កិច្ចប្រជុំកំពូល G7 ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុងរមណីយដ្ឋាន Evian-les-Bains ភាគខាងកើតប្រទេសបារាំង ដែលមានប្រធានបទ “ដោះស្រាយអតុល្យភាពសកល”។

កត្តាដូណាល់ ត្រាំ

មុនពេលកិច្ចប្រជុំកំពូល G7 ឆ្នាំនេះបានបើកនៅ Evian នៅថ្ងៃទី ១៤ ខែមិថុនា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានប្រកាសឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ដោយមានគោលបំណងកសាងសន្តិភាពយូរអង្វែងនៅក្នុងតំបន់។ សម្រាប់រដ្ឋជាសមាជិក G7 (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា ជប៉ុន) នេះគឺជាដំណឹងវិជ្ជមាន ដោយសារ ជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សកម្មភាពយោធាដែលកំពុងកើនឡើងនៅក្នុងប្រទេសលីបង់ និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ត្រូវបានរំពឹងថា នឹងក្លាយជាប្រធានបទដ៏ចម្រូងចម្រាសបំផុតក្នុងកិច្ចប្រជុំកំពូល G7 ឆ្នាំនេះ ។

យោងតាមលោកស្រី Sylvie Matelly អ្នកជំនាញទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងជានាយិកាវិទ្យាស្ថាន Jacques Delors (បារាំង) កិច្ចព្រមព្រៀងទើបសម្រេចបាននេះ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានចេញផ្សាយក៏ដោយ ប៉ុន្តែក៏បានបន្ធូរបន្ថយសម្ពាធជាច្រើនលើការពិភាក្សានៅ Evian ព្រោះថា សារសមាជិក G7 ដែលនៅសល់ភាគច្រើនមានការមិនចុះសម្រុងគ្នាច្រើនជាមួយរដ្ឋបាលសហរដ្ឋអាមេរិកដឹកនាំដោយប្រធានាធិបតី ដូណាលើ ត្រាំ លើវិធីសាស្រ្តចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ ពោលគឺ ប្រទេសទាំងនេះ (បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាណាដា អ៊ីតាលី និងជប៉ុន) មិនពេញចិត្តដោយសារសហរដ្ឋអាមេរិក (និងអ៊ីស្រាអែល) មិនបានពិគ្រោះជាមួយសម្ព័ន្ធមិត្ត មុនពេលវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ និងបដិសេធមិនធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងជម្លោះ ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏ដោយ។ ដូច្នេះ ការដែលជម្លោះមជ្ឈិមបូព៌ាមានវឌ្ឍភាពលេចធ្លោ អាចបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសមាជិក G7 ដែលនៅសល់។ លើសពីនេះ ការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចត្រូវបានមើលឃើញថា ជាជ័យជម្នះការទូតដ៏សំខាន់មួយសម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទាល់ ដែលអាចអនុញ្ញាតឱ្យលោកមកដល់ទីក្រុង Evian ក្នុងអារម្មណ៍ល្អប្រសើរ ហើយដូច្នេះ "មិនអាចទាយទុកជាមុនបាន" នោះទេ។ យោងតាមអ្នកជំនាញ Sylvie Matelly ព័ត៌មានលម្អិតនេះមានសារៈសំខាន់ជាពិសេស ពីព្រោះបទពិសោធន៍ពីកិច្ចប្រជុំកំពូល G7 ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះបង្ហាញថា ការ "មិនអាចទាយទុកជាមុនបាន" របស់លោក ដូណាល់ ត្រាំ តែងតែជាកត្តាធំបំផុតមួយដែលជះឥទ្ធិពលដល់ភាពជោគជ័យនៃកិច្ចប្រជុំ។

"ភាពមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតី ត្រាំ គឺជាអ្វីមួយដែលយើងកំពុងស៊ាំ ហើយខ្ញុំគិតថា យើងត្រូវត្រៀមខ្លួនរួចជាស្រេច។ ការស៊ាំជាមួយប្រការនេះ ក៏មានន័យថា យើងដឹងពីរបៀបគ្រប់គ្រងវាផងដែរ។ យើងក៏ដឹងពីរបៀបប្រុងប្រយ័ត្នជាមួយពាក្យដែលយើងប្រើដើម្បីកុំឱ្យគាត់ខឹង។ ទោះជាយ៉ាងណាក៏ដោយ យើងមិនដែលសមនឹងភាពស៊ាំជាមួយនឹងព្រឹត្តិការណ៍ខាងក្រៅមួយចំនួន ដែលនៅពេលនោះ អាចរំខាន ឬធ្វើឱ្យគាត់ខឹង និងធ្វើឱ្យគាត់កាន់តែមិនអាចទាយទុកជាមុនបាននោះទេ។ ដូច្នេះ តើយើងគ្រប់គ្រងប្រការនោះដោយរបៀបណានៅពេលដែលគាត់អង្គុយចុះនៅតុចរចា? នោះនឹងជាបញ្ហាពិតប្រាកដសម្រាប់ជនជាតិអឺរ៉ុប ហើយខ្ញុំគិតថា ជនជាតិអឺរ៉ុបធ្វើបានល្អរឿងនោះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ"។

.

កាត់បន្ថយអតុល្យភាពសកល

ទន្ទឹមនឹងអាទិភាពអំពីការសម្របសម្រួលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប្រទេសម្ចាស់ផ្ទះបារាំងក៏បានប្រកាសពីវិស័យសំខាន់ៗមួយចំនួនសម្រាប់កិច្ចប្រជុំកំពូល G7 ឆ្នាំនេះ ដែលផ្តោតលើសសរស្តម្ភសំខាន់ពីរ។ ទីមួយ ការកាត់បន្ថយអតុល្យភាពម៉ាក្រូសេដ្ឋកិច្ចសកល បង្កើនការសម្របសម្រួលក្នុងចំណោមសេដ្ឋកិច្ចធំៗ ដើម្បីគ្រប់គ្រងកម្រិតបំណុលខ្ពស់ អតិផរណា និងការបែកបាក់ហិរញ្ញវត្ថុ។ បន្ទាប់មក ត្រូវមានការពិចារណាឡើងវិញ អំពីក្របខ័ណ្ឌអភិវឌ្ឍន៍សកល កសាងភាពជាដៃគូសកលដែលយុត្តិធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក កែទម្រង់សាមគ្គីភាពអន្តរជាតិ និងប្រព័ន្ធហិរញ្ញវត្ថុ។ ជាពិសេស កិច្ចប្រជុំកំពូល G7 ឆ្នាំនេះកំពុងពិភាក្សាអំពីវិស័យចំនួនប្រាំពីរ៖ ហិរញ្ញវត្ថុ អភិវឌ្ឍន៍ ការទូត (វិបត្តិ) ពាណិជ្ជកម្ម ឌីជីថល កិច្ចការផ្ទៃក្នុង និងបរិស្ថាន/ថាមពល។ លោក Cédric Dupont សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅវិទ្យាស្ថានក្រៅឧត្តមសិក្សានៅទីក្រុងហ្សឺណែវ បានអត្ថាធិប្បាយថា៖ "របៀបវារៈដោយប្រយោល (របស់ G7) គឺស្វែងរកមធ្យោបាយដើម្បីដំណើរការ និងគ្រប់គ្រងពិភពលោកយ៉ាងដូចម្តេច ដោយគ្មានចិន។ គេផ្តោតការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខនៅក្នុងតំបន់ដូចជា មជ្ឈិមបូព៌ា ស្នែងអាហ្វ្រិក រុស្ស៊ី និងអ៊ុយក្រែន។ គេយកចិត្តទុកដាក់លើការប្រណាំងប្រជែងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត និងសារធាតុរ៉ែសំខាន់ៗ។ ហើយពួកគេក៏មានការយកចិត្តទុកដាក់ ក្នុងកម្រិតតិចជាង ប៉ុន្តែច្រើនអំពីបរិស្ថាន ពោលគឺរបៀបផ្លាស់ប្តូរពីសេដ្ឋកិច្ច 'ពណ៌ត្នោត' ទៅជាសេដ្ឋកិច្ចពណ៌ “បៃតង”។

បន្ទាប់ពីមានការប្តេជ្ញាចិត្តពីកិច្ចប្រជុំកំពូល G7 កាលពីឆ្នាំមុននៅប្រទេសកាណាដា ប្រធានបទស្តីពីបញ្ញាសិប្បនិម្មិត (AI) គឺជាអាទិភាពសំខាន់មួយទៀតសម្រាប់ G7 នៅឆ្នាំនេះ។ ក្នុងនេះ ថ្នាក់ដឹកនាំ G7 និងឧស្សាហកម្មបច្ចេកវិទ្យាកំពុងផ្តោតលើការកសាងបទប្បញ្ញត្តិច្បាប់អន្តរជាតិដ៏ទូលំទូលាយជាង ដើម្បីគ្រប់គ្រងហានិភ័យពី AI; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសមត្ថភាព AI ដែលអាចទុកចិត្តបាន ក្នុងចំណោមសេដ្ឋកិច្ចសម្ព័ន្ធមិត្ត; និងការលើកកម្ពស់ "វិធីសាស្រ្តផ្តោតលើមនុស្ស" ក្នុងការអនុវត្តបច្ចេកវិទ្យា ដើម្បីបង្កើនសន្តិសុខជាតិ និងប្រសិទ្ធភាពសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាលើ AI ក៏អាចបង្កើតការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិក និងប្រទេស G7 ផ្សេងទៀត ខណៈពេលដែល មុនកិច្ចប្រជុំកំពូលឆ្នាំនេះ នៅថ្ងៃទី ១២ ខែមិថុនា រដ្ឋបាលសហរដ្ឋអាមេរិកបានដឹកនាំការផ្អាកការចូលប្រើគំរូ AI ទំនើបបំផុតពីរទើបបានបង្ហាញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Anthropic គឺ Fable ៥ និង Mythos ៥ សម្រាប់ "ពលរដ្ឋបរទេស មិនថានៅសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀត រួមទាំងបុគ្គលិក Anthropic" ដោយលើកឡើងពីហេតុផល "សន្តិសុខជាតិ"។ ការសម្រេចចិត្តនេះត្រូវជួបប្រទះនឹងការជំទាស់ពីសម្ព័ន្ធមិត្តជាច្រើនរបស់អាមេរិក ជាពិសេសប្រទេសនៅអឺរ៉ុប ដែលមើលឃើញថា នេះជាចលនាមួយដើម្បីបំបែកបច្ចេកវិទ្យា ដែលអាចបង្កើតឧបសគ្គលើកិច្ចសហប្រតិបត្តិការសកលអំពី AI៕