វៀតណាមបានកំណត់កំណែទម្រង់ស្ថាប័នជាការទម្លុះទម្លាយយុទ្ធសាស្ត្រ។ ដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនូវគោលជំហរធំៗរបស់បក្ស រដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក។ «បដិវត្តន៍» ក្នុងកំណែទម្រង់រដ្ឋបាលកំពុងត្រូវបានជំរុញដល់កម្រិតកំពូល ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអំពីកំណើនពីរខ្ទង់។
ជ្រើសរើសកំណែទម្រង់ដ៏ជាក់ស្ដែង
នៅថ្ងៃទី ២៩ ខែមេសា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្តចំនួន ៨ ដើម្បីកាត់បន្ថយ ធ្វើវិមជ្ឈការ និងសម្រួលនីតិវិធីរដ្ឋបាល ព្រមទាំងកាត់បន្ថយ និងសម្រួលលក្ខខណ្ឌធ្វើអាជីវកម្ម ក្នុងវិស័យនានាដែលស្ថិតក្រោមការគ្រប់គ្រងរដ្ឋរបស់ក្រសួង និងស្ថាប័នកម្រិតក្រសួងចំនួន ១៤។
តាមនោះ រដ្ឋាភិបាលបានធ្វើវិសោធនកម្ម និងបំពេញបន្ថែមលិខិតបទដ្ឋានគតិយុត្តចំនួន ១៦៣ រួមទាំងសារាចរណ៍ចំនួន ១៥៥ ដែលជាចំនួនមិនធ្លាប់មានពីមុនមកក្នុងការកែទម្រង់លើកមុនៗ។
លើសពីនេះ រដ្ឋាភិបាលបានសម្រេចលុបចោលលក្ខខណ្ឌអាជីវកម្មចំនួន ៨៩០ ដោយមានគោលដៅកាត់បន្ថយពេលវេលានិងការចំណាយលើការប្រតិបត្តិរហូតដល់ជាង ៥០% សម្រាប់ពលរដ្ឋនិងអាជីវកម្ម។
តួរលេខទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីមាត្រដ្ឋានប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញពីវិធីអភិក្រមថ្មីមួយទៀតផង នោះគឺការផ្លាស់ប្ដូរថ្មីជាមូលដ្ឋាននិងជាប្រព័ន្ធ ជាជាងការកែតម្រូវមួយផ្នែកៗដូចអតីតកាល។
រយៈ ៣ ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានចេញផ្សាយសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់លើការកាត់បន្ថយនីតិវិធីក្នុងទ្រង់ទ្រាយធំ នៅថ្ងៃទី ២ ខែឧសភា ខុទ្ទកាល័យរដ្ឋាភិបាល បន្តបញ្ជូនសេចក្ដីណែនាំរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដែលតម្រូវឱ្យក្រសួងពិនិត្យឡើងវិញ និងស្នើការកាត់បន្ថយនីតិវិធីជាបន្ទាន់ ក្នុងវិស័យចំនួន៤៖ ការបង្ការនិងពន្លត់អគ្គីភ័យ; ការបង្កើត និងប្រតិបត្តិការសួនឧស្សាហកម្ម និងចង្កោមឧស្សាហកម្ម; ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន; និងការផ្ដល់លិខិតអនុញ្ញាតការសាងសង់។ កាលកំណត់សម្រាប់ការរាយការណ៍ ត្រូវបានកំណត់មុនថ្ងៃទី ១០ ខែឧសភា ហើយរបាយការណ៍ទាំងនោះត្រូវតែបញ្ជូនទៅក្រសួងយុត្តិធម៌សម្រាប់ការវាយតម្លៃឯករាជ្យផងដែរ។
ខណៈពេលដែលការកាត់បន្ថយនៅថ្ងៃទី ២៩ ខែមេសា ផ្តោតសំខាន់លើការលុបបំបាត់នីតិវិធីហួសសម័យនោះ សេចក្តីណែនាំនៅថ្ងៃទី ២ ខែឧសភា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ចំណុចកកស្ទះជាក់លាក់។ ដោយសារតែវិស័យទាំង៤ដែលបានលើកឡើងខាងលើ គឺជាវិស័យដែលសហគ្រាសរាយការណ៍ច្រើនបំផុតពីការលំបាកទាក់ទងនឹងនីតិវិធីរដ្ឋបាល (យោងតាមរបាយការណ៍សន្ទស្សន៍ប្រកួតប្រជែងថ្នាក់ខេត្ត (PCI) ឆ្នាំ ២០២៤)។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទីញ បានថ្លែងថា៖
“នេះគឺជាកំណែទម្រង់ដ៏ទូលំទូលាយមួយ។ ក្នុងរយៈពេលមិនដល់មួយខែ ចាប់តាំងពីរដ្ឋាភិបាលថ្មីចូលដំណើរការ យើងសម្រេចបានគោលដៅកាត់បន្ថយ សម្រួលនីតិវិធីរដ្ឋបាល និងលក្ខខណ្ឌអាជិវកម្ម ដូចការដឹកនាំរបស់នាយករដ្ឋមន្ត្រី”។
ផលប៉ះពាល់ដោយផ្ទាល់
ភាពប្ដូរផ្ដាច់នៅក្នុងកំណែទម្រង់រដ្ឋបាលពោលខាងលើ មិនត្រឹមតែមានសារៈសំខាន់ខាងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដោយផ្ទាល់ដល់ប្រជាជន សហគ្រាស និងសេដ្ឋកិច្ចទាំងមូលទៀតផង។
សម្រាប់សហគ្រាស ការកាត់បន្ថយនីតិវិធី និងលក្ខខណ្ឌអាជីវកម្មមានន័យថា កាត់បន្ថយការចំណាយគួរឲ្យកត់សម្គាល់។ ដំណើរការលឿនជាង ច្បាស់លាស់ជាងក៏ជួយសហគ្រាសធ្វើការសម្រេចចិត្តលឿនជាង និងបង្កើនសមត្ថភាពប្រកួតប្រជែងផងដែរ។
“ការកាត់បន្ថយហានិភ័យក្នុងការចំណាយក្រៅផ្លូវការ ហើយនៅពេលដែលលក្ខខណ្ឌអាជីវកម្មមានតម្លាភាពនិងលក្ខណៈសាមញ្ញនោះ គឺអាចកាត់បន្ថយការពឹងផ្អែកលើការអនុម័តដោយសត្យានុម័ត”។
“ការកាត់បន្ថយនីតិវិធី ជួយឲ្យសហគ្រាសកាត់បន្ថយការចំណាយ និងពន្លឿនការអភិវឌ្ឍផលិតផល និងពង្រីកបណ្តាញចែកចាយ។ សារនេះពិតជាច្បាស់ណាស់ ដែលថា រដ្ឋាភិបាលអមដំណើរយ៉ាងពិតប្រាកដ ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្ដូរផ្ដាច់ដើម្បីការអភិវឌ្ឍរបស់សហគ្រាស”។
សម្រាប់ប្រជាជន ការកាត់បន្ថយនីតិវិធី និងការទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងាររដ្ឋបាលនឹងជួយកាត់បន្ថយហានិភ័យនៃអំពើពុករលួយ ហើយបង្កើនគុណភាពសេវាសាធារណៈ។
សម្រាប់សេដ្ឋកិច្ច សារៈសំខាន់បំផុតគឺការដោះសោរលំហូរធនធាន។ នៅពេលដែលរបាំងនីតិវិធីត្រូវបានដកចេញ ដើមទុន គំនិត និងសមត្ថភាពផលិតកម្មអាចដំណើរការបានលឿន និងមានប្រសិទ្ធភាពជាងមុន។ នេះគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការសម្រេចបាននូវគោលដៅកំណើនខ្ពស់នៅក្នុងរយៈពេលខាងមុខ។
សំខាន់ជាងនេះទៅទៀត ការសម្រេចចិត្តទាំងនេះរួមចំណែកដល់ការកសាងទំនុកចិត្តឡើងវិញ - ទំនុកចិត្តរបស់សហគ្រាសចំពោះបរិយាកាសអាជីវកម្ម ក៏ដូចជាទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះប្រសិទ្ធភាពនៃក្បាលម៉ាស៊ីនរដ្ឋបាល។ ដូច្នេះ កំណែទម្រង់ស្ថាប័នមិនត្រឹមតែជាដំណោះស្រាយក្នុងរយៈពេលខ្លីខាងមុខប៉ុណ្ណោះទេ ថែមទាំងមាគ៌ាដែលជៀសមិនរួចដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍នៅក្នុងយុគសម័យថ្មីទៀតផង៕
