ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថា នឹងបង្កើតស្ថានភាពថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីអាមេរិក-ចិន ក៏ដូចជាបង្កើតការទម្លុះទម្លាយលើបញ្ហាអន្តរជាតិសំខាន់ៗជាច្រើន ប៉ុន្តែដំណើរទស្សនកិច្ចលើកនេះក៏ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដោយសារតែលក្ខណៈស្មុគស្មាញនៃបញ្ហានានាដែលភាគីទាំងពីរគ្រោងនឹងលើកយកមកពិភាក្សាគ្នា។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនក្នុងអាណត្តិទីពីររបស់លោក ហើយក៏ជាកិច្ចប្រជុំកំពូលអាមេរិក-ចិនលើកទីពីរក្នុងរយៈពេលជិតមួយឆ្នាំផងដែរ បន្ទាប់ពីកិច្ចប្រជុំនៅចុងខែតុលា ឆ្នាំមុននៅទីក្រុងប៊ូសាន (កូរ៉េខាងត្បូង) នៅខាងក្រៅកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
ចំណុចក្តៅគគុកនៅមជ្ឈិមបូព៌ា
មុននឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងម្តងហើយម្តងទៀតអំពីការដែលប្រទេសចិនត្រូវការចូលរួមកាន់តែច្រើនក្នុងការដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា។ ដូច្នេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា លោក ដូណាល់ ត្រាំ ប្រាកដថា នឹងឆ្លៀតយកកិច្ចប្រជុំជាមួយប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ឬយ៉ាងហោចណាស់កិច្ចព្រមព្រៀងទាក់ទងនឹងការបើកច្រកសមុទ្រហរមូសឡើងវិញក្នុងពេលឆាប់ៗនេះ។ អ្នកជំនាញ Ryan Hass នាយកមជ្ឈមណ្ឌលចិននៅវិទ្យាស្ថាន Brookings (សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖
«ទាំងប្រធានាធិបតី ដូណាល់ ត្រាំ និងភាគីចិន សុទ្ធតែមានផលប្រយោជន៍រួមក្នុងការទប់ស្កាត់ជម្លោះ (រវាងសហរដ្ឋអាមេរិក) និងអ៊ីរ៉ង់ពីការកើនឡើង ឬរីករាលដាល។ ខ្ញុំគិតថា ប្រទេសទាំងពីរចង់ឱ្យជម្លោះបញ្ឈប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពីព្រោះវាមិនបម្រើផលប្រយោជន៍របស់ប្រទេសណាមួយទេ»។
ចំណែក សាស្ត្រាចារ្យ Alejandro Reyes នៅដេប៉ាតឺម៉ង់នយោបាយនិងរដ្ឋបាលសាធា
រណៈនៃសាកលវិទ្យាល័យហុងកុង (ចិន) បានចាត់តុកថា មិនគួរដាក់ក្តីសង្ឃឹមច្រើនពេកលើកិច្ចប្រជុំនៅទីក្រុងប៉េកាំង ដើម្បីបញ្ចប់ភាពតានតឹងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់យ៉ាងឆាប់រហ័សនោះទេ ពីព្រោះប្រទេសចិន និងអ៊ីរ៉ង់មានទំនាក់ទំនងសេដ្ឋកិច្ច និងថាមពលជិតស្និទ្ធពិត
ម៉ែន ប៉ុន្តែមានភាពឯករាជ្យទាក់ទងនឹងសន្តិសុខ កិច្ចការបរទេស ហើយ «ចំណុចកកស្ទះ» ដ៏ធំបំផុតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាពេលបច្ចុប្បន្ន (បញ្ហានុយក្លេអ៊ែរ បញ្ហាហូរមូស) ទំនងជាមិនអាចដោះស្រាយបានតាមរយៈឥទ្ធិពលខាងក្រៅនោះទេ។
“ខ្ញុំគិតថាសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ ផងដែរ ពេលខ្លះវាយតម្លៃខ្ពស់ពេក ចំពោះឥទ្ធិពលរបស់ចិនជាមួយដៃគូមួយចំនួននៅលើពិភពលោក រួមទាំងអ៊ីរ៉ង់ផងដែរ។ គំនិតដែលថា អ៊ីរ៉ង់នឹងយកចិត្តទុកដាក់និងធ្វើអ្វីៗដែលចិនចង់ឱ្យពួកគេធ្វើ មិនមែនជាវិធីត្រឹមត្រូវដើម្បីយល់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរនេះទេ”។
ការបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង
ជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាមេរិក-ចិន ប៉ុន្តែអ្នកជំនាញភាគច្រើនក៏បានចាត់ទុកផងដែរថា បទពិសោធន៍ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបង្ហាញថា ថ្នាក់ដឹកនាំចិនកម្របណ្ដោយឱ្យបញ្ហាទាំងនេះគ្របដណ្ដប់លើកម្លាំងចលករសំខាន់ៗនៅក្នុងទំនាក់ទំនងទ្វេភាគី
អាមេរិក-ចិន។ លោកស្រី Henrietta Levin អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS អាមេរិក) បានចាត់ទុកថា វត្តមានរបស់មេដឹកនាំមកពីសាជីវកម្មបច្ចេកវិទ្យាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដូចជា លោក Elon Musk (ក្រុមហ៊ុន Tesla, SpaceX) និងលោក Tim Cook (ក្រុមហ៊ុន Apple) នៅក្នុងគណៈប្រតិភូអមដំណើរលោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន បានបង្ហាញថា ពាណិជ្ជកម្ម ការវិនិយោគ ជាពិសេសបច្ចេកវិទ្យា នៅតែជាការយកចិត្តទុកដាក់ចម្បងសម្រាប់មេដឹកនាំនៃប្រទេសទាំងពីរ។ លើសពីនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេលខ្លីក៏ជាអាទិភាពរបស់រដ្ឋបាលសហរដ្ឋអាមេរិកផងដែរ នៅពេលដែលអាមេរិកហៀបនឹងប្រារព្ធការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់។ លោកស្រី Henrietta Levin បានធ្វើអត្ថាធិប្បាយថា៖
“សហរដ្ឋអាមេរិក ផ្តោតលើការសម្រេចបានអត្ថប្រយោជន៍ពាណិជ្ជកម្មយ៉ាងឆាប់រហ័សនៅក្នុងកិច្ចប្រជុំកំពូលនេះ។ បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសន្យារបស់ប្រទេសចិនក្នុងការទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ជាពិសេសសណ្តែកសៀង។ រដ្ឋបាលសហរដ្ឋអាមេរិកកំពុងស្វែងរកអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏មានអត្ថន័យសំខាន់សម្រាប់សហគមន៍មួយចំនួន ជាពិសេសនៅពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកាខាងមុខ”។
មិនត្រឹមតែមានអត្ថន័យដ៏ធំធេងចំពោះទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះទេ កិច្ចប្រជុំរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានរដ្ឋ ស៊ី ជីនពីង ថែមទាំងមានសក្តានុពលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបញ្ហាសំខាន់ៗជាច្រើនទៀតនៅលើពិភពលោក ចាប់ពីបញ្ហាពាណិជ្ជកម្ម និងពន្ធដារ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រសកល រហូតដល់ការដណ្ដើមអំណាចភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ជាច្រើនទៀតផង។ អ្នកការទូត Kenneth Quinn អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានធ្វើអត្ថាធិប្បាយថា៖
“ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន គឺមានអត្ថន័យស្លាប់រស់សម្រាប់សហរដ្ឋអាមេរិក ចិន និងពិភពលោកទាំងមូល។ ខ្ញុំគិតថាទំនាក់ទំនងនេះ កំពុងស្ថិតនៅចំណុចសំខាន់មួយ ដែលជាផ្លូវបំបែកជាបី។ មានកម្លាំងខ្លះកំពុងទាញទំនាក់ទំនងនេះឲ្យឃ្លាតឆ្ងាយពីគ្នា ប៉ុន្តែក៏មានកម្លាំងខ្លះទៀតដែលចង់ទាញវាមកជិតគ្នាវិញដែរ”។
ជារួម មជ្ឈដ្ឋានអ្នកសង្កេតការណ៍មិនមានការរំពឹងទុកខ្ពស់ច្រើនពេក អំពីការបង្កើតជំហានទម្លុះទម្លាយមួយនៅក្នុងកិច្ចប្រជុំកំពូលលើកនេះ សម្រាប់ទំនាក់ទំនងរវាងខឿនសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ Ryan Hass ការដែល មេដឹកនាំកំពូលនៃប្រទេសទាំងពីរជួបសន្ទនាដោយផ្ទាល់ជាប្រចាំ គឺមានអត្ថន័យដ៏ធំធេងរួចទៅហើយ សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន និងពិភពលោក។ ហើយការដែលសហរដ្ឋអាមេរិក និងចិន អាចឯកភាពគ្នាលើ “រឿងដែលត្រូវការជៀសវាង” ហើយប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ជួនកាលមានសារៈសំខាន់ជាងលទ្ធផលជាក់ស្តែងណាមួយដែលប្រទេសទាំងពីរអាចសម្រេចបាន៕
