ការជ្រើសរើសប្រមុខអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាលបន្ទាប់ បានធ្វើឡើងនៅក្នុងបរិបទដែលអង្គការពហុភាគីធំបំផុតលើភពផែនដី កំពុងជួបប្រទះនឹងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធនិងសហសម័យដ៏ធំធេង។
អគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិថ្មីនឹងចាប់ផ្តើមបេសកកម្មនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ដោយជំនួសលោក Antonio Guterres ជនជាតិព័រទុយហ្គាល់ ដែលបានកាន់តំណែងនេះអស់រយៈពេលជិត ១០ ឆ្នាំ (ចាប់តាំងពីឆ្នាំ ២០១៧)។
ការប្រណាំងប្រជែងនៃបេក្ខជនបួនរូប
ដំណើរការជ្រើសរើសបេក្ខជនសម្រាប់មុខតំណែងអគ្គលេខាធិការ អង្គការសហប្រជាជាតិអាណត្តិថ្មីបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ២៥ ខែវិច្ឆិកា កាលពីឆ្នាំមុន នៅពេលដែលប្រធានក្រុមប្រឹក្សាសន្តិសុខ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ បានផ្ញើលិខិតស្នើឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ តែងតាំងបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិថ្មី។ ដំណើរការតែងតាំងបានបញ្ចប់នៅថ្ងៃទី ១ ខែមេសា ឆ្នាំនេះ ហើយបេក្ខជនបួនរូបដែលនៅសល់គឺ៖ លោកស្រី Michelle Bachelet អតីតប្រធានាធិបតីឈីលី; លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជនជាតិអាហ្សង់ទីន; លោកស្រី Rebeca Grynspan អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ជនជាតិកូស្តារីកា; និងលោក Macky Sall អតីតប្រធានាធិបតីសេណេហ្គាល់។
តាម “ប្រពៃណី” ពីមុនមក តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ ច្រើនតែត្រូវបានទទួលដោយប្តូរវេនរវាងបេក្ខជនមកពីតំបន់ផ្សេងៗគ្នា ហើយតាមទ្រឹស្តី ក្នុងការបោះឆ្នោតលើកនេះ តំណែងអគ្គលេខាធិការនឹងត្រូវបានផ្តល់ជូនបេក្ខជនមកពីអាមេរិក ឡាទីន។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា ការប្រែប្រួលដ៏ធំធេងនៅលើពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាចធ្វើឱ្យគោលការណ៍មិនជាលាយ លក្ខណ៍អក្សរនេះ របស់អង្គការសហប្រជាជាតិទំនងជាមិនសមស្របទៀតឡើយ។ ប្រការដ៏សំខាន់ជាងនេះទៅទៀត ក្នុងបរិបទដែលអង្គការសហប្រជាជាតិកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ចាប់ពីការបែងចែកផ្ទៃក្នុង តួនាទីមានកម្រិតក្នុងបញ្ហាសន្តិសុខនិងសន្តិភាព ដែលទាមទារការកែទម្រង់អង្គការឡើងវិញ រហូតដល់ការលំបាកផ្នែកហិរញ្ញវត្ថុ នឹងធ្វើឲ្យការជ្រើសរើសអគ្គលេខាធិការថ្មី ត្រូវរងឥទ្ធិពលដោយកត្តាមិនមែនប្រពៃណីជាច្រើន។
យោងតាមផែនការ នៅថ្ងៃទី ២១-២២ ខែមេសា សវនាការបស់បណ្ដាបេក្ខជននឹងត្រូវបានអង្គការសហប្រជាជាតិផ្សាយផ្ទាល់លើវេទិកាឌីជីថល ដើម្បីឱ្យប្រទេសជាសមាជិក មិនត្រឹមតែអាចស្តាប់បទបង្ហាញអំពីចក្ខុវិស័យរបស់បេក្ខជនប៉ុណ្ណោះទេ ថែមទាំងអាចសួរសំណួរដោយផ្ទាល់ទៀតផង។ លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ បានឲ្យដឹងថា៖ “អគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់ ត្រូវតែមានសមត្ថភាពដឹកនាំដ៏រឹងមាំ មានការលះបង់និងប្រសិទ្ធភាព រួមជាមួយនឹងបទពិសោធន៍ក្នុងការគ្រប់គ្រងរចនាសម្ព័ន្ធ ហើយទាក់ទងនឹងអង្គការសហប្រជាជាតិ គឺត្រូវការសមត្ថភាពគ្រប់គ្រងអង្គការនេះដោយឆ្ពោះទៅរកការកែទម្រង់ផងដែរ”។
ការសាកល្បងចំពោះពហុភាគីនិយម
នៅក្នុងការសន្យាក្នុងយុទ្ធនាការបោះឆ្នោត ដែលបានធ្វើឡើងមុនពេលសវនាការលើកដំបូង បេក្ខជនទាំង៤រូប បានផ្តោតលើបញ្ហាប្រឈមដ៏ធំបំផុតដែលអង្គការសហប្រជាជាតិកំពុងជួបប្រទះ ក្នុងនោះលេចធ្លោគឺការបង្កើនតួនាទីរបស់អង្គការនេះ នៅក្នុងពិភពលោកដែលមានការប្រែប្រួលកាន់តែខ្លាំងឡើង។ បេក្ខជនទាំង៤រូប បានចែករំលែកទស្សនៈដូចគ្នាថា ប្រព័ន្ធអន្តរជាតិ កំពុងស្ថិតនៅក្រោមសម្ពាធដែលមិនធ្លាប់មានពីមុនមក ហើយទាមទារឱ្យមានសកម្មភាពជាបន្ទាន់នៅកម្រិតខ្ពស់បំផុត។ លោក Rafael Grossi អគ្គនាយក IAEA និងជាបេក្ខជនជនជាតិអាហ្សង់ទីន បានវាយតម្លៃថា៖ “នៅពេលសង្កេតមើលអ្វីៗដែលកំពុងកើតឡើងនៅលើពិភពលោក យើងអាចមើលឃើញយ៉ាងច្បាស់ថា សញ្ញានៃសម័យកាលនេះគឺជាសញ្ញានៃជម្លោះ ហើយរួមជាមួយនឹងភាពតានតឹងផ្នែកនយោបាយ និងភូមិសាស្ត្រយុទ្ធសាស្ត្រ ដែលជារឿងធ្លាប់ឃ់ើញរវាងប្រទេសនានានោះ មានការវិលត្រឡប់ដ៏ឃោរឃៅនៃសង្គ្រាមក្រោមគ្រប់ទម្រង់និងរូបភាព នៅគ្រប់ទីកន្លែងនៅលើផែនដី”។
នៅក្នុងបរិបទនេះ បេក្ខជនទាំង៤រូប បានចាត់ទុកថា ត្រូវតែធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីស្តារទំនុកចិត្តរបស់សហគមន៍អន្តរជាតិលើតួនាទីរបស់អង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនម្នាក់ៗបានស្នើឡើងអាទិភាពផ្សេងៗគ្នា ចាប់ពីការផ្តល់អាទិភាពដល់ការកែទម្រង់អង្គការសហប្រជាជាតិ ដើម្បីធានាតុល្យភាពរវាងកាតព្វកិច្ច និងធនធាន (ហិរញ្ញវត្ថុ និងធនធានមនុស្ស) រហូតដល់ការបង្កើនតួនាទី និងសំឡេងរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ឬការអនុវត្តបច្ចេកវិទ្យាដើម្បីធ្វើឱ្យអង្គការសហប្រជាជាតិកាន់តែគួរឱ្យទុកចិត្ត និងទាក់ទាញសម្រាប់យុវជនជំនាន់ក្រោយ។ ជារួម មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានជឿថា ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិលើកនេះអាចត្រូវបានចាត់ទុកថា ជាការធ្វើប្រជាមតិដែលមានអត្ថន័យសំខាន់បំផុតចំពោះពហុភាគីនិយម។
នៅក្នុងការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិពីមុន សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជ្រើសរើសអ្នកដែលនឹងដឹកនាំអង្គការនេះ ហើយប្រការនេះទំនងជាមិនអាចផ្លាស់ប្តូរនៅក្នុងការបោះឆ្នោតឆ្នាំនេះបានទេ ទោះបីជាមានការខិតខំប្រឹងប្រែងពង្រីកតួនាទីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ឬការបង្កើនតម្លាភាពក្នុងដំណើរការជ្រើសរើសក៏ដោយ។ ដូច្នេះ សមត្ថភាពសម្របសម្រួលរបស់សមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខ គឺជាកត្តាស្នូលក្នុងការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិថ្មី។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទដែលទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងជាមួយរុស្ស៊ី និងចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន ជម្លោះពាណិជ្ជកម្ម និងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនោះ ការដែលសមាជិកទាំង៥ដែលមានសិទ្ធិវេតូនេះ អាចឈានដល់ការសម្របសម្រួលគ្នាឬអត់ គឺជាបញ្ហាដ៏ធំមួយ។ ប្រសិនបើការចរចារវាងសមាជិកទាំងនេះ ជាប់គាំង មិនត្រឹមតែអង្គការសហប្រជាជាតិនឹងទទួលរងផលប៉ះពាល់អវិជ្ជមានប៉ុណ្ណោះទេ ថែមទាំងពហុភាគីនិយមសកលក៏នឹងប្រឈមមុខនឹងហានិភ័យនៃការចុះខ្សោយកាន់តែខ្លាំងឡើងផងដែរ៕
