សិប្បករវ័យចំណាស់ នៅតែខិតខំបញ្ជូនបច្ចេកទេសធ្វើគ្រឿងកុលាលភាជន៍ប្រពៃណី ខណៈដែលយុវជនជំនាន់ក្រោយរក្សាព្រលឹងនៃសិប្បកម្មដីឥដ្ឋនេះ ដោយអនុវត្តន៍បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកដល់ការផ្សព្វផ្សាយផលិតផល និងពង្រីកទីផ្សារ។

"ខ្ញុំបានរៀនរបរនេះពីលោកស្រី Dang Thi Qua។ បន្ទាប់ពីគាត់បានបង្រៀនខ្ញុំ ខ្ញុំបានយកទៅអនុវត្តន៍ជាក់ស្ដែង​ ធ្វើតម្រាប់តាមអ្វីៗដែលខ្ញុំត្រូវបានរៀន។ ប្រសិនបើខ្ញុំចង់ច្នៃប្រឌិត ខ្ញុំនឹងសួរគាត់។ ខ្ញុំបានចាប់ផ្តើមរៀននៅឆ្នាំ ១៩៧៨-១៩៧៩"។

“ពីមុន ភូមិនេះមានគ្រួសារជាង ១២០ គ្រួសារដែលប្រកបរបរធ្វើគ្រឿងកុលាលភាជន៍ ប៉ុន្តែ
ឥឡូវនេះនៅសល់តិចជាង ២០ គ្រួសារប៉ុណ្ណោះ។ ដោយសារតែវត្ថុធាតុដើមកាន់តែខ្វះខាត និងពិបាករកជាងមុន។ ហើយកាលពីមុន របរធ្វើគ្រឿងកុលាលភាជន៍នេះ​អាចរកស៊ីបានច្រើន ប៉ុន្តែឥឡូវនេះប្រាក់ចំណេញលែងខ្ពស់ទៀតហើយ”។

នេះជាការចែករំលែករបស់លោកស្រី Luong Thi Hoa និងលោក Luong Hung Soi ដែលជា
សិប្បករពីរនាក់នៅក្នុងភូមិគ្រឿងកុលាលភាជន៍ Binh Duc។ ចំពោះពួកគេ តម្លៃនៃគ្រឿងកុលាលភាជន៍ Binh Duc មិនត្រឹមតែស្ថិតនៅក្នុងជម្រៅវប្បធម៌ទាក់ទងនឹងជំនឿសាសនារបស់សហគមន៍ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងរឿងរ៉ាវអំពីកិច្ចខិតខំប្រឹងប្រេងយ៉ាងស្ងប់ស្ងាត់ ក្នុងការអភិរក្សរបរសិប្បកម្មនេះក្នុង លំហូរនៃជីវភាពសម័យទំនើបទៀតផង។

គ្រឿងកុលាលភាជន៍ចាម មិនប្រើតុស្មូនសម្រាប់ផលិតកម្មទេ ដែលបង្កើតជាលក្ខណៈពិសេស
តែមួយគត់។ គ្មានស៊ុមសម្រាប់ស្មូនទេ ផលិតផលទាំងអស់ត្រូវបានធ្វើដោយដៃរបស់ស្ត្រីជនជាតិ
ចាម។ នៅឆ្នាំ ២០១២ "របរសិប្បកម្មធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាមនៃភូមិ Binh Duc ឃុំ Phan Hiep ស្រុក Bac Binh ខេត្តប៊ិញធ្វួនចាស់" ត្រូវបានទទួលស្គាល់ និងដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នៅឆ្នាំ ២០២២ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) បានដាក់បញ្ចូលសិល្បៈធ្វើគ្រឿងកុលាលភាជន៍របស់ជនជាតិចាម ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលចាំបាច់ត្រូវការពារជាបន្ទាន់។ នៅក្នុងបរិបទដែលប្រទេសជាតិកំពុងជំរុញខ្លាំងនូវការផ្លាស់ប្តូរឌីជីថល ភូមិធ្វើគ្រឿងកុលាលភាជន៍ Binh Duc ក៏កំពុងផ្លាស់ប្តូរខ្លួនឯងផងដែរ។ យុវជនជំនាន់ក្រោយកំពុងជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្សបេតិកភណ្ឌ និងផ្សព្វផ្សាយផលិតផលកុលាលភាជន៍ចាម Binh Duc កាន់តែទូលំទូលាយផងដែរ។

អ្នកស្រី Xich Mai Chi កើតក្នុងគ្រួសារមួយដែលធ្វើគ្រឿងកុលាលភាជន៍អស់រយៈពេលច្រើន
ជំនាន់មកហើយ ដូច្នេះអ្នកស្រីបានស៊ាំនឹងក្លិនដីឥដ្ឋ និងផ្សែងពីឡដុតកុលាលភាជន៍។ ប៉ុន្តែជំនួសឱ្យការលក់ទៅឱ្យពាណិជ្ជករដូចមុន ឥឡូវនេះ អ្នកស្រីបានផ្សព្វផ្សាយផលិតផល នៅលើ YouTube, Facebook និង Zalo ហើយទទួលបានការបញ្ជាទិញជាច្រើននៅទាំងក្នុង និងក្រៅខេត្ត។ វីដេអូឃ្លីប ដែលកត់ត្រាការច្របាច់ដីឥដ្ឋ ការស្មូនរូបរាង និងការដុតកុលាលភាជន៍ មិនត្រឹមតែការនិទានរឿងអំពីរបរធ្វើគ្រឿងកុលាលភាជន៍ របស់ជនជាតិចាមប៉ុណ្ណោះទេ ថែមទាំងជួយនាំយកផលិតផលកុលាលភាជន៍ Binh Duc ទៅកាន់ទីផ្សារឆ្ងាយៗទៀតផង។

“គ្រួសារខ្ញុំបានប្រកបមុខរបរធ្វើគ្រឿងកុលាលភាជន៍ជាយូរមកហើយ។ ក្រៅពីរបស់របរប្រពៃណី
ដូចជា ឆ្នាំង ខ្ទះ និងកំសៀវដែលលក់នៅហាង ខ្ញុំក៏បង្ហោះអត្ថបទ និងធ្វើវីដេអូណែនាំផលិតផលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ ហេតុដូច្នេះ អតិថិជន ស្គាល់ដល់យើងកាន់តែច្រើន។ ជាមធ្យមក្នុងមួយខែ ខ្ញុំលក់បានតាមការបញ្ជាទិញជាង ២០០ លើទូទាំងប្រទេស”។

ដោយចែករំលែកសេចក្ដីប្រាថ្នានោះដែរ យោងតាមអ្នកស្រី Dung Nguyen Thi Tuong Von នៅភូមិកុលាលភាជន៍ Binh Duc នៅពេលដែលផលិតផលសិប្បកម្ម ត្រូវបានកែលម្អដោយបទពិសោធន៍ និងពិរពណ៌នាតាមរយៈរឿងរ៉ាវវប្បធម៌ តម្លៃផលិតផលនឹងខ្ពស់ជាង និងមានចីរភាពជាង បើធៀបនឹងការលក់របស់របរប្រើប្រាស់ក្នុងផ្ទះធម្មតា។

“តាំងពីមុនមក គ្រួសារធ្វើគ្រឿងកុលាលភាជន៍នៅក្នុងភូមិ Binh Duc លក់ផលិតផលតាមបែបប្រពៃណីតែប៉ុណ្ណោះ មានន័យថា ពួកគេមានទីផ្សារប្រើប្រាស់ជាក់ស្ដែងមួយ ដូចជាការលក់នៅផ្សារ ឬលក់ទៅឱ្យពាណិជ្ជករ។ ឥឡូវនេះ ត្រូវពង្រីកលើវេទិកាឌីជីថល ដោយចុះឈ្មោះនៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Shopee ឬ Lazada… ដូច្នេះខ្ញុំកំពុងអភិវឌ្ឍន៍តាមទិសដៅនោះ។ គោលដៅគឺធ្វើឱ្យគ្រឿងកុលាលភាជន៍របស់យើង មានតម្លៃសេដ្ឋកិច្ចខ្ពស់ផង និងបញ្ជាក់ពីតម្លៃនៃភូមិគ្រឿងកុលាលភាជន៍ Binh Duc ផង”។

អាជ្ញាធរមូលដ្ឋានកំពុងឆ្លៀតយកប្រភពដើមទុននានា ដើម្បីជួយគាំទ្រដល់ការបណ្តុះបណ្តាល
វិជ្ជាជីវៈ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងភូមិសិប្បកម្ម។ ក្នុងពេលជាមួយគ្នានោះ មូលដ្ឋានក៏ផ្តោតលើការបំពាក់ជំនាញបច្ចេកវិទ្យាព័ត៌មានដល់អ្នកភូមិ ណែនាំពួកគេក្នុងការផ្សាយផ្ទាល់ការលក់ និងផ្សព្វផ្សាយផលិតផលនៅលើវេទិកាឌីជីថលផងដែរ។ លោក Tran Quoc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Bac Binh បានឲ្យដឹងថា៖

"បច្ចុប្បន្ន ភូមិគ្រឿងកុលាលភាជន៍ចាម Binh Duc មាននិន្នាការអភិវឌ្ឍន៍ដ៏ល្អ ជាមួយនឹង
ការរចនាចម្រុះជាងមុន និងទីផ្សារត្រូវបានពង្រីកជាងមុនដែរ។ សំខាន់បំផុតគឺ របរប្រពៃណីត្រូវបានថែរក្សានិងបន្ត តាមរយៈការផ្សព្វផ្សាយ និងលក់ផលិតផលរបស់មនុស្សជំនាន់វ័យក្មេងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម"។

អាស្រ័យដោយមានអ៊ីនធឺណិត ផលិតផលកុលាលភាជន៍ប្រពៃណីរបស់ភូមិ Binh Duc ត្រូវបានមនុស្សស្គាល់ដល់កាន់តែច្រើនឡើងៗ។ ការនាំយកផលិតផលកុលាលភាជន៍ ទៅកាន់លំហឌីជីថល កំពុងបង្កើតការតភ្ជាប់ដ៏រឹងមាំមួយ ដូច្នេះរឿងរ៉ាវអំពីភូមិ របរសិប្បកម្ម និងជំនឿ វប្បធម៌ចាម ត្រូវបានអភិរក្សប្រកបដោយចីរភាព និងរីកសាយភាយកាន់តែទូលំទូលាយ៕