ប៉ុន្តែពិធីបុណ្យ កាតេ ឆ្នាំនេះមានលក្ខណៈពិសេសមួយ៖ ជាលើកដំបូង បរិយាកាសពិធីបុណ្យប្រពៃណីត្រូវបានគួបផ្សំជាមួយនឹងពិធីបុណ្យគ្រឿងស្មូនចាម បៅជុក។

យោងតាមប្រតិទិនចាម ពិធីបុណ្យ កាតេ ធ្វើឡើងនៅដើមខែទី ៧ (ជាធម្មតាប្រហែលខែកញ្ញា ឬខែតុលា)។ ឆ្នាំនេះ ពិធីបុណ្យប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែតុលា ដោយបង្ហាញពីការគោរពបូជាដ៏ស្មោះស្ម័គ្ររបស់ជនជាតិចាមដែលរស់នៅក្នុងខេត្ត ខាញ់ហ័រ ឡឹមដុង អានយ៉ាង... ចំពោះព្រះអាទិទេព និងស្ដេចនានា ដូចជា Po Klong Garai, Po Rome និងព្រះមាតា Po Ina Nagar។

ចំណុចលេចធ្លោដែលធ្វើឱ្យពិធីបុណ្យ កាតេ ឆ្នាំ២០២៦ កាន់តែមានភាពខុសប្លែក គឺពិធីបុណ្យគ្រឿងស្មូនចាម Bau Truc លើកដំបូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា នៅឃុំ Ninh Phuoc (ខេត្ត ខាញ់ហ័រ)។ ពិធីបុណ្យ ត្រូវបានពង្រីកដោយនាំមកនូវបរិយាកាសដ៏មមាញឹកនិងសប្បាយអ៊ូអរពាសពេញគ្រប់ច្រកល្ហក។

នៅភូមិគ្រឿងស្មូន បៅជុក អ្នកស្រី Dong Thi My Tien ខណៈពេលកំពុងសម្អាតថូភាជន៍យ៉ាងយកចិត្តទុកដាក់ បានចែករំលែកអំពីលក្ខណៈពិសេសតែមួយគត់៖ គ្រឿងស្មូន បៅជុក មិនប្រើប្រាស់តុបង្វិលមេកានិច ឬពុម្ភនោះទេ។ អ្វីគ្រប់យ៉ាងត្រូវបានស្មូនដោយបាតដៃដ៏ប៉ិនប្រសប់ និងចលនាជើងរបស់ជាងស្មូនជុំវិញដុំដីឥដ្ឋ។

“ឥឡូវនេះ គ្រឿងស្មូនចាម បានអភិវឌ្ឍន៍គ្រឿងស្មូនសិល្បៈជាច្រើនប្រភេទ ហើយភាគច្រើនត្រូវបានលក់ដុំ។ ក្នុងអំឡុងពេលពិធីបុណ្យ កាតេ យើងផលិតបន្ថែមទៀតដើម្បីលក់ទៅឱ្យអ្នកទេសចរ។ ការផ្តោតអារម្មណ៍បច្ចុប្បន្នគឺលើការសម្អាតផ្ទះ និងកន្លែងតាំងបង្ហាញដើម្បីត្រៀមរៀបចំសម្រាប់ស្វាគមន៍ភ្ញៀវ”។

ក្នុងអំឡុងពេលពិធីបុណ្យ នៅសហករណ៍ផលិតគ្រឿងស្មូនចាម បៅជុក សិប្បករជើងចាស់ និងជាងស្មូនវ័យក្មេងធ្វើការយ៉ាងយកចិត្តទុកដាក់លើផលិតផលថ្មីៗ ដោយត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ លោក Phu Huu Minh Thuan នាយកសហករណ៍ផលិតគ្រឿងស្មូនចាម បៅជុក យល់ឃើញថានេះជាឱកាសមាសសម្រាប់ភូមិសិប្បកម្មដើម្បី "និទាន" រឿងរ៉ាវរបស់ខ្លួនដល់អ្នកទេសចរ។

«នេះជាឱកាសមួយសម្រាប់ជនជាតិចាមប្រាស្រ័យទាក់ទង រៀនសូត្រ និងធ្វើការរួមគ្នាដើម្បីថែរក្សាតម្លៃវប្បធម៌ប្រពៃណី។ សហករណ៍ ក៏ចូលរួមក្នុងការពន្យល់អំពីទេសចរណ៍សហគមន៍ ដោយណែនាំអំពីលក្ខណៈពិសេសនៃវប្បធម៌ចាមផងដែរ។ សិប្បករបង្ហាញដោយផ្ទាល់អំពីដំណើរការផលិតគ្រឿងស្មូន ដើម្បីផ្សព្វផ្សាយអត្ថន័យនៃការអភិរក្សតម្លៃបេតិកភណ្ឌ។ នេះក៏ជាឱកាសសម្រាប់សហករណ៍ក្នុងការអភិវឌ្ឍទេសចរណ៍ផងដែរ»។

លោកស្រី Che Hoang Thu Hao អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ninh Phuoc បានចែករំលែកក្តីរំពឹងទុកសម្រាប់ព្រឹត្តិការណ៍លើកនេះយ៉ាងដូច្នេះថា៖

«ពិធីបុណ្យនេះមិនត្រឹមដើម្បីឧទ្ទេសនាមអំពីផលិតផលប៉ុណ្ណោះទេ ថែមទាំងជួយអ្នកទេសចរឱ្យយល់ថា នៅពីក្រោយផលិតផលគ្រឿងស្មូននីមួយៗ គឺជារឿងរ៉ាវអំពីវប្បធម៌ សហគមន៍ និងការបន្តពីជំនាន់មួយទៅជំនាន់មួយ។ តាមរយៈនោះ យើងសង្ឃឹមថានឹងនាំគ្រឿងស្មូនចាម បៅជុក ឱ្យកាន់តែខិតជិតភ្ញៀវទេសចរ និងទីផ្សារ តភ្ជាប់វប្បធម៌ជាមួយនឹងទេសចរណ៍ ពង្រីកឱកាសសម្រាប់ការប្រើប្រាស់ផលិតផល និងបង្កើតរបរចិញ្ចឹមជីវិត ប្រកបដោយចីរភាពសម្រាប់ជាងស្មូន ព្រមទាំងបំផុសមោទនភាព និងសេចក្តីស្រឡាញ់ចំពោះសិប្បកម្មក្នុងជំនាន់យុវជន»។

កាលពីបួនឆ្នាំមុន នៅឆ្នាំ ២០២២ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានចុះបញ្ជីសិល្បៈធ្វើគ្រឿងស្មូនរបស់ជនជាតិចាមនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការពារជាបន្ទាន់។

ដោយវាយតម្លៃលើអត្ថន័យនៃការរួមបញ្ចូលពិធីបុណ្យគ្រឿងស្មូនទៅក្នុងពិធីបុណ្យ កាតេ លោកស្រី Duong Thi Anh កម្មាភិបាលមកពីនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់គ្រួសារ និងសហគមន៍ក្នុងការលើកកម្ពស់តម្លៃបេតិកភណ្ឌប្រកបដោយចីរភាព។

“នៅក្នុងគ្រួសារ សហគមន៍ចាមនៅតែបង្រៀនមុខរបរនេះពីជំនាន់មួយទៅជំនាន់មួយទៀត។ ជីដូនជីតាបង្រៀនឲ្យម្តាយ ម្តាយបង្រៀនឲ្យកូន ដោយហេតុនេះបង្កើតចលនាមួយនៅក្នុងសហគមន៍។ យុវជននឹងមានការចាប់អារម្មណ៍ជាងមុន ហើយពីនោះទាក់ទាញពួកគេឱ្យត្រឡប់ប្រកបរបររបស់សហគមន៍និងគ្រួសារវិញ”។

ពីផលិតផលប្រើប្រាស់ក្នុងផ្ទះដ៏សាមញ្ញមួយ គ្រឿងស្មូន បៅជុក បានក្លាយជាព្រលឹងនៃទេសចរណ៍នៅក្នុងតំបន់នេះ។ ពិធីបុណ្យ កាតេ ឆ្នាំនេះ ប្រជាជននៅ បៅជុក មានសិទ្ធិដើម្បីជឿថា ពិធីបុណ្យគ្រឿងស្មូនចាមលើកទីមួយនឹងជាការចាប់ផ្តើមសម្រាប់ព្រឹត្តិការណ៍វប្បធម៌ជាប្រចាំ ដែលបេតិកភណ្ឌត្រូវបានថែរក្សា និងរីកសាយភាយនៅក្នុងលំហូរសម័យទំនើប៕