សន្ទស្សន៍មូលធនមនុស្សបូក (HCI+) ឆ្លុះបញ្ចាំងកាន់តែពេញលេញអំពីកម្រិតនៃការវិនិយោគនិងប្រសិទ្ធភាពនៃការប្រើប្រាស់មូលធនមនុស្សនៅក្នុងប្រទេសនីមួយៗ។ HCI+ មិនត្រឹមតែវាស់វែងសក្តានុពលមនុស្សដែលបង្កើតឡើងតាមរយៈការអប់រំ និងសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិចារណាលើវិសាលភាពដែលសក្តានុពលនោះត្រូវបានបម្លែងទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែង ជាពិសេសការងារ និងប្រាក់ចំណូល។ HCI+ វាយតម្លៃលើទិដ្ឋភាពសំខាន់ៗរួមមាន៖ គុណភាពអប់រំនិងលទ្ធផលសិក្សា; សុខភាពនិងរ័យអាយុមធ្យម; សមត្ថភាពចូលរួមទីផ្សារការងារ និងកម្រិតប្រើប្រាស់ជំនាញនៅក្នុងសេដ្ឋកិច្ច; និងវិសាលភាពនៃការបាត់បង់មូលធនមនុស្សនៅពេលដែលជំនាញមិនត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
សក្ខីភាពច្បាស់លាស់សម្រាប់សមត្ថភាពប្រកួតប្រជែង
វៀតណាមត្រូវបានធនាគារពិភពលោកវាយតម្លៃថាមានភាពលេចធ្លោ ក្នុងវិស័យអប់រំ ការងារ និងប្រសិទ្ធភាពនៃការប្រើប្រាស់មូលធនមនុស្ស។ ជាពិសេស វៀតណាមមានលទ្ធផលអប់រំដ៏លេចធ្លោ។ វៀតណាមរក្សាបានចំណាត់ថ្នាក់ខ្ពស់ក្នុងការវាយតម្លៃអន្តរជាតិលើសមត្ថភាពរបស់សិស្ស ដែលបង្ហាញពីការកែលម្អប្រកបដោយចីរភាព និងជាប់លាប់នៃគុណភាពនៃការអប់រំជាមូលដ្ឋាន។ វៀតណាមបានឃើញការកែលម្អគួរឱ្យកត់ សម្គាល់នៅក្នុងការងារ។ របាយការណ៍ HCI+ កត់សម្គាល់ថា វៀតណាមកើនឡើងគួរឱ្យ កត់សម្គាល់នៃការងារដែលមានប្រាក់ខែ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវិជ្ជមានពីការងារក្រៅផ្លូវការទៅជាការងារដែលមានផលិតភាពខ្ពស់។
ទាក់ទងនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្ស វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពបំប្លែងការវិនិយោគលើការអប់រំ និងការថែទាំសុខភាពទៅជាកំណើនសេដ្ឋកិច្ចពិតប្រាកដបានល្អជាងមធ្យមភាគ សម្រាប់ក្រុមចំណូលស្រដៀងគ្នា។
ការដែលវៀតណាមត្រូវបានធនាគារពិភពលោកលើកតម្កើង បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងក្រសួង មូលដ្ឋាន និងភ្នាក់ងារនានាក្នុងការអនុវត្តប្រកបដោយជោគជ័យ សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយលោតផ្លោះ បង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន រួមជាមួយនឹងសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧១ របស់ការិយាល័យនយោបាយដែលផ្តោតលើការអភិវឌ្ឍដ៏ជោគជ័យក្នុងការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ដល់ឆ្នាំ ២០៣០។ ទាក់ទងនឹងការអនុវត្តសេចក្តីសម្រេចិត្តមជ្ឈិម លេខ ៧២ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី ដាវ ហុង ឡាន បានផ្តល់ព័ត៌មានថា៖ “ក្រសួងសុខាភិបាលបានសម្របសម្រួលជាមួយក្រសួងនគរបាល និងស្ថាប័នធានារាប់រងសង្គមវៀតណាម ដើម្បីដាក់ពង្រាយកូនសៀវភៅសុខភាពអេឡិចត្រូនិកចំនួន ៣៤,៤ លានក្បាល នៅលើកម្មវិធី VNeID។ ដោយផ្អែកលើចំណុចនេះ ភារកិច្ចដ៏សំខាន់បំផុតមួយនៃសេចក្តីសម្រចចិត្តលេខ ៧២ គឺការបង្កើតគម្រោង ដើម្បីអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ ដោយឆ្ពោះទៅ ផ្តល់សេវាកម្មមន្ទីរពេទ្យដោយឥតគិតថ្លៃជាមូលដ្ឋាន។ បច្ចុប្បន្ននេះ ក្របខ័ណ្ឌច្បាប់ទាំងអស់សម្រាប់ការអនុវត្តការត្រួតពិនិត្យសុខភាពតាមកាលកំណត់ ត្រូវបានក្រសួងសុខាភិបាលរួមបញ្ចូលនៅក្នុងក្រឹត្យណែនាំការអនុវត្តច្បាប់ស្តីពីការបង្ការជំងឺ”។
តាមទស្សនៈរបស់អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ សមិទ្ធផលនៅក្នុងសន្ទស្សន៍ HCI+ ២០២៦ មិនត្រឹមតែជាលទ្ធផលនៃវិស័យអប់រំ និងសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ ក៏ឆ្លុះបញ្ចាំងយ៉ាងខ្លាំងពីផលប៉ះពាល់នៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋក្នុងការផ្លាស់ប្តូរធនធានវិនិយោគទៅជាលទ្ធផលជាក់ស្តែងផងដែរ។ ជាពិសេស វៀតណាមត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសមត្ថភាពផ្លាស់ប្តូរការវិនិយោគថវិកាក្នុងវិស័យអប់រំ និងសុខាភិបាលទៅជាកំណើនសេដ្ឋកិច្ចពិតប្រាកដបានល្អជាងមធ្យមភាគអន្តរជាតិ។ ម្យ៉ាងវិញទៀត ធនាគារពិភពលោកក៏ទទួលស្គាល់ពីភាពប្រសើរឡើងយ៉ាងខ្លាំងនៃការងារដែលមានប្រាក់ខែនៅវៀតណាម ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងការតភ្ជាប់ធនធានហិរញ្ញវត្ថុសម្រាប់ការបណ្តុះបណ្តាលជាមួយនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារដែលមានផលិតភាពខ្ពស់។
ធនធានមនុស្ស៖ កត្តាសម្រេចសមត្ថភាពប្រកួតប្រជែងជាតិ
តាមទស្សនៈគោលនយោបាយ លទ្ធផល HCI+ ២០២៦ ផ្តល់ជូនវៀតណាមនូវគំនិតសំខាន់ៗជាច្រើន។ ទាំងនេះរួមមានការរក្សាការវិនិយោគលើការអប់រំ និងថែទាំសុខភាព ប៉ុន្តែការផ្លាស់ប្តូរដោយផ្តោទៅលើគុណភាព និងសមស្របនឹងទីផ្សារការងារ។
មិនគ្រាន់តែជាការបណ្តុះបណ្តាលបន្ថែមទៀតនោះទេ ប៉ុន្តែថែមទាំងអំពីការបណ្តុះបណ្តាលជំនាញត្រឹមត្រូវដែលសេដ្ឋកិច្ចត្រូវការ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ឌីជីថលូបនីយកម្ម និងនវានុវត្តន៍។
លើសពីនេះ មានតម្រូវការក្នុងការកែលម្អព័ត៌មានទីផ្សារការងារ បង្កើនគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកទឹកចិត្តដល់ការចល័តកម្លាំងពលកម្ម រវាងវិស័យដែលមានកម្រិតផលិតភាពខុសៗគ្នា។
បន្ទាប់មក គឺតួនាទីរបស់វិស័យធុរកិច្ចក្នុងការ "បើក" ដើមទុនមនុស្សគឺមានសារៈសំខាន់ណាស់។ ធុរកិច្ចមិនត្រឹមតែជានិយោជកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលជាបន្តបន្ទាប់ ការអភិវឌ្ឍជំនាញ និងនវានុវត្តន៍ទៀតផង។
នៅក្នុងបរិបទនៃការផ្លាស់ប្តូររបស់វៀតណាមឆ្ពោះទៅវិស័យបច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចឌីជីថល សមត្ថភាពរបស់ធុរកិច្ចក្នុងការស្រូបយក និងការអភិវឌ្ឍធនធានមនុស្សនឹងកំណត់វិសាលភាពទាញយកអត្ថប្រយោជន៍ពី HCI+។
ការដែលវៀតណាមស្ថិតក្នុងចំណោមក្រុម HCI+ ឈានមុខ នាំមកនូវសារសំខាន់មួយអំពីគំរូអភិវឌ្ឍន៍។ វៀតណាមកំពុងបង្ហាញថា ការវិនិយោគលើមនុស្សអាចបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងប្រកបដោយចីរភាព។ នេះជាផ្លូវដ៏លំបាកមួយ ដែលទាមទារពេលវេលាយូរ និងគោលនយោបាយដ៏ស៊ីសង្វាក់គ្នា ប៉ុន្តែនាំមកនូវលទ្ធផលរយៈពេលវែង និងហានិភ័យតិចជាង ដែលរួមចំណែកដល់ការធានាការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕
