ដោយគ្រោងនឹងប្រតិបត្តិការសាកល្បងចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ផែនទីវប្បធម៌ឌីជីថលរបស់វៀតណាម ត្រូវបានរចនាឡើងជាមួយនឹងរចនាសម្ព័ន្ធទំនើប ៥ ស្រទាប់ ដែលជួយប្រជាជនអាចស្វែងរកព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ទាំងអស់ទូទាំងប្រទេសបានយ៉ាងងាយស្រួល ខណៈពេលដែលក៏បង្កើតបណ្តាញអន្តរកម្មប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា)។
រចនាសម្ព័ន្ធចំនួន ៥ ស្រទាប់នៃផែនទីវប្បធម៌ឌីជីថលវៀតណាមរួមមាន៖ វេទិកា ទិន្នន័យ ខ្លឹមសារ ទីផ្សារ និងឧស្សាហកម្មវប្បធម៌។ ការបង្កើតបណ្ដាញព័ត៌មានផ្លូវការមួយ មិនត្រឹមតែជួយជំនះពុះពារលើដែនកំណត់ក្នុងការងារផ្សព្វផ្សាយព្រឹត្តិការណ៍របស់រោងមហោស្រព និងអង្គការសិល្បៈប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកម្លាំងចលករដ៏ធំធេងសម្រាប់សហគ្រាសទៀតផង។ លោក Cao Le Tuan Anh ប្រធានការិយាល័យ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានថ្លែងថា៖
"គោលដៅរយៈពេលវែងនៃផែនទីឌីជីថលនេះគឺផ្តល់នូវយន្តការអន្តរកម្មរវាងរដ្ឋ ប្រជាជន និងសហគ្រាស ដើម្បីបម្រើដល់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌នាពេលអនាគត។ ក្នុងរយៈពេលខ្លីខាងមុខគឺឆ្ពោះទៅទិវាវប្បធម៌វៀតណាមនៅថ្ងៃទី ២៤ ខែវិច្ឆិកា ដែលប្រជាជនអាចក្ដាប់បានពីកន្លែងដែលព្រឹត្តិការណ៍ត្រូវបានធ្វើឡើងនៅឯណា តើវាឥតគិតថ្លៃឬអត់ និងព័ត៌មានជាមូលដ្ឋានផ្សេងទៀត។ តាមការគ្រោងទុក នឹងប្រតិបត្តិការជាសាកល្បងចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ហើយបន្តកែលម្អបន្ថែមទៀតនៅពេលក្រោយមក"។
សារាចរណ៍លេខ៣៥ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្តីពីការរៀបចំទិវាវប្បធម៌វៀតណាម ដោយផ្សាភ្ជាប់នឹងទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូល តម្រូវឱ្យមូលដ្ឋាននីមួយៗជ្រើសរើសសកម្មភាព ផលិតផល រឿងរ៉ាវ ឬលំហវប្បធម៌គំរូយ៉ាងហោចណាស់មួយ ដែលភ្ជាប់ទៅនឹងការជំរុញទេសចរណ៍ និងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌។ ឃុំ ឬសង្កាត់នីមួយៗត្រូវតែមានសកម្មភាព ឬគំរូយ៉ាងហោចណាស់មួយដែរ ដែលត្រូវបានរក្សាបន្ទាប់ពីថ្ងៃនេះ ដើម្បីបង្កើតសកម្មភាពជាប្រចាំ តភ្ជាប់សិល្បករ សាធារណជន និងអាជីវកម្មច្នៃប្រឌិត។
ការបង្កើតផែនទីឌីជីថលនៃវប្បធម៌វៀតណាម នឹងជួយប្រជាជនស្វែងរកព័ត៌មាន ជ្រើសរើស និងចូលរួមក្នុងសកម្មភាពទាំងនេះបានយ៉ាងងាយស្រួល។ ផែនទីឌីជីថលអាចដំណើរការបានយ៉ាងបត់បែនទាំងលើឧបករណ៍កុំព្យូទ័រ និងកម្មវិធីស្មាតហ្វូន។ ដោយឈរលើតម្រូវការវប្បធម៌របស់ប្រជាជន ស្ថាប័នសមត្ថកិច្ចអាចបង្កើតសំណុំសូចនាករវាស់វែងទីផ្សារ ដើម្បីបង្កើតកម្លាំងចលករសម្រាប់ទាក់ទាញការវិនិយោគនៅក្នុងវិស័យវប្បធម៌។ លោកស្រីបណ្ឌិត Nguyen Thi Thanh Hoa អនុប្រធាននាយកដ្ឋានស្រាវជ្រាវវប្បធម៌ វិទ្យាស្ថានវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍វៀតណាម បានចែករំលែកថា៖
"ផ្លាស់ប្តូរវិធីអភិក្រម ហើយយើងផ្លាស់ប្តូរគំរូអភិបាលកិច្ច។ យើងចង់ទាញយកតម្លៃសេដ្ឋកិច្ចនៃវប្បធម៌"។
បច្ចុប្បន្ននេះ គម្រោងថ្មីនេះកំពុងស្ថិតក្នុងដំណើរការសាងសង់។ ដើម្បីអនុវត្តន៍គម្រោង ត្រូវការលក្ខខណ្ឌបច្ចេកទេសជាច្រើន ជាពិសេសទិន្នន័យ។ ប្រភពទិន្នន័យនេះមិនត្រឹមតែត្រូវបានកាន់កាប់ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍ដែលធ្វើឡើងនៅក្នុងមូលដ្ឋានជាក់លាក់ណាមួយ ត្រូវតែធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ដោយមូលដ្ឋាននោះ។
ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កំពុងស្នើឱ្យមូលដ្ឋាននានាផ្តល់និងធ្វើបច្ចុប្បន្នភាពព័ត៌មាន និងទិន្នន័យស្តីពីព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ដែលប្រព្រឹត្តទៅនៅក្នុងខេត្ត និងទីក្រុងរៀងៗខ្លួន។ លោក Cao Le Tuan Anh ប្រធានការិយាល័យ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖
“ប្រជាជននៅទីក្រុងហាណូយ នៅពេលចូលទៅក្នុងតំបន់ហាណូយ វានឹងបង្ហាញពីចំនួនព្រឹត្តិការណ៍ ទីតាំងប្រព្រឹត្តទៅ។ ហើយនៅពេលអ្នកចុចលើ អ្នកអាចទទួលបានតំណភ្ជាប់ រួមទាំង Google Maps ជាមួយនឹងវាលព័ត៌មានជាមូលដ្ឋាន ដូចជាឈ្មោះព្រឹត្តិការណ៍ អត្ថន័យ ទ្រង់ទ្រាយ ពេលវេលាប្រព្រឹត្តទៅ និងតើវាឥតគិតថ្លៃឬអត់។ នៅទីក្រុងដាណាំង យើងនឹងចូលទៅក្នុងតំបន់ដាណាំង។ នៅទីក្រុងហូជីមិញ យើងនឹងចូលទៅក្នុងតំបន់ទីក្រុងហូជីមិញ។ ដូចគ្នានេះដែរចំពោះទីក្រុងក្វាងនិញ និងតំបន់ផ្សេងៗទៀត។ នោះគឺជាគោលដៅដំបូង”។
ផែនទីឌីជីថលឆ្ពោះទៅរកការបម្រើតម្រូវការរបស់សាធារណជនឱ្យបានអតិបរមាក្នុងអំឡុងពេលទិវាបុណ្យវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា)។ ក្នុងរយៈពេលវែង នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញយន្តការអន្តរកម្មពហុវិមាត្រ ដែលរួមចំណែកដល់ការអភិវឌ្ឍដ៏ខ្លាំងក្លានៃឧស្សាហកម្មវប្បធម៌របស់វៀតណាមនៅក្នុងយុគសម័យឌីជីថល៕
