កំណែទម្រង់លើកនេះមិនគ្រាន់តែជាការកាត់បន្ថយស្រទាប់អន្តរការីប៉ុណ្ណោះទេ ថែមទាំងជាការបោះជំហានដ៏សំខាន់មួយនៅក្នុងការត្រិះរិះអភិបាលកិច្ច ដោយផ្លាស់ប្តូរទៅខឿនរដ្ឋបាល ដោយយកប្រជាជននិងអាជីវកម្មជាមជ្ឈមណ្ឌលសម្រាប់សេវាបម្រើ។
ការផ្លាស់ប្តូរនៅក្នុងប្រតិបត្តិការរចនាសម្ព័ន្ធស្ថាប័នអាធ្ញាធរ
“បុគ្គលិករដ្ឋបាលបានផ្តល់ការណែនាំយ៉ាងយកចិត្តទុកដាក់ ច្បាស់លាស់ និងគួរសម។ នីតិវិធីក៏រហ័ស និងមានប្រសិទ្ធភាពដែរ។ ដំណើរការនៃការផ្ញើព័ត៌មានត្រឡប់ទៅស្រុកកំណើតវិញសម្រាប់ការផ្ទៀងផ្ទាត់ក៏ត្រូវបានអាជ្ញាធរបំពេញយ៉ាងល្អផងដែរ"។
“ពីមុននេះ នីតិវិធីមានភាពស្មុគស្មាញជាង ដោយឆ្លងកាត់ពីការិយាល័យមួយទៅការិយាល័យមួយទៀត ហើយចំណាយពេលយូរ។ ឥឡូវនេះ ខ្ញុំគ្រាន់តែបំពេញទម្រង់បែបបទ ហើយបន្ទាប់មកបញ្ចូលព័ត៌មានទៅក្នុងកុំព្យូទ័រ គឺរួចរាល់ហើយ។ ដោះស្រាយការងារសម្រាប់ប្រជាជនបានលឿនណាស់”។
ការពេញចិត្តរបស់ប្រជាជនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺជារង្វាស់ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អាជ្ញាធរ។ នីតិវិធីជាច្រើនត្រូវបានធ្វើសាមញ្ញវូវប្បនីយកម្ម ពេលវេលាដំណើរការខ្លីជាង នីតិវិធីដំណើរការត្រូវបានធ្វើជាឌីជីថល និងភ្ជាប់គ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ប្រការនេះបានរួមចំណែកដល់ការបង្កើនតម្លាភាព និងការទទួលខុសត្រូវរបស់ភ្នាក់ងារសាធារណៈ។
សម្រាប់សហគមន៍អាជីវកម្ម ជាពិសេសអាជីវកម្មបរទេស ប្រព័ន្ធរដ្ឋបាលរលូនមានន័យថា ឱកាសអាជីវកម្មដែលបានបើកទូលាយ។ វិនិយោគិនអាមេរិកម្នាក់បានអះអាងថា៖ “បរិយាកាសស្ថិរភាព កន្លែងដែលអ្នកអាចធ្វើការសម្រេចចិត្តរយៈពេលវែង ហើយអស្ថិរភាពកាន់តែតិច ការចំណាយក៏តិចដែរ ដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់វិនិយោគិនបរទេសមានអារម្មណ៍នឹងនរបណ្តាក់ទុនវិនិយោគ។ នោះជាអ្វីដែលខ្ញុំគិតថា បានប្រសើរឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹង ១០ ឆ្នាំមុន នៅពេលប្រៀបធៀបការវិនិយោគនៅក្នុងប្រទេសវៀតណាមជាមួយទីផ្សារដែលមានកំណើនខ្ពស់ផ្សេងទៀត នៅអាស៊ី។ ខ្ញុំគិតថា រឿងមួយដែលធ្វើឱ្យប្រទេសវៀតណាមលេចធ្លោគឺស្ថិរភាពនយោបាយ និងកំណែទម្រង់ជាបន្តបន្ទាប់ នៅក្នុងគោលនយោបាយដែលផ្តល់អត្ថប្រយោជន៍សម្រាប់វិនិយោគិន”។
សំខាន់ជាងនេះទៅទៀត កំណែទម្រង់មិនត្រឹមតែបង្កើតការផ្លាស់ប្តូរនៅក្នុងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការផ្លាស់ប្តូរនៅក្នុងវប្បធម៌សេវាសាធារណៈផងដែរ។ នៅពេលដែលរចនាសម្ព័ន្ធស្ថាប័នអាជាធរត្រូវបានសម្រួល កម្មាភិបាលម្នាក់ៗ និងបុគ្គលិកម្នាក់ៗ ត្រូវតែបង្កើនសមត្ថភាព ការទទួលខុសត្រូវ និងស្មារតីបម្រើផងដែរ។ លោក ង្វៀនថាញ់ ប៊ិញ អនុប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម បានបញ្ជាក់ថា៖ “បន្ទាប់ពីមួយឆ្នាំនៃការរៀបចំរចនាសម្ព័ន្ធនៃប្រព័ន្ធនយោបាយទាំងមូលឡើងវិញ យើងអាចបញ្ជាក់បានថា ស្ថាប័នអាជ្ញាធរថ្មីដំណើរការរលូនជាង ដោយលុបបំបាត់ស្រទាប់អន្តរការីមទាំងស្រុង។ ពោលគឺ រហូតមកដល់ពេលនេះ ប្រព័ន្ធនេះបានធានានូវប្រតិបត្តិការរលូន ហើយអាជ្ញាធរមូលដ្ឋានបានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដោយផ្លាស់ប្តូរពីផ្នត់គំនិតគ្រប់គ្រងរដ្ឋបាលទៅជាផ្នត់គំនិតដែលផ្តោតលើការកសាងអាជ្ញាធរស្ថាបនា និងអភិវឌ្ឍន៍”។
មូលដ្ឋានគ្រឹះសម្រាប់រដ្ឋបាលឌីជីថលទំនើប
រដ្ឋបាលដែលមានប្រសិទ្ធភាពមិនត្រឹមតែបម្រើប្រជាជនជិត ១០០ លាននាក់បានកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអំណោយផលជាង សម្រាប់អាជីវកម្មបរទេសទៀតផង។ នេះក៏ជាកត្តាមួយដែលជួយ វៀតណាមបង្កើនភាពប្រកួតប្រជែងជាតិ លើកកម្ពស់នវានុវត្តន៍ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក។
លទ្ធផលដំបូងក៏បង្ហាញថា កំណែទម្រង់រដ្ឋបាលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការផ្លាស់ប្តូរឌីជីថលជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ឆ្ពោះទៅរករដ្ឋបាលឌីជីថលទំនើប និងមានតម្លាភាព។ នៅក្នុងសន្និសីទបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តគំរូអាជ្ញាធរ បីកម្រិតដែលប្រព្រឹត្តទៅនាថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា គោលនយោបាយនៃការកែទម្រង់ និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធប្រព័ន្ធនយោបាយឱ្យមានភាពរលូននិងមានប្រសិទ្ធភាព គឺត្រឹមត្រូវទាំងស្រុង ចាំបាច់និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទោះជាយ៉ាង ណាក៏ដោយ កំណែទម្រង់មិនទាន់ពេញលេញនៅឡើយទេ ហើយតម្រូវឱ្យមានភាពបត់បែននៅចំពោះមុខចំណុចខ្វះខាតជាក់ស្តែង។ រឿងសំខាន់គឺថា ទិសដៅត្រូវបានបង្កើតឡើង ហើយការប្តេជ្ញាចិត្តក្នុងការកែទម្រង់នៅតែបានរក្សាដដែល។
“ការកែទម្រង់រចនាសម្ព័ន្ធអង្គការនៃប្រព័ន្ធនយោបាយគឺជាកិច្ចការដ៏ធំណាស់ ដែលពោរពេញដោយការលំបាក ហើយត្រូវតែអនុវត្តជាប់លាប់ ជាប្រព័ន្ធនិងតាមបែបវិទ្យាសាស្ត្រ។ គោលការណ៍ស្របគ្នាគឺថា រចនាសម្ព័ន្ធអង្គការថ្មីត្រូវតែបង្កើតសមត្ថភាពថ្មី យន្តការវិមជ្ឈការ និងវិសហមជ្ឈការថ្មីត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវថ្មី ទិន្នន័យថ្មីត្រូវតែបង្កើតវិធីសាស្រ្តអភិបាលកិច្ចថ្មី ហើយឧបករណ៍ថ្មីត្រូវតែផ្តល់នូវគុណភាពសេវាកម្មថ្មី ដល់ប្រជាជន និងអាជីវកម្ម”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម។
រាល់ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងលំហូរនីតិវិធីរដ្ឋបាលបង្ហាញថា គោលដៅនៃការកសាងរដ្ឋបាលដែលផ្តោតលើរដ្ឋបាលបម្រើកំពុងក្លាយជាការពិតជាបណ្តើរៗ។ នៅពេលដែលរចនាសម្ព័ន្ធស្ថាប័នអាជ្ញាធរដំណើរការបានយ៉ាងរលូន ប្រជាពលរដ្ឋត្រូវបានបម្រើកាន់តែប្រសើរ អាជីវកម្មត្រូវបានគាំទ្រកាន់តែមានប្រសិទ្ធភាព និងធនធានអភិវឌ្ឍន៍ត្រូវបានបើកទូលាយ។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសវៀតណាមដើម្បីបន្តឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងទំនើប តម្លាភាព និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី៕
