មហាសន្និបាតលើកនេះ មានអត្ថន័យដ៏សំខាន់ សំដៅអនុវត្តន៍ជាក់ស្ដែងនូវគោលនយោបាយ ការសម្រេចចិត្ត និងទស្សនៈថ្មីៗរបស់បក្សលើសកម្មភាពរបស់រណសិរ្សមាតុភូមិ ដោយបង្ហាញពីស្មារតីមហាសាមគ្គីជនជាតិទាំងមូល ក្នុងអំឡុងពេលដែលប្រទេសជាតិបានឈានចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី។ មហាសន្និបាតគឺជាឱកាសដើម្បីបំផុសកម្លាំងរួមរបស់ប្រជាជនទាំងមូល តាមនោះរួមចំណែកដល់ការកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
ពេញមួយប្រវត្តិសាស្ត្រនៃការស្ថាបនានិងការពារប្រទេសជាតិ មហាសាមគ្គីជនជាតិទាំងមូល គឺជាប្រភពកម្លាំងនិងជាកត្តាសម្រេចលើជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាមជានិច្ច។ ឈានចូលដល់យុគសម័យថ្មីនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ តម្រូវការក្នុងការពង្រីកកម្លាំងមហាសាមគ្គីជនជាតិទាំងមូល កាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់។ នៅក្នុងបរិបទនោះ មហាសន្និបាតលើកទី១១ នៃរណសិរ្សមាតុភូមិវៀតណាម មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីបំផុសស្មារតីស្រុះចិត្តគំនិតរបស់ប្រជាជាតិទាំងមូល ដើម្បីគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយវិបុលភាពទៀតផង។
មហាសាមគ្គីភាពគឺជាប្រភពនៃកម្លាំងជាតិ
ចាប់ពីប៉ុន្មានឆ្នាំនៃការតស៊ូដើម្បីឯករាជ្យជាតិរហូតដល់បុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិ ស្មារតីសាមគ្គីភាពបានក្លាយជាតម្លៃនិរន្តរភាព ជាប្រពៃណីដ៏មានតម្លៃដែលបានពូនជ្រុំតាមរយៈជំនាន់ជាច្រើន។ មហាសាមគ្គីជនជាតិទាំងមូល គឺជាមនោគមវិជ្ជាដ៏សំខាន់និងបន្តបន្ទាប់របស់លោកប្រធានហូជីមិញនិងបក្សកុម្មុយនិស្តវៀតណាម។ សាស្ត្រាចារ្យរង បណ្ឌិត លោក ង្វៀន ម៉ាញ់ហា អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស បានអះអាងថា៖
“លោកប្រធានហូជីមិញ ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា៖ «សាមគ្គីភាព សាមគ្គីភាព មហាសាមគ្គីភាព ជោគជ័យ ជោគជ័យ មហាជោគជ័យ»។ សាមគ្គីភាពនឹងនាំទៅជោគជ័យ ហើយមហាសាមគ្គីភាពនឹងនាំទៅមហាជោគជ័យ។ បក្សជានិច្ចកាលយកចិត្តទុកដាក់ និងកសាងអង្គការរណសិរ្សឱ្យកាន់តែរឹងមាំ ដោយផ្អែកលើសម្ព័ន្ធភាពកម្មករ-កសិករនិងបញ្ញវន្ត ដើម្បីបម្រើភារកិច្ចបដិវត្តន៍ក្នុងដំណាក់កាលនីមួយៗ”។
បច្ចុប្បន្ននេះ ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងឱកាស និងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នាជាច្រើន ដែលដាក់ចេញនូវតម្រូវការថ្មីៗជាច្រើនលើបុព្វហេតុកសាង និងការពារមាតុភូមិ។ នៅក្នុងបរិបទនោះ មហាសាមគ្គីជនជាតិទាំងមូល មិនត្រឹមតែជាប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចលករយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង។ នោះគឺជាសាមគ្គីភាពរវាងបណ្ដាមជ្ឈដ្ឋាននិងស្រទាប់វណ្ណៈសង្គម រវាងបណ្ដាជនជាតិ និងសាសនាផ្សេងៗគ្នា រវាងជនរួមជាតិវៀតណាមក្នុងស្រុកនិងជនរួមជាតិនៅក្រៅប្រទេស។ វាគឺជាការផ្សាភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជនដោយផ្អែកលើផលប្រយោជន៍សុខដុមរមនា និងគោលដៅរួមដើម្បីប្រទេសជាតិ។ អាចារ្យកាតូលិក ត្រាន់ សួនម៉ាញ ប្រធានគណៈកម្មាធិការសាមគ្គីភាពសាសនាកាតូលិកវៀតណាម បានចាត់ទុកថា៖
“ប្រជាសាសនិកកាតូលិករបស់យើង ប្រកាន់ខ្ជាប់នូវពាក្យពេជ្រថា៖ «គោរពព្រះ ស្នេហាជាតិ»។ ការស្នេហាជាតិ មានន័យថា យើងជួយគាំទ្រនិងចែករំលែកជាមួយប្រជាជាតិរបស់យើង ជាមួយជនរួមជាតិរបស់យើង។ ដូច្នេះ ការងារសប្បុរសធម៌របស់សាសនិកកាតូលិកត្រូវបានចាត់ទុកថា ជាកាតព្វកិច្ច ការទទួលខុសត្រូវ ស្របតាមព្រះហឫទ័យរបស់ព្រះ ឆន្ទៈរបស់បក្ស និងចិត្តរបស់ប្រជាជន”។
ការទទួលខុសត្រូវនិងបេសកកម្មប្រវត្តិសាស្ត្ររបស់រណសិរ្សមាតុភូមិវៀតណាម
នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ មហាសន្និបាតលើកទី១១ នៃរណសិរ្សមាតុភូមិវៀតណាម បន្តបញ្ជាក់ពីតួនាទីរបស់រណសិរ្សមាតុភូមិជា «ផ្ទះរួម» នៃផែនមហាសាមគ្គីជនជាតិទាំងមូល។
ដោយមានតួនាទី ក្នុងការប្រមូលផ្តុំ និងលើកកម្ពស់កម្លាំងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ រណសិរ្សមាតុភូមិ រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបក្ស និងរដ្ឋ បង្កើតឯកភាពសង្គមសម្រាប់គោលដៅអភិវឌ្ឍជាតិ។ លោក ង្វៀន ប៊ិញមិញ ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឲ្យដឹងថា៖
“អាណត្តិលើកនេះ នឹងកសាងរបកគំហើញចំនួន ៣។ របកគំហើញទីមួយគឺ ការធ្វើសុក្រិតយន្តការ ការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការរបស់រណសិរ្សមាតុភូមិ
វៀតណាមគ្រប់ជាន់ថ្នាក់។ ក្នុងនោះ ផ្តោតលើមូលដ្ឋាន លើតំបន់លំនៅដ្ឋាន និងប្រជាជនផ្ទាល់។ ខ្លឹមសារទីពីរ គឺការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការងារត្រួតពិនិត្យ និងការបដិវាទសង្គម ចាប់ពីដំណាក់កាលកសាង រហូតដល់ដំណាក់កាលអនុវត្តន៍គោលនយោបាយ ដោយមានការចូលរួមពីរណសិរ្សមាតុភូមិវៀតណាម។ របកគំហើញចុងក្រោយ គឺការកសាងជួរកម្មាភិបាលរណសិរ្សមាតុភូមិប្រកបដោយវិជ្ជាជីវៈ ភាពខ្លៀវក្លា ដោយបំពេញតាមតម្រូវការនៃស្ថានភាពថ្មី”។
នៅក្នុងយុគសម័យបច្ចុប្បន្ន មហាសាមគ្គីជនជាតិទាំងមូល ក៏ត្រូវតែភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងធានាយុត្តិធម៌សង្គមផងដែរ។ ស្មារតីមហាសាមគ្គីជនជាតិទាំងមូល ត្រូវបានពង្រីកទៅជាកម្លាំងតភ្ជាប់គ្នាទៅវិញទៅមក រវាងប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ ដែលជួយប្រទេសជាតិឱ្យទាញយកធនធានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ឋានៈជាតិផងដែរ។
ការលើកកម្ពស់កម្លាំងមហាសាមគ្គីជនជាតិទាំងមូល នៅក្នុងយុគសម័យថ្មី គឺជាតម្រូវការសត្យានុម័ត ព្រមទាំងក៏ជាភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងផងដែរ។ ដោយមានតួនាទីស្នូលនៃរណសិរ្សមាតុភូមិវៀតណាម និងការគាំទ្រជាឯកច្ឆ័ន្ទពីប្រជាជនទាំងមូល ផែនមហាសាមគ្គីជនជាតិទាំងមូល នឹងបន្តត្រូវបានពង្រឹងយ៉ាងរឹងមាំ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព៕
