បន្តស្មារតីនៃសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៥៩ ឆ្នាំ ២០២៥ ស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ០៦ គឺជាជំហានអភិវឌ្ឍជាក់ស្តែងមួយនៅក្នុងការត្រិះរិះនៃកិច្ចការបរទេសរបស់វៀតណាម ដោយកំណត់គោលដៅអភិវឌ្ឍកិច្ចការបរទេសក្នុងយុគសម័យថ្មី ស្របតាមប្រវត្តិសាស្ត្រ វប្បធម៌ និងឋានៈរបស់ប្រទេសជាតិ។
ទិសដៅសំខាន់ៗនៃកិច្ចការបរទេស
យោងតាមលោកបណ្ឌិត ង្វៀន ហុង ហាយ សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យ VinUni និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Sunshine Coast (អូស្ត្រាលី) បានឱ្យដឹងថា នៅក្នុងសុន្ទរកថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានគូសបញ្ជាក់ពីទិសដៅសំខាន់ៗចំនួនប្រាំសម្រាប់កិច្ចការបរទេស និងការទូតរបស់ប្រទេសជាតិ និងបញ្ហាសំខាន់ៗចំនួនបួនក្នុងការអនុវត្តជាក់ស្តែង។ សុន្ទរកថានេះ ដូចជាខ្សែអំបោះក្រហមមួយ តម្រង់ទិសសម្រាប់សកម្មភាពកិច្ចការបរទេសរបស់វៀតណាមនៅក្នុងគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររួមរបស់ប្រទេសជាតិ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៤៥។
«ខ្ញុំបានសង្ខេបថា៖ ទីមួយ ស្វ័យភាពយុទ្ធសាស្ត្រ; ទីពីរ ខ្លួនទីពឹងខ្លួនក្នុងការអភិវឌ្ឍ; ទីបី លើកកម្ពស់ឋានៈរបស់ប្រទេសជាតិ; និងទីបួន ការចូលរួមចំណែកដោយមានការទទួលខុសត្រូវ។ ចំណុចថ្មីនៅទីនេះគឺការលើកកម្ពស់ឋានៈរបស់វៀតណាម។ ប្រការនេះឆ្លុះបញ្ចាំងពីផ្នត់គំនិតថ្មី និងទំនុកចិត្តថ្មីរបស់ប្រទេសជាតិ ក្រោយរយៈពេលបួនទសវត្សរ៍នៃការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញ និងលើកកម្ពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ការសម្រេចបាននូវគោលដៅទាំងនេះត្រូវតែមានការតភ្ជាប់យ៉ាងជិតស្និទ្ធ មិនបែកខ្ញែក ឬដាច់ដោយឡែកនោះទេ»។
ចំណុចលេចធ្លោដ៏សំខាន់បំផុតមួយដែលត្រូវបានប្រមុខបក្ស និងរដ្ឋរូបនេះសង្កត់ធ្ងន់នៅក្នុងសុន្ទរកថានោះ គឺកិច្ចការបរទេសត្រូវបានកំណត់ជាភារកិច្ច "សំខាន់ និងជាប្រចាំ" ស្មើនឹងការពារជាតិ និងសន្តិសុខ។ យោងតាមលោកបណ្ឌិត ង្វៀន ហុង ហាយ ប្រការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យនិងទស្សនវិស័យជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ទូទៅ ការពារជាតិ និងសន្តិសុខក៏ជាកិច្ចការបរទេស ហើយទំនាក់ទំនងការបរទេសបម្រើដល់ការពារជាតិ និងសន្តិសុខផងដែរ។ សរុបសេចក្តីមក លោកបណ្ឌិត ង្វៀន ហុង ហយ បានថ្លែងថា៖ «រាល់ការវិភាគ និងការតម្រង់ទិសដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសុន្ទរកថាមិនត្រឹមតែមានលក្ខណៈទូលំទូលាយប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការត្រិះរិះជាយុទ្ធសាស្ត្រ និងចក្ខុវិស័យសម្រាប់កិច្ចការបរទេស និងការទូតក្នុងយុគសម័យថ្មី។ ចំណុចស្នូលដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតគឺស្មារតីនៃស្វ័យភាពជាយុទ្ធសាស្ត្រ និងភាពខ្លួនទីពឹងខ្លួនរបស់ជាតិក្នុងបរិបទថ្មី និងយុគសម័យថ្មី។ នៅក្នុងបរិបទបច្ចុប្បន្ន យើងត្រូវតែប្រើប្រាស់កម្លាំងផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍប្រទេសជាតិ ប្រការនេះរួមទាំងភាពខ្លួនទីពឹងខ្លួនរួចហើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពខ្លួនទីពឹងខ្លួនមិនមានន័យថា ញែកខ្លួនយើងចេញពីពិភពលោក និងសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវតែធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធទៅក្នុងពិភពលោក។ យើងជាផ្នែកមួយ និងជាសមាជិកដែលមានទំនួលខុសត្រូវនៃខឿននយោបាយពិភពលោក សេដ្ឋកិច្ចពិភពលោក និងអរិយធម៌មនុស្សជាតិ»។
ការប្រកួតប្រជែងគឺជៀសមិនរួចទេ
នៅក្នុងសុន្ទរកថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចង្អុលបង្ហាញថា ការប្រកួតប្រជែងគឺជៀសមិនរួចទេ។ ការយល់ច្បាស់អំពីលក្ខណៈប្រកួតប្រជែងនេះ ជួយបញ្ជាក់ពីទិសដៅនិងវិធីសាស្រ្តអនុវត្តគោលនយោបាយការបរទេសរបស់វៀតណាម។ លោកបណ្ឌិត ង្វៀន ហុង ហាយ សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យ VinUni និងជាសាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Sunshine Coast (អូស្ត្រាលី) បានចាត់ទុកថា៖ «ដើម្បីរក្សាយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ ដើម្បីអភិវឌ្ឍនិងការពារបរិយាកាសរស់រានមានជីវិតរបស់ប្រទេសជាតិ ក្នុងនាមជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីពិភពលោកបាន យើងត្រូវតែម្ចាស់ការធ្វើសកម្មភាព ដោយចូលរួមយ៉ាងសកម្មក្នុងការស្ថាបនានិងកំណត់នូវច្បាប់ទម្លាប់។ ចូលរួមយ៉ាងសកម្មក្នុងការកសាងយន្តការ ដើម្បីធានាថា ច្បាប់ទាំងនោះត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ធានាផលប្រយោជន៍ជាតិ និងប្រជាជាតិ។ ដូច្នេះ ខ្ញុំជឿជាក់ថា នេះគឺជាវិធីសាស្រ្តត្រឹមត្រូវ ជំហានត្រឹមត្រូវ ហើយការផ្លាស់ប្តូរការត្រិះរិះនឹងរួមចំណែកដល់ការសម្រេចបានគោលដៅប្រទេសជាតិដែលមហាសន្និបាតបក្សលើកទី ១៤បានដាក់ចេញ។ ប្រការនេះក៏ស្របនឹងគោលការណ៍ទូទៅថា៖ ការអភិវឌ្ឍគឺចាំបាច់ដើម្បីការពារប្រទេសជាតិ; ចង់ការពារប្រទេសជាំតិ គឺត្រូវការអភិវឌ្ឍ»។
សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានបើកចេញចក្ខុវិស័យថ្មីសម្រាប់គោលនយោបាយការបរទេសរបស់វៀតណាមក្នុងយុគសម័យថ្មី៖ គោលនយោបាយការបរទេសមិនត្រឹមតែជាវិធីសាស្រ្តការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងដើរជួរមុខក្នុងការបង្កើតបរិយាកាសសន្តិភាព បើកចេញបរិយាកាសអភិវឌ្ឍ លើកកម្ពស់ឋានៈរបស់ប្រទេសជាតិ និងរួមចំណែកក្នុងការបង្កើតច្បាប់រួមរបស់ពិភពលោក៕
