ជំនាន់វិចិត្រករដែលបាន បណ្តុះបណ្តាលនៅមហាវិទ្យាល័យវិចិត្រសិល្បៈឥណ្ឌូចិន បានសម្របខ្លួនយ៉ាងឆាប់រហ័សនៅក្នុងជីវភាពបដិវត្តន៍។ ពួកគេបានប្រើវិចិត្រសិល្បៈដើម្បីកត់ត្រាមនុស្ស និងព្រឹត្តិការណ៍នៃយុគសម័យថ្មីមួយ។
ចាប់ពីគំនូរឃោសនានិងគំនូរព្រាងសមរភូមិ រហូតដល់ស្នាដៃដែលត្រូវបាននិពន្ធឡើងក្នុងអំឡុងពេលប៉ុន្មានឆ្នាំដំបូងដ៏លំបាកលំបិននៃការកសាងប្រទេសជាតិឡើងវិញ ក្នុងផ្សែងភ្លើងនៃការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំងបន្ទាប់មក វិចិត្រករទាំងនេះបានរួមចំណែកក្នុងការបង្កើតឡើង "កាលប្បវត្តិដោយរូបភាព" របស់ប្រទេសជាតិ។ វិចិត្រករ Luong Xuan Doan ប្រធានសមាគមវិចិត្រសិល្បៈវៀតណាម បានចែករំលែកថា៖
“ចាប់ពីការក្រោកឈរឡើងនៃបដិវត្តន៍ខែសីហា ដែលទទួលបានជោគជ័យ មជ្ឈដ្ឋានដែល
បានដើរចុះដងផ្លូវឆាប់ជាងគេគឺមជ្ឈដ្ឋានវិចិត្រសិល្បៈវៀតណាម។ ផ្ទាំងគំនូរឃោសនាខ្នាតធំ ត្រូវបានព្យួរពាសពេញផ្លូវនៃទីក្រុងហាណូយក្នុងអំឡុងពេលសរទៈរដូវ ជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម បន្ទាប់មកគឺសេចក្តីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញ ដែលបានផ្តល់កំណើតដល់សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម”។
ការតាំងពិពណ៌វប្បធម៌ក្នុងខែតុលា ឆ្នាំ ១៩៤៥ នៅឯផ្ទះផ្សព្វផ្សាយចំណេះដឹង Khai Tri Tien Duc នៅក្បែរបឹង Hoan Kiem ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍វិចិត្រសិល្បៈគួរឱ្យកត់សម្គាល់ដំបូង
គេបន្ទាប់ពីបដិវត្តន៍ខែសីហា។ នៅក្នុងបរិបទដែលប្រជាជនជាង ៩០% នៅតែមិនទាន់ចេះអានឬសរសេរនៅឡើយ ការតាំងពិព័រណ៍នេះបានក្លាយជាមធ្យោបាយមួយសម្រាប់ឃោសនា ផ្សព្វផ្សាយ និងអប់រំដែលបានជះឥទ្ធិពលយ៉ាងទូលំទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជាតិដែលទើបតែដណ្ដើមបានឯករាជ្យ ត្រូវប្រឈមមុខនឹងការលំបាករាប់មិនអស់ នៅពេលដែល អាណានិគមនិយមបារាំងបានវិលត្រឡប់មកឈ្លានពាននៅតំបន់ភាគខាងត្បូង ហើយនាថ្ងៃទី ១៩ ខែធ្នូឆ្នាំ ១៩៤៦ ការតស៊ូទូទាំងប្រទេសបានផ្ទុះឡើង។ នៅក្នុងការតស៊ូនោះ អក្សរសិល្ប៍ និងសិល្បៈបានក្លាយជាកម្លាំងដ៏សំខាន់មួយ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky អនុប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិមអាណត្តិ ២០២១-២០២៦ បានចាត់ទុកថា៖
“ចូលក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយម យើងប្រាកដណាស់ ត្រូវប្រើប្រាស់កម្លាំងទាំងអស់ ចាប់ពីកងទ័ព កងសេនាជន រហូតដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប៉ុន្តែក៏មានផ្នែកទ័ពមួយទៀតដែលមានសារៈសំខាន់ខ្លាំងនោះគឺកម្លាំងអក្សរសាស្ត្រសិល្បៈ”។
សម្រាប់វិចិត្រករដែលបានចូលរួមក្នុងការតស៊ូ ពួកគេបានចាកចេញពីជីវភាពនៅទីក្រុង ចូលទៅក្នុងតំបន់សមរភូមិ ចែករំលែកភាពអត់ឃ្លាននិងការខ្វះខាតជាមួយកងទ័ពនិងប្រជាជន។ វិចិត្រករ Luong Xuan Doan បានឲ្យដឹងបន្ថែមទៀតថា៖
“រឿងរ៉ាវនៅពីក្រោយសិល្បៈករ ជិវិតពិតរបស់ពួកគេ អាចនិយាយបានថា ប្រជាជាតិស៊ូទ្រាំនឹងការលំបាកវេទនាប៉ុនណា ពួកគេក៏ស៊ូទ្រាំប៉ុណ្ណឹងដែរ។ ជំនាន់មាសនៃវិចិត្រសិល្បៈឥណ្ឌូចិនហាណូយ ពិតជាមានទេពកោសល្យ ប៉ុន្តែពួកគេបានបោះបង់ចោលអ្វីៗទាំងអស់ ហើយដើរតាមការអំពាវនាវរបស់លោកប្រធានហូជីមិញ... ហើយសម្រាប់វិចិត្រករខ្លួនឯង ពួកគេបានស៊ូទ្រាំនឹងភាពអត់ឃ្លាន ការខ្វះខាតរួមជាមួយកងទ័ពលោកអ៊ុំហូ មិនខុសគ្នាទេ”។
នៅក្នុងស្ថានភាពដ៏លំបាកលំបិននៃសង្គ្រាម ការរួមចំណែកដ៏ពិសេសរបស់វិចិត្រករគឺស្ថិតនៅក្នុងសមត្ថភាពកត់ត្រាការពិតនៅហ្នឹងកន្លែង។ ជាមួយនឹងសៀវភៅកត់ត្រាមួយក្បាលនិងការគូសព្រាងដោយខ្មៅដៃឬពណ៌ទឹក ក៏អាចកត់ត្រាយុទ្ធដំណើរទ័ព ពេលវេលាសម្រាក ឬទឹកមុខរបស់យុទ្ធជន។ គំនូរព្រាង និងគំនូរឃោសនាក៏ត្រូវបានបញ្ជូន ដល់សាធារណជនយ៉ាងឆាប់រហ័សផងដែរ សូម្បីតែដាក់តាំងបង្ហាញនៅកន្លែងសម្រាក ឬអង្គភាពយោធាណាមួយដែលកំពុងធ្វើយុទ្ធដំណើរទ័ពផងដែរ។ យោងតាមវិចិត្រករ Luong Xuan Doan ភាសារូបភាព អាចរក្សាប្រវត្តិសាស្ត្រផង និងប៉ះពាល់ដោយផ្ទាល់ដល់អារម្មណ៍ផង៖
“ឧបករណ៍លឿនបំផុតគឺគំនូរព្រាងសមរភូមិ បន្ទាប់មកគឺគំនូរឃោសនា ដែលអាចទៅដល់សង្គម និងសាធារណជនបានយ៉ាងលឿនបំផុត។ នេះគឺជាភាសាផ្ទាល់។ ហើយពេលដែលមនុស្សម្នាបានទស្សនាគំនូរនេះជាលើកដំបូង ធ្វើភ្ញាក់ឡើងចំណាប់អារម្មណ៍ចក្ខុវិញ្ញាណភ្លាមៗ ដោយមិនត្រូវការសេចក្ដីអំពាវនាវណាមួយនៅក្នុងគំនូរនោះទេ។ វិចិត្រករ ក៏មិនចាំបាច់ប្រើសម្ដីទេ គ្រាន់តែប្រើភាសាវិចិត្រសិល្បៈ ប្រើសំឡេងទឹកចិត្ត ឬអារម្មណ៍របស់ខ្លួននៅលើស្នាដៃគំនូរប៉ុណ្ណោះ”។
វិចិត្រករម្នាក់ៗមានរបៀបបង្ហាញអារម្មណ៍ៈផ្ទាល់ខ្លួន ប៉ុន្តែស្នាដៃទាំងនោះ បានបង្កើតជាលំហូរតែមួយអំពីទឹកដីនិងមនុស្សវៀតណាម។ ចាប់ពីគំនូរព្រាង ដំបូងនៃវិចិត្រសិល្បៈបដិវត្តន៍ រហូតដល់វិចិត្រសិល្បៈសហសម័យ វិចិត្រករពីជំនាន់មួយទៅជំនាន់មួយ នៅតែបន្តស្វែងរករូបភាពនៃសម័យកាល ដោយផ្សារភ្ជាប់សិល្បៈជាមួយជីវិតប្រជាជាតិ។ ខ្សែបន្ទាត់ ពណ៌ និងរូបរាងដែលបង្កើតឡើងដោយទេពកោសល្យ ការខិតខំប្រឹងប្រែង រហូតដល់ការលះបង់នៃវិចិត្រករជាច្រើនជំនាន់ បានរួមចំណែកដល់ការពូនជ្រុំលំហូរវប្បធម៌វៀតណាមទាំងមូល៕
