អស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំណុចកក់ស្ទះធំបំផុតរបស់វៀតណាមមិនមែនជាកង្វះដើមទុន កម្លាំងពលកម្ម ឬកង្វះឱកាសនោះទេ ប៉ុន្តែស្ថិតក្នុងរបៀបបែងចែក និងប្រើប្រាស់ប្រភពធនធានទាំងអស់។ នៅពេលដែល ធនធានមិនត្រូវបានដឹកនាំដោយប្រព័ន្ធស្ថាប័នដែលមានប្រសិទ្ធភាព ប្រភពនោះងាយនឹងបែកខ្ញែក និងប្រើប្រាស់ដោយគ្មានប្រសិទ្ធភាព។ ដូច្នេះ ការដែលវៀតណាមផ្តោតលើការធ្វើសុក្រិតស្ថាប័ន ចាប់ពីការធ្វើវិសោធនកម្មច្បាប់ និងការកាត់បន្ថយលក្ខខណ្ឌអាជីវកម្ម រហូតដល់ការបង្កើនប្រសិទ្ធភាពនៃការអនុវត្ត សំដៅដោះស្រាយចំណុចកក់ស្ទះជាមូលដ្ឋាននៃកំណើន។
កំណែទម្រង់ប្រកបដោយសមកាលកម្ម ទូលំទូលាយនិងមានលក្ខណៈប្រព័ន្ធ
ចំណុចគួរឱ្យកត់សម្គាល់មួយនៅក្នុងដំណាក់កាលបច្ចុប្បន្នគឺថា ផ្នត់គំនិតកំណែទម្រង់បានផ្លាស់ប្តូរពីវិធីសាស្រ្តមួយផ្នែកទៅជាវិធីសាស្រ្តជាប្រព័ន្ធ។ ការចេញផ្សាយជាបន្តបន្ទាប់នៃសេចក្តីសម្រេចចិត្តសំខាន់ៗរបស់ការិយាល័យនយោបាយ ដែលរួមបញ្ចូលសសរស្តម្ភ ដូចជាសេដ្ឋកិច្ចឯកជន វិទ្យាសាស្ត្រ-បច្ចេកវិទ្យា សមាហរណកម្មអន្តរជាតិ ថាមពល សុខាភិបាលនិងការអប់រំ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើត "ប្រព័ន្ធអេកូឡូស៊ីស្ថាប័ន" សំដៅជំរុញកំណើន តភ្ជាប់រវាងវិស័យនិងគោលដៅរយៈពេលវែង។ សាស្ត្រាចារ្យរង បណ្ឌិត ង្វៀន ហុងហៃ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ VinUni បានឲ្យដឹងថា៖ “ខ្ញុំចាត់ទុកថា ចំណុចលេចធ្លោរួមរបស់សេចក្តីសម្រេចចិត្តទាំងនេះ គឺបង្កប់លក្ខណៈធ្វើសកម្មភាព មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ។ សកម្មភាពនេះពាក់ព័ន្ធនឹងការច្នៃប្រឌិតក្នុងការយល់ដឹង និងវិធីសាស្ត្រអនុវត្តន៍ ស្របតាមកម្រិតនៃការអភិវឌ្ឍរបស់ប្រទេស ខណៈពេលដែលក្នុងពេលជាមួយគ្នានេះ ទាញយកអត្ថប្រយោជន៍ ដើម្បីជំរុញប្រទេសអភិវឌ្ឍន៍ឡើងកំពស់ថ្មី។ ដូច្នេះ នៅក្នុងបណ្តាសេចក្តីសម្រេចចិត្ត ក្រៅពីទិដ្ឋភាពទ្រឹស្តីដែលឆ្លុះបញ្ចាំងពីការត្រិះរិះនិងចក្ខុវិស័យ យើងក៏ឃើញការណែនាំធ្វើសកម្មភាពជាក់ស្តែងផងដែរ”។
គួរកត់សម្គាល់ថា សេចក្តីសម្រេចសំខាន់ៗ ត្រូវបានរដ្ឋសភានិងរដ្ឋាភិបាលអនុវត្តន៍ជាក់ស្តែងទៅជាច្បាប់ ទៅជាសេចក្តីសម្រេច ដោយកម្មវិធីសកម្មភាពមានផែនទីបង្ហាញផ្លូវ និងសូចនាករច្បាស់លាស់ ក្នុងនោះភ្ជាប់ការទទួលខុសត្រូវជាក់លាក់ដល់ក្រសួង វិស័យ និងមូលដ្ឋាននីមួយៗ។ នៅក្នុងកិច្ចប្រជុំលើកដំបូង បន្ទាប់ពីរដ្ឋាភិបាលអាណត្តិឆ្នាំ ២០២៦-២០៣១ ត្រូវបានបង្កើតឡើង នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់លើតម្រូវការ៖ “ចំណុចសំខាន់បំផុតមួយទាក់ទងនឹងការធ្វើសុក្រិតស្ថាប័ននៅឆ្នាំនេះ គឺការវាយតម្លៃឡើងវិញនូវយន្តការគោលនយោបាយជាក់ស្តែង។ អ្វីដែលត្រឹមត្រូវ និងត្រូវបានបង្ហាញថាត្រឹមត្រូវ គឺត្រូវបានអនុវត្តរួមគ្នាទូទាំងប្រទេស។ ដើមទន្ទឹមជាមួយនឹងស្ថាប័ន គឺកំណែទម្រង់រដ្ឋបាល លក្ខខណ្ឌអាជីវកម្ម បង្កើនសមត្ថភាព និងគុណភាពនៃការអនុវត្តរាល់បទប្បញ្ញត្តិ។ ក្រសួងយុត្តិធម៌ត្រូវបានតម្រូវឱ្យធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីលក្ខខណ្ឌរដ្ឋបាល និងនីតិវិធីអាជីវកម្ម ដោយកាត់បន្ថយវាយ៉ាងម៉ឺងម៉ាត់ រួមទាំងការកាត់បន្ថយពេលវេលា និងចំណាយលើការអនុលោម”។
ស្ថាប័នលែងជាឧបករណ៍គ្រប់គ្រងទៀត ប៉ុន្តែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កំណើន ដោយផ្លាស់ប្តូរពី "ការគ្រប់គ្រង" ទៅ "ស្ថាបនាអភិវឌ្ឍន៍"។ ច្បាប់ទីក្រុងពិសេសសម្រាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ តំបន់ពាណិជ្ជកម្មសេរី និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងដាណាំង និងទីក្រុងហូជីមិញ ជាមួយនឹងយន្តការពិសេស និងលេចធ្លោ ហើយទាំងអស់នេះគឺជាឧទាហរណ៍ច្បាស់លាស់។
ស្ថាប័ន - កម្លាំងជំរុញដោយផ្ទាល់នៃកំណើន
កំណែទម្រង់ស្ថាប័នបច្ចុប្បន្នរបស់វៀតណាមគឺមិនអាចបំបែកចេញពីគោលដៅរយៈពេលវែងបានទេ។ ជំនួសឱ្យការបន្តអត្រាកំណើនសុធសាធ ទិសដៅសំខាន់ៗ បានរួមបញ្ចូលតម្រូវការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិត។ កំណើនត្រូវតែផ្អែកលើការទាញយកប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនៃធនធានទាំងអស់របស់សង្គមទាំងមូល ដូចដែលអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានគូសបញ្ជាក់៖ “កំណើនជាក់ស្តែងត្រូវតែបង្កើតឡើងក្នុងទិសដៅទាំងពីរ ពីលើចុះក្រោមនិងពីក្រោមឡើងលើ នៅក្នុងតំណភ្ជាប់នីមួយៗនៃសេដ្ឋកិច្ច។ នៅពេលដែលកម្លាំងផ្ទៃក្នុងត្រូវបានបញ្ចេញ និងភ្ជាប់ជាមួយធនធានរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ បច្ចេកវិទ្យា និងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចនឹងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនប្រកបដោយចីរភាព។ យន្តការនីមួយៗ គោលនយោបាយ គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំហូរមូលធននីមួយៗ ត្រូវតែមានគោលបំណងធ្វើឱ្យសមត្ថភាព និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍសកម្ម ដោយប្រែក្លាយឱកាសសក្តានុពលទៅជាកំណើនជាក់ស្តែង និងប្រែក្លាយទំនុកចិត្តទៅជាកម្លាំងចលកររយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ”។
កំណែទម្រង់ និងការធ្វើសុក្រិតស្ថាប័ននៅវៀតណាមកំពុងផ្លាស់ប្តូរពីកំណែទម្រង់ជាផ្នែក ទៅជាកំណែទម្រង់ជាប្រព័ន្ធ ដែលមានលក្ខណៈលេចធ្លោបីយ៉ាង៖ កាន់តែរហ័សជាង កាន់តែស៊ីជម្រៅជាង និងយុទ្ធសាស្ត្រជាងមុន។ ស្ថាប័ននានាគឺជាកម្លាំងចលករផ្ទាល់នៃកំណើន។ ការដែលវៀតណាមជំរុញធ្វើសុក្រិតស្ថាប័ន បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការសម្រេចបាននូវកំណើនកាន់តែខ្ពស់ ប៉ុន្តែប្រកបដោយចីរភាពជាង នៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ៕
