មិនត្រឹមតែជាកន្លែងសម្រាប់ជួញដូរប៉ុណ្ណោះទេ លំហតូចៗទាំងនេះថែមទាំងឆ្លុះបញ្ចាំងពីវប្បធម៌ និងជីវភាពខាងស្មារតីរបស់មនុស្សជាច្រើនជំនាន់ ដោយផ្ទុកនូវតម្លៃជាច្រើនដែលត្រូវថែរក្សា។
ឆ្លងកាត់ច្រកតូចចង្អៀតមួយ ជាមួយនឹងក្លិនដីសើម ភ្លើងពណ៌លឿង និងជណ្តើរតូចមួយ មាន
ផ្ទះមួយជាន់ដែលគ្របដណ្ដប់ដោយថ្នាំលាបពណ៌ខៀវ។ នេះគឺជាហាងលក់សៀវភៅ ម៉ាវ (Mao) ដែលជាហាងលក់សៀវភៅមួយក្នុងចំណោមហាងលក់សៀវភៅចំណាស់ជាងគេ នៅលើវិថី ឌិញឡេ ទីក្រុងហាណូយ។ ដោយមានវត្តមានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ហាងលក់សៀវភៅនេះ
គឺជាគោលដៅដែលធ្លាប់ស្គាល់របស់អ្នកអានជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ។ នៅទីនេះ កម្រាលផ្ទះ ធ្នើរសៀវភៅ និងពិដាន សុទ្ធតែត្រូវបានធ្វើពីឈើ។ សៀវភៅត្រូវបានចាត់ថ្នាក់ជាផ្នែកៗ ដើម្បីឲ្យអ្នកអានអាចស្វែងរកបានយ៉ាងងាយស្រួល។ អ្នកស្រី ង៉ុកអាញ កូនស្រីរបស់ម្ចាស់ហាងលក់សៀវភៅ ម៉ាវ បាននិយាយថា៖
«ទាក់ទងនឹងភាសានៃសៀវភៅចាស់ៗ កាលពីអតីតកាល អ្នកប្រាជ្ញត្រូវបានបណ្តុះបណ្តាលយ៉ាង
ល្អ និងស្រាវជ្រាវភាសាយ៉ាងហ្មត់ចត់។ ទាក់ទងនឹងការបកប្រែ ទោះបីជាស្នាដៃដូចគ្នាក៏ដោយ ប៉ុន្តែការបកប្រែសម័យបុរាណនិងសម័យទំនើបក៏មានភាពខុសគ្នាខ្លាំងដែរ។ ក្រៅពីនោះ ក្លិនក្រដាសនៃសៀវភៅចាស់ៗពិតជាទាក់ទាញ។ តម្លៃនៃសៀវភៅចាស់គឺខុសពីសៀវភៅថ្មី សៀវភៅអូឌីយ៉ូ ឬសៀវភៅអេឡិចត្រូនិច»។
ក្រៅពីចំណេះដឹង សៀវភៅចាស់ៗក៏ឆ្លុះបញ្ចាំងពីជីវភាពសង្គម និងវប្បធម៌នៃសម័យកាលប្រវត្តិ
សាស្ត្រនីមួយៗផងដែរ។ សម្រាប់អ្នកស្រាវជ្រាវ និងអ្នកសម្រាំងជាច្រើន ហាងលក់សៀវភៅចាស់ៗគឺជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបាន សម្រាប់ស្វែងរកឯកសារកម្រ។ លោក ក្វាន វីមៀន (Quan Vi Mien) អ្នកស្រាវជ្រាវភាសាម្នាក់ដែលមានអាយុជិត ៨០ ឆ្នាំ បានចែករំលែកថា៖
«សៀវភៅចាស់ៗនាំមកនូវការចងចាំអនុស្សាវរីយ៍ពីយុវវ័យរបស់ខ្ញុំ។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ - ១៩៧០ សៀវភៅកម្រណាស់។ មានសៀវភៅដែលខ្ញុំបានអានក្នុងអតីតកាលហើយ ដែលខ្ញុំនៅតែ
ចងចាំ។ ប្រសិនបើខ្ញុំរកឃើញ ខ្ញុំនឹងទិញតែម្ដង។ សៀវភៅចាស់ៗមានគុណភាពខ្ពស់ទាំងខាងអក្សរសាស្ត្រ និងវិទ្យាសាស្ត្រ។ នៅពេលសរសេរអត្ថបទស្រាវជ្រាវ ខ្ញុំតែងដកស្រង់ចេញពីសៀវភៅចាស់ៗ»។
នៅពីក្រោយហាងលក់សៀវភៅចាស់ៗនីមួយៗ គឺជាមនុស្សដែលកំពុងរក្សាការចងចាំដោយស្ងៀមស្ងាត់។ ម្ចាស់ហាងជាច្រើនបានប្រកបរបរនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយចំណាយពេលវេលាភាគច្រើន សម្រាប់ប្រមូល ចាត់ថ្នាក់ អភិរក្ស និងស្វែងរកសៀវភៅដ៏មានតម្លៃ។ ការងារនេះមិននាំមកនូវប្រាក់ចំណេញច្រើននោះទេ ប៉ុន្តែវាត្រូវបានទ្រទ្រង់ដោយសេចក្តីស្រឡាញ់ចំពោះសៀវភៅ និងបំណងប្រាថ្នាចង់ថែរក្សាតម្លៃដែលកំពុងរសាត់បាត់ទៅបន្តិចម្តងៗ។
“មនុស្សជាច្រើនចង់ស្វែងរកសៀវភៅដែលពួកគេធ្លាប់អាន។ សៀវភៅដែលពួកគេចូលចិត្តតាំងពីកុមារភាព ប៉ុន្តែបានបាត់បង់ទៅតាមពេលវេលា។ សៀវភៅចាស់ៗមានស្លាកស្នាមនៃពេលវេលា ក៏ដូចជាផ្ទុកការចងចាំអនុស្សាវរីយ៍ផងដែរ។”
“ឥឡូវនេះ នៅពេលដែលវប្បធម៌សោតទស្សន៍ មានភាពទាក់ទាញជាងវប្បធម៌អាន ការដែល
យុវជននៅតែរក្សាវប្បធម៌អានពិតជាប្រការដ៏គួរឲ្យលើកទឹកចិត្តណាស់។”
ការអភិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលមិនធ្វើឱ្យហាងលក់សៀវភៅចាស់ៗ បាត់បង់ភាពទាក់ទាញ
ចំពោះយុវជននោះទេ។ យុវជនជាច្រើនបានមករកកន្លែងទាំងនេះមិនត្រឹមតែដើម្បីទិញសៀវភៅក្នុងតម្លៃសមរម្យប៉ុណ្ណោះទេ ថែមទាំងដើម្បីស្វែងរកបទពិសោធន៍ដ៏ខុសប្លែកទៀតផង។ ជំនួសឱ្យការរមូរតាមអេក្រង់ទូរសព្ទដៃ ពួកគេចំណាយពេលជាច្រើនម៉ោងដើម្បីស្វែងរកសៀវភៅដែលសមនឹងចំណងចំណូលចិត្ត។ ការប៉ះដៃលើក្រដាស ហិតក្លិនទឹកថ្នាំដែលបានរសាយពណ៌នាំមកនូវអារម្មណ៍ពិតៗ។ សម្រាប់ពួកគេ ការរកឃើញសៀវភៅដ៏មានតម្លៃគឺដូចជាការវិលត្រឡប់ទៅរកតម្លៃចាស់វិញអញ្ចឹង។
“តាំងពីតូច ឪពុកម្តាយបានបង្កើតទម្លាប់អានសៀវភៅឱ្យខ្ញុំ។ មានសៀវភៅដែលឪពុកម្តាយ
ទិញឱ្យខ្ញុំ ឬខ្ញុំធ្លាប់អាននៅបណ្ណាល័យ ប៉ុន្តែរកមិនឃើញក្នុងហាងលក់សៀវភៅថ្មីៗ។ ពេលខ្ញុំអាន
សៀវភៅចាស់ៗ ខ្ញុំមានអារម្មណ៍ថា កំពុងវិលត្រឡប់ទៅកុមារភាពវិញ ពេលដែលគ្រួសារទាំងមូលអានសៀវភៅជាមួយគ្នា។ ពេលខ្ញុំរកឃើញសៀវភៅដែលខ្ញុំធ្លាប់អានកាលពីនៅក្មេង ខ្ញុំហាក់ដូចជាចង់ស្រក់ទឹកភ្នែក ព្រោះបានរកឃើញអ្វីៗដែលខ្លួនបានបាត់បង់។”
"ខ្ញុំមករកសៀវភៅចាស់ៗ ព្រោះវាមានស្មារតីដ៏ខុសប្លែកខ្លាំងណាស់។ មានស្នាដៃបោះពុម្ព
ឡើងវិញ ជាមួយនឹងការរចនាគម្របដ៏ស្រស់ស្អាត និងភាសាពិរោះល្អ ដែលឥឡូវនេះលែងមានទៀតទេ"។
ហាងលក់សៀវភៅចាស់ៗក៏ជាកន្លែងដែលការសន្ទនាអំពីអក្សរសិល្ប៍ ប្រវត្តិសាស្ត្រ ឬសិល្បៈ
ប្រព្រឹត្តទៅផងដែរ។ នៅក្នុងលំហនោះ ចំណេះដឹងត្រូវបានរីកសាយភាយតាមរបៀបធម្មជាតិ និងស្និទ្ធស្នាលរួមចំណែកដល់ការចិញ្ចឹមបីបាច់វប្បធម៌អាននៅក្នុងសង្គមមួយដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស៕
