ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែន ក្រោយពីភាគីទាំងពីរមានការខ្វែងគំនិតគ្នាយ៉ាងធ្ងន់ធ្ងររយៈពេលវែង លើបញ្ហាសន្តិសុខនិងភូមិសាស្ត្រនយោបាយយុទ្ធសាស្ត្រជាច្រើន។
ទាហានអ៊ុយក្រែននៅក្នុងការប៉ះទង្គិចមួយនៅក្នុងតំបន់ Zaporizhzhia។ (រូបថត៖ REUTERS) |
ការខូចខាតកើនឡើង
ក្រោយយៈពេល៤ឆ្នាំនៃការប្រយុទ្ធគ្នាយ៉ាងសាហាវ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ ដែលផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនូវស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងពីរនិយាយដោយឡែក ក៏ដូចជាទំនាក់ទំនងអន្តរជាតិនិយាយរួម។
ការបាត់បង់ដ៏ធំបំផុតចំពោះទាំងរុស្ស៊ីនិងអ៊ុយក្រែនគឺការបាត់បង់អាយុជីវិតមនុស្ស។ ទោះបីជាតួរលេខពិតប្រាកដលើចំនួនទាហានដែលបានស្លាប់និងរងរបួស មិនត្រូវបានរុស្ស៊ីឬអ៊ុយក្រែនប្រកាសក៏ដោយ ប៉ុន្តែការស្រាវជ្រាវឯករាជ្យដោយវិទ្យាស្ថានស្រាវជ្រាវជាច្រើននៅលើពិភពលោក បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ី និងអ៊ុយក្រែនរាប់លាននាក់បានស្លាប់ឬរងរបួស។ ចំនួនជនស៊ីវិលដែលបានស្លាប់នៅក្នុងជម្លោះនេះក៏បានឡើងដល់រាប់ម៉ឺននាក់ផងដែរ។ សម្រាប់ប្រទេសអ៊ុយក្រែន ចំនួនអ្នកស្លាប់ដោយសារជម្លោះ និងការផ្លាស់ទីរបស់មនុស្សរាប់លាននាក់ទៅកាន់ប្រទេសដទៃទៀតអាចបណ្ដាលឲ្យចំនួនប្រជាជនរបស់ប្រទេសនេះពិបាកងើបឡើងវិញ។ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា៖
“ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ពោលគឺក្នុងរយៈពេលត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ ចំនួនជនពិការនៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើងជិត ៤ សែននាក់ ដោយសារតែជម្លោះនេះ។ បញ្ហាមិនត្រឹមតែស្ថិតនៅក្នុងតួរលេខនោះទេ ថែមទាំងជាកង្វះខាតនៃជំនួយឧបត្ថម្ភ អសមត្ថភាពក្នុងការធ្វើដំណើរដោយសេរី កង្វះខាតធនធានចាំបាច់ដើម្បីជួយឧបត្ថម្ភជនពិការ... ដូច្នេះ នៅពីក្រោយតួរលេខទាំងនេះ មានរឿងរ៉ាវធំជាងនេះទៅទៀត”។
ជម្លោះដ៏អូសបន្លាយនេះក៏បានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរយ៉ាងធ្ងន់ធ្ងរផងដែរ។ នៅអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ តួរលេខថ្មីបំផុតដែលចេញផ្សាយដោយធនាគារពិភពលោកកាលពីថ្ងៃទី២៣ ខែកុម្ភៈ បង្ហាញថា ការចំណាយលើការកសាងប្រទេសអ៊ុយក្រែនឡើងវិញនឹងឡើងដល់ ៥៨៨
ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ ចំពោះប្រទេសរុស្ស៊ីវិញ ជម្លោះជាមួយអ៊ុយក្រែនបានធ្វើឲ្យប្រទេសនេះរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីប្រទេសលោកខាងលិច ហើយទោះបីជាសេដ្ឋកិច្ចរុស្ស៊ីនៅតែមានស្ថេរភាពក្នុងរយៈពេល៤ឆ្នាំកន្លងមកក៏ដោយ សម្ពាធពីទណ្ឌកម្មទាំងនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងរយៈពេលវែង ទណ្ឌកម្មទាំងនេះនឹងបង្កើតឧបសគ្គដ៏ធំមួយចំពោះកំណើនស្ថិរភាពរបស់រុស្ស៊ី ហើយបង្កហានិភ័យដ៏ធំអំពីអតុល្យភាពសេដ្ឋកិច្ច។
ជំនួបចរចាត្រីភាគីរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែននៅ UAE កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦។ (រូបថត៖ Hamad Al Kaabi/UAE Presidential Court/Handout via REUTERS) |
សំណួរអំពីពេលវេលា
នៅពេលដែលជម្លោះបង្ហូរឈាមបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកបានឆ្លងកាត់ឆ្នាំទី៤ សំណួរដែលមនុស្សគ្រប់គ្នាចង់បានចម្លើយគឺថា៖ តើជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅពេលណា? យោងតាមលោក Samir Puri អ្នកវិភាគនយោបាយ និងជាអ្នកជំនាញអំពីសង្គ្រាមនៅសាលា King's College ក្នុងទីក្រុងឡុងដ៍បានឲ្យដឹងថា គ្មាននរណាម្នាក់អាចផ្តល់ចម្លើយច្បាស់លាស់បានទេ ពីព្រោះប្រវត្តិសាស្ត្រពិភពលោកបង្ហាញថា ការចរចាក្នុងអំឡុងពេលដែលភាគីទាំងពីរនៅតែប្រឈមមុខដាក់គ្នាច្រើនតែអូសបន្លាយ និងពោរពេញទៅដោយភាពមិនប្រាកដប្រជា។ អ្នកជំនាញ Samir Puri បានធ្វើអត្ថាធិប្បាយថា៖
“ទាក់ទងនឹងគម្លាតនៅក្នុងជំហរចរចារវាងភាគីទាំងពីរ ប្រសិនបើយើងជឿលើអ្វីៗដែលភាគីសហរដ្ឋអាមេរិកបានប្រកាស គឺគម្លាតនេះកំពុងត្រូវបានបង្រួម ហើយមានតែបញ្ហាលំបាកមួយចំនួនតិចប៉ុណ្ណោះដែលត្រូវដោះស្រាយ រួមទាំងបញ្ហាទាក់ទងនឹងទឹកដីនៃតំបន់ Donbass។ ប៉ុន្តែខ្ញុំគិតថា ការពិតនឹងខុសគ្នាច្រើន ប្រសិនបើយើងសួរទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែន។ ជាពិសេសប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ធ្លាប់បានធ្វើសេចក្តីថ្លែងការណ៍ជាច្រើននៅលើបណ្ដាញសង្គមដោយបញ្ជាក់យ៉ាងច្បាស់ថា នៅតែមានភាពខុសគ្នាជាច្រើនរវាងក្រុមចរចាអ៊ុយក្រែន និងក្រុមចរចារុស្ស៊ី”។
ទស្សនៈនេះត្រូវបានចែករំលែកដោយអ្នកជំនាញជាច្រើនរបស់អ៊ុយក្រែន។ យោងតាមលោក Ruslan Bortnik នាយកវិទ្យាស្ថាននយោបាយអ៊ុយក្រែន ការចរចាបច្ចុប្បន្ននៅតែស្ថិតក្នុងដំណាក់កាលស្វែងយល់ប៉ុណ្ណោះ ហើយថា តើរុស្ស៊ីនិងអ៊ុយក្រែនអាចឈានដល់កិច្ចព្រមព្រៀងដោយផ្ទាល់ឬអត់ នៅតែជាសំណួរដ៏ធំមួយ។
“ជាអកុសល មិនទាន់មានកិច្ចព្រមព្រៀងជាក់ស្តែងណាមួយលើបញ្ហាយុទ្ធសាស្ត្រណាមួយនៅឡើយទេ។ បញ្ហានយោបាយនានាមិនទាន់ត្រូវបានពិចារណាដែរ។ បញ្ហាអំពីការគ្រប់គ្រងទឹកដី ការធានាសន្តិសុខយោធា-នយោបាយ-សន្តិសុខ នៅតែជាបញ្ហាសម្ងាត់រវាងប្រមុខរដ្ឋ។ លើសពីនេះ ភាគីអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាបញ្ហាទាំងនេះត្រូវបានដោះស្រាយក៏ដោយ ក៏វាត្រូវតែធ្វើឡើងក្រោមក្របខ័ណ្ឌ និងទម្រង់ដូចគ្នានឹងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិពីមុនដែរ ពោលគឺក្នុងទម្រង់ជាកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី”។
នៅពេលដែលការចរចាមិនអាចសម្រេចបានការទម្លុះទម្លាយណាមួយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា តំណភ្ជាប់ក្នុងការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចស្ថិតនៅក្នុងរបៀបដែលមហាអំណាចពិភពលោក ជាពិសេសសហរដ្ឋអាមេរិករុស្ស៊ី និងចិន កំណត់រូបរាងទំនាក់ទំនងរបស់ពួកគេនាពេលអនាគតយ៉ាងដូចម្ដ៉េច។ យោងតាមលោក Oleh Saakian អ្នកវិភាគនយោបាយនៅទីក្រុងគៀវ (អ៊ុយក្រែន) ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា នឹងមានសារៈសំខាន់ខ្លាំងសម្រាប់ការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន ពីព្រោះប្រទេសចិនត្រូវបានចាត់ទុកថា ជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

