ការសម្រេចចិត្តថ្មីទាំងនេះបង្ហាញពីការផ្លាស់ប្តូរកាន់តែស៊ីជម្រៅនៅក្នុងការត្រិះរិះគោលនយោបាយ ចាប់ពីគោលដៅជួយប្រជាជនឱ្យមានផ្ទះសម្បែងផ្ទាល់ខ្លួន រហូតដល់ការធានាការទទួលបានលំនៅឋានដែលមានតម្លៃសមរម្យ។
ពីសារាចរណ៍ណែនាំលេខ ៣៤ របស់គណៈលេខាមជ្ឈិម ស្តីពីការពង្រឹងការដឹកនាំរបស់បក្សលើការអភិវឌ្ឍលំនៅឋានសង្គមក្នុងស្ថានភាពថ្មី គម្រោង "ការវិនិយោគសាងសង់លំនៅឋានសង្គមយ៉ាងហោចណាស់ ១ លានខ្នងសម្រាប់អ្នកមានប្រាក់ចំណូលទាប និងកម្មករសួនឧស្សាហកម្មក្នុងដំណាក់កាល ២០២១-២០៣០" របស់រដ្ឋាភិបាល រហូតដល់ការដឹកនាំថ្មីៗលើការអភិវឌ្ឍលំនៅឋានជួលនោះ គោលនយោបាយសំខាន់ៗកំពុងត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាលំនៅឋាន។
ពីសិទ្ធិកម្មសិទ្ធិរហូតដល់សិទ្ធិទទួលបានលំនៅឋាន
ទិសដៅថ្មីៗកំពុងត្រូវបានអនុវត្តន៍ជាក់ស្តែងយ៉ាងឆាប់រហ័សតាមរយៈកម្មវិធី និងយន្តការនានា។ គិតត្រឹមពេលនេះ គម្រោងសាងសង់លំនៅឋានសង្គមយ៉ាងហោចណាស់ ១ លានខ្នង បានសម្រេចប្រហែល ៧២,៥% នៃគោលដៅដែលបានដាក់ចេញ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងសំណង់បានព្យាករណ៍ថា តម្រូវការសម្រាប់លំនៅឋានជួលក្នុងរយៈពេលប្រាំឆ្នាំខាងមុខនឹងកើនឡើងដល់ជាង ៧១.០០០ ខ្នង ខណៈដែលបច្ចុប្បន្នមានលំនៅឋានសង្គមសម្រាប់ជួលត្រឹមតែប្រហែល ៤២.០០០ ខ្នងលើទូទាំងប្រទេសប៉ុណ្ណោះ។ តួរលេខទាំងនេះបង្ហាញថា លំនៅឋានកំពុងក្លាយជាបញ្ហាមួយក្នុងចំណោមបញ្ហាអភិវឌ្ឍន៍ដែលទទួលបានការយកចិត្តទុកដាក់ខ្លាំងបំផុតនាពេលបច្ចុប្បន្ន។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចង្អុលបង្ហាញយ៉ាងច្បាស់ថា៖
"គោលនយោបាយលំនៅឋាននៅក្នុងដំណាក់កាលថ្មី គួរតែត្រូវបានរចនាឡើងជាមួយនឹងការត្រិះរិះថ្មី ចក្ខុវិស័យថ្មី ដោយធានាថាមនុស្សគ្រប់គ្នាមានកន្លែងរស់នៅ។ នេះគឺជាគោលដៅដ៏សែនសំខាន់។ ផ្ទះគឺសម្រាប់ការរស់នៅ មិនមែនសម្រាប់ការសន្សំទុកទ្រព្យសម្បត្តិនោះទេ។ ត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើមុខសញ្ញាដែលទទួលបានផលពីគោលនយោបាយលំនៅឋាន និងយន្តការលក់ដូរ ដោយមិនបណ្ដោយឲ្យលំនៅឋានក្លាយជាទ្រព្យសម្បត្តិសម្រាប់ការរកចំណេញរយៈពេលខ្លី ហើយមិនបណ្ដោយឲ្យកើតមានការកេងប្រវ័ញ្ចគោលនយោបាយលំនៅឋានសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ"។
ទិសដៅថ្មីនេះ កំពុងបង្ហាញពីវិធីអភិក្រមដ៏ទូលំទូលាយជាងមុនចំពោះបញ្ហាលំនៅឋាន។ តាមនោះ លំនៅឋានមិនត្រឹមតែជាកន្លែងរស់នៅរបស់គ្រួសារនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃរចនាសម្ព័ន្ធទីក្រុង សុខុមាលភាពសង្គម សន្តិសុខទីក្រុង និងទីផ្សារអចលនទ្រព្យផងដែរ។ គោលដៅមិនត្រឹមតែជាការបង្កើនចំនួនលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាប្រជាជនមានឱកាសទទួលបានលំនៅឋានដែលសមស្របនឹងតម្រូវការ និងសមត្ថភាពចំណាយរបស់ខ្លួនទៀតផង។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖
"យើងត្រូវតែស្រាវជ្រាវដោយប្រុងប្រយ័ត្ន ដើម្បីផ្លាស់ប្តូរទស្សនៈពីកម្មសិទ្ធិលំនៅឋានទៅជាការរៀបចំសិទ្ធិទទួលបានលំនៅឋាន។ ក្នុងន័យនេះ ប្រសិនបើនរណាម្នាក់ដែលមិនទាន់មានសមត្ថភាពដើម្បីទិញលំនៅឋាននៅឡើយទេ ពួកគេអាចជួលលំនៅឋានរយៈពេលវែង ក្នុងតម្លៃសមរម្យ។ នាពេលខាងមុខ ក្រសួងសំណង់នឹងត្រូវស្រាវជ្រាវ និងធ្វើវិសោធនកម្មច្បាប់ស្តីពីលំនៅឋាន ដោយលែងហៅថាលំនៅឋានសង្គមទៀតហើយ ប៉ុន្តែជំនួសមកវិញ ចាត់ថ្នាក់ទៅជាលំនៅឋានពាណិជ្ជកម្មសម្រាប់លក់ លំនៅឋានគោលនយោបាយ លំនៅឋានសម្រាប់បុគ្គលិករដ្ឋ និងលំនៅឋានជួល។ ហើយនៅក្នុងលំនៅឋានពាណិជ្ជកម្មសម្រាប់លក់ នឹងមានកម្រិតផ្សេងៗគ្នាដែរអាស្រ័យលើតម្រូវការ និងប្រាក់ចំណូលដើម្បីបំពេញតម្រូវការ"។
លំនៅឋានជួល - សសរស្តម្ភថ្មីនៃគោលនយោបាយលំនៅឋាន
ប្រសិនបើការផ្លាស់ប្តូរការត្រិះរិះគឺជាមូលដ្ឋានគ្រឹះនោះ គឺការអភិវឌ្ឍលំនៅឋានជួលត្រូវបានគេចាត់ទុកថា ជាជំហានជាក់ស្តែងដើម្បីសម្រេចគោលដៅនោះ។ នៅក្នុងទិសដៅថ្មី លំនៅឋានជួល ត្រូវបានកំណត់ជាសមាសធាតុសំខាន់នៃប្រព័ន្ធលំនៅឋាននាពេលអនាគត។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំថា៖
"ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០ លំនៅឋានសម្រាប់លក់នឹងនៅតែចាំបាច់ ប៉ុន្តែលំនៅឋានសម្រាប់ជួល ត្រូវតែកំណត់ថាជាសសរស្តម្ភយុទ្ធសាស្ត្រ ជាពិសេសនៅក្នុងទីក្រុងធំៗ តំបន់ឧស្សាហកម្ម តំបន់ប្រមូលផ្ដុំកម្លាំងពលកម្ម និងតំបន់ដែលតម្លៃលំនៅឋានលើសពីកម្រិតចំណូលរបស់ប្រជាជន។ ធ្វើឱ្យមានតុល្យភាពឡើងវិញនូវរចនាសម្ព័ន្ធផលិតផល។ បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់វិនិយោគិនក្នុងវិស័យលំនៅឋានជួល។ ហើយត្រូវស្រាវជ្រាវគោលនយោបាយដើម្បីពន្លឿនការអភិវឌ្ឍទីផ្សារលំនៅឋានជួល"។
រដ្ឋធានីហាណូយគឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលនាំមុខគេក្នុងការប្រែក្លាយគោលនយោបាយក្លាយទៅជាសកម្មភាពជាក់ស្តែង។ ក្នុងខែមិថុនានេះ ទីក្រុងគ្រោងនឹងចាប់ផ្តើមសាងសង់គម្រោងចំនួន ៧ ដែលមានចំនួនលំនៅឋានប្រហែល ៦៣០០ ខ្នង ក្នុងនោះជាង ១០០០ ខ្នងគឺសម្រាប់ជួល។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វូ ដាយថាំង បានថ្លែងថា៖
"គោលដៅរបស់ទីក្រុងគឺបង្កើតជាបណ្ដើរៗនូវទីផ្សារលំនៅឋានជួលប្រកបដោយវិជ្ជាជីវៈ មានគុណភាពខ្ពស់ និងតម្លៃសមរម្យ ព្រមទាំងរួមចំណែក កសាងទីផ្សារអចលនទ្រព្យដែលអភិវឌ្ឍន៍ប្រកបដោយភាពស្អាតស្អំ ចីរភាព និងស្របតាមនិន្នាការអភិវឌ្ឍន៍អន្តរជាតិ។ នាពេលអនាគត តំបន់លំនៅឋានជួលនឹងត្រូវបានគ្រោងទុកដោយសមកាលកម្មជាមួយខ្សែរថភ្លើងក្នុងទីក្រុង មជ្ឈមណ្ឌលការងារ ការអប់រំ ការថែទាំសុខភាព និងសេវាសាធារណៈ បង្កើតជាសហគមន៍ទីក្រុងទំនើប ស៊ីវិល័យ និងងាយស្រួលសម្រាប់ប្រជាជន"។
ការវិវឌ្ឍន៍ថ្មីៗរបស់វៀតណាមទាក់ទងនឹងគោលនយោបាយលំនៅឋាន បានបង្ហាញថា វៀតណាមកំពុងត្រៀមរៀបចំមូលដ្ឋានគ្រឹះចាំបាច់សម្រាប់ដំណើរការនគរូបនីយកម្មប្រកបដោយចីរភាពជាងមុន ខណៈពេលដែលពង្រីកឱកាសតាំងទីលំនៅសម្រាប់ប្រជាពលរដ្ឋផងដែរ៕
