ប្រវត្តិសាស្ត្រជាតិវៀតណាមបានចាប់ផ្តើមជាមួយនឹងយុគ​សម័យ​​ស្តេចហ៊ុង ជាមួយនឹងការរួមចំណែកដ៏ធំធេងរបស់បណ្តា​ស្តេចហ៊ុង ក្នុងការឈូសឆាយដីធ្លី ការអភិវឌ្ឍ និងបង្កើត​ឡើង ​រដ្ឋវ៉ាន់ឡាង។ ដើម្បីរំលឹកដល់គុណូបការៈដ៏ធំធេង​​នេះ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ប្រជាជនវៀតណាមបាន​គោរពបូជា​បណ្តា​ស្តេចហ៊ុងជាបុព្វបុរស​ជាតិ។ ជំនឿគោរពបូជាស្តេចហ៊ុងគឺជាខ្សែពួរដ៏​ពិសិដ្ឋដែលត​ភ្ជាប់អតីតកាលជាមួយបច្ចុប្បន្នកាល ត​ភ្ជាប់បុគ្គលម្នាក់ជាមួយនឹង​សហគមន៍។

សាមគ្គីភាពទាំងក្នុង​និង​ក្រៅ​ប្រទេស

វៀតណាមមានកេរ្តិ៍ដំណែលជាង ១៤០០កន្លែង ដែលគោរពបូជា​បណ្តា​ស្តេចហ៊ុង ឬ​ពាក់​ព័ន្ធនឹង​​សម័យបណ្តា​ស្តេច​ហ៊ុង ចាប់ពីទីក្រុងហាណូយ ហៃហ្វុង បាក់និញ ថាយង្វៀន ឡាងសឺន ង៉េអាន ឡាំដុង ខាញ់ហ័រ ដុងណៃ ទីក្រុងហូជីមិញ អានយ៉ាង កឹនធើ។ល។

ជារៀងរាល់ឆ្នាំ សកម្មភាពក្នុងឱកាស​​ពីធីសែន​​ខួបស្តេចហ៊ុង ត្រូវបានធ្វើឡើងនៅកន្លែងជាច្រើន ប៉ុន្តែចំណុចស្នូលគឺនៅខេត្ត ភូ​ ថ ជាកណ្លែងដែលមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស​គឺវិហារហ៊ុង។ រូបភាពនៃមនុស្សរាប់ម៉ឺននាក់មកពីទូទាំងប្រទេស តម្រង់ជួរដើម្បីអុជធូបថ្វាយបង្គំបុព្វបុរសជាតិ គឺជាសក្ខីភាព​ដ៏រស់រវើកនៃសាមគ្គីភាព​ក្នុង​សហគមន៍។ ស្មារតីនេះ បានជួយប្រជាជនវៀតណាមឱ្យយកឈ្នះលើសម័យកាលដ៏លំបាកបំផុត ដូចជាការដែល​ប្រទេសទាំងមូលបានរួមគ្នាក្នុងបុព្វហេតុ​បង្រួបបង្រួមប្រទេសជាតិ​ និង​រក្សាឯករាជ្យ​​។ ឬក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ (២០២០-២០២១) ប្រទេសទាំងមូលបានរួមគ្នាដើម្បីយកឈ្នះលើការលំបាក; ក្នុងគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងការរអិលបាក់ដី ស្មារតីភាតរភាពបានពន្លឺចែងចាំងកាន់​តែខ្លាំង​។

ទិវាសែនខួបស្តេចហ៊ុង បានក្លាយជាពិធីបុណ្យរួមសម្រាប់ប្រជាជនទាំងក្នុងនិងក្រៅប្រទេស។ ចាប់​ពីទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុងដាណាំង រហូត​ដល់ទីក្រុងប៉ារីស ទីក្រុងប៊ែរឡាំង ញូវយ៉ក ទីក្រុងស៊ីដនី សុទ្ធតែរៀបចំពិធីអុជធូប ជាមួយនឹងសំឡេងអធិស្ឋាន​៖ សុំឱ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមានសេចក្ដីសុខ និង​សុំឱ្យ​ប្រជាជាតិស្ថិតស្ថេរគង់វង្ស និងរីកចម្រើនជានិរន្តរ៍។ លោក Hoang Dinh Thang ប្រធានសហភាពជនវៀតណាមនៅអឺរ៉ុប បានចែករំលែកថា៖ «​យើងជានិច្ច​កាលយក​ចិត្ត​ទុក​ថាក់លើការរៀបចំពិធីបុណ្យប្រពៃណី ជាពិសេសទិវាសែនខួបស្តេចហ៊ុង។ សកម្មភាពនេះ មានអត្ថន័យជាពិសេសសម្រាប់សហគមន៍ជន​វៀតណាមនៅឯ​បរទេស ដើម្បីរំលឹកថា ប្រជាជនវៀតណាមមាន​ដើម​កំណើត​តែមួយ តាមនោះ បង្ហាញពីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និង​លើកកម្ពស់​ប្រពៃណីដ៏ល្អប្រសើរ​របស់ប្រជាជាតិ»​។

សាមគ្គីភាពដើម្បីអភិវឌ្ឍ​ប្រទេស​ជាតិ

ការលើកកម្ពស់តម្លៃនៃពិធី​សែនខួបស្តេចហ៊ុង មិនគ្រាន់តែជាការរៀបចំពិធីការ​ដ៏ឧឡារិកនោះទេ ប៉ុន្តែថែមទាំងការរក្សានិងពូនជ្រុំសេចក្តីស្នេហាជាតិ​សាមគ្គីភាព និងមោទនភាពជាតិ ចំពោះប្រជាជនវៀតណាមគ្រប់រូបផងដែរ។

សព្វថ្ងៃនេះ ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយ​នឹង​ភារកិច្ចសម្រេចឲ្យ​បាន​គោលដៅរយៈពេល ១០០ ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ ២០៣០ និងខួប ១០០ ឆ្នាំទិវាបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ ២០៤៥។ សេចក្តីប្រាថ្នានៃ "ប្រជាជនមានវិបុលភាព ប្រទេសជាតិ​រឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងស៊ីវិល័យ" ទាម​ទារឱ្យមានកម្លាំងផ្ទៃក្នុងថ្មី គំរូកំណើនថ្មី និងកម្លាំង​ចលករ​អភិវឌ្ឍថ្មី ដូចជា​៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ច​វិលជុំ។ ទោះជាយ៉ាងណាក៏ដោយ មូលដ្ឋានគ្រឹះដើម្បីឈានទៅឆ្ងាយ និងសម្រេចបានជោគជ័យនៅតែជាសាមគ្គីភាព។ សាមគ្គីភាពដើម្បីលុបបំបាត់ឧបសគ្គ​ខាង​ស្ថាប័ន; សាមគ្គីភាពដើម្បីដោះសោធនធានទាំងអស់; សាមគ្គីភាពដើម្បីចែករំលែកហានិភ័យនិងបង្កើនឱកាស; សាមគ្គីភាពដើម្បី​ធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល​នៅពី​ក្រោយ​ឡើយ។​ មហាសាមគ្គីភាពគឺជាកម្លាំង​ចលករផ្ទៃក្នុង​ដ៏​សំខាន់បំផុត​។

លើឆាកអន្តរជាតិ ​វៀតណាមដែល​មាន​សាមគ្គីភាព ក៏ជាវៀតណាមដែលមាន​កិត្យានុភាពផងដែរ។ ស្មារតីនៃ​ផែន​មហាសាមគ្គីជន​ជាតិគឺជា "អត្តសញ្ញាណប័ណ្ណ" ដែលជួយវៀតណាម​ធ្វើស​មាហរណកម្មដោយទំនុកចិត្ត។ លោក Bui Hoai Son សមាជិកគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា បានថ្លែងថា៖ «​ជំនឿគោរពបូជាស្តេចហ៊ុង ជួយបង្កើតកម្លាំងនៃសាមគ្គីភាព និង​ស្មារតី​ស្នេហាជាតិ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅ​​ឯ​បរទេសទៀតផង។ ពិធីបុណ្យគោរពបូជាបុព្វបុរសជាតិត្រូវបាន​ប្រារព្ធឡើងនៅក្នុងប្រទេសជាច្រើននៅ​ជុំវិញពិភពលោក នាំជំនឿជាក់ និងស្មារតីរបស់ប្រជាជនវៀតណាម​នៅ​ទូទាំងពិភពលោក ឆ្ពោះទៅរកទឹកដី​ដូនតា និងពិធីបុណ្យ​វិហារ​ស្តេច​ហ៊ុង។ ប្រការ​នេះ បានបង្កើតសាមគ្គីភាព ស្មារតីស្នេហាជាតិ និងបង្កើតកម្លាំង​វៀតណាមយ៉ាងពិតប្រាកដ»

ចាប់ពីឬសគល់​ប្រវត្តិសាស្ត្ររហូតដល់ជីវភាពសម័យទំនើប ពិធីសែនខួប​ស្តេចហ៊ុងបានលើសពីពិធីបុណ្យធម្មតាមួយ ដើម្បីក្លាយជានិមិត្តរូបខាងស្មារតីរបស់ប្រជាជាតិវៀតណាម។ នេះមិនត្រឹមតែជាការរំលឹកដល់គុណូបការៈរបស់ស្តេចហ៊ុង​​ក្នុងការបង្កើតប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ពីប្រភពដើមនិងការទទួលខុសត្រូវចំពោះប្រទេសជាតិបច្ចុប្បន្ន​ទៀត​ផង។

នៅក្នុងដំណើរនៃការអភិវឌ្ឍនិងធ្វើសមាហរណកម្ម តម្លៃទាំងនេះបង្កើតបានជាមូលដ្ឋានខាងស្មារតីដ៏រឹងមាំ ចិញ្ចឹមបីបាច់កម្លាំងនៃផែន​មហាសាមគ្គីជាតិទាំងមូល ដើម្បី​ឱ្យវៀតណាមឈានទៅមុខយ៉ាងរឹងមាំ និងកសាងប្រទេសជាតិដ៏ស្ថិតស្ថេរជារៀងរហូត​៕