កំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យកម្មសិទ្ធិបញ្ញាបានបង្ហាញថា វៀតណាមមិនត្រឹមតែបំពេញតាមតម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងប្រព័ន្ធអេកូឡូស៊ីផ្នែកច្បាប់យ៉ាងសកម្ម ដើម្បីផ្លាស់ប្តូរទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាទៅជាធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
សុក្រិតការធ្វើស្ថាប័ន និងបង្កើនសមត្ថភាពអនុវត្តន៍
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រព័ន្ធច្បាប់របស់វៀតណាមទាក់ទងនឹងកម្មសិទ្ធិបញ្ញាត្រូវបានកែលម្អជាបន្តបន្ទាប់ ដោយកាន់តែខិតជិតស្តង់ដារអន្តរជាតិ។ ចាប់ពីច្បាប់កម្មសិទ្ធិបញ្ញាឆ្នាំ ២០០៥ (មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០០៦) រហូតដល់ច្បាប់វិសោធនកម្ម និងបំពេញបន្ថែម នៅឆ្នាំ ២០០៩, ២០១៩, ២០២២ ជាពិសេសវិសោធនកម្មឆ្នាំ ២០២៥ ក្របខ័ណ្ឌច្បាប់កាន់តែមានភាពពេញលេញ ទំនើប សមស្របនឹងការអនុវត្តអភិវឌ្ឍន៍ក្នុងប្រទេស ក៏ដូចជាការប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងជឿន លឿន (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ដែលវៀតណាមកំពុងចូលរួម។
ច្បាប់វិសោធនកម្មឆ្នាំ ២០២៥ និងបំពេញបន្ថែមមាត្រាជាច្រើននៃច្បាប់កម្មសិទ្ធិបញ្ញា (ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦) បង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយដោយបន្តផ្តោតលើការកែទម្រង់នីតិវិធីរដ្ឋបាល និងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលក្នុងសកម្មភាពកម្មសិទ្ធិបញ្ញា ដោយមិនត្រឹមតែផ្តោតលើកិច្ចការពារសិទ្ធិកម្មសិទ្ធិបញ្ញាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទូលាយ ទៅការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញាទៀតផង។ លោក ង្វៀន ហ័ង យ៉ាង អនុប្រធានការិយាល័យកម្មសិទ្ធិបញ្ញា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ច្បាប់កម្មសិទ្ធិបញ្ញាដែលបានធ្វើវិសោធនកម្មរួមមានវិធានការ និងបទ បញ្ញត្តិរដ្ឋប្បវេណី។ ជាពិសេស អនុញ្ញាតឱ្យតុលាការចេញសេចក្តីសម្រេចដែលបង្ខំឱ្យដកចេញ លាក់បាំង ឬរារាំងការចូលប្រើខ្លឹមសារដែលរំលោភបំពាននៅលើលំហរ អ៊ីនធឺណិត; ចេញសេចក្តីសម្រេចបិទការចូលប្រើព័ត៌មាន ខ្លឹមសារ គណនី គេហទំព័រ កម្មវិធី ឬអាសយដ្ឋានអ៊ីនធឺណិតដែលទាក់ទងនឹងការរំលោភបំពានជាបណ្តោះអាសន្ន ក្រោមរូបភាពនៃវិធានការបន្ទាន់បណ្តោះអាសន្ន”។
ក្នុងពេលជាមួយគ្នានោះ ការងារអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញានៅតែត្រូវបានបង្កើន។ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីណែនាំលេខ ០២ ស្តីពីការបង្កើនការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។ សេចក្តីណែនាំនេះសង្កត់ធ្ងន់លើតម្រូវការក្នុងការកែលម្អការសម្របសម្រួលអន្តរភ្នាក់ងារ រឹតបន្តឹងការគ្រប់គ្រងទីផ្សារ និងបង្កើនការដោះស្រាយការរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញាតាមរយៈវិធានការរដ្ឋបាល និងព្រហ្មទណ្ឌ។ លោក ឡេ ហ៊ុយ អាញ អនុប្រធានការិយាល័យកម្មសិទ្ធិបញ្ញា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានសង្កត់ធ្ងន់ថា៖ “ប្រសិនបើយើងធ្វើការងារបានល្អក្នុងការបង្កើតសិទ្ធិ ប៉ុន្តែការអនុវត្តមិនបានធ្វើបានល្អទេ នឹងធ្វើឱ្យតម្លៃនៃទ្រព្យសម្បត្តិបញ្ញាថយចុះ។ ដូច្នេះ សកម្មភាពដើម្បីទប់ស្កាត់ការរំលោភបំពានកម្មសិទ្ធិបញ្ញាគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដើម្បីបង្កើតលក្ខណៈតម្លាភាពក្នុងបរិយាកាសអាជីវកម្ម”។
វឌ្ឍនភាពគួរឱ្យកត់សម្គាល់
ការអនុវត្តជាក់ស្តែងបង្ហាញថា វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងកិច្ចគាំពារ និងអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា។ ក្នុងដំណាក់កាល ២០២១-២០២៥ វៀតណាមបានទទួលពាក្យសុំកម្មសិទ្ធិឧស្សាហកម្មជាង ៤២៣.០០០ បានចាត់ការពាក្យសុំជាង ៤៣៦.០០០ និងបានផ្តល់វិញ្ញាបនបត្រគាំពារជាង ២៥៥.០០០ ដែលជាការកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងរយៈពេលមុន។ ចំនួនពាក្យសុំប៉ាតង់ក្នុងស្រុកកំពុងកើនឡើងជាវិជ្ជមានជារៀងរាល់ឆ្នាំ ដែលឆ្លុះបញ្ចាំងពីសមត្ថភាពច្នៃប្រឌិតផ្ទៃក្នុងដែលប្រសើរឡើង និងការផ្លាស់ប្តូររបស់ខ្លួនទៅជាទ្រព្យសម្បត្តិបញ្ញាដ៏មានតម្លៃជាមួយនឹងតម្លៃសេដ្ឋកិច្ចជាក់ស្តែង។
ដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅក៏បានជួយវៀតណាម ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាកំណែទម្រង់លឿនបំផុតក្នុងវិស័យកម្មសិទ្ធិបញ្ញានៅក្នុងតំបន់។ វៀតណាមក៏ចូលរួមយ៉ាងសកម្មនៅក្នុងយន្តការ សហប្រតិបត្តិការពហុភាគី និងទ្វេភាគីផងដែរ ចាប់ពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អង្គការពាណិជ្ជកម្មពិភពលោក (WTO) សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)... រហូតដល់ទីភ្នាក់ងារកម្មសិទ្ធិបញ្ញាធំៗនៅទូទាំងពិភពលោក ដោយហេតុនេះធ្វើឱ្យប្រព័ន្ធមានភាពស៊ីសង្វាក់គ្នា និងបង្កើនសមត្ថភាពប្រតិបត្តិការ។
ហើយនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាមតែងតែបង្ហាញពីស្មារតីសកម្ម និងសហប្រតិបត្តិការ ដូចជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី ហ្វាម ធូ ហាំង ថា៖ “ក្នុងរយៈពេលថ្មីៗនេះ ប្រទេសវៀតណាមតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងកិច្ចគាំពារកម្មសិទ្ធិបញ្ញា ទាំងក្នុងការសុក្រិតប្រព័ន្ធនិយតកម្ម បង្កើនការយល់ដឹងរបស់សាធារណជន ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត; ប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភបំពានកម្មសិទ្ធិបញ្ញា។ ទាំងនេះគឺជាអាទិភាពខ្ពស់ និងជាគោលនយោបាយជាប់លាប់របស់វៀតណាម សំដៅកសាងបរិយាកាសអាជីវកម្មដែលមានតម្លាភាព និងការផ្លាស់ប្តូរគំរូកំណើនជាមួយនឹងការយកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង”។
វៀតណាមកំពុងស្ថិតក្នុងដំណើរការនៃការកែលម្អយ៉ាងខ្លាំងនូវប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់ខ្លួនឆ្ពោះទៅរកទិសដៅទំនើប សមកាលកម្ម និងរួមបញ្ចូលគ្នា។ នៅក្នុងបរិបទនៃការប្រកួតប្រជែងសកលដ៏ខ្លាំងក្លាកាន់តែខ្លាំងឡើង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល ចលនាទាំងនេះមិនត្រឹមតែបំពេញតាមតម្រូវការសមាហរណកម្មរបស់វៀត ណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការបង្កើនសមត្ថភាពខាងក្នុង ការបង្រួបបង្រួមបរិយាកាសអាជីវកម្មដែលមានតម្លាភាព និងប្រកបដោយចីរភាព និងលើកកម្ពស់នវានុវត្តន៍ផងដែរ៕
