មិនត្រឹមតែចែងពីរបៀបប្រព្រឹត្តរវាងមនុស្សជាមួយមនុស្សប៉ុណ្ណោះទេ បទប្បញ្ញត្តិភូមិ ថែមទាំងរក្សាក្រមសីលធម៌ ទំនៀមទម្លាប់ល្អ និងស្មារតីគ្រប់គ្រងដោយខ្លួនឯងរបស់សហគមន៍នីមួយៗ ដែលត្រូវបានចាត់ទុកជា ក្រមប្រតិបត្តិរបស់ភូមិទៀតផង។ ដោយទទួលមរតកពីតម្លៃស្នូល និងអត្តសញ្ញាណវប្បធម៌នៃភូមិបុរាណ បទប្បញ្ញត្តិភូមិសម័យទំនើប បានបំពេញបន្ថែមស្តង់ដារថ្មី កសាងជីវភាពស៊ីវិល័យ និងរួមចំណែកដល់ការគ្រប់គ្រងសង្គម។

ភូមិ Cu Da ឃុំ Binh Minh ត្រូវបានគេស្គាល់ដល់ជាភូមិមួយក្នុងចំណោមភូមិបុរាណនៅជាយក្រុងហាណូយ ជាមួយភាពភាពសុខសាន្ត ធំទូលាយនិងស្រស់ស្អាត។ មនុស្សរស់នៅជាមួយគ្នាដោយ
សុខដុមរមនា មនុស្សពេញវ័យពេលជួបគ្នា តែងសួរសុខទុក្ខគ្នាទៅវិញទៅមក ខណៈដែលកុមារចេះគួរសមជាមួយមនុស្សចាស់។ របៀបរស់នៅសាមញ្ញនិងតម្លៃទាំងនោះ ត្រូវបានថែរក្សា និងបន្តពីជំនាន់មួយទៅជំនាន់មួយ តាមរយៈទំនៀមទម្លាប់ និងបទប្បញ្ញត្តិភូមិដែលមានតាំងពីជាយូរណាស់មកហើយ។ លោក Nguyen Dang Tuan ជនចាស់ជរាម្នាក់នៅក្នុងភូមិ បានចែករំលែកថា៖

“បទប្បញ្ញត្តិភូមិនេះ ត្រូវបានដូនតាបន្សល់ទុកមកអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។ នេះគឺជាវប្បធម៌ និងបេតិកភណ្ឌរបស់ភូមិ ដែលមានតម្លៃដ៏ធំធេងក្នុងជីវភាពប្រចាំថ្ងៃ។ មនុស្សគ្រប់គ្នាសុទ្ធតែប្រតិបត្តិតាម”។

ក៏ដូចប្រជាជននៅភូមិ Cu Da ដែរ ប្រជាជនជាច្រើននៅភូមិ Tho Khoi ក្នុងសង្កាត់ Long Bien ទីក្រុងហាណូយ ក៏មានមោទនភាពយ៉ាងខ្លាំងចំពោះបទប្បញ្ញត្តិភូមិផងដែរ។ យោងតាមលោក Nguyen Van Dat ជាមនុស្សម្នាក់ដែលមានកិត្យានុភាពនៅក្នុងភូមិ បទប្បញ្ញត្តិភូមិ Tho Khoi មិនត្រឹមតែជាបទប្បញ្ញត្តិអំពីរបៀបរស់នៅប៉ុណ្ណោះទេ ថែមទាំងរក្សាទុកចំណេះដឹងប្រជាប្រិយ និងក្រមសីលធម៌ដែលត្រូវបានសហគមន៍សម្រិតសម្រាំងតាមពេលវេលាទៀតផង។ ប្រហែលជាដោយសារតែវាត្រូវបានបង្កើតឡើងពីការស្រុះចិត្តគំនិតរបស់សហគមន៍ ដូច្នេះបានជាបទប្បញ្ញត្តិភូមិនៅតែរក្សាបាននូវកម្លាំងរស់ អស់រយៈពេលរាប់រយឆ្នាំកន្លងមក។

“បទប្បញ្ញត្តិភូមិ ត្រូវបានចុះហត្ថលេខានិងផ្តិតមេដៃដោយអ្នកមុខអ្នកការនិងព្រឹទ្ធាចារ្យ ចំនួន ៥៨ រូប ដែលប្រមូលផ្ដុំនូវភាពឈ្លាសវៃជាច្រើន មានអត្ថប្រយោជន៍ខ្ពស់ និងបំពេញតាមតម្រូវការនៃជីវភាពសហគមន៍ ដូច្នេះទើបវាមានកម្លាំងរស់យូរអង្វែង។”

ជីវភាពមានការផ្លាស់ប្ដូរ ដូច្នេះបទប្បញ្ញត្តិភូមិក៏ត្រូវបានបំពេញបន្ថែមនូវខ្លឹមសារថ្មីៗ ដើម្បីឲ្យ
សមស្របទៅនឹងតម្រូវការអភិវឌ្ឍន៍នៃតំបន់នីមួយៗ។ នៅភូមិ Tao Duong ឃុំ Dan Hoa ទីក្រុង
ហាណូយ បទប្បញ្ញត្តិភូមិ បានបង្កើតប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរបៀបរស់នៅវប្បធម៌នៅមូលដ្ឋាន។ ហើយដល់សព្វថ្ងៃនេះ ទីនេះបានក្លាយជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានឈានមុខគេនៅទីក្រុងក្នុងការកសាងភូមិវប្បធម៌គំរូ។ លោក Tran Minh Thuat ជាអ្នកភូមិ Tao Duong ឃុំ Dan Hoa ទីក្រុងហាណូយ បាននិយាយថា៖

“បទប្បញ្ញត្តិរបស់យើងឥឡូវនេះចែងថា៖ ការកសាងតំបន់ជនបទថ្មីត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការកសាងវប្បធម៌ស្អាតស្អំ ដោយឃោសនាដល់ប្រជាពលរដ្ឋម្នាក់ៗអំពីការទទួលខុសត្រូវ និងកាតព្វកិច្ច ក្នុងការការពារបរិស្ថាន ដើម្បីឱ្យផ្លូវថ្នល់ក្នុងភូមិតែងតែភ្លឺ បៃតង និងស្រស់ស្អាតជានិច្ច។ ពីរដងជារៀងរាល់ចុងសប្ដាហ៍ គ្រួសារនីមួយៗនឹងបញ្ជូនមនុស្សយ៉ាងហោចណាស់ម្នាក់ឱ្យចូលរួមបោសសម្អាតផ្លូវ និងកន្លែងសាធារណៈ។ របៀបរស់នៅនេះ ត្រូវបានបញ្ចូលទៅក្នុងបទប្បញ្ញត្តិនៃភូមិវប្បធម៌”។

បទប្បញ្ញត្តិភូមិពិតជាជាមានតម្លៃ លុះត្រាតែវាត្រូវបានវាយតម្លៃ និងកែសម្រួលជាប្រចាំ ដើម្បីសមស្របទៅនឹងការពិតជាក់ស្តែង ហើយបំពេញតម្រូវការពិតប្រាកដរបស់សហគមន៍។ យោងតាមលោកសាស្ត្រាចារ្យ បណ្ឌិត Bui Quang Thanh មកពីវិទ្យាស្ថានវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍វៀតណាម ការរួមបញ្ចូលគ្នានៃភូមិតូចៗ បានបង្កើតឱកាសដើម្បីបង្កើនការជួប
ប្រាស្រ័យនិងការបង្រួបបង្រួមវប្បធម៌រវាងបណ្ដាសហគមន៍។

“ការកសាងបទប្បញ្ញត្តិភូមិ និងអនុសញ្ញាវប្បធម៌ថ្មីសម្រាប់អង្គភាពរដ្ឋបាលថ្មីត្រូវតែធានា មូលដ្ឋានស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញរបស់រដ្ឋ ព្រមទាំងត្រូវតែគោរពអត្តសញ្ញាណនៃភូមិនីមួយៗ និងលើកកម្ពស់ភាពចម្រុះវប្បធម៌នៃសហគមន៍នីមួយៗផងដែរ។ ដំណើរការនោះត្រូវទាញយកផលប្រយោជន៍ពីទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ភូមិ ដើម្បីធានាបាននូវតម្លៃស្នូលទាំង៣៖ ការរួបរួមគ្នារបស់សហគមន៍ ការគ្រប់គ្រងដោយខ្លួនឯង និងស្មារតីទទួលខុសត្រូវ”។

នៅមូលដ្ឋានជាច្រើន បទប្បញ្ញត្តិភូមិក៏បានរួមចំណែកដល់ការផ្លាស់ប្តូររបៀបគិតនិងរបៀបធ្វើ
របស់ប្រជាជន ដោយលុបបំបាត់ទំនៀមទម្លាប់ហួសសម័យ ខណៈដែលបង្កើតទំនៀមទម្លាប់ស៊ីវិល័យជាបណ្ដើរៗ។ ការផ្លាស់ប្តូរនោះមិនមកពីបទបញ្ជារដ្ឋបាលទេ ប៉ុន្តែបានចាប់ផ្តើមពីការស្រុះចិត្តគំនិត ពីដំណើរការខិតខំព្យាយាមបញ្ចុះបញ្ចូល ដើម្បីឲ្យប្រជាពលរដ្ឋម្នាក់ៗអាចយល់និងអនុវត្តន៍ជាមួយគ្នា ហើយធ្វើវាក្លាយជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃ សហគមន៍នីមួយៗ៕