តួរលេខទាក់ទងនឹងការបង្រួមក្បាលម៉ាស៊ីន ការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ឬការធ្វើវិមជ្ឈការភារកិច្ច បានឆ្លុះបញ្ចាំងមួយផ្នែក អំពីទ្រង់ទ្រាយនិងប្រសិទ្ធភាពនៃកំណែទម្រង់។ ទន្ទឹមនឹងនោះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសវៀតណាមក្នុងការកសាងប្រព័ន្ធអភិបាលកិច្ចជាតិដែលមានតម្លាភាពនិងលក្ខណៈស្ថាបនាផងដែរ។

នេះមិនត្រឹមតែជាការរៀបចំរដ្ឋបាលឡើងវិញក្នុងទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសាកល្បងដ៏សំខាន់មួយសម្រាប់វិធីសាស្រ្តអភិបាលកិច្ចថ្មីទៀតផង ក្នុងនោះប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ និងសហគ្រាសនឹងក្លាយជារង្វាស់ស្នូល។

តួរលេខដែលបញ្ជាក់ពីប្រសិទ្ធភាពនៃបដិវត្តន៍ក្នុងការរៀបចំក្បាលម៉ាស៊ីន

បន្ទាប់ពីមួយឆ្នាំនៃការអនុវត្តគំរូអាជ្ញាធរ ៣ កម្រិត សូចនាករជាច្រើនបានបង្ហាញពីការផ្លាស់ប្តូរដ៏ច្បាស់លាស់។

ជាដំបូង គឺការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនរដ្ឋបាល។ ពីខេត្ត និងទីក្រុងចំនួន ៦៣ ប្រព័ន្ធអង្គភាពរដ្ឋបាលត្រូវបានរៀបចំឡើងវិញឲ្យមកត្រឹមអង្គភាពចំនួន ៣៤ ប៉ុណ្ណោះ។ អង្គភាពរដ្ឋបាលកម្រិតស្រុកចំនួន ៦៩៦ បានបញ្ចប់ប្រតិបត្តិការ។ ចំនួនអង្គភាពរដ្ឋបាលកម្រិតឃុំត្រូវបានរៀបចំឡើងវិញ ពីជាង ១០.០០០ ចុះមកត្រឹមជាង ៣.៣០០ អង្គភាពប៉ុណ្ណោះ។ ដូច្នេះ ការសម្រេចចិត្តផ្នែករដ្ឋបាលអាចទៅដល់ប្រជាជនបានលឿនជាងមុន។

“ប្រជាជនមានក្ដីសប្បាយរីករាយ ហ់ើយមកដោះស្រាយនីតិវិធីរដ្ឋបាលច្រើនជាងមុន។ កម្មាភិបាលជិតស្និទ្ធនឹងប្រជាជន ដែលត្រូវនឹងគោលនយោបាយរបស់បក្សនិងរដ្ឋ”។

“អាជ្ញាធរមូលដ្ឋានមានភាពស្វាហាប់និងបត់បែនជាងមុន បានជួយឧបត្ថម្ភយ៉ាងច្រើនសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រជាជនទាំងមូលបានសាមគ្គីគ្នានិងជួយជ្រោមជ្រែងយ៉ាងសកម្មផងដែរ”។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក ឯកសាររាប់រយស្តីពីការធ្វើវិមជ្ឈការនិងការប្រគល់អំណាចត្រូវបានចេញផ្សាយផងដែរ។ រដ្ឋាភិបាលបានផ្ទេរភារកិច្ចជាង ១៤០០ ទៅឲ្យមូលដ្ឋាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា បានមានប្រសាសន៍ថា៖

“គិតត្រឹមពេលនេះ រដ្ឋាភិបាលបានចេញផ្សាយលិខិតបទដ្ឋានគតិយុត្តប្រហែល ១៣០០; កាត់បន្ថយនិងសម្រួលនីតិវិធីរដ្ឋបាល និងលក្ខខណ្ឌអាជីវកម្ម ប្រហែល ៤០%; ហើយសមាមាត្រនៃនីតិវិធីរដ្ឋបាលដែលដោះស្រាយដោយរដ្ឋាភិបាល ក្រសួង និងស្ថាប័នមជ្ឈិម ឥឡូវនេះនៅសល់តែប្រហែល ២៧,៤% ប៉ុណ្ណោះ ដោយសម្រេចបាននិងសម្រេចលើសគោលដៅ ដែលបានកំណត់នៅក្នុងសេចក្តីសន្និដ្ឋានលេខ ១៨ នៃសន្និបាតមជ្ឈិមលើកទី ២ នីតិកាលទី១៤ (ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុជាតិ ការខ្ចី និងសងបំណុលសាធារណៈ និងការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០២៦-២០៣០ ដោយភ្ជាប់នឹងការអនុវត្តគោលដៅកំណើន "ពីរខ្ទង់")។

លទ្ធផលទាំងនេះមិនមែនគ្រាន់តែជាការកែសម្រួលបច្ចេកទេសក្នុងការគ្រប់គ្រងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជាមូលដ្ឋាន ក្នុងការត្រិះរិះអភិបាលកិច្ចទៀតផង។ ក្នុងន័យនេះ មជ្ឈិមផ្តោតលើការកសាងស្ថាប័ន ការតាក់តែងគោលនយោបាយ និងការត្រួតពិនិត្យ; មូលដ្ឋានត្រូវបានប្រគល់ភាពម្ចាស់ការច្រើនជាងមុន ក្នុងការរៀបចំអនុវត្ត ព្រមទាំងទទួលខុសត្រូវកាន់តែច្បាស់លាស់ចំពោះលទ្ធផលផងដែរ។ ដោយធ្វើការវាយតម្លៃជារួម លោក ង្វៀន យីង៉ុក ប្រធានគណៈចាត់តាំងមជ្ឈិម បានអះអាងថា៖

“បន្ទាប់ពីប្រតិបត្តិការមួយឆ្នាំ គំរូថ្មី បានបញ្ជាក់ពីឧត្តមភាពបើធៀបនឹងគំរូចាស់ ដោយបង្ហាញពីភាពត្រឹមត្រូវ និងជាជំហានអភិវឌ្ឍន៍ទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង។ យើងបានផ្លាស់ប្តូរយ៉ាងខ្លាំងនូវការត្រិះរិះ ពីការគ្រប់គ្រងរដ្ឋបាលទៅជាការស្ថាបនាការអភិវឌ្ឍ។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំ និងកាន់អំណាចរបស់បក្ស ដោយបង្កើតការផ្លាស់ប្តូរនៃគុណភាពក្នុងអភិបាលកិច្ចជាតិឆ្ពោះទៅរកភាពទំនើប; ផ្សាភ្ជាប់វិមជ្ឈការជាមួយនឹងការគ្រប់គ្រងអំណាច។ អាចបញ្ជាក់បានថា ការរៀបចំនិងបង្រួមក្បាលម៉ាស៊ីន បានបង្កើតការផ្លាស់ប្តូរដ៏ធំធេងនៅក្នុងរចនាសម្ព័ន្ធនៃប្រព័ន្ធនយោបាយ វិធីសាស្រ្តដឹកនាំ គ្រប់គ្រង និងបម្រើប្រជាជន”។

បន្តអនុវត្តន៍ដោយការប្តេជ្ញាចិត្តកាន់តែខ្ពស់

បន្ទាប់ពីប្រតិបត្តិការរយៈពេលមួយឆ្នាំ ប្រព័ន្ធទាំងមូលត្រូវបានរៀបចំឡើងវិញរួចរាល់ហើយ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ​ ឡឹម នៅក្នុងសន្និសីទទូទាំងប្រទេសដើម្បីបូកសរុបប្រតិបត្តិការរយៈពេលមួយឆ្នាំ នៃគំរូរៀបចំប្រព័ន្ធនយោបាយជាទូទៅ និងគំរូអាជ្ញាធរ ៣ កម្រិត ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ នោះ លទ្ធផលដែលសម្រេចបានគឺត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ។ បុព្វហេតុកែទម្រង់ត្រូវតែបន្តអនុវត្តន៍ដោយការប្តេជ្ញាចិត្តកាន់តែខ្ពស់ របៀបធ្វើកាន់តែវិទ្យាសាស្ត្រ និងស្មារតីច្នៃប្រឌិតកាន់តែខ្លាំងក្លា។

“ការកែទម្រង់ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយគឺជាកិច្ចការដ៏ធំ និងលំបាកបំផុត ដែលត្រូវតែអនុវត្តន៍យ៉ាងអត់ធ្មត់ មានរបៀបរៀបរយនិងលក្ខណៈវិទ្យាសាស្ត្រ។ មិនអាចប្រញាប់ប្រញាល់បានទេ ប៉ុន្តែ ក៏មិនអាចបញ្ឈប់ ឬស្ទាក់ស្ទើរនៅចំពោះមុខការជំពាក់ជំពិន ដែលកំពុងត្រូវបានចង្អុលបង្ហាញនៅក្នុងការអនុវត្តជាក់ស្តែងផងដែរ។ ស្មារតី​ដ៏ឥតងាករេ គឺ៖ អង្គការ​ថ្មី​ត្រូវតែ​បង្កើត​សមត្ថភាព​ថ្មីៗ; យន្តការ​វិមជ្ឈការ និងប្រគល់អំណាច​ថ្មី​ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​នឹង​ការទទួលខុសត្រូវ​ថ្មីៗ; ការត្រិះរិះ​ថ្មី​ត្រូវតែ​បង្កើត​វិធីសាស្ត្រ​គ្រប់គ្រង​ថ្មី។ ក្បាលម៉ាស៊ីន​ថ្មី​ត្រូវតែនាំមកនូវ​គុណភាពក្នុងការបម្រើ​ប្រជាជន និង​អាជីវកម្ម ព្រមទាំង​រួមចំណែក​ដល់​ស្ថិរភាព និង​ការអភិវឌ្ឍរបស់​ប្រទេសផងដែរ”។

រយៈពេលមួយឆ្នាំ​មិនមែនជា​ពេលវេលា​យូរ​ ​សម្រាប់​កំណែទម្រង់​ដ៏ធំមួយឡើយ ប៉ុន្តែវាក៏​គ្រប់គ្រាន់​ដើម្បី​បង្ហាញឲ្យឃើញថា កំណែទម្រង់​បាន​បំពេញ​តាមតម្រូវការ​ដែលថា "ក្បាលម៉ាស៊ីន​ថ្មី​ត្រូវតែ​ល្អជាង​ក្បាលម៉ាស៊ីន​ចាស់ ដោយ​មិន​រំខាន​ដល់​លំហូរ​នៃ​ការងារ​សង្គម"។ ប្រការដ៏សំខាន់គឺការបម្រើ​ប្រជាជន​បាន​កាន់តែ​ប្រសើរ ព្រមទាំងបង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​គំរូ​អភិបាលកិច្ច​ជាតិ​ទំនើប ដោយឆ្លើយតបនឹង ការអភិវឌ្ឍ យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ចីរភាពរបស់ប្រទេសជាតិ​ក្នុង​យុគសម័យ​ថ្មី៕