ការចរចាជុំទីមួយទទួលបានវឌ្ឍនភាពខ្លះ ទោះបីជាបញ្ហាប្រឈមធំៗជាច្រើន នៅតែគំរាមកំហែងរុញច្រានឱ្យការចរចានេះធ្លាក់ចូលភាពជាប់គាំងក៏ដោយ។
គណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយអនុប្រធានាធិបតីលោក J.D. Vance និងគណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយប្រធានរដ្ឋសភាលោក Mohammad Bagher Ghalibaf បានធ្វើកិច្ចចរចាផ្ទាល់លើកដំបូង នៅប្រទេសស្វីស ដោយមានការចូលរួមពីប្រទេសសម្របសម្រួលចំនួនពីរគឺប៉ាគីស្ថាន និងកាតា។
វឌ្ឍនភាព
ទោះបីជាគណៈប្រតិភូសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មានវត្តមាននៅប្រទេសស្វីសក៏ដោយ ហានិភ័យនៃការដួលរលំចំពោះកិច្ចចរចានេះនៅតែកើតមាន នៅពេលដែលនាថ្ងៃទី ២០ ខែមិថុនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរំលឹកឡើងវិញនូវការគំរាមកំហែងវាយប្រហារលើអ៊ីរ៉ង់ ប្រសិនបើភាគីទាំងពីរមិនសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ ដែលបណ្ដាលឲ្យគណៈប្រតិភូអ៊ីរ៉ង់ប្រឆាំងជំទាស់យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់ ការចរចាជុំទីមួយបានធ្វើឡើងពេញមួយថ្ងៃទី ២១ ខែមិថុនា នៅរមណីយដ្ឋាន Burgenstock ហើយសម្រេចបានវឌ្ឍនភាពដែលភាគីទាំងពីរចាត់ទុកថាជាវិជ្ជមាន។
ជាក់ស្ដែងគឺ សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមលើយន្តការមួយដែលអនុញ្ញាតឱ្យក្រុមអធិការកិច្ចនៃទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) វិលត្រឡប់មកអ៊ីរ៉ង់វិញដើម្បីត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ លើសពីនេះ អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ប្រសិនបើទ្រព្យសម្បត្តិដែលត្រូវបង្កករបស់អ៊ីរ៉ង់ ត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងមួយសំដៅបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ានោះ ទីក្រុងវ៉ាស៊ីនតោនអាចធានា ថាកញ្ចប់ប្រាក់នេះនឹងមិនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពភេរវកម្មនោះទេ។ អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានថ្លែងថា៖ “ខ្ញុំគិតថាប្រការដ៏សំខាន់គឺ យើងទាំងអស់គ្នាគួរតែកោតសរសើរចំពោះអ្វីៗដែលសម្រេចបាន ប៉ុន្តែនិយាយឱ្យត្រង់ទៅ នៅ តែមានការងារជាច្រើនដែលត្រូវធ្វើ នៅពេលដែលយើងបន្តសម្រេចបានវឌ្ឍនភាពនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ កិច្ចចរចាសេដ្ឋកិច្ច ការបន្តបោសសម្អាតគ្រាប់បែកមីននៅច្រកសមុទ្រ ហើយធានាថា លំហូរចរាចរណ៍ត្រូវបានស្តារឡើងវិញ។ មានវឌ្ឍនភាពជាច្រើនពិតម៉ែន ប៉ុន្តែនៅតែមានការងារមួយចំនួនដែលត្រូវធ្វើ ហើយយើងប្តេជ្ញានឹងធ្វើការងារទាំងនោះ”។
ចំពោះភាគីអ៊ីរ៉ង់វិញ មន្ត្រីនៃប្រទេសនេះបាននិយាយថា ពួកគេសម្រេចបានលទ្ធផលស្នូលមួយចំនួន ជាពិសេសការបង្កើតយន្តការទំនាក់ទំនងនៅក្នុងច្រកសមុទ្រ Hormuz ដើម្បីជៀសវាងការយល់ច្រឡំ និងការកើនឡើងនៃភាពតានតឹង។ ប្រធានរដ្ឋសភា លោក Mohammad Bagher Ghalibaf ប្រធានក្រុមចរចាអ៊ីរ៉ង់ បានមានប្រសាសន៍ថា៖ “យើងបានឯកភាពបង្កើតយន្តការសម្របសម្រួលនៅទីនោះ រួមទាំងខ្សែទូរស័ព្ទទាន់ហេតុការណ៍ និងមជ្ឈមណ្ឌលទំនាក់ទំនងក្នុងករណីមានភាពមិនប្រាកដប្រជា ឬជម្លោះណាមួយ។ ក្នុងរយៈពេល ៣០ ថ្ងៃនេះ ភាគីនានានឹងអាចរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីឱ្យនាវាអាចឆ្លងកាត់ច្រកសមុទ្រ កាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាព។ ប្រការនេះនឹងជួយកែលម្អលំហូរចរាចរណ៍ និងបរិមាណទំនិញដែលដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ ជំរុញសេដ្ឋកិច្ចក្នុងតំបន់ គាំទ្រសេដ្ឋកិច្ចសកល និងអនុញ្ញាតឱ្យយើងឈានទៅមុខ”។
ភាគីអ៊ីរ៉ង់បានបញ្ជាក់ផងដែរថា ប្រការដ៏សំខាន់បំផុតគឺពួកគេបានសម្រេចលក្ខខណ្ឌចាំបាច់សម្រាប់ការចរចាលើកិច្ចព្រមព្រៀងចុងក្រោយ តាមនោះ ក្រុមការងារឯកទេសទាំងបី (នុយក្លេអ៊ែរ ទណ្ឌកម្ម និងការឃ្លាំមើល) នឹងត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ លុះត្រាតែសហរដ្ឋអាមេរិកអនុវត្តន៍យ៉ាងពេញលេញនូវបទឈប់បាញ់គ្រប់ជ្រុងជ្រោយ។
ការវិវឌ្ឍវិជ្ជមានសម្រាប់ប្រទេសលីបង់
លទ្ធផលគួរឱ្យកត់សម្គាល់មួយទៀតដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់សម្រេចបានបន្ទាប់ពីការចរចាជុំទីមួយ រួមមាន៖ យន្តការគ្រប់គ្រងជម្លោះនៅក្នុងប្រទេសលីបង់ ដែលក្នុងនោះសម្ពាធពីអ៊ីរ៉ង់បង្ខំឱ្យភាគីនានារក្សាបទឈប់បាញ់បណ្តោះអាសន្ន។ ក្រោមយន្តការថ្មីដែលបានព្រមព្រៀងគ្នានៅប្រទេសស្វីស អ៊ីរ៉ង់អាចជ្រៀតជ្រែកច្រើនជាងនៅក្នុងរចនាសម្ព័ន្ធសន្តិសុខនៅក្នុងប្រទេសលីបង់ ខណៈពេលដែលតួនាទីរបស់អ៊ីស្រាអែលមានកម្រិត។
នេះនឹងជាបញ្ហាប្រឈមថ្មីមួយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ Jonathan Rynhold អ្នកស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ Bar Ilan (អ៊ីស្រាអែល) អ៊ីស្រាអែលទំនងជាមិនអាចធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់នៅពេលនេះទេ ពីព្រោះរដ្ឋបាលសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ខ្លាំងបំផុតរបស់អ៊ីស្រាអែល ពិតជាមិនចង់ឱ្យកិច្ចខិតខំប្រឹងប្រែងឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ទទួលបរាជ័យនោះទេ៖ “អ៊ីស្រាអែលនឹងត្រូវតែអនុវត្តន៍វិធីអភិក្រមដែលមានកម្រិតជាងអ្វីៗដែលគេបានធ្វើនាពេលថ្មីៗនេះ។ ប្រហែលជាពួកគេនឹងត្រូវដកកងទ័ពចេញពីភាគខាងត្បូងប្រទេសលីបង់។ ប្រាកដថា ពួកគេនឹងត្រូវធ្វើដូច្នេះបន្ទាប់ពី៦០ ថ្ងៃ ប្រសិនបើមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ប៉ុន្តែក៏គ្មានការសង្ស័យដែរ អ៊ីស្រាអែលនឹងបន្តខិតខំប្រឹងប្រែង ដើម្បីរារាំងការផ្គត់ផ្គង់អាវុធ ក៏ដូចជាលំហូរប្រាក់ឧបត្ថម្ភទៅកាន់កម្លាំងហេសបូឡាផងដែរ”។
ទាក់ទងនឹងការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នាពេលខាងមុខ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ក្រុមចរចារបស់ខ្លួន ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi នឹងបន្តវគ្គពិភាក្សាបច្ចេកទេសជាមួយអ្នកចរចាសហរដ្ឋអាមេរិក និងកាតានៅប្រទេសស្វីសនៅសប្តាហ៍នេះ៕
