តួរលេខសេដ្ឋកិច្ចសង្គមក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៦ បានបង្ហាញថា សេដ្ឋកិច្ចវៀតណាមកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ប៉ុន្តែល្បឿនលឿនមិនមានន័យថា មូលដ្ឋានគ្រឹះមានភាពរឹងមាំគ្រប់គ្រាន់នោះទេ។
"ការប្រគល់ឲ្យទាំងស្រុង" ដើម្បីជំរុញកំណើន
ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ យោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែឧសភា (ថ្ងៃទី ៣ ខែមិថុនា) នៅក្នុងការព្យាករណ៍កំណើន GRDP របស់មូលដ្ឋាននានា មានមូលដ្ឋានមួយចំនួនដែលសម្រេចបានអត្រាកំណើនវិជ្ជមាន។ ទីក្រុង ហាយផុង គឺជាឧទាហរណ៍មួយ។ តាមការព្យាករណ៍ កំណើន GRDP របស់ទីក្រុងកំពង់ផែក្នុងត្រីមាសទីពីរឆ្នាំ ២០២៦ នឹងសម្រេចបាន ១៣,៤៧% ដែលជាកម្រិតខ្ពស់បំផុតលើទូទាំងប្រទេស។ ការព្យាករណ៍កំណើនសម្រាប់ឆមាសទី ១ គឺ ១២,៤២% ហើយពេញមួយឆ្នាំគឺ ១៣,០៩% ពោលគឺសម្រេចបានគោលដៅ ១៣% ដែលបានដាក់ចេញ។
មូលដ្ឋានផ្សេងទៀតដែលត្រូវការរក្សាសន្ទុះកំណើនរួមមាន ភូថ និញប៊ិញ ថាយង្វៀន និងហាទីញ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងហិរញ្ញវត្ថុ ដោយផ្អែកលើកំណើនរយៈពេលប្រាំខែដើមឆ្នាំ មូលដ្ឋានមួយចំនួនត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនទាបជាងគោលដៅពេញមួយឆ្នាំ រួមទាំងមូលដ្ឋានសំខាន់ៗដូចជា៖ ទីក្រុងហូជីមិញ ហាណូយ បាក់និញ និងក្វាងនិញ។ ប្រការនេះនឹងប៉ះពាល់ដល់គោលដៅកំណើនពីរខ្ទង់របស់ប្រទេសទាំងមូល។ គម្លាតរវាងកំណើនជាក់ស្តែងដែលសម្រេចបាន និងគោលដៅដែលបានកំណត់ គឺមានទំហំធំគួរសម ដែលទាមទារការខិតខំប្រឹងប្រែងដ៏ធំធេងនៅក្នុងឆមាសទីពីរនៃឆ្នាំ ដើម្បីសម្រេចគោលដៅដែលបានកំណត់។ ទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់ទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ង៉ូ វ៉ាន់ទួន បានចាត់ទុកថា៖ “កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហាណូយគឺមានសារៈសំខាន់ខ្លាំងណាស់។ កំណើន ១% នៃទីក្រុងហាណូយ នឹងរួមវិភាគទាន ០,១៣% ដល់កំណើនជាតិ។ កំណើនរបស់ទីក្រុងហាណូយត្រឹមតែ ៨,២% នឹងបណ្តាលឱ្យកំណើនសរុបរបស់ប្រទេសជាតិថយចុះ ០,៤%។ រចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់បំផុតរបស់ទីក្រុងហាណូយគឺពាណិជ្ជកម្ម និងសេវាកម្ម ដែលស្រូបយករហូតដល់ ៧០% នៃរចនាសម្ព័ន្ធកំណើន។ ក្នុងត្រីមាសទី ៣ ទីក្រុងហាណូយត្រូវសម្រេចបានកំណើនជិត ១១,៨៦% និង ១៣,១៩% នៅក្នុងត្រីមាសទី ៤។ នេះគឺជាតួរលេខដ៏ធំណាស់”។
មូលដ្ឋានជាក្បាលម៉ាស៊ីនត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង
ដើម្បីជំរុញកំណើន មូលដ្ឋានសំខាន់ៗត្រូវតែ «ទទួលបន្ទុក» កំណើនសម្រាប់ខឿនសេដ្ឋកិច្ច។ តាមការគណនា ទីក្រុងហូជីមិញត្រូវតែបង្កើនបន្ថែម ១,៧% ទីក្រុងហាណូយត្រូវបង្កើនបន្ថែម ២,៧៥% ហើយទីក្រុងបាក់និញ ១,១%... នេះជាភារកិច្ចដ៏ធ្ងន់ធ្ងរមួយ ដែលទាមទារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងសេណារីយ៉ូសកម្មភាពទម្លុះទម្លាយរបស់មូលដ្ឋាន។ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង កាលពីសប្ដាហ៍កន្លងទៅបានជួបធ្វើការពីរលើកជាប់ៗគ្នាជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហាណូយ (ថ្ងៃទី១១ ខែមិថុនា) លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“ផ្តោតការខិតខំប្រឹងប្រែងខ្ពស់បំផុតលើការអនុវត្តច្បាប់រដ្ឋធានី ហើយស្នើយន្តការ និងគោលនយោបាយដ៏ខ្លាំងក្លានិងទម្លុះទម្លាយ ដែលបានអនុញ្ញាតនៅក្នុងច្បាប់រដ្ឋធានី ដើម្បីបង្កើតស្ថាប័នអំណោយផល។ បញ្ហាទីពីរគឺផ្តោតលើការជំរុញការតភ្ជាប់អភិវឌ្ឍន៍តំបន់រវាងទីក្រុងហាណូយ និងមូលដ្ឋាននានាក្នុងតំបន់រដ្ឋធានី និងតំបន់ដីសណ្តទន្លេក្រហម ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការគ្រប់គ្រងបរិស្ថាន ធនធានទឹក ការតភ្ជាប់ខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ផលិតផល សេវាកម្ម ដោយផ្តោតការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់បំផុត ដើម្បីសម្រេចបានគោលដៅកំណើន ១១% ឡើងទៅ”។
សម្រាប់ទីក្រុងហូជីមិញ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖
“ទីក្រុងត្រូវតែប្រគល់ភារកិច្ចទៅឱ្យមន្ទីរ ផ្នែក មូលដ្ឋាន ហើយជាពិសេសសហគ្រាសដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។ យើងមានក្រុមភារកិច្ចដ៏ជាក់លាក់សម្រាប់វិស័យឧស្សាហកម្ម សំណង់ ពាណិជ្ជកម្ម សេវាកម្ម កសិកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងគម្រោងវិនិយោគសំខាន់ៗ។ ខ្ញុំស្នើឱ្យធ្វើការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីសេណារីយ៉ូ និងភាពចាំបាច់ក្នុងការកែសម្រួលសេណារីយ៉ូ ដើម្បីដឹកនាំខ្លឹមសារជាក់ស្ដែងនីមួយៗ និងដោះស្រាយបញ្ហាណាមួយដែលកើតឡើងជាបន្ទាន់”។
ដើម្បីឱ្យខឿនសេដ្ឋកិច្ចអាចសម្រេចបាននូវគោលដៅកំណើន GDP ពី ១០% ឡើងទៅក្នុងឆ្នាំនេះ ការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូលគឺជាចាំបាច់។ ក្នុងនោះ កិច្ចខិតខំប្រឹងប្រែងរបស់មូលដ្ឋានឈានមុខគេដូចជាទីក្រុងហាណូយ និងទីក្រុងហូជីមិញ គឺជាផ្នែកដ៏សែនសំខាន់នៅក្នុងខឿនសេដ្ឋកិច្ចជាតិ៕
