ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែទាំងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់បានបង្ហាញ ពីបំណងចង់ជៀសវាងការប្រឈមមុខដាក់គ្នាយូរអង្វែង ប៉ុន្តែផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ នៅតែមានឧបសគ្គជាច្រើន។ នៅពីក្រោយសេចក្តីប្រកាសសុច្ឆន្ទៈ នៅតែជាភាពខុសគ្នាយ៉ាងជ្រាលជ្រៅ។
វិធានការសម្របសម្រួលផ្លូវការទូត នៅតែត្រូវបានភាគីពាក់ព័ន្ធរក្សា ហើយខ្លឹមសារក្របខ័ណ្ឌមួយចំនួនសម្រាប់ដំណើរការចរចាបានលេចចេញជារូបរាងបន្តិចម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាស្នូលទាក់ទងនឹងសន្តិសុខ និងផលប្រយោជន៍ជាយុទ្ធសាស្ត្រនៅតែបន្តបង្កើតគម្លាតដ៏គួរឲ្យកត់សម្គាល់រវាងភាគីទាំងពីរ។
ទំនុកចិត្តនៅតែជាគម្លាតធំបំផុត
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្មីៗនេះបានបន្តផ្ញើសញ្ញាសុទិដ្ឋិនិយមអំពីយថាទស្សន៍ សម្រាប់ការសន្ទនា ដោយបញ្ជាក់ថា "អ៊ីរ៉ង់ពិតជាចង់បានកិច្ចព្រមព្រៀងមួយ ហើយវានឹងជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់សហរដ្ឋអាមេរិក និងបណ្ដាភាគីដែលឈរជាមួយយើង"។ មេដឹកនាំអាមេរិកក៏បានទទួលស្គាល់ផងដែរថា ដំណើរការចរចាកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីមតិខុសគ្នានៅក្នុងប្រទេសអាមេរិកផងដែរ។
ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់កំពុងផ្តោតលើបញ្ហាមួយផ្សេងទៀត៖ ទំនុកចិត្ត។ បន្ទាប់ពីភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ និងជាពិសេសបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៨ ថ្នាក់ដឹកនាំអ៊ីរ៉ង់បានបង្ហាញថា ពួកគេមិនផ្តល់អាទិភាពដល់ការប្តេជ្ញាចិត្តនយោបាយដោយពាក្យសំដីទៀតឡើយ ប៉ុន្តែទាមទារឲ្យមានការធានាជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន។ ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានប្រកាសថា៖ "ទាហាននៅលើសមរភូមិការទូត ដាច់ខាតមិនត្រូវដាក់ទំនុកចិត្តលើពាក្យសម្ដី ឬការសន្យារបស់ភាគីប្រឆាំងឡើយ។ លក្ខណៈវិនិច្ឆ័យតែមួយគត់របស់យើង គឺត្រូវតែសម្រេចបានលទ្ធផលជាក់ស្តែង និងពិតប្រាកដ មុនពេលអនុវត្តន៍ការសន្យាតបតណាមួយ។ រហូតដល់ពេលដែលយើងអាចប្រាកដថា ផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ត្រូវបានធានា យើងនឹងមិនអនុម័តលើកិច្ចព្រមព្រៀងណាមួយឡើយ។ ទីបង្អែករឹងមាំនៅពីក្រោយយុទ្ធសាស្ត្រនេះគឺជីវិតរបស់យើង អ្នកដែលត្រៀមខ្លួនពលីជីវិតដើម្បីប្រជាជនអ៊ីរ៉ង់"។
អ៊ីរ៉ង់មិនបដិសេធតម្រូវការសម្រាប់ការសន្ទនាទេ ប៉ុន្តែគេចង់ឃើញជំហានជាក់ស្តែងមុនពេលធ្វើការសន្យាសមស្រប។ គម្លាតធំបំផុតនាពេលបច្ចុប្បន្ននេះមិនត្រឹមតែស្ថិតនៅក្នុងលក្ខខណ្ឌបច្ចេកទេសនៃកិច្ចព្រមព្រៀងនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការធានាការអនុវត្តការសន្យាទៀតផង។
ផលប្រយោជន៍យុទ្ធសាស្ត្រដែលពិបាកចុះសម្រុងគ្នា
ក្រៅពីបញ្ហានៃទំនុកចិត្ត ខ្លឹមសារជាក់ស្ដែងនៃកិច្ចចរចាក៏មានភាពខុសគ្នាជាច្រើនផង ដែរ។ ការផ្តោតសំខាន់ធំបំផុតនៅតែជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិកចាត់ទុកថា នេះ ជា "ខ្សែក្រហម" មួយដែលមិនអាចឆ្លងកាត់បានទេ។ ទីក្រុងវ៉ាស៊ីនតោនទាមទារឱ្យទីក្រុងតេអេរ៉ង់ ដោះស្រាយបរិមាណអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រើននៅកម្រិតខ្ពស់ តាមរយៈយន្តការដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីរនាពេលអនាគត។ ទោះ ជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែរក្សាសិទ្ធិអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរស៊ីវិល ហើយមិនទាន់ទទួលយកការទាមទារដែលមានលក្ខណៈចាប់បង្ខំនៅឡើយទេ។ គួរឲ្យកត់សម្គាល់ថា មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា នៅដំណាក់កាលបច្ចុប្បន្ន អាទិភាពចម្បងនៅតែជាការបញ្ចប់ជម្លោះ ជាជាងការផ្ដោតលើខ្លឹមសារបច្ចេកទេសទាក់ទងនឹងឯកសារនុយក្លេអ៊ែរ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានសង្កត់ធ្ងន់ថា៖ “កិច្ចព្រមព្រៀងរួមមួយ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។ ទាក់ទងនឹងចំណុចផ្សេងទៀតដែលបានលើកឡើង រួមទាំងបញ្ហានុយក្លេអ៊ែរ ខ្ញុំចង់សង្កត់ធ្ងន់ម្តងទៀតថា នៅដំណាក់កាលនេះ យើងផ្តោតលើការបញ្ចប់សង្គ្រាមតែប៉ុណ្ណោះ។ ដូច្នេះ យើងមិនអាចប្រកាសអ្វីមួយទាក់ទងនឹងព័ត៌មានលម្អិតនៃបញ្ហានុយក្លេអ៊ែរ នៅពេលនេះបានទេ”។
ការខ្វែងគំនិតដ៏ធំមួយទៀត គឺអនាគតនៃច្រកសមុទ្រហ័រមូស ជាផ្លូវនាវាចរណ៍យុទ្ធសាស្ត្រដែលដឹកជញ្ជូនប្រេងប្រហែល ២០% របស់ពិភពលោក។ ឧបសគ្គបច្ចុប្បន្នស្ថិតនៅក្នុងការបកស្រាយខុសៗគ្នានៃនិយមន័យ "ការបើកច្រកសមុទ្រហ័រមូស"។ សហរដ្ឋអាមេរិកចង់ស្តារឡើងវិញយ៉ាងពេញលេញនូវសកម្មភាពនាវាចរណ៍អន្តរជាតិ ហើយមិនទទួលយកការរឹតត្បិតណាមួយលើនាវាដែលឆ្លងកាត់តំបន់នេះទេ។ ក្នុងពេលជាមួយគ្នានោះ អ៊ីរ៉ង់បន្តអះអាងសិទ្ធិគ្រប់គ្រងរបស់ខ្លួន ក្នុងនាមជាប្រទេសឆ្នេរសមុទ្រ។
ក្រៅពីបញ្ហាធំៗខាងលើ អ៊ីរ៉ង់និងសហរដ្ឋអាមេរិកក៏មានខ្លឹមសារជាច្រើនទៀត ដែលមិនទាន់ចុះសម្រុងគ្នា រួមទាំងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបង្កកនៅបរទេស និងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចជាបណ្ដើរៗ ក៏ដូចជាការធានាផ្នែកច្បាប់សម្រាប់កិច្ចព្រមព្រៀងណាមួយដែលត្រូវបានចុះហត្ថលេខាផងដែរ។
ភាពប្រទាក់ប្រឡាគ្នានៃផលប្រយោជន៍សន្តិសុខ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយកំពុងធ្វើឱ្យការឈានដល់ការឯកភាពគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ កាន់តែស្មុគស្មាញ។ ដូច្នេះ ប្រការដ៏សំខាន់នាបច្ចុប្បន្នគឺថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ត្រូវបន្តស្វែងរកមធ្យោបាយដើម្បីបង្រួម "ខ្សែបន្ទាត់ក្រហម" ដែលភាគីនីមួយៗចាត់ទុកជាផលប្រយោជន៍យុទ្ធសាស្ត្រដែលមិនអាចបោះបង់ចោលបាន ដើម្បីខិតទៅជិតកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ សំដៅបញ្ចប់ជម្លោះបច្ចុប្បន្ន៕
