វៀតណាមបានកត់ត្រាលទ្ធផលវិជ្ជមានក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃដើមទុនចុះបញ្ជីថ្មី និងការ​បញ្ចេញទុន​ប្រកប​ដោយស្ថេរភាព។ ឱកាសដើម្បីទាក់ទាញដើមទុននៅមាន​ធំធេងណាស់ នៅពេល​ដែលវៀតណាមផ្លាស់ប្តូរ​ឆ្ពោះទៅរកការទាក់ទាញ FDI ដោយផ្អែកលើបច្ចេកវិទ្យា គុណភាពធនធានមនុស្ស និងស្ថិរភាពគោលនយោបាយ។

ការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងតំណភ្ជាប់​ដែលមានតម្លៃបន្ថែមខ្ពស់

ក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២៦ ទុន​វិនិយោគផ្ទាល់ពីបរទេសដែល​ត្រូវបាន​អនុវត្តន៍នៅវៀតណាម​ត្រូវបានប៉ាន់​ប្រមាណចំនួន ៧,៤០ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រការ​នេះបង្ហាញថា គម្រោង FDI មិនត្រឹមតែត្រូវបានចុះបញ្ជីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពទៀត​ផង។

គួរ​ឲ្យ​កត់សម្គាល់ថា ឧស្សាហកម្មកែច្នៃ និងផលិតកម្មនៅតែជាវិស័យទាក់ទាញ FDI ធំជាងគេ ស្មើរ​នឹង ៨២,៧% នៃ FDI សរុប ដោយបន្តភាពជោគជ័យនៃឆ្នាំ ២០២៥(ជាង៨០%)។ លទ្ធផលនេះបង្ហាញថា ប្រសិន​បើ​កាល​ពី​មុននោះ FDI ផ្តោតលើវិស័យដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងការ​ដំឡើង​ឧបករណ៍សាមញ្ញៗតែ​ប៉ុណ្ណោះ ​ឥឡូវនេះកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរក​វិស័យ​ដែលមានបច្ចេកវិទ្យាខ្ពស់ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិច ស៊ីមីកុងដុកទ័រ ឧបករណ៍ជាក់លាក់ មជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ជាមួយនឹងការលេចចេញ​នៃគម្រោងដែលមានតម្លៃរាប់ពាន់លានដុល្លារ។

គម្រោងធំៗ​នាពេល​ថ្មីៗនេះ ជាពិសេសក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦​ ដូចជា៖ គម្រោងផលិតបន្ទះសៀគ្វី FCBGA មាន​ទុន​វិនិយោគ ១,២​ ពាន់លានដុល្លារ​នៅខេត្ត​ Thai Nguyen របស់ក្រុម​ហ៊ុន​ Samsung Electro-Mechanics និងគម្រោងរោ​ងចក្រថាមពល LNG មាន​ទុន​វិនិយោគ ២,២ ពាន់លានដុល្លារនៅ ខេត្ត Nghe An… សុទ្ធតែបង្ហាញពីការចូ​លរួម​កា​ន់តែស៊ីជម្រៅរបស់វៀតណាមក្នុងតំណភ្ជាប់ដែលមានតម្លៃបន្ថែមខ្ពស់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ទន្ទឹមនឹងនោះ បាន​បង្ហាញយ៉ាងច្បាស់អំពីនិន្នាការឆ្ពោះទៅរក​ការកែលម្អគុណភាពនៃលំហូរ FDI ដោយមានការ​ជ្រើសរើស និងផ្តល់អាទិភាពដល់បច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាមូលដ្ឋាន មានតម្លៃបន្ថែមខ្ពស់ និងសមត្ថភាពរីកសាយភាយ ដល់​អាជីវកម្មក្នុងស្រុក។ ដោយពន្យល់ពីមូលហេតុដែលវៀតណាមជាគោលដៅដ៏គួរឲ្យ​ទាក់ទាញសម្រាប់ FDI លោក André de Jong នាយកប្រតិបត្តិក្រុមហ៊ុន Bosch វៀតណាម បាន​ឲ្យ​ដឹងថា៖ «​វៀតណាម​លែងគ្រាន់តែជាចំណុចមួយនៅលើផែនទីទៀតហើយ។ប្រទេសវៀតណាមកំពុងក្លាយជាដៃគូដ៏ល្បី និងគួរឱ្យទុកចិត្តខ្ពស់នៅក្នុងក្រសែភ្នែករបស់ក្រុមហ៊ុននិងវិនិយោគិនអឺរ៉ុប។ ហេតុអ្វីបានជាទំនុកចិត្តនេះបានវិលត្រឡប់មកវិញយ៉ាងខ្លាំង​ដូច្នេះ​? ដោយសារនៅក្នុងពិភពលោកដែលពោរពេញដោយអស្ថិរភាព អ្នកតែងតែស្វែងរកអ្វីដែលមានស្ថេរភាព និងអាចព្យាករណ៍បាន​។ វៀតណាម ជាមួយនឹងប្រព័ន្ធ​នយោបាយ​តែមួយ គោលនយោបាយច្បាស់លាស់ ប្រកប​ដោយស្ថិរភាព គឺជាទំនុក​ចិត្តដែលអ្នកស្វែងរកក្នុងនាមជាវិនិយោគិន​ម្នាក់។ លើសពីនេះ ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ និងភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយចំនួន ១៥ បាន​នាំ​មក​នូវឱកាស​និងស្ថិរភាព ដូចជាយុថ្កាយុទ្ធសាស្ត្រមួយ​នៅចំកណ្តាលតំបន់​សមុទ្រពោរពេញ​ទៅ​ដោយ​ខ្យល់​ព្យុះ»។

ឆ្លៀតយកនិន្នាការផ្លាស់ប្តូរ​ការ​វិនិយោគ ដើម្បីបោះជំហាន​លោត​​​ផ្លោះ

ទាក់ទងនឹ​ង​យថា​ទស្សន៍ឆ្នាំ ២០២៦ អង្គការអន្តរជាតិ​ជាច្រើន​ ដូចជាធនាគារពិភពលោក (WB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សុទ្ធតែ​វាយតម្លៃថា លំហូរ​ FDI ទូទាំងពិភពលោកនឹងបន្ត​ប្រឈមមុខនឹងសម្ពាធពីអត្រាការប្រាក់ខ្ពស់ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងនិន្នាការបែកបាក់សេដ្ឋកិច្ច។

ដូច្នេះហើយ យថា​ទស្សន៍នៃការទាក់ទាញ​ FDI ក្នុងឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់​ទៀត ភាគច្រើនគឺ​អាស្រ័យលើសមត្ថភាពកែទម្រង់ និងភាពធន់របស់​វៀតណាម​។ ប្រសិនបើវៀតណាមបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កែលម្អគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ លើក​កម្ពស់ជំនាញវិជ្ជាជីវៈ ​និងពន្លឿនកំណែទម្រង់ស្ថាប័ន វៀតណាម​អាច​ឆ្លៀត​យក​និន្នាការផ្លាស់ប្តូរ​ការ​វិនិយោគដើម្បីបោះជំហានលោត​ផ្លោះ​។

វៀតណាមក៏ត្រូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីវិនិយោគបរទេសដ៏ទូលំទូលាយ ដោយផ្លាស់ប្តូរផ្នត់គំនិតពីការទាក់ទាញដើមទុនទៅជាការអភិវឌ្ឍមូលដ្ឋានវិនិយោគយុទ្ធសាស្ត្រជាតិ ទាក់ទាញ FDI ដោយមានការ​ជ្រើសរើស និងផ្តល់​អាទិភាពដល់គុណភាព ប្រសិទ្ធភាព និងសមត្ថ​ភាព​រីកសាយភាយ។ កសាង​ប្រព័ន្ធអេកូឡូស៊ីមានការ​តភ្ជាប់យ៉ាងជិតស្និទ្ធរវាងវិស័យ FDI និងសហគ្រាសក្នុងស្រុក ការទាក់ទាញ FDI ដំណាក់កាលថ្មីនឹងតភ្ជាប់សហគ្រាស FDI ជាមួយប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងស្រុក។

លោក Tran Toan Thang ប្រធាននាយកដ្ឋាន​អន្តរជាតិ​និង​គោលនយោបាយសមាហរណកម្ម នៃ​វិទ្យាស្ថានយុទ្ធសាស្ត្រនិងគោលនយោបាយសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ក្រសួងហិរញ្ញវត្ថុ បានថ្លែងថា៖ «ទិសដៅទាក់ទាញវិនិយោគនឹងផ្តោតលើវិស័យដែលវៀតណាមកំពុងយកចិត្តទុកដាក់ ដូចជាវិស័យស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) អេឡិចត្រូនិច បញ្ញាសិប្បនិម្មិត (AI) ឬវិស័យបច្ចេកវិទ្យាខ្ពស់ផ្សេងៗទៀត។ ខ្ញុំចាត់ទុកថា ឆ្នាំនេះគឺជាពេលវេលាដែលយើងគួរតែចាប់ផ្តើមធ្វើឱ្យកាន់តែជាក់ស្តែង ក្នុងការផ្លាស់ប្តូរទិសដៅ​ទៅជាស្ថាប័នជាក់លាក់ ដើម្បីអាចទាក់ទាញលំហូរ FDI សកល»។​

បច្ចុប្បន្ននេះ អង្គភាពពាក់ព័ន្ធកំពុងស្រាវជ្រាវដើម្បីដាក់ជូនការិយាល័យនយោបាយនូវសេចក្តីសម្រេចចិត្ត​ដាច់ដោយឡែកមួយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ដែលមាន​ការ​វិនិយោគពីបរទេសក្នុងដំណាក់កាលថ្មី។ ប្រការ​នេះបង្ហាញថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះតួនាទីនៃ​​សេដ្ឋកិច្ច​ដែលមាន​ទុន​វិនិយោគ​ពី​បរទេស ក្នុង​ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមជាមួយនឹងតួនាទីរបស់សេដ្ឋកិច្ច​ ឯកជន និងសេដ្ឋកិច្ច​រដ្ឋ៕​