កិច្ចខិតខំប្រឹងប្រែងសន្តិភាពថ្មី
ផែនការសន្តិភាព ២៨ ចំណុច ដែលសហរដ្ឋអាមេរិកបានផ្ញើទៅកាន់រុស្ស៊ី និងអ៊ុយក្រែន គឺវិលជុំវិញសសរស្តម្ភសំខាន់ៗចំនួនបួន រួមមាន៖ ការជំរុញសន្តិភាពនៅអ៊ុយក្រែន ការធានាសន្តិសុខ ការពង្រឹងសន្តិសុខអឺរ៉ុប និងការកំណត់រូបរាងនៃទំនាក់ ទំនងនាពេលអនាគតរវាងសហរដ្ឋអាមេរិក ជាមួយរុស្ស៊ី និងអ៊ុយក្រែន។ ទាក់ទងនឹង ព័ត៌មានលម្អិតនៃផែនការនេះ អ៊ុយក្រែនត្រូវតែព្រមទទួលប្រគល់ទឹកដីមួយចំនួន នៅក្នុងតំបន់ Donbass ក៏ដូចជាខេត្តពីរគឺ Kherson, Zaporizhzhia និងឧបទ្វីប Crimea សន្យាមិនស្វែងរកការចូលរួមអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កំណត់ ទំហំកងទ័ពមិនឱ្យលើសពី ៦ សែននាក់... សម្រាប់ខាងរុស្ស៊ីវិញ យ៉ាងហោចណាស់ ទ្រព្យសម្បត្តិរុស្ស៊ីចំនួន ១០០ ពាន់លានដុល្លារអាមេរិក ដែលកំពុងត្រូវបង្កកដោយលោកខាងលិចនាបច្ចុប្បន្ន នឹងត្រូវបានដាក់ចូលទៅក្នុងមូលនិធិមួយគ្រប់គ្រងដោយ សហរដ្ឋអាមេរិក សម្រាប់បម្រើការវិនិយោគ និងកសាងអ៊ុយក្រែនឡើងវិញ។
រដ្ឋអំណាចអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ប្រទេសនេះ បានប្រឆាំងជំទាស់ នឹងផែនការដើម ដោយចាត់ទុកថាមានបទប្បញ្ញត្តិច្រើនពេកដែលអំណោយផលដល់ រុស្ស៊ី។ យោងតាមលោកស្រី Jaroslava Barbieri អ្នកស្រាវជ្រាវនៅវេទិកាអ៊ុយក្រែននៃ វិទ្យាស្ថាន Chatham House (អង់គ្លេស) ពីទស្សនៈរបស់អ៊ុយក្រែន និងបណ្តាប្រទេសនៅ អឺរ៉ុប ផែនការដើមចំនួន ២៨ ចំណុច គឺពិបាកទទួលយកចំពោះបទប្បញ្ញត្តិជាច្រើន ដែលទាក់ទងនឹងទឹកដីរបស់អ៊ុយក្រែន ក៏ដូចជាផលប្រយោជន៍សន្តិសុខរបស់អឺរ៉ុប។
«ផែនការ ២៨ ចំណុចនេះ តាមពិតមានចំណុចនានាដែលមិនអាចចរចាបាន ពីទស្សនៈរបស់អ៊ុយក្រែន រួមទាំងការកាត់បន្ថយសមត្ថភាពបច្ចុប្បន្នរបស់កងទ័ព អ៊ុយក្រែន និងអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះការធ្វើសម្បទានទឹកដីដល់រុស្ស៊ី រួមទាំងទឹកដីដែលរុស្ស៊ីមិនកាន់កាប់នៅក្នុងតំបន់ Donbass នាពេលបច្ចុប្បន្នផងដែរ»។
បន្ទាប់ពីការចរចានាថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហ្សឺណែវ មន្ត្រីការទូតជាន់ខ្ពស់ អាមេរិក និងអ៊ុយក្រែនបាននិយាយថា «វឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន» ត្រូវបាន សម្រេច ខណៈដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចក៏បានបង្ហាញថា ផែនការនេះត្រូវ បានកែសម្រួលនៅចំណុចសំខាន់ៗជាច្រើន បើប្រៀបធៀបទៅនឹងផែនការដើម ដោយនៅសល់ត្រឹមតែ ១៩ ចំណុចប៉ុណ្ណោះ។ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ ប៉ុន្តែមេដឹកនាំអឺរ៉ុបមួយចំនួនមានសុទិដ្ឋិនិយម ដោយអះអាងថា ផល ប្រយោជន៍ និងទស្សនៈរបស់អ៊ុយក្រែន និងអឺរ៉ុបត្រូវបានគេផ្ទៀងស្តាប់ច្រើនជាង។ ប្រធានាធិបតីបារាំង លោក Emmanuel Macron មានការប្រុងប្រយ័ត្នជាង ដោយ និយាយថា នៅតែមានប្រការជាច្រើនដែលត្រូវការស្រាយបំភ្លឺឱ្យច្បាស់លាស់ នៅក្នុងផែនការនេះ។
“ផែនការដែលស្នើឡើងដោយសហរដ្ឋអាមេរិក គឺជាជំហានដ៏ត្រឹមត្រូវមួយដើម្បីឆ្ពោះទៅរកសន្តិភាព។ ទោះជាយ៉ាងណាក៏ដោយ មានព័ត៌មានលម្អិតជាច្រើននៅក្នុងផែនការនេះ ដែលត្រូវការពិភាក្សា ចរចា និងកែសម្រួលបន្ថែមទៀត”។
សំឡេងពីប្រទេសរុស្ស៊ី
សំណួរដ៏ធំបំផុតនៅពេលនេះគឺថា តើរុស្ស៊ីនឹងទទួលយកការកែសម្រួលធ្វើឡើងដោយហរដ្ឋអាមេរិក អ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុបយ៉ាងដូចម្តេច។ នៅក្នុង ប្រតិកម្មដំបូង នាថ្ងៃទី ២៤ ខែវិច្ឆិកា ជំនួយការទទួលបន្ទុកគោលនយោបាយកិច្ចការ បរទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានបដិសេធការកែសម្រួល ដែលស្នើឡើងពីភាគីអឺរ៉ុប ដោយនិយាយថា សំណើទាំងនេះ "មិនមានលក្ខណៈស្ថាបនា" និងមិនអាចទទួលយកបានចំពោះរុស្ស៊ីឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីរំពឹងថា ផែនការណាមួយក៏ ត្រូវតែផ្អែកលើការឯកភាពគ្នាដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចបាន នៅកិច្ចប្រជុំកំពូលនៅ អាឡាស្កា (អាមេរិក) កាលពីខែសីហាកន្លងទៅ។ យោងតាមអ្នកសង្កេតការណ៍ ទោះបីជាផែនការសន្តិភាពគឺជាកិច្ចខិតខំប្រឹងប្រែង ដ៏ធំពីភាគីអាមេរិក ហើយទទួលបានការស្វាគមន៍បឋម ពីគ្រប់ភាគីក៏ដោយ ប៉ុន្តែការ ខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងរុស្ស៊ី ជាមួយអ៊ុយក្រែន និងបណ្តាប្រទេសនៅអឺរ៉ុប បាន ធ្វើឱ្យការសម្រេចបាននូវកិច្ចព្រមព្រៀងមួយមិនងាយស្រួលនោះទេ។ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក Marco Rubio ថ្វីត្បិតតែមានសុទិដ្ឋិនិយមបន្ទាប់ពីការចរចានៅ ទីក្រុងហ្សឺណែវកាលពីថ្ងៃទី ២៣ ខែវិច្ឆិកាក៏ដោយ ក៏បានទទួលស្គាល់ថា នៅតែមាន ការសង្ស័យចំពោះប្រតិកម្មរបស់រុស្ស៊ី។
“ប្រាកដណាស់ថា ភាគីរុស្ស៊ីក៏នឹងមានសិទ្ធិចំពោះផែនការនេះដែរ ពីព្រោះតាំង ពីដំបូងមក យើងបានស្វែងយល់ទស្សនៈរបស់ភាគីរុស្ស៊ីតាមរយៈបណ្តាញផ្សេងៗគ្នា ជាច្រើន។ ដូច្នេះ មិនថាអ្វីណាមួយដែលសម្រេចបាននៅទីក្រុងហ្សឺណែវទេ យើងនឹង ត្រូវរង់ចាំមើលថា តើយើងអាចទទួលបានការព្រមព្រៀងពីភាគីអ៊ុយក្រែន និងភាគីរុស្ស៊ី ដែរឬទេ។ នេះគឺជាផ្នែកមួយទៀតនៃបញ្ហាបច្ចុប្បន្ននេះ ដែលត្រូវតែមានការយល់ព្រម ពីភាគីរុស្ស៊ី ទើបផែនការនេះអាចទៅរួចបាន”។
បញ្ហាសំខាន់មួយទៀត ដែលធ្លាប់បង្កឲ្យមានភាពចម្រូងចម្រាសនៅក្នុងការចរចា អំពីការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនពីមុន គឺតើយន្តការចរចាណា នឹងអាចទទួលបាន ការយល់ព្រមពីភាគីទាំងអស់។ អ៊ុយក្រែន និងអឺរ៉ុបនៅតែទទូចនូវទស្សនៈថា ការចរចា ទាំងអស់ត្រូវតែមានការចូលរួមពីអ៊ុយក្រែន និងអឺរ៉ុប ខណៈដែលរុស្ស៊ី និងសហរដ្ឋ អាមេរិកផ្តល់អាទិភាពដល់ការចរចាទ្វេភាគីដោយផ្ទាល់រវាងភាគីទាំងពីរ និងបដិសេធ ការចរចាត្រីភាគី។ ហេតុដូច្នេះ ដំណាក់កាលបន្ទាប់នៃការចរចារវាងភាគីនានាលើ ផែនការសន្តិភាពថ្មីត្រូវបានគេរំពឹងថា នឹងពោរពេញដោយភាពមិនប្រាកដប្រជា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ