តម្លៃស្នូលទាំងនេះកំពុងត្រូវបាន ទីក្រុងហាណូយធ្វើការស្រាវជ្រាវ ដើម្បីរៀបចំសំណុំឯកសារ ដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) សម្រាប់ការទទួលស្គាល់ជា បេតិកភណ្ឌពិភពលោក។
កូល័រ មានទីតាំងពិសេស ដោយធ្លាប់ជារាជធានីនៃរដ្ឋ អូវឡាក់ ក្នុងរាជកាលស្ដេច អានយឿងវឿង ក្នុងសតវត្សទី ៣ មុនគ.ស និងរាជកាល Ngo Quyen (ឆ្នាំ ៨៩៨-៩៤៤)។
តំបន់កេរ្តិ៍ដំណែល កូល័រ បំពេញតាមលក្ខណៈវិនិច្ឆ័យចំនួនពីរសម្រាប់បេតិកភណ្ឌវប្បធម៌
ក្រោមអនុសញ្ញាយូណេស្កូស្តីពីបេតិកភណ្ឌពិភពលោក ដែលកំណត់អត្តសញ្ញាណនៃតម្លៃសកលដ៏
លេចធ្លោ។ លោកសាស្ត្រាចារ្យរង បណ្ឌិត វូ វ៉ាន់ក្វាន់ (Vu Van Quan) ប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រ សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (សាកលវិទ្យាល័យជាតិហាណូយ) បានឲ្យដឹងថា៖
“លក្ខណៈវិនិច្ឆ័យចំនួនពីររបស់អង្គការយូណេស្កូសម្រាប់បេតិកភណ្ឌ កូល័រ គឺថា បេតិកភណ្ឌនេះ
មានភស្តុតាងតែមួយគត់ឬយ៉ាងហោចណាស់មានលក្ខណៈប្លែកពីគេ ទាក់ទងនឹងប្រពៃណីវប្បធម៌ ឬអរិយធម៌មួយដែលនៅតែគង់វង្ស ឬបានវិនាសទៅហើយ។ លក្ខណៈវិនិច្ឆ័យសម្រាប់សំណង់ តំបន់ស្ថាបត្យកម្ម ឬបច្ចេកវិទ្យា ឬទេសភាពដែលបង្ហាញពីសម័យកាលមួយឬច្រើនក្នុងប្រវត្តិសាស្ត្រ
មនុស្សជាតិ”។
មានតម្លៃលេចធ្លោចំនួនប្រាំនៅពេលនិយាយអំពីបេតិកភណ្ឌកំពែង កូល័រ។ ទីមួយ វាគឺជាកំពែងដ៏ធំនិងដើមដំបូងនៅអាស៊ីអាគ្នេយ៍។ ទីពីរគឺរចនាសម្ព័ន្ធដ៏វិសេសវិសាល។ ទីបី បច្ចេកទេសសាងសង់ បានឈានដល់កម្រិតខ្ពស់។ ទីបួន វាបង្ហាញពីភាពសុខដុមរមនាជាមួយធម្មជាតិ និងការសាងសង់ ហើយទីប្រាំ គឺការជះឥទ្ធិពលយូរអង្វែងលើការរៀបចំផែនការមេរាជធានីរបស់វៀតណាម។ កូល័រក៏មិនបង្កប់នូវតម្លៃសកលដ៏លេចធ្លោនៃបេតិកភណ្ឌពិភពលោកផ្សេងទៀតដែលត្រូវបានចុះបញ្ជីរួចហើយនោះទេ។ សាស្ត្រាចារ្យ បណ្ឌិត គ្រូបង្រៀនប្រជាជន ង្វៀន ក្វាងង៉ុក អនុប្រធានសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម បានចាត់ទុកថា៖
"កូល័រ គឺជារាជធានីដំបូង គំរូបំផុត ជាចំណុចកំពូល និងជាការប្រមូលផ្ដុំនៃអរិយធម៌ទន្លេក្រហម។ កំពែងកូល័រ ស្ថិតនៅកណ្តាលនៃតំបន់ដីសណ្តទន្លេក្រហម ដែលមានប្រជាជនរស់នៅច្រើនកុះករ ដូច្នេះវាត្រូវបានជ្រើសរើសជារាជធានី ជាសំណង់យោធាដ៏រឹងមាំ ពហុជាន់ ពហុស្រទាប់ ដែលបង្ហាញពីការអភិវឌ្ឍយោធានៃរដ្ឋអូវឡាក់ លើសឆ្ងាយពីប្រទេសដទៃទៀតនៅក្នុងតំបន់។ អាចនិយាយបានថា កំពែងកូល័រ បានបំពេញតាមលក្ខណៈវិនិច្ឆ័យនៃបេតិកភណ្ឌវប្បធម៌ពិភពលោកមួយ”។
តាមរឿងព្រេងនិទានថា កំពែង កូល័រ មានរង្វង់រាងខ្យង់ចំនួន ៩ ដូច្នេះប្រជាជនពីមុនបានហៅវាថា "កំពែងខ្យង"។ ដោយសារពេលវេលា និងសង្គ្រាម មានតែរង្វង់បីប៉ុណ្ណោះដែលនៅសេសសល់រហូតមកដល់សព្វថ្ងៃនោះគឺ កំពែងខាងក្នុង កំពែងកណ្តាល និងកំពែងខាងក្រៅ។ សាស្ត្រាចារ្យរង បណ្ឌិត តុង ជុងទីន ប្រធានសមាគមបុរាណវិទ្យាវៀតណាម បានឲ្យដឹងថា៖
"បច្ចេកទេសសាងសង់កំពែងកូល័រ ពិតជាអស្ចារ្យណាស់។ ពួកគេបានប្រើប្រាស់ដីជាង ១ លានម៉ែត្រគូបសម្រាប់ការសាងសង់។ ហើយរបៀបជីកប្រឡាយជុំវិញកំពែង សម្រាប់គោលដៅការពារ
ពីការវាយប្រហារ។ បុរាណវិទ្យានៅ កូល័រ ក៏មានបញ្ហាគួរឲ្យកត់សម្គាល់ដែរ។ នៅក្នុងតំបន់កូល័រ គេបានរកឃើញកេរ្តិ៍ដំណែលនៃទីប្រជុំជន រោងលោហធាតុ ផ្នូរ និងឃ្លាំងទ្រព្យសម្បត្តិ ដែលមានកេរ្តិ៍ដំណែលសរុបជាង ២០ បែបនេះ"។
កូល័រ មិនត្រឹមតែជាសំណង់ការពារប៉ុណ្ណោះទេ ប៉ុន្តែជាទេសភាពប្រវត្តិសាស្ត្រដែលត្រូវបានបង្កើតនិងដំណើរការជាកម្មវត្ថុឯកភាពតែមួយ។ សាស្ត្រាចារ្យ បណ្ឌិត ង្វៀន វ៉ាន់គីម អនុប្រធានក្រុមប្រឹក្សា បេតិកភណ្ឌវប្បធម៌ជាតិ បានចាត់ទុកថា៖
"តំបន់កេរ្តិ៍ដំណែលកូល័រ គឺជាទីកន្លែងបុរាណវិទ្យាដ៏សំខាន់បំផុតមួយរបស់វៀតណាម និងអាស៊ីអាគ្នេយ៍។ កំពែងកូល័រ ជាមួយនឹងតម្លៃរូបីយ៍ និងអរូបីយ៍របស់វា គឺជាសក្ខីភាពដ៏គួរឱ្យបញ្ចុះបណ្ចូលអំពីការកកើត និងកម្រិតអភិវឌ្ឍន៍ដ៏ពិសេសនៃវប្បធម៌ ដុងសឺន និងរដ្ឋ អូវឡាក់។ នេះគឺជាមូលដ្ឋានដើម្បីត្រៀមរៀបចំសម្រាប់លក្ខណៈវិនិច្ឆ័យជ្រើសរើស និងតម្លៃសកលដ៏លេចធ្លោនៃតំបន់កេរ្តិ៍ដំណែលកូល័រ”។
ទីក្រុងហាណូយកំពុងអនុវត្តន៍ផែនការមេរដ្ឋធានីជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ។ លោក ង្វៀន វ៉ាន់ហ្វុង លេខារងនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ និងជាប្រធានគណៈកម្មាធិការដឹកនាំការអនុវត្តគម្រោងអភិរក្ស ស្តារឡើងវិញ និងលើកកម្ពស់តម្លៃនៃតំបន់បេតិកភណ្ឌព្រះបរមរាជវាំងថាំងឡុង និងតំបន់កេរ្តិ៍ដំណែលកូល័រ បានឲ្យដឹងថា៖
"ចាំបាច់ត្រូវធ្វើផែនការមេ កូល័រ យ៉ាងឆាប់រហ័ស ដាក់លទ្ធផលស្រាវជ្រាវអំពីកូល័រ ជាប្រព័ន្ធ និងដាក់ កូល័រ ក្នុងបរិបទរួមដោយភ្ជាប់ទៅនឹងដំណើរការអភិវឌ្ឍន៍នៃថាំងឡុង - ហាណូយ។ ក្នុងពេលជាមួយគ្នានោះ កសាងគម្រោងធ្វើឌីជីថលូបនីយកម្មឲ្យបានឆាប់ពីព្រោះ នេះគឺរឿងចាំបាច់មិនត្រឹមតែសម្រាប់ការស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងបម្រើការងារអប់រំ ការឃោសនា និងការផ្សព្វផ្សាយតម្លៃដ៏លេចធ្លោនៃកេរ្តិ៍ដំណែលកូល័រផងដែរ។"
កូល័រ គឺជាសំណង់នៃអរិយធម៌ទន្លេក្រហម។ ការដែលទីក្រុងហាណូយដាក់ជូនអង្គការយូណេស្កូ
សម្រាប់ការចុះបញ្ជីជា បេតិកភណ្ឌពិភពលោក គឺសំដៅអះអាងនូវតម្លៃដ៏លេចធ្លោជាសកលនៃរាជធានីបុរាណ ក៏ដូចជាបង្កើតកម្លាំងចលករសម្រាប់ការអភិរក្សបេតិកភណ្ឌប្រកបដោយចីរភាពនៅចំពោះមុខសម្ពាធនៃការធ្វើនគរូបនីយកម្មផងដែរ៕
