អនុស្សរណៈនៃការយោគយល់គ្នានេះមានឈ្មោះថា អនុស្សរណៈអ៊ីស្លាម៉ាបាដ (សម្របសម្រួលដោយប៉ាគីស្ថាន ជាមួយនឹង​ការគាំទ្រពីកាតា អារ៉ាប៊ីសាអូឌីត ទួរគី និងអេហ្ស៊ីប) ត្រូវបាន​ចុះហត្ថលេខាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី១៧ ខែមិថុនា រវាងប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian។ តាមផែនការ តំណាងមកពីភាគីទាំងពីរ គឺអនុប្រ​ធានាធិបតីសហរដ្ឋអាមេរិក​ លោក JD Vance និងប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf នឹងជួបគ្នាម្តងទៀតនៅប្រទេសស្វីសនៅថ្ងៃទី១៩ ខែមិថុនា ដើម្បីធ្វើការចរចា​បន្ទាប់។

ការបញ្ចប់ជម្លោះទាំងស្រុង

យោងតាមរដ្ឋបាលសហរដ្ឋអាមេរិក ឯកសារដែលទើបចុះហត្ថលេខាដោយមេដឹកនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រួមមាន ១៤ ចំណុច សំដៅបញ្ចប់ជម្លោះ​ដែលបានផ្ទុះឡើងរវាងភាគីទាំងពីរនៅចុងខែកុម្ភៈ ឆ្នាំ ២០២៦ និងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះ​បានសង្កត់ធ្ងន់លើការបញ្ចប់ប្រតិបត្តិការយោធា ការវាយប្រហារតាម​ផ្លូវ​អាកាស និងជម្លោះលើគ្រប់សមរភូមិទាំងអស់ រួមទាំងប្រទេសលីបង់ផងដែរ។ ភាគីទាំងពីរបានយល់ព្រម ពង្រីកបទឈប់បាញ់រយៈពេល ៦០ ថ្ងៃបន្ថែម​ត​ទៀត ដើម្បីជួយ​សម្រួលដល់ការចរចាបន្ទាប់។

ចំណុចគួរឱ្យកត់សម្គាល់មួយ​ទៀត គឺអ៊ីរ៉ង់​បាន​យល់​ព្រម​បើកច្រកសមុទ្រហ័រមូសឡើងវិញភ្លាមៗ ដើម្បីឲ្យនាវាពាណិជ្ជកម្មអន្តរជាតិ​អាច​ឆ្លងកាត់ប្រកប​ដោយ​សុវត្ថិភាព​។ ជាថ្នូរវិញ សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំណើរការ​ដកបទហ៊ុំព័ទ្ធលើកំពង់ផែ​នានា​របស់​អ៊ីរ៉ង់ក្នុងរយៈពេល ៣០ ថ្ងៃ។ ការបើកច្រកសមុទ្រហ័រមូសឡើងវិញ គឺជាដំណឹងល្អសម្រាប់សេដ្ឋកិច្ចពិភពលោក ពីព្រោះចាប់តាំងពីជម្លោះបានផ្ទុះឡើង ហើយច្រកសមុទ្រហ័រមូសត្រូវបានហ៊ុំព័ទ្ធ ការផ្គត់ផ្គង់ថាមពលសកលរងការអាក់ខានយ៉ាងធ្ងន់ធ្ងរ​បំផុតក្នុងប្រវត្តិសាស្ត្រ ដែល​ធ្វើឲ្យប៉ះពាល់ដល់​យថាទស្សន៍​កំណើនសកល និងជំរុញ​ឲ្យអតិផរណាកើនឡើងខ្ពស់នៅក្នុងប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក​ផងដែរ។ ​ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ថា ការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ច​បណ្តាល​មក​ពីជម្លោះ គឺជាហេតុផល​មួយដែ​លជំរុញ​ឱ្យ​លោកបន្តកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។

«ប្រការតែមួយគត់ដែលខ្ញុំមិនចង់ឃើញគឺជា​គ្រោះសោកនាដកម្ម​សេដ្ឋកិច្ច​។ ប្រសិនបើស្ថានភាពនៅតែបន្ត ប្រការនោះនឹង​អាច​កើត​ឡើង​ទាំងស្រុង​។ អ្វីដែលខ្ញុំដឹងនោះគឺ រាល់ពេលដែលយើងពិភាក្សាគ្នាអំពីលទ្ធភាពនៃសន្តិភាព ទីផ្សារភាគហ៊ុនតែងតែហក់ឡើងយ៉ាង​ខ្លាំងដូចគ្រាប់រ៉ុក្កែត ហើយ​មិនដែលធ្លាក់ចុះឡើយ»។​​

ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុង​អំឡុង​ពេលរង់ចាំកិច្ចព្រមព្រៀងចុងក្រោយ អ៊ីរ៉ង់នឹងប្តេជ្ញាបង្កក និងរក្សាស្ថានភាព​ដដែលនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយនឹងមិនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតខ្ពស់ជាងនោះទេ។ ជាថ្នូរវិញ សហរដ្ឋអាមេរិកបានប្តេជ្ញាមិនដាក់ទណ្ឌកម្មថ្មី និងមិនដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់តំបន់។

បញ្ហាសាកល្បង

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ​ ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ជឿជាក់ថា កិច្ចព្រមព្រៀង​នេះគ្រាន់តែមានដំណើរការពោរពេញទៅដោយ​បញ្ហា​សាកល្បងក្នុង​រយៈពេល ៦០ ថ្ងៃខាងមុខ​។ បញ្ហា​សាកល្បងដំបូងគឺអ៊ីស្រាអែល និង​សមរភូមិ​លីបង់។ អ៊ីស្រាអែលបានចូលរួមជាមួយអាមេរិកក្នុង​ជម្លោះ​ប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែមិនមែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទេ។ ដូច្នេះ សកម្មភាពយោធារ​បស់អ៊ីស្រាអែលនៅប្រទេសលីបង់ មាន​ហានិភ័យ​ផ្ទុះអំពើហិង្សាម្តងទៀត ដែលធ្វើឲ្យខូចដល់ការសន្យា "បញ្ចប់អរិភាពនៅ​សមរភូមិ​ទាំងអស់"។

បញ្ហាសាកល្បងមួយ​ទៀតគឺបញ្ហានុយក្លេអ៊ែរ។ រយៈពេល ៦០ថ្ងៃប្រហែលជាមិន​គ្រប់គ្រាន់សម្រាប់ភាគីទាំងពីរ ដើម្បីឈានដល់ការឯកភាពគ្នាលើបញ្ហាដ៏លំបាក​ដែល​អូសបន្លាយរយៈពេលជាងមួយទសវត្សរ៍​កន្លងទៅ។ លោក​សាស្ត្រាចារ្យ Andreas Krieg មកពីសកលវិទ្យាល័យ King's College ក្នុង​ទីក្រុងឡុងដ៍(អង់គ្លេស​) បាន​ធ្វើ​អត្ថាធិប្បាយថា៖ «បញ្ហាប្រឈមធំបំផុតចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺស្ថិតនៅលើព័ត៌មានលម្អិត មិនមែនលើគោល​​បំណងជាទូទៅនោះឡើយ។ ភាគីទាំងពីរបានយល់ស្របថា អ៊ីរ៉ង់នឹងមិនក្លាយជា​ម្ចាស់កម្មវត្ថុអាវុធនុយក្លេអ៊ែរ​នោះទេ។ ហាក់ដូចជាភាគីទាំងពីរ សុទ្ធតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ​។ អ្វីដែលខ្ញុំគិតថា នៅតែត្រូវការ​ពិភាក្សា គឺកម្រិតនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលអាចទទួលយកបាន។ បន្ទាប់មក គឺបញ្ហានៃការត្រួតពិនិត្យនិងតាមដានកិច្ចព្រមព្រៀង ព្រមទាំងការអនុវត្តកិច្ចព្រមព្រៀង​។ ជាទីបំផុតគឺជាបញ្ហាថា តើសារធាតុ​អ៊ុយរ៉ាញ៉ូ​មរបស់អ៊ីរ៉ង់នឹងត្រូវចាត់ចែងយ៉ាងដូចម្តេច? តើនរណានឹង​ជាអ្នកត្រួតពិនិត្យ? តើអ៊ីរ៉ង់អាចរក្សាទុកបានប៉ុន្មាន? ប្រសិនបើអ៊ីរ៉ង់មិនអាចរក្សាទុកបាននោះទេ តើអ៊ុយរ៉ាញ៉ូ​មនឹងទៅដល់​ទីណា?»។​

សម្រាប់រដ្ឋបាលរបស់លោក​ប្រធានាធិបតី ដូណាល ត្រាំ សម្ពាធនយោបាយ​ផ្ទៃក្នុងក៏ជាបញ្ហាសាកល្បងដ៏ធំមួយផងដែរ។ អ្នកនយោបាយអាមេរិកជាច្រើ​នបានរិះគន់លក្ខខណ្ឌ​ហិរញ្ញវត្ថុ ដែលត្រូវបានចាត់ទុកថា ​មាន​អំណោយផល​សម្រាប់អ៊ីរ៉ង់ ហើយបានទាមទារឱ្យលោក​ប្រធានាធិបតី ដូណាល់ ត្រាំ នាំយកកិច្ចព្រមព្រៀងនេះទៅ​បោះឆ្នោតអនុម័តនៅ​សភាសហរដ្ឋអាមេរិក​។

ក្រៅពីបញ្ហាទាំងនោះ ឧបសគ្គបច្ចេកទេសនៅក្នុងច្រកសមុទ្រហ័រមូស ដូចជាការបោសសម្អាតគ្រាប់​បែក​មីន និងការសម្អាតឧបសគ្គដែលកើតចេញពីជម្លោះ ក៏បង្កបញ្ហាប្រឈមយ៉ាងសំខាន់ផងដែរ។ ជាទីបំផុត កង្វះយន្តការត្រួតពិនិត្យដ៏រឹងមាំក៏ជាបញ្ហាមួយផងដែរ។ អនុស្សរណៈនេះបង្កើតយន្តការប្រតិបត្តិការរួម ប៉ុន្តែខ្វះវិធានការផ្លូវច្បាប់ ដ៏​រឹងមាំគ្រប់គ្រាន់ ប្រសិនបើភាគីណាមួយមានការ​រំលោភបំពាន​។ ក្នុង​បរិបទនៃការមន្ទិល​សង្សាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ រាល់​ការប៉ះទង្គិចគ្នា​នៅលើសមុទ្រ ឬការរំលោភបំពានតូចតាច់ ក៏​អាចបណ្តាល​ឱ្យកិច្ចព្រមព្រៀងនេះត្រូវបាន​លុប​ចោល​ភ្លាម​មួយ​រំពិច​​ផងដែរ​៕