ទូកក្ដោង ៣ សន្លឹក នេះមិនត្រឹមតែបង្កើតឡើងវិញនូវការចងចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបទពិសោធន៍ថ្មី និងប្លែកៗនៅពេលដែលភ្ញៀវទេសចរមកទស្សនាឈូងសមុទ្របេតិកភណ្ឌនេះទៀតផង។
ទូកក្ដារ ៣ សន្លឹក គឺជាមធ្យោបាយប្រពៃណីរបស់ប្រជាជននៅតាមឆ្នេរសមុទ្រភាគខាងជើងប្រទេសវៀតណាម ជាពិសេសនៅតំបន់ ក្វាងអៀន និង ក្វាងនិញ។ ទូកប្រភេទនេះត្រូវបានដំឡើងពីក្ដោងឈើជាប់គ្នា ៣ សន្លឹក រួមមានបាត ១ សន្លឹកនិងសង្ខាង ២ សន្លឹក ប្រើក្ដោងរាងស្លាបប្រចៀវ ដែលល្បីល្បាញជាមួយនឹងសមត្ថភាពបញ្ច្រាសនឹងខ្យល់ ទប់ទល់នឹងរលកសមុទ្រ និងរក្សាតុល្យភាពបានល្អ។
ដំណើរកំសាន្តនេះបើកជាប្រចាំថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ ដំណើរចាប់ផ្តើមចេញពីតំបន់កំពង់ផែដឹកជញ្ជូនរបស់ក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវសមុទ្រ នៅជិតផ្សារហាឡុង១ សង្កាត់ Hong Gai; បន្ទាប់មករត់តាមឆ្នេរសមុទ្រ ហាឡុង ទៅតំបន់សារមន្ទីរ - បណ្ណាល័យ ក្វាងនិញ តំបន់ពីស្ពាន Bai Tho ទៅសារមន្ទីរ មុនពេលត្រឡប់ទៅចំណុចចាប់ផ្តើមវិញ។ លោក Truong Quoc Hung អ្នកស្រុកខេត្ត ក្វាងនិញ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលចូលរួមដំណើរនេះ បានចែករំលែកថា៖
«ពេលដែលខ្ញុំឡើងលើទូក ការចាប់អារម្មណ៍ទីមួយរបស់ខ្ញុំ គឺសម្លៀកបំពាក់ របស់អ្នកបើកទូកជាសម្លៀកបំពាក់ប្រពៃណី។ ក្រៅពីពណ៌បុរាណនៃក្ដោង ភ្ញៀវក៏បានរីករាយជាមួយតែ និងនំពិសេសៗផងដែរ។ លម្អិតតូចៗ ចាប់ពីការរចនារហូតដល់ម្ហូបអាហារ ជួយឱ្យភ្ញៀវទេសចរ ទទួលយកបទពិសោធន៍ពិតប្រាកដអំពីវប្បធម៌ និងជីវភាពនៅឈូងសមុទ្រហាឡុងកាលពីអតីតកាល»។
សម្រាប់អ្នកដែលបានផ្សាភ្ជាប់ជាមួយឈូងសមុទ្រហាឡុងតាំងពីយូរមក រូបភាពនៃក្ដោងស្លាបប្រចៀវ តែងតែរំលឹកអនុស្សាវរីយ៍ជាច្រើន។ ទូកក្ដោង ៣ សន្លឹកគឺជា «ផ្ទះ» នៅលើសមុទ្រ ដែលផ្សាភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់អ្នកនេសាទនៅខេត្តក្វាងនិញអស់រយៈពេលរាប់រយឆ្នាំមកហើយ។ ទូកប្រភេទនេះក៏ត្រូវបានជីដូនជីតាប្រើប្រាស់នៅក្នុងការប្រយុទ្ធ បាចដាំង ដ៏ភ្លុកទឹកភ្លុកដីក្នុងឆ្នាំ ៩៣៨ និងដើម្បីដឹកជញ្ជូនសម្ភារៈសំណង់ក្នុងអតីតកាលផងដែរ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ នៃសតវត្សរ៍មុន ទូកក្ដោង ៣ សន្លឹក ដែលមានក្ដោងពណ៌ត្នោត បានបង្កើតរូបភាព និងខ្សែភាពយន្តដ៏ល្បីល្បាញអំពីតំបន់សមុទ្រ ហាឡុង ដ៏សុខសាន្ត តាមរយៈស្នាដៃរបស់អ្នកថតរូបអន្តរជាតិជាច្រើន។ មនុស្សម្នាក់ក្នុងចំណោមមនុស្សដែលកំពុងថែរក្សាដួងព្រលឹងនៃបេតិកភណ្ឌទូកក្ដោង ៣ សន្លឹក គឺសិប្បករប្រជាជន ឡេ ឌឹកចាន់ ដែលជាកូនចៅជំនាន់ទី ១៧ នៃវង្សត្រកូលដំឡើងទូកប្រពៃណីនៅតំបន់កោះ ហាណាម (ឥឡូវជាសង្កាត់ លៀនហ័រ)។ អស់មួយរយៈ របរដំឡើងទូកឈើប្រពៃណីរបស់គ្រួសារលោក បានប្រឈមនឹងហានិភ័យសាបសូន្យទៅ នៅពេលដែលទូកទំនើបៗបានជំនួសទូកក្ដោងបន្តិចម្តងៗ។ ដើម្បីដំឡើងទូកក្ដោង ៣ សន្លឹក មួយគ្រឿង លោក ចាន់ និងក្រុមជាងឈើពី ៧ ទៅ ៨ នាក់ ត្រូវការពេលវេលាយ៉ាងហោចណាស់មួយខែ។
“ខ្ញុំតែងតែខ្វល់ខ្វាយថា ទូកប្រភេទនេះអាចបាត់បង់ទៅនាពេលអនាគត។ ប៉ុន្តែជាអកុសល្យ ខេត្ត និងអង្គភាពទេសចរណ៍បានគាំទ្រការដំឡើងទូកថ្មី។ នេះគឺជារឿងជោគជ័យបំផុតដែលខ្ញុំអាចជម្រាបដល់ដូនតានិងបុព្វបុរសរបស់ខ្ញុំថា ខ្ញុំបានបំពេញកាតព្វកិច្ចរបស់ខ្លួនហើយ”។
បច្ចុប្បន្ន ក្រុមគ្រួសាររបស់លោក ឡេ ឌឹកចាន់ បានដំឡើងទូកក្ដោង ៣ សន្លឹក ថ្មីចំនួន ៦ គ្រឿង ដើម្បីបម្រើភ្ញៀវទេសចរ។ បន្ទាប់ពី ជិះទូកក្ដោង ៣ សន្លឹក ដែលដំណើរការដោយសាជីវកម្មរវាងក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ក្វាងនិញ និងក្រុមហ៊ុនភាគហ៊ុនទស្សនាវៀតណាម លោក ង្វៀន តាតហៀវ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនទស្សនាវៀតណាម បានឲ្យដឹងថា៖
«ខេត្តក្វាងនិញ គឺជាខេត្តមួយដែលមានទេសចរណ៍រីកចម្រើន ជាមួយនឹងប្រព័ន្ធនាវាទេសចរណ៍ទំនើប ប៉ុន្តែកំពុងខ្វះខាតផលិតផលទាក់ទងនឹងតម្លៃវប្បធម៌ខាងស្មារតីនិងប្រពៃណី។ គោលដៅរបស់យើងគឺខិតខំព្យាយាមថែរក្សា អភិរក្ស និងលើកតម្កើងប្រពៃណីក្នុងស្រុក តាមរយៈការស្ដារឡើងវិញនូវទូកក្ដារ ៣ សន្លឹក។ យើងចង់ជួយសិប្បករមានលក្ខខណ្ឌដើម្បីថែរក្សាសិប្បកម្មរបស់ពួកគេ តាមនោះផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតរបស់ខេត្តក្វាងនិញ ដល់ភ្ញៀវទេសចរ»។
ទូកក្ដោង ៣ សន្លឹក ដែលមានក្ដោងពណ៌ត្នោត និងក្រហម រំលឹកពីការចងចាំអនុស្សាវរីយ៍ នៃឈូងសមុទ្រហាឡុងក្នុងអតីតកាល។ ក្រៅពីទូកក្ដោង ៣ សន្លឹកដែលដំណើរការនៅលើឈូងសមុទ្រហាឡុងនោះ គំរូទូកប្រភេទនេះ ក៏កំពុងក្លាយជាកាដូអនុស្សាវរីយ៍ពិសេស ដែលត្រូវបានភ្ញៀវទេសចរនិយមចូលចិត្តផងដែរ។ លើសពីនេះ ផ្នែកវប្បធម៌ និងទេសចរណ៍នៅមូលដ្ឋាន ក៏កំពុងពិចារណារៀបចំការប្រណាំងទូកក្ដារ ៣ សន្លឹក និងការអញ្ជើញភ្ញៀវទេសចរឱ្យសាកគ្រប់គ្រងក្ដោងដោយខ្លួនឯង តាមនោះប្រែក្លាយបេតិកភណ្ឌមួយដែលហាក់ដូចជាមានតែនៅក្នុងការចងចាំប៉ុណ្ណោះ ទៅជាព្រឹត្តិការណ៍វប្បធម៌កីឡាលំដាប់អន្តរជាតិ៕
