នេះមិនត្រឹមតែជាទិសដៅអភិវឌ្ឍន៍សម្រាប់វិស័យសេដ្ឋកិច្ចវិនិយោគពីបរទេស (FDI) ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលមានគោលបំណង លើកកំពស់គុណភាពនៃកំណើន រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងជំរុញដំណើរការទំនើបកម្មប្រទេសជាតិទៀតផង។

ក្នុងរយៈពេលខាងមុខ វៀតណាមនឹងផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង FDI បច្ចេកវិទ្យាខ្ពស់ដែលមានខ្លឹមសារនវានុវត្តន៍ខ្ពស់ មានសមត្ថភាពក្នុងការផ្សព្វផ្សាយបច្ចេកវិទ្យា និងទំនាក់ទំនងរឹងមាំជាមួយវិស័យអាជីវកម្មក្នុងប្រទេស។ នេះគឺជាទិសដៅដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រទាក់ទាញវិនិយោគពីបរទេសជំនាន់ថ្មី។

ផ្តល់អាទិភាពដល់ការទាក់ទាញគម្រោង FDI បច្ចេកវិទ្យាខ្ពស់

សេចក្តីសម្រេចចិត្តនេះបានកំណត់គោលដៅជាក់ស្តែងសម្រាប់ទាក់ទាញការវិនិយោគពីបរទេស ដំណាក់កាល ២០២៦-២០៣១ ក្នុងនោះ ដើមទុនចុះបញ្ជីសរុបត្រូវបានរំពឹងថា នឹងសម្រេចបានពី ៤០-៥០ ពាន់លានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំ។ សេចក្តីសម្រេចចិត្តនេះគូសបញ្ជាក់ពីគោលការណ៍ណែនាំសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចវិនិយោគពីបរទេសក្នុងរយៈពេលខាងមុខ ក្នុងនោះ "ផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតផ្តោតលើការទាក់ទាញដើមទុនទៅជាផ្នត់គំនិតផ្តោតលើការអភិវឌ្ឍមូលដ្ឋានវិនិយោគយុទ្ធសាស្ត្រជាតិ; ផ្លាស់ប្តូរបន្តិចម្តងៗ ពីការលើកទឹកចិត្តផ្អែកលើធាតុចូលទៅជាការគាំទ្រដែលភ្ជាប់ទៅនឹងការបំពេញកាតព្វកិច្ច"។ យោងតាមលោកបណ្ឌិត ង្វៀន មិញ ផុង ប្រការនេះគឺមានសារៈសំខាន់សម្រាប់ការទាក់ទាញ FDI ជំនាន់ថ្មី ដែលមានគុណភាពខ្ពស់។

“នេះគឺជាការបញ្ជាណែនាំដ៏សំខាន់បំផុត ដែលបង្ហាញពីភាពទម្លុះទម្លាយការត្រិះរិះដឹកនាំរបស់ បក្ស ក៏ដូចជាការតំរង់ទិសនៃផែនការ និងដំណោះស្រាយសម្រាប់ទាក់ទាញ FDI ជាពិសេសនៅក្នុងបច្ចេកវិទ្យា។ ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើតតម្រងដើម្បីលុបបំបាត់គម្រោងដែលមិនស្របតាមគោលដៅ ជាពិសេសគម្រោងដែលភ្ជាប់ទៅនឹងលទ្ធផលជាក់ស្តែង គឺជាគន្លឹះ ជំនួសឱ្យការប្តេជ្ញាចិត្តទាក់ទាញការវិនិយោគ "កំរាលព្រំក្រហម" ដែលធ្វើឡើងក្នុងតម្លៃណាមួយ។ ម្យ៉ាងវិញទៀត នេះគឺអំពីការបង្កើតប្រព័ន្ធអេកូឡូស៊ីជាមួយនឹងការលើកទឹកចិត្តដោយផ្អែកលើគោលដៅជាតិ និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយផ្អែកលើការចូលរួមជាក់ស្តែងនៃវិស័យ FDI។ នេះគឺជាតម្រងដ៏ល្អបំផុតនាពេលអនាគត ដើម្បីស្វែងរកនិងធានាបាននូវគម្រោង FDI ដែលមានប្រសិទ្ធភាពពិតប្រាកដ”។

ការលាតត្រដាងអនុវត្តន៍

ដើម្បីសម្រេចបាននូវគោលដៅនៃការទាក់ទាញគម្រោង FDI ជំនាន់ថ្មី វៀតណាមត្រូវអនុវត្តដំណោះស្រាយជាច្រើនក្រុមក្នុងពេលដំណាលគ្នា ចាប់ពីការបង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម បង្កើនការចូលរួមរបស់សហគ្រាសក្នុងស្រុកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាស FDI រហូតដល់ការផ្លាស់ប្តូរ ការផ្តោតអារម្មណ៍នៃការទាក់ទាញការវិនិយោគបរទេសពីការផ្តល់អាទិភាពដល់បរិមាណ ទៅជាការផ្តោតលើគុណភាព ប្រសិទ្ធភាព បច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី ដាវ ថាញ់ ហឿង អនុប្រធាននាយកដ្ឋានវិនិយោគបរទេស ក្រសួងហិរញ្ញវត្ថុ បានថ្លែងថា៖​ “បន្ទាប់ពីសេចក្តីសម្រេចចិត្តត្រូវបានចេញផ្សាយ ក្រសួងហិរញ្ញវត្ថុក៏កំពុងរៀបចំព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត លេខ ១០ នេះ ហើយរំពឹងថា សេចក្តីសម្រេចចិត្តនេះនឹងត្រូវបានដាក់ជូនរដ្ឋសភានៅក្នុងខែតុលានៅក្នុងសម័យប្រជុំបន្ទាប់។ ភ្លាមៗ បន្ទាប់ពីនោះ រដ្ឋាភិបាលក៏នឹងត្រូវបានបង្ហាញជាមួយនឹងកម្មវិធីសកម្មភាពមួយ ដែលចាត់តាំងក្រសួង វិស័យ និងមូលដ្ឋានពាក់ព័ន្ធឱ្យអនុវត្តដំណោះស្រាយដើម្បីសម្រេចបាននូវគោលបំណងដែលបានកំណត់នៅក្នុងសេចក្តីសម្រេច ព្រោះប្រការនេះពាក់ព័ន្ធនឹងក្រសួង និងវិស័យជាច្រើន”។

យោងតាមលោក តា វ៉ាន់ ហា អនុប្រធានគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា ដើម្បីសម្រេចបាននូវគោលបំណងយុទ្ធសាស្ត្រនៃសេចក្តីសម្រេចចិត្ត ទន្ទឹមនឹងការធ្វើឲ្យសុក្រិត្តស្ថាប័ន និងធានាការអនុវត្តស្របគ្នាពីកម្រិតមជ្ឈិមដល់មូលដ្ឋាន តួនាទីរបស់រដ្ឋសភាមានសារៈសំខាន់ជាពិសេស។

អាចនិយាយបានថា ជាមួយនឹងផ្នែកចុងក្រោយនៃគោលនយោបាយ FDI នេះ វៀតណាមនឹងមានកម្លាំងសរុបវិស័យទាំងបី៖ សេដ្ឋកិច្ចឯកជន សេដ្ឋកិច្ចរដ្ឋ និងតំបន់សេដ្ឋកិច្ច FDI ដើម្បីបង្កើតកម្លាំងចលករកំណើនដោយផ្អែកលើបច្ចេកវិទ្យា នវានុវត្តន៍ និងសមិទ្ធផលនៃបដិវត្តន៍ ៤.០។ តាមនោះ ពន្លឿនកំណើនជួយវៀតណាម មិនត្រឹមតែសម្រេចបានកំណើនពីរខ្ទង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង គេចផុតពីអន្ទាក់ចំណូលមធ្យម ដោយហេតុនេះបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកាន់តែទំនើប ផលិតភាព មានគុណភាពខ្ពស់ មានប្រសិទ្ធភាព និងចូលរួមសមាហរណកម្មប្រកបដោយចីរភាពជាង៕