ការកសាងប្រព័ន្ធមូលដ្ឋានទិន្នន័យដែលប្រើប្រាស់រួម ក៏ដូចជាការបង្កើនប្រសិទ្ធភាពតម្លៃទាំងនេះទៅជាទ្រព្យសម្បត្តិបញ្ញា គឺជាទិសដៅយុទ្ធសាស្ត្រដែលវៀតណាមកំពុងអនុវត្តន៍យ៉ាងសកម្ម។

កេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam បានធ្វើឌីជីថលូបនីយកម្មនូវវត្ថុបុរាណចំនួន ១២៣ ដោយជោគជ័យ (រួមទាំងសិលាចារឹកបណ្ឌិតចំនួន ៨២ ផ្ទាំង បន្ទះក្ដារឆ្លាក់ពាក្យឆ្លើយឆ្លង វត្ថុបុរាណដែលបានជីកកកាយ កណ្តឹង ជាដើម) ហើយបានអនុវត្តន៍បច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា ផែនទី 3D, AI និង AR ដើម្បីឧទ្ទេសនាមដល់អ្នកទស្សនាអំពីបទពិសោធន៍ពហុវិមាត្រទាក់ទងនឹងខ្លឹមសារនៃលទ្ធិខុងជឺ។ លោកបណ្ឌិត ង្វៀន វ៉ាន់ទូ នាយករងមជ្ឈមណ្ឌលវប្បធម៌និងវិទ្យាសាស្ត្រ Van Mieu – Quoc Tu Giam បានឲ្យដឹងថា៖

"ការនាំយកកេរ្តិ៍ដំណែលចូលក្នុងលំហឌីជីថល ដែលគ្មានព្រំដែនទេ។ ដើម្បីរក្សាបាននូវកម្មសិទ្ធិអ្នកនិពន្ធ និងអត្តសញ្ញាណរបស់យើង ដំបូងឡើយ ព័ត៌មានដែលយើងបង្ហោះឡើង ត្រូវតែជាព័ត៌មានដ៏ពិសេសអំពីកេរ្តិ៍ដំណែលនិងវប្បធម៌វៀតណាម។ ទីពីរ យើងត្រូវតែមានវិធានការដើម្បីការពារកេរ្តិ៍ដំណែលទាំងនេះ និងកម្មសិទ្ធិអ្នកនិពន្ធ។ ការទាញយកទិន្នន័យនោះជួយអ្នកដទៃ យល់ដឹងបន្ថែមអំពីប្រទេសយើង វប្បធម៌វៀតណាម និងធ្វើឱ្យភ្ញៀវទេសចរចង់មកទស្សនាដោយផ្ទាល់”។

រដ្ឋាភិបាលបានកំណត់ការបង្កើតកម្មសិទ្ធិអ្នកនិពន្ធនៃបេតិកភណ្ឌនិយាយដោយឡែក ឬអធិបតេយ្យភាពវប្បធម៌នៅក្នុងលំហឌីជីថលនិយាយរួម គឺជាខ្លឹមសារដ៏សែនសំខាន់ក្នុងការកសាងវប្បធម៌វៀតណាមជឿនលឿន និងសម្បូរទៅដោយអត្តសញ្ញាណជាតិ។ លំហឌីជីថល មិនត្រឹមតែជាកន្លែងសម្រាប់នាំយកតម្លៃវប្បធម៌ ទៅក្នុងលំហអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវក្លាយជាកន្លែងដែលវប្បធម៌វៀតណាមត្រូវបានបង្ហាញ ស្គាល់ កោតសរសើរ រីកសាយភាយ និងមានសមត្ថភាពចូលរួមតំរង់ទិសសម្រាប់តម្លៃសង្គមទៀតផងដែរ។ លោកបណ្ឌិត Tran Hau Yen The គ្រូបង្រៀននៅសាលាវិទ្យាសាស្ត្រអន្តរផ្នែកនិងសិល្បៈ នៃសាកលវិទ្យាល័យជាតិហាណូយ បានលើកទស្សនៈថា៖

“ជាមួយនឹងដំណើរការឌីជីថលូបនីយកម្មបែបនេះ មានបញ្ហាប្រឈមមួយ។ វាលើសពីដែនកំណត់ទាំងអស់ ដូច្នេះតើកម្មសិទ្ធិអ្នកនិពន្ធនៅឯណា? យើងកំណត់តម្លៃរបស់យើង ប៉ុន្តែយើងត្រូវតែកំណត់អត្តសញ្ញាណកេរ្តិ៍ដំណែល និងបេតិកភណ្ឌទាំងនេះ មានប្រភពមកពីប្រទេសវៀតណាម ដោយគ្មាននរណាម្នាក់អាចជំនួស ឬផ្លាស់ប្តូរការកំណត់អត្តសញ្ញាណប្រភពដើមនៃបេតិកភណ្ឌទាំងនេះបានទេ។ ដោយមានការគាំទ្រពីបច្ចេកវិទ្យា blockchain បេតិកភណ្ឌត្រូវបានប្រគល់ជូនដល់ដៃភ្ញៀវទេសចរដោយផ្ទាល់។ សំខាន់ជាងនេះទៅទៀត បញ្ហាដ៏ក្តៅគគុកមួយនាពេលបច្ចុប្បន្នគឺថា ការពង្រីកតម្លៃវប្បធម៌របស់វៀតណាមក៏ដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវការពារតម្លៃទាំងនោះផងដែរ”។

ផលិតផលវប្បធម៌ដែលមានគុណសម្បត្តិក្នុងបច្ចេកវិទ្យា វេទិកា និងសមត្ថភាពចែកចាយទូទាំងពិភពលោក កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការយល់ដឹង ចំណងចំណូលចិត្ត និងរបៀបរស់នៅ ជាពិសេសសម្រាប់មនុស្សជំនាន់វ័យក្មេង។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Hoai Son សមាជិកនៃគណៈកម្មាធិការវប្បធម៌សង្គមនៃរដ្ឋសភា បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីទាំងស្រុង៖

"បញ្ញាសិប្បនិម្មិត និងទិន្នន័យធំជួយរដ្ឋ និងអង្គភាពពាក់ព័ន្ធ ដែលចូលរួមផ្សព្វផ្សាយរូបភាពជាតិ ធ្វើរឿងសំខាន់ៗចំនួន៣៖ មនុស្សត្រឹមត្រូវ ពេលវេលាត្រឹមត្រូវ និងរបៀបត្រឹមត្រូវ។ ប៉ុន្តែនៅទីនេះ ខ្ញុំក៏ចង់បន្ថែមថា បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះ កត្តាសម្រេចកំណត់នៅតែជាខ្លឹមសារដ៏មានតម្លៃ ខ្លឹមសារដែលមានអារម្មណ៍ សច្ចភាព និងស្ដង់ដារ។ ប្រព័ន្ធអេកូឡូស៊ីឌីជីថលជាតិរឹងមាំ លុះត្រាតែត្រូវបានចិញ្ចឹមបីបាច់ដោយក្រុមអ្នកបង្កើតមាតិការពហុភាសាដែលមានការយល់ដឹងជ្រៅជ្រះពីវប្បធម៌អន្តរជាតិ មានក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងបរិយាកាសឌីជីថលប៉ុណ្ណោះ។"

ដូច្នេះ ការទាញយកអត្ថប្រយោជន៍ពីវេទិកាឌីជីថលប្រកបដោយប្រសិទ្ធភាព គឺជារបៀបដែលយើងកំពុងនិទានរឿងអំពីប្រទេសវៀតណាមតាមលក្ខណៈផ្ទាល់ខ្លួន ដោយនិទានតាមរយៈមុខមនុស្ស ដំណើរ បទពិសោធន៍ពិតៗពហុភាសា និងពហុទម្រង់ (វីដេអូខ្លីៗ ផតខាស ហ្គេម បញ្ញាសិប្បនិម្មិត ទេសចរណ៍ AR)។ លោក Cao Le Tuan Anh ប្រធានការិយាល័យ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានឲ្យដឹងថា៖

«ទាក់ទងនឹងសមត្ថភាពក្នុងការបង្កើតផលិតផលដែលមានសក្តានុពលក្លាយជាម៉ាកយីហោជាតិ និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ផ្នែកវប្បធម៌នឹងបង្កើតជាគម្រោង កម្មវិធី និងខ្លឹមសារជាក់លាក់ រួមជាមួយនឹងផែនទីបង្ហាញផ្លូវអនុវត្ត»។

ក្រៅពីការធ្វើសុក្រិតច្រករបៀងផ្នែកច្បាប់ឲ្យបានឆាប់ សម្រាប់ការការពារ ការគ្រប់គ្រង និងការធ្វើអាជីវកម្មនូវសិទ្ធិកម្មសិទ្ធិបញ្ញាលើបេតិកភណ្ឌឌីជីថលនោះ ចាំបាច់ត្រូវកសាងយន្តការសម្រាប់ការចែកចាយអត្ថប្រយោជន៍ប្រកបដោយភាពសុខដុមរមនាក្នុងរដ្ឋ សហគមន៍ សិល្បករ អ្នកស្រាវជ្រាវ និងអាជីវកម្ម។ ក្នុងពេលជាមួយគ្នានេះ ត្រូវជំរុញយ៉ាងខ្លាំងក្លានូវការរួមបញ្ចូលសម្ភារៈវប្បធម៌វៀតណាមទៅក្នុងឧស្សាហកម្មច្នៃប្រឌិតដូចជា ភាពយន្ត តន្ត្រី ការរចនា ហ្គេម និងទេសចរណ៍... ដើម្បីឱ្យលំហូរបេតិកភណ្ឌត្រូវបានកកើតឡើងវិញ រីកសាយភាយ និងបង្កើតតម្លៃថ្មីៗដោយឥតឈប់ឈរនៅក្នុងជីវភាពសម័យទំនើប៕