នៅថ្ងៃទី ២២ ខែមិថុនា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានប្រកាសថា អឺរ៉ុបត្រូវការ​បណ្តាញទំនាក់ទំនងដោយផ្ទាល់ជាមួយរុស្ស៊ី ដូច្នេះនៅពេលវេលា​ដែលសមស្របសម្រាប់ការចរចា អឺរ៉ុបអាចបញ្ជូនសាររបស់ខ្លួនដោយផ្ទាល់។

សមរភូមិការទូត

សេចក្តី​ប្រកាសនាថ្ងៃទី ២២ ខែមិថុនា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល EU-Moldova គឺជាសេចក្តី​ប្រកាសលើក​ទីបីក្នុងរយៈពេលមួយខែ​កន្លងទៅ ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុប ស្តី​ពីភាពចាំបាច់សម្រាប់ EU ក្នុងការបង្កើតកាណាលការទូតដោយផ្ទាល់​​ជាមួយរុស្ស៊ី។ ​នាពេល​ថ្មីៗនេះ ការិយាល័យក្រុមប្រឹក្សាអឺរ៉ុបមានទំនាក់ទំនងកម្រិត​ការទូតរយៈពេលខ្លីជាមួយវិមានក្រឹមឡាំង ដើម្បីបើក​កាណាលទំនាក់ទំនង ហើយនៅថ្ងៃទី ១៩ ខែមិថុនា ហើយ​នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល លោក Antonio Costa បានការពារយ៉ាងខ្លាំង​នូវ​ការសម្រេចចិត្តនេះ ទោះបីជាមានការរិះគន់ពី​ផ្ទៃក្នុ​ងមួយចំនួនក៏ដោយ។ យោងតាមប្រធានក្រុមប្រឹក្សាអឺរ៉ុប ភាពជាប់គាំងអូសបន្លាយនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានបង្ខំឱ្យអឺរ៉ុបត្រូវតែផ្លាស់ប្តូរវិធីសាស្ត្រអភិក្រម ដោយមិនអាចពឹងផ្អែកតែលើការដាក់សម្ពាធតាមរយៈទណ្ឌកម្ម និងការបង្កើនការគាំទ្រដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបើកសមរភូមិការទូតទៀតផង ជាពិសេសនៅពេលដែលអឺរ៉ុបតែងតែជាភាគីដែលត្រូវគេផាត់ចេញពីការចរចា ដែលកាលពីមុន ធ្លាប់ប្រព្រឹត្តទៅរវាងរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិកតែ​ប៉ុណ្ណោះ។​

«អ្វីដែលខ្ញុំកំពុងធ្វើ គឺបើកចេញ​​កាណាលការទូតមួយ ពីព្រោះនៅពេលដែលយើងចង់ពិភាក្សាជាមួយរុស្ស៊ី យើងគួរតែស្តាប់ពួកគេដោយផ្ទាល់ ហើយនៅពេលដែលយើងមានសារណាមួយចង់ផ្ញើទៅ យើងគួរតែផ្ញើទៅកាន់ពួកគេដោយផ្ទាល់ដែរ»។

ដោយគាំទ្រដល់ទស្សនៈនេះ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប(EU) ជាច្រើនរូប ក៏បានចាត់ទុកថា ទោះបីជាអឺរ៉ុបមិនមែនជាភាគីសម្របសម្រួលក៏ដោយ ប៉ុន្តែជាភាគីគាំទ្រអ៊ុយក្រែនដែរ ហើយ​ប្លុកនេះត្រូវតែមានវត្តមាននៅលើតុចរចា ដើម្បីការពារផលប្រយោជន៍សន្តិសុខ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់​ខ្លួន។ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ថា៖ «​នៅពេលដែលការចរចាប្រព្រឹត្តទៅ ភាគីអឺរ៉ុបត្រូវតែមានវត្តមាន។ ពីព្រោះ ផលប្រយោជន៍របស់អឺរ៉ុបកំពុងរងការគំរាមកំហែង ជា​ផលប្រយោជន៍ដែលទាក់ទងមួយផ្នែកទៅនឹងអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈជំនួយដែលយើងបានផ្តល់ឱ្យ​ តាមរយៈបញ្ហា​នៃការពង្រីកសមាជិកភាពដែលអឺរ៉ុប​យក​ចិត្ត​ទុក​ដាក់ និងតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុនិងប្រាក់កម្ចីដែលយើងអាចផ្តល់ជូនក្រោមបទប្បញ្ញត្តិហិរញ្ញវត្ថុ​នា​បច្ចុប្បន្ន។ ដូច្នេះហើយ សហភាពអឺរ៉ុបត្រូវតែមានតំណាង ហើយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ក្នុងការទទួលខុសត្រូវដែលបានកំណត់ នឹងមានកៅអី​មួយ​នៅតុចរចា»​។

ទោះបីជាមានប្រតិកម្មប្រុងប្រយ័ត្នពីប្រទេសសមាជិក ភាគច្រើនជាប្រទេសនៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រ​បាល់ទិកក៏ដោយ កាយវិការទាំងនេះ​ដោយសហភាពអឺរ៉ុបកំពុងទទួលបានការ​គាំទ្រពីអ៊ុយក្រែនផងដែរ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នាពេល​ថ្មីៗនេះ​បាន​ដាស់តឿនអឺរ៉ុ​បឱ្យ​ដើរតួនាទីសកម្មជាង ក្នុង​បរិបទដែលកិច្ចចរចាត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន កំពុង​រងភាព​ជាប់គាំង បន្ទាប់ពីជុំចរចានៅទីក្រុងហ្សឺណែវ (ស្វីស) កាលពីខែកុម្ភៈ។

តើអឺរ៉ុប ត្រូវ​ធ្វើការសន្ទនា​យ៉ាង​ដូចម្តេច?

បញ្ហាសម្រាប់ EU នាពេលបច្ចុប្បន្ននេះ មិន​មែន​ថា តើត្រូវមានការសន្ទនាដោយផ្ទាល់ជាមួយរុស្ស៊ីដែរឬអត់ ប៉ុន្តែគឺត្រូវធ្វើ​ការ​សន្ទនាយ៉ាងដូចម្តេច? យោងតាមអ្នកសង្កេតការណ៍ គុណសម្បត្តិមួយសម្រាប់អឺរ៉ុបនៅពេលនេះគឺ ជម្លោះនៅមជ្ឈិមបូព៌ាបាន​បន្ថយកម្តៅជាបណ្តោះអាសន្ន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដូច្នេះរដ្ឋបាលរបស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អាចផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នេះត្រូវបានបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំកំពូលនៃក្រុម G7 នាសប្តាហ៍កន្លងទៅនៅទីក្រុង Evian (បារាំង) ជាកន្លែងដែលលោក ដូណាល ត្រាំ បានធ្វើការអត្ថាធិប្បាយជាច្រើនអំពីរុស្ស៊ី និងអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ កាយវិការដ៏តឹងរ៉ឹងជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី អាចធ្វើឱ្យ​ទីក្រុង​ម៉ូស្គូមិន​ផ្តល់​អាទិភាព លើកា​រ​សន្ទនា​នៅពេល​នេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov នៅថ្ងៃទី ១៩ ខែមិថុនា បានបញ្ជាក់ថា៖​ «​អឺរ៉ុបគួរតែសង្កេតមើលដោយប្រុងប្រយ័ត្ននូវស្ថានភាពជាក់ស្តែង រួមទាំងជម្លោះនៅអ៊ុយក្រែន។ ប្រសិន​កងកម្លាំងនានាបាន​​យល់ពីភាពចាំបាច់ក្នុងការបន្តការសន្ទនា​ជាមួយរុស្ស៊ី - មិនមែនដើម្បីផ្សព្វផ្សាយ ឬចេញឱសានវាទនោះ​ទេ ប៉ុន្តែដើម្បីចាប់​ផ្តើមការសន្ទនាជាមួយនឹងការទំនាក់ទំនងពីភាគីទាំងពីរ - ប្រសិនបើ​​កងកម្លាំងបែបនេះ​មាន​វត្តមាននៅទីនោះ(នៅអឺរ៉ុប) ពិតណាស់ លោក​ប្រធានាធិបតីពូទីន និងភាគីរុស្ស៊ីនឹងត្រៀមខ្លួនជាស្រេចដើម្បីពិចារណាលើ​រឿងនេះ»។

មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍ក៏បានកត់សម្គាល់ថា ទន្ទឹមនឹងការព្រួយបារម្ភ​ចំពោះ​បញ្ហា​នៅអ៊ុយក្រែន អាជ្ញាធរអាមេរិកនៅតែ​បន្តការរិះគន់ចំពោះអឺរ៉ុបតាមរយៈសេចក្តី​ប្រកាសដាក់ពង្រាយកងកម្លាំងអាមេរិកឡើងវិញនៅលើទ្វីបនេះ។ ទាំងនេះគឺជាការវិវឌ្ឍដែលអឺរ៉ុបត្រូវតែដោះស្រាយដោយឈ្លាសវៃ ជំនួសឱ្យការមានសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិកបាន​វិលត្រឡប់មកគាំទ្រអ៊ុយក្រែន (និងអឺរ៉ុប) ដូចពីមុន៕​