សិល្បករ អ្នកសំដែងប្រមាណ ៣ ពាន់នាក់ សិប្បករ ១០០ នាក់ និងសហគមន៍អនុវត្តន៍បេតិកភណ្ឌបានចូលរួមក្នុងពិធីបុណ្យនេះ ដោយបង្កើតជាលំហវប្បធម៌ដ៏ចម្រុះពណ៌ដែលសិល្បៈប្រពៃណីនិងសហសម័យបានលាយបញ្ចូលគ្នា។
ពិធីបុណ្យថាំងឡុង - ហាណូយលើកទី ២ ឆ្នាំ២០២៦ ត្រូវបានបង្កើតឡើងដោយទទួលមរតកពីលទ្ធផលនៃពិធីបុណ្យថាំងឡុង - ហាណូយលើកទី ១ ឆ្នាំ២០២៥ ព្រមទាំងក៏ផ្លាស់ប្ដូរថ្មីទាំងខ្លឹមសារ និងវិធីសាស្រ្តរៀបចំផងដែរ។ លោកស្រី ឡេ ធីអាញ់ម៉ាយ (Le Thi Anh Mai) នាយិការងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ បានសង្កត់ធ្ងន់ថា៖
“ពិធីបុណ្យថាំងឡុង - ហាណូយ ឆ្នាំ២០២៦ បន្តយកបេតិកភណ្ឌជាមូលដ្ឋានគ្រឹះ ប៉ុន្តែសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើដំណើរការនៃការបញ្ជូន ការច្នៃប្រឌិត និងការរីកសាយភាយបេតិកភណ្ឌក្នុងជីវភាពសម័យទំនើប។ លំហពិធីបុណ្យ ត្រូវបានពង្រីក និងធ្វើពិពិធកម្ម ដោយភ្ជាប់ទៅនឹងទីកន្លែងវប្បធម៌ បេតិកភណ្ឌ និងទីកន្លែងសាធារណៈជាច្រើននៃរដ្ឋធានី។ សកម្មភាពនានា ត្រូវបានរៀបចំឡើងនៅព្រះបរមរាជវាំងថាំងឡុង Van Mieu – Quoc Tu Giam សារមន្ទីរហាណូយ ភូមិ បាតត្រាង និងតំបន់បឹងហ័នគៀម”។
លំហូរបេតិកភណ្ឌនៅក្នុងពិធីបុណ្យត្រូវបានបង្ហាញយ៉ាងរស់រវើកតាមរយៈតន្ត្រីពន្លឺ បច្ចេកវិទ្យា ម៉ូដ សិល្បៈដំឡើង... លោក ផាម ហ័ងយ៉ាង (Pham Hoang Giang) អគ្គអ្នកដឹកនាំរឿងនៃពិធីបុណ្យ ថាំងឡុង - ហាណូយ ឆ្នាំ២០២៦ បានឲ្យដឹងថា៖
“ពិធីបុណ្យ ថាំងឡុង - ហាណូយ លើកទី២ ឆ្នាំ២០២៦ គឺជាកម្មវិធីសិល្បៈដ៏សម្បូរបែបដែលមានសសរស្តម្ភសំខាន់ៗចំនួនបី នោះគឺ៖ មោទនភាពចំពោះអត្តសញ្ញាណបេតិកភណ្ឌ ការច្នៃប្រឌិតបច្ចេកវិទ្យា ការធ្វើសមាហរណកម្មនិងការរីកសាយភាយ។ ចំណុចលេចធ្លោដ៏ខុសប្លែក មិនត្រឹមតែនៅថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងក្លាយជាម៉ាកវប្បធម៌អន្តរជាតិទៀតផង”។
អ្នកចម្រៀង ក្វាច់ ម៉ាយធី (Quach Mai Thy) ជាសិល្បការិនីម្នាក់ដែលបានចូលរួមសម្តែងនៅក្នុងពិធីបើកពិធីបុណ្យ ថាំងឡុង - ហាណូយ ឆ្នាំ២០២៦ បានឲ្យដឹងថា៖
“ខ្ញុំបានសម្តែងបទចម្រៀង 'បំភ្លឺអណ្តាតភ្លើងបេតិកភណ្ឌ'។ នេះជាស្នាដៃថ្មីមួយ។ ខ្ញុំបានច្រៀងវាជាមួយអ្នកចម្រៀង ទុងយឿង។ ការសម្តែងត្រូវបានរៀបចំយ៉ាងប្រណិត និងអស្ចារ្យ។ ទស្សនិកជនអាចទទួលបានចំណាប់អារម្មណ៍យ៉ាងច្បាស់អំពីលំហូរបេតិកភណ្ឌនៅក្នុងកម្មវិធីបើកពិធីបុណ្យ”។
មកទស្សនាពិធីបុណ្យនេះ អ្នកស្រី ដ័ន ឡានអាញ់ (Doan Lan Anh) ដែលរស់នៅទីក្រុងហាណូយ មានចំណាប់អារម្មណ៍ថា៖
«ពិធីបុណ្យ ថាំងឡុង បានដាស់សេចក្ដីស្រឡាញ់ក្នុងយុវជនយើងចំពោះវប្បធម៌ និងបេតិកភណ្ឌ។ លំហពិធីបុណ្យ ត្រូវបានរចនាឡើងយ៉ាងភ្លឺផ្លេតៗនិងចម្រុះពណ៌។ ការសម្តែងបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ ដោយសារតែការលាយឡំគ្នារវាងប្រពៃណីនិងភាពទំនើប»។
ក្រៅពីការចូលរួមរបស់ក្រុមសិល្បៈក្នុងស្រុកជាច្រើន ពិធីបុណ្យ ថាំងឡុង - ហាណូយ ឆ្នាំ ២០២៦ ក៏មានការចូលរួមពីក្រុមសិល្បៈមកពីប្រទេសឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ រាត្រីផ្លាស់ប្តូរសិល្បៈអន្តរជាតិនៅឯព្រះបរមរាជវាំងថាំងឡុង បានបង្កើតបរិយាកាសតន្ត្រីចម្រុះពណ៌។ បទភ្លេង Xam របស់វៀតណាមត្រូវបានសម្តែងរួមជាមួយនឹងសិល្បៈ Samulnori របស់កូរ៉េខាងត្បូង ភ្លេង Shamisen ដោយគួបផ្សំជាមួយ Beatbox របស់ជប៉ុន និងសិល្បៈប្រជាប្រិយ Bhangra និង Gidha របស់ឥណ្ឌា ដែលបង្កើតបានជា «ពិធីជប់លៀងតន្ត្រី» ដ៏ពិសេសមួយ។ សិល្បៈករ Wada Tatsuya មកពីក្រុមសិល្បៈជប៉ុន បាននិយាយថា៖
"នេះជាលើកទីមួយដែលយើងមកដល់វៀតណាម។ ខ្ញុំបានឃើញថា បរិយាកាសនៅព្រះបរមរាជវាំងថាំងឡុង - ហាណូយពិតជាមានភាពសប្បាយអ៊ូអរ។ យើងបានមកទីនេះជាមួយសមាជិកបីនាក់។ ខ្ញុំលេង beatbox ដែលមានន័យថា ប្រើមាត់បង្កើតសូរសំឡេងដើម្បីសម្តែងជាមួយសិល្បកររាំ និងសិល្បករលេងហ្គីតា។ យើងសម្ដែងសិល្បៈប្រពៃណីជប៉ុន ដោយគួបផ្សំជាមួយសិល្បៈទំនើបសម្រាប់បម្រើទស្សនិកជន។ គោលបំណងនៃដំណើរទស្សនកិច្ចលើកនេះគឺដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយ”។
ចំណុចលេចធ្លោមួយទៀតនៃពិធីបុណ្យថាំងឡុង ឆ្នាំនេះ គឺកម្មវិធីសិល្បៈនៅ Van Mieu – Quoc Tu Giam ដែលជានិមិត្តរូបមួយនៃប្រពៃណីឧស្សាហ៍ព្យាយាមរៀនសូត្រ និងវប្បធម៌របស់ថាំងឡុង - ហាណូយ។ នៅទីនេះ សកម្មភាពត្រូវបានរចនាឡើងដើម្បីតភ្ជាប់ប្រវត្តិសាស្ត្រ វប្បធម៌ជាមួយសិល្បៈ និងបទពិសោធន៍។ ពិធីបុណ្យនេះ ក៏នាំសាធារណជនទៅកាន់ភូមិកុលាលភាជន៍ បាតត្រាង ជាមួយនឹងកម្មវិធីសិល្បៈ "សំឡេងនៃកុលាលភាជន៍" ដោយទាញយកសំឡេងពីសម្ភារៈ និងឧបករណ៍ភ្លេងធ្វើពីកុលាលភាជន៍ ដែលបង្កើតវិធីអភិក្រមថ្មីមួយចំពោះបេតិកភណ្ឌនៃភូមិសិប្បកម្ម។
ពិធីបុណ្យថាំងឡុង - ហាណូយ គឺជាព្រឹត្តិការណ៍វប្បធម៌ជាប្រចាំ។ ទីក្រុងហាណូយកំពុងឆ្ពោះទៅរកធ្វើឱ្យពិធីបុណ្យនេះក្លាយជាម៉ាកយីហោវប្បធម៌នៃរដ្ឋធានី ដើម្បីឱ្យបេតិកភណ្ឌប្រពៃណីរួមបញ្ចូលទៅក្នុងលំហូរនៃជីវភាពសម័យទំនើប៕
