ក្រោយរយៈពេល ១៨ឆ្នាំ នៃការអនុវត្តណ៍ ច្បាប់ស្តីពីស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេស ដែលចូលជាធរមានតាំងពីឆ្នាំ ២០០៧ លែងសមស្របទៀតហើយ។ នៅចំពោះមុខតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន ធ្វើវិសោធនកម្មច្បាប់គឺជាតម្រូវការបន្ទាន់។
ច្បាប់វិសោធនកម្មផ្តោតលើខ្លឹមសារសំខាន់ៗដូចជា៖ ធានាការជំរុញសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ការអនុវត្តយ៉ាងពេញលេញនូវការសន្យាអន្តរជាតិស្តីពីតម្លាភាព ការវាយតម្លៃ ការប្រកាសស្តង់ដារជាតិ ការចេញផ្សាយស្តង់ដារជាតិ និងស្តង់ដារមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពក្នុងការកសាងនិងគ្រប់គ្រងស្តង់ដារមូលដ្ឋានតាមទិសដៅតឹងរ៉ឹងជាង។ លោក Ha Minh Hiep អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានស្តង់ដារ វាស់វែងគុណភាព សមាជិកនៃគណៈកម្មាធិការរៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្ម បានមានប្រសាសន៍ថា៖ “យើងខ្ញុំកំណត់ថា បច្ចុប្បន្ននេះ ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ស្តង់ដាររបស់វៀតណាមត្រូវការកែសម្រួលឱ្យបានសមស្រប ដើម្បីទទួលបានបទប្បញ្ញត្តិនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ នោះគឺជាគោលដៅមួយដែលត្រូវបានដាក់ចេញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលខាងមុខ” ។
រដ្ឋសភាបានពិភាក្សាអំពី ខ្លឹមសារមួយចំនួនដោយមានមតិផ្សេងៗគ្នានៃសេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្តង់ដារ និងបទប្បញ្ញត្តិនាថ្ងៃទី ១០ ឧសភា។ រូបថត៖ quochoi.vn |
ជាក់ស្តែង នាពេលកន្លងទៅ ផលិតផលវៀតណាមនាំចូលទីផ្សារអន្តរជាតិត្រូវតែគោរពតាមស្តង់ដារដ៏តឹងរ៉ឹងនិងមានប្រភពដើមច្បាស់លាស់។ ក្រៅពីការបំពេញក្របខ័ណ្ឌច្បាប់ក្នុងស្រុកស្តីពីស្តង់ដារនិងបទប្បញ្ញត្តិបច្ចេកទេស ច្បាប់វិសោធនកម្ម ក៏មានបទប្បញ្ញត្តិថ្មីៗដែលសមស្របទៅនឹងតថភាពជាក់ស្តែង ដូចជា៖ ការទទួលស្គាល់ជាឯកតោភាគីនូវលទ្ធផលនៃការវាយតម្លៃរបស់អង្គការអន្តរជាតិ និងបរទេស។
នេះជាដំណោះស្រាយដ៏ល្អបំផុត ដើម្បីដោះដ្រាយការលំបាកក្នុងផលិតកម្ម អាជីវកម្ម នាំចូលនិងនាំចេញរបស់សហគ្រាសវៀតណាមក្នុងស្ថានភាពបច្ចុប្បន្ន ជាពិសេសក្នុងបរិបទមានបច្ចេកវិទ្យាទើបលេចចេញមួយចំនួនដែលធនធានក្នុងស្រុកមិនអាចបំពេញតម្រូវការសាកល្បង ផ្តល់វិញ្ញាបនបត្រ និងវាយតម្លៃ ស្របតាមស្តង់ដារអន្តរជាតិ។ ទាក់ទិននឹងបញ្ហានេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានឲ្យដឹងថា៖ “ត្រូវពិចារណាលើការប្រើប្រាស់ស្តង់ដារនិងបច្ចេកទេសរបស់ប្រទេសដទៃ នៅក្នុង FTA ដើម្បីជៀសវាងករណីដែលយើងកសាងក្រុមស្តង់ដារថ្មី ប៉ុន្តែមិនសមស្របនឹងស្តង់ដារដែលប្រទេសដទៃមានស្រាប់។ ប្រការនេះជាការខ្ជះខ្ជាយផង និងគ្មានប្រសិទ្ធភាពផង។ ជាឧទាហរណ៍ ទំនិញនាំចូលទីផ្សារអាមេរិកត្រូវបំពេញតាមស្តង់ដាររបស់ទីផ្សារអាមេរិក ឬនាំចូលសហភាពអឺរ៉ុបត្រូវតែបំពេញស្តង់ដាររបស់សហភាពអឺរ៉ុប”។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh។ រូបថត៖ quochoi.vn |
ច្បាប់វិសោធនកម្មក៏អនុញ្ញាតឲ្យអង្គការនិងសហគ្រាសបានចូលរួមក្នុងដំណើរការកសាងស្តង់ដារនិងបទប្បញ្ញត្តិ។ នេះគឺជារបកគំហើញមួយ ពីព្រោះសហគ្រាសគឺជាអ្នករងផលប៉ះពាល់ដោយផ្ទាល់ ពីស្តង់ដារ និងបទប្បញ្ញត្តិនៅពេលនាំយកទំនិញទៅកាន់ទីផ្សារបរទេស។ ប្រឈមមុខនឹងតម្រូវការនៃស្ដង់ដារបៃតង ស្តង់ដារចាំបាច់នៃទីផ្សារធំៗជាច្រើននៅលើពិភពលោកនាបច្ចុប្បន្ន សហគ្រាសវៀតណាមក៏កំពុងផ្លាស់ប្តូរយ៉ាងសកម្មនូវខ្សែសង្វាក់បច្ចេកវិជ្ជា និងអនុវត្តការត្រួតពិនិត្យតម្រូវការបច្ចេកទេសចំពោះការបញ្ជាទិញពីទីផ្សារទាំងនេះ។ ដំណើរការជាច្រើនត្រូវបានផ្លាស់ប្តូរ ចាប់ពីការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់អគ្គិសនី ទឹក ការបញ្ចេញឧស្ម័ននិងទឹកសំណល់ ការកសាងផែនការកាត់បន្ថយការប្រើប្រាស់ថាមពលនិងសារធាតុគីមី រហូតដល់ការផ្លាស់ប្តូរឧបករណ៍ចាស់ជាបណ្ដើរៗ ដោយបំពេញតាមស្តង់ដារនិងបទប្បញ្ញត្តិដ៏តឹងរឹងរាប់រយ សម្រាប់ទំនិញនាំចូល។
ក្នុងដំណើរការផ្លាស់ប្តូររបស់សហគ្រាសក៏មានការគាំទ្រពីស្ថាប័នសមត្ថកិច្ចផងដែរ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានជូនដំណឹងនិងបញ្ជាក់ថា៖ “យើងខ្ញុំមានកម្មវិធីសហប្រតិបត្តិការអន្តរជាតិដើម្បីឱ្យអ្នកជំនាញអាចគាំទ្រអាជីវកម្មក្នុងការជ្រើសរើសប្រភេទវិញ្ញាបនបត្រ ឬស្តង់ដារណាមួយដែលសមស្របបំផុតសម្រាប់ទីផ្សារនីមួយៗ និងគោលដៅនៃផលិតផលនីមួយៗ។ តាមនោះ ជួយកាត់បន្ថយជាអតិបរមានូវការចំណាយសម្រាប់បំពេញស្តង់ដារ និងជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផល និងសហគ្រាសផងដែរ”។
ក្រោយរយៈពេល ១៨ ឆ្នាំនៃការអនុវត្ត ច្បាប់ស្តីពីស្តង់ដារនិងបទបញ្ញត្តិបច្ចេកទេសត្រូវបានលើកកម្ពស់ទាំងគុណភាពនិងបរិមាណ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងស្តង់ដារអន្តរជាតិដែលវៀតណាមបានចូលរួម។ ប្រការនេះ បានចូលរួមចំណែកលើកកម្ពស់ផលិតភាព គុណភាព ផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស ព្រមទាំងជំរុញការនាំចេញទំនិញសំខាន់ៗរបស់វៀតណាមផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បរិបទថ្មីទាមទារឱ្យមានការច្នៃប្រឌិតសមស្របនៅក្នុងក្របខ័ណ្ឌច្បាប់។ ការធ្វើវិសោធនកម្មច្បាប់នឹងបង្កើតច្រករបៀងច្បាស់លាស់សម្រាប់សហគ្រាស ជំរុញផលិតកម្មនិងអាជីវកម្ម ពង្រីកទីផ្សារនាំចេញ និងបង្កើនទំនួលខុសត្រូវរបស់សហគញរាសក្នុងការកំណត់ម៉ាកយីហោ និងផលិតផលវៀតណាមក្នុងទីផ្សារពិភពលោក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

