញាណវប្បធម៌របស់ប្រទេសនីមួយៗ​ទៀត​ផង។ ក្រៅពីការបង្ហាញវប្បធម៌ និងម្ហូបអាហារ អ្នកការទូតវ័យក្មេងវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្លាស់ប្តូរ ដោយរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិនិងប្រជាជន​វៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិ។ លោក ង្វៀន ថាញ់លៀម លេខាទីបីនៃស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី បានចែករំលែកថា៖ «ស្មារតីអាស៊ានមិនត្រឹមតែត្រូវបានបង្ហាញតាមរយៈឯកសារ ឬកិច្ចប្រជុំប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជន​​នៃ​បណ្តា​ប្រទេសអាស៊ានទៀតផង​។ យើងជាអ្នកការទូត​វ័យក្មេងដែលមានមោទនភាពក្នុងការលើកកម្ពស់រូបភាពនៃប្រទេសវៀតណាម ឧទ្ទេសនាមវប្បធម៌ ម្ហូបអាហារ និងសិល្បៈ ដែលរួមចំណែកដល់ភាពជោគជ័យរួមនៃព្រឹត្តិការណ៍នេះ»។

ប្រសិនបើស្តង់លក់អាហារបានជួយ​គ​ណៈប្រតិភូស្វែងរក​អត្តសញ្ញាណរបស់ប្រទេសនីមួយៗ នោះសកម្មភាពវប្បធម៌ និងល្បែងប្រជាប្រិយបាននាំឱ្យ​មនុស្សគ្រប់គ្នាកាន់តែជិតស្និទ្ធគ្នា។ បរិយាកាសនៃទិវាបុណ្យកាន់តែមានភាពរស់រវើក នៅពេលដែលតំណាងឥណ្ឌូនេស៊ីបានអញ្ជើញប្រតិភូឱ្យចូលរួមក្នុងរបាំជាក្រុម Gemu Famire។ លោកស្រី Ernaher Lina លេខាធិការទីបីទទួលបន្ទុកព័ត៌មាន វប្បធម៌ និងសង្គមកិច្ច នៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំសហព័ន្ធរុស្ស៊ី បានថ្លែងថា៖ «នេះមិនគ្រាន់តែជាការអបអរសាទរ ទិវាបង្កើតអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាស​មួយសម្រាប់អាស៊ានដើម្បីបង្ហាញពីស្មារតីសាមគ្គីគ្នា​ទៀតផង​។ មិនត្រឹមតែក្នុង​ចំណោម​ប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយសហគមន៍រុស្ស៊ីទៀត​ផង ដែលថា អាស៊ានតែងតែ​ប្រកៀកស្មា សាមគ្គីភាព និង​ឯកភាពគ្នាជានិច្ច។ យើងសង្ឃឹមថា ស្មារតីនៃកិច្ចសហប្រតិបត្តិការ ចំណង​មិត្តភាព និងការឯកភាពក្នុងចំណោមប្រទេសអាស៊ាននឹងបន្តអភិវឌ្ឍ មិនត្រឹមតែរវាងបណ្តាស្ថានទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងសហគមន៍ និងអាណិកជននៃ​បណ្តា​ប្រទេសអាស៊ានទូទាំងសហព័ន្ធ​រុស្ស៊ី​ទៀត​ផង»។

ក្រោយ​រយៈពេល ៦០ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ អាស៊ានមិនត្រឹមតែត្រូវបានស្គាល់ដល់ជាអង្គការសហប្រតិបត្តិការក្នុងតំបន់ដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាសហគមន៍ដ៏ជិត​ស្និតកាន់តែខ្លាំងឡើងទៀត​ផង​។ ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៦ នៅទីក្រុងម៉ូស្គូ គឺជាផ្ទាំងគំនូរតូចមួយនៃសហគមន៍នោះ ដែលបណ្តា​ប្រទេសសមាជិក​បាន​ចែករំលែកអត្តសញ្ញាណវប្បធម៌ ប៉ុន្តែនៅតែខិតខំឆ្ពោះទៅរក​តម្លៃរួមនៃសន្តិភា​ព កិ​ច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕​