ម្រោង "ធ្វើឌីជីថលូបនីយកម្មសាស្ត្រាស្លឹករឹត" ត្រូវបានចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ ២០២៥ ដោយមានការឧបត្ថម្ភធនពីមូលនិធិកាណាដាសម្រាប់គំនិតផ្តួចផ្តើមមូលដ្ឋាន នៅតំបន់ដីសណ្ដទន្លេ Cuu Long។ (រូបថត៖ VOV)

សាស្ត្រាស្លឹករឹត គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដោយបង្កប់នូវតម្លៃខាងវប្បធម៌ បច្ចេកទេស វិចិត្រកម្ម សិល្បៈ ហើយមានអត្ថន័យសំខាន់នៅក្នុងជីវភាពខាងវិញ្ញាណ និងជំនឿសាសនារបស់ជនរួមជាតិខ្មែរណាមបូ។ បច្ចុប្បន្ននេះ សាស្ត្រាស្លឹករឹតកំពុងប្រឈមមុខនឹងហានិភ័យនៃការខូចខាតដោយសារតែផលប៉ះពាល់ពីបរិស្ថាន។ ជាពិសេស បច្ចេកទេសចារអក្សរលើស្លឹករឹត កំពុងរសាត់បាត់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយយល់ឃើញពីសារៈសំខាន់នោះ គម្រោង "ធ្វើឌីជីថលូបនីយកម្មសាស្ត្រាស្លឹករឹត" ត្រូវបានបង្កើតឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអនុវត្តន៍គម្រោងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន។ លោកបណ្ឌិត Huynh Sang អនុប្រធានការិយាល័យរដ្ឋបាល នៃសាលាភាសា-វប្បធម៌-សិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្របានឲ្យដឹងថា៖

ទិន្នន័យឌីជីថលទាំងនេះនឹងក្លាយជាប្រភពឯកសារដ៏សម្បូរបែប ដែលជួយគ្រូបង្រៀន និងនិស្សិត អាចប្រៀបធៀប និងផ្ទៀងផ្ទាត់ការវិវឌ្ឍនៃភាសាខ្មែរតាមសម័យកាលនានា។

ក្រៅពីការអភិរក្ស គម្រោងនេះក៏បើកចេញឱកាសដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវ និងការបណ្តុះបណ្តាលផងដែរ។ ក្នុងអំឡុងពេលពិនិត្យនិងស្រាវជ្រាវ គម្រោងបានប្រមូលសាស្ត្រាស្លឹករឹតជាង ១៣០០ ក្បាល ដែលស្មើនឹងជាង ៦០.០០០ ទំព័រ។ នេះគឺជាប្រភពនៃឯកសារដែលមានតម្លៃដ៏ធំធេង។ បណ្ឌិត ង៉ោ សុភា នាយិកាសាលាភាសា វប្បធម៌ សិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ បានឲ្យដឹងថា ទិន្នន័យឌីជីថលទាំងនេះនឹងក្លាយជាប្រភពឯកសារដ៏សម្បូរបែប ដែលជួយគ្រូបង្រៀន និងនិស្សិត អាចប្រៀបធៀប និងផ្ទៀងផ្ទាត់ការវិវឌ្ឍនៃភាសាខ្មែរតាមសម័យកាលនានា ពីនោះទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌របស់ជនជាតិខ្លួន៖

“គោលដៅចម្បងនៃគម្រោងនេះគឺដើម្បីអភិរក្សនិងថែរក្សាបេតិកភណ្ឌដ៏មានតម្លៃដែលជីដូនជីតាបានបន្សល់ទុកមក។ តាមនោះ យុវជនជំនាន់ក្រោយ - ជាពិសេសនិស្សិត សិក្ខាកាមនិងកម្មសិក្សាការី - នឹងមានលក្ខខណ្ឌចូលប្រើប្រភពឯកសារទាក់ទងនឹងសាស្ត្រាស្លឹករឹតបុរាណ។ ក្នុងអំឡុងពេលសិក្សា និងស្រាវជ្រាវ ពួកគេអាចប្រៀបធៀបភាសាបុរាណជាមួយភាសាទំនើប ដើម្បីកំណត់ភាពខុសប្លែកគ្នា និងអភិវឌ្ឍន៍ទិសដៅសិក្សាស្រាវជ្រាវដ៏ស៊ីជម្រៅ។ លើសពីនេះ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានទៅក្នុងការងារអភិរក្ស មិនត្រឹមតែជួយថែរក្សាបេតិកភណ្ឌវប្បធម៌ជនជាតិប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការផ្សព្វផ្សាយតម្លៃនោះទៅកាន់សហគមន៍យ៉ាងទូលំទូលាយទៀតផង”។

ដើម្បីធ្វើឌីជីថលូបនីយកម្ម ជំហានដំបូងគឺការអានដើម្បីកំណត់ និងចាត់ថ្នាក់សាស្ត្រាស្លឹករឹត សង្ខេបខ្លឹមសារនៃកម្រងនីមួយៗ។ បន្ទាប់មក ថតរូបដើម្បីបង្កើតមូលដ្ឋានទិន្នន័យ។ បន្ទាប់ពីថតរូបរួច នឹងកែតម្រូវពន្លឺ ប្លង់រូបថត កាត់ និងរៀបចំរូបថត ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតនៅក្នុងគ្រប់ដំណាក់កាល។

លោកគ្រូ គីម សមរិទ្ធី (អាវស) គ្រូបង្រៀនការចារអក្សរខ្មែរលើស្លឹករឹតនៅវត្តស្វាយស (ឃុំទ្រីតុន ខេត្តអានយ៉ាង)។ (រូបថត៖ VOV)

ក្រៅពីការថែរក្សាលើវេទិកាឌីជីថល វត្តព្រះពុទ្ធសាសនាថេរវាទខ្មែរមួយចំនួនក៏ផ្តោតការយកចិត្តទុកដាក់ពិសេសលើការបង្រៀនចំណេះដឹងបុរាណដល់យុវជនជំនាន់ក្រោយផងដែរ។ លោកគ្រូ គីម សមរិទ្ធី គ្រូបង្រៀនការចារអក្សរខ្មែរលើស្លឹករឹតនៅវត្តស្វាយស (ឃុំទ្រីតុន ខេត្តអានយ៉ាង) បានចាត់ទុកថា ការរក្សាទម្លាប់អានសៀវភៅ និងចារអក្សរ នឹងអ្នករៀនឱ្យយល់កាន់តែស៊ីជម្រៅអំពីភាសា និងអក្សរបុរាណ ព្រមទាំងទទួលបានតម្លៃសីលធម៌ និងទស្សនវិជ្ជានៃជីវិតដែលជីដូនជីតាបានប្រៀនប្រដៅក្នុងទំព័រនីមួយៗ។

“ក្នុងនាមជាមនុស្សម្នាក់ដែលមានការជក់ចិត្ត និងធ្លាប់បានរៀនការចារអក្សរលើស្លឹករឹតនោះ ខ្ញុំពិតជាមានបំណងថា យុវជនជំនាន់ក្រោយនឹងមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះការចារអក្សរនិងរៀនអំពីអក្សរខ្មែរបុរាណ។ ក្នុងពេលជាមួយគ្នានោះ ពួកគេនឹងរៀនអំពីរបៀបចារអក្សរលើស្លឹករឹត និងសាស្ត្រាស្លឹករឹតដែលជីដូនជីតាបានបន្សល់ទុកមកផងដែរ”។

ការធ្វើឌីជីថលូបនីយកម្ម រួមជាមួយនឹងការអភិរក្សបែបប្រពៃណី បានបើកវិធីជាច្រើនដើម្បីថែរក្សា និងផ្សព្វផ្សាយតម្លៃនៃសាស្ត្រាស្លឹករឹត។ ដោយមិនស្ថិតស្ងៀមស្ងាត់លើទូឈើទៀតហើយ តម្លៃវប្បធម៌ និងចំណេះដឹងរបស់មនុស្សជំនាន់មុន ឥឡូវនេះអាចបោះជំហានចេញទៅពិភពលោក កាន់តែខិតជិតសហគមន៍ ជាពិសេសយុវជនជំនាន់ក្រោយ តាមនោះរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិជារៀងរហូត៕